យុវជនស្រឡាញ់យុត្តិធម៌ ប្រមាណ ២០នាក់ ប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ មីនា ដើម្បីទាមទារឱ្យទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនស្ត្រីថៃ ២នាក់ និងសកម្មជនផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសថៃ ពីបទប្រមាថស្ដេចថៃ។
ក្រុមយុវជនប្រុសស្រីនៅរាជធានីភ្នំពេញនាំគ្នាធ្វើសមាធិនៅខាងមុខស្ថានទូតថៃ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដើម្បីទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនពីរនាក់នៅថៃ គឺកញ្ញា អរ៉ាវ៉ាន់ ភូផុងស៍ ហៅ ប៊ែម (Orawan Bam Phupong) និងកញ្ញា ថានតាវ៉ាន់ តួទុឡានន្ទ ហៅ តាវ៉ាន់ (Tantawan Tuatulanon) ឱ្យមានសេរីភាពឡើងវិញ។
Opens in new windowការទាមទារនេះធ្វើឡើងបន្ទាប់ពីសកម្មជនសិទ្ធិមនុស្ស ២នាក់ ត្រូវបានអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារ កាលពីថ្ងៃ១៦ ខែមករា។
ក្រុមយុវជននាំគ្នាពាក់អាវស ខោខ្មៅ និងលាបទឹកថ្នាំពណ៌ក្រហមលើដៃ និងផ្ទៃមុខ ដោយមានសរសេរពាក្យសេរីភាពនៅលើថ្ងាស ហើយអ្នកខ្លះទៀតកាន់រូបថតសកម្មជនថៃ និងផ្កាពណ៌លឿង ដែលតំណាងឱ្យភាពក្លាហានមោះមុត និងកាន់ទុក្ខ ដាក់សកម្មជនទាំងអស់ ដែលបានជាប់ពន្ធនាគារដោយយុត្តិធម៌។
កញ្ញា អរ៉ាវ៉ាន់ ភូផុងស៍ ហៅ ប៊ែម និង ថានតាវ៉ាន់ តួទុឡានន្ទ ហៅ តាវ៉ាន់ ជាសកម្មជនសិទ្ធិមនុស្សត្រូវបានអាជ្ញាធរថៃចោទពីបទប្រមាថព្រះមហាក្សត្រ ខណៈពួកគេស្នើឱ្យដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម ជាង ២០០នាក់ ដែលកំពុងជាប់ឃុំនៅប្រទេសថៃ និងស្នើរដ្ឋាភិបាលថៃឱ្យលុបចោល មាត្រ១១២ និង ១១៦ ក្នុងច្បាប់ ដែលហាមមិនឱ្យប្រជាពលរដ្ឋទាំងណារិះគន់ដល់ព្រះមហាក្សត្រថៃ រាជវង្សានុវង្ស និងក្រុមមន្ត្រីដែលអនុវត្តព្រះរាជកិច្ចជំនួសព្រះមហាក្សត្រថៃ។
តំណាងយុវជនស្រឡាញ់យុត្តិធម៌ លោក គឹម ជីលីន ប្រាប់វិទ្យុអាស៊ីសេរីថា ការណ៍ដែលក្រុមយុវជនជួបជុំគ្នា ដើម្បីធ្វើសមាធិនេះ គឺដើម្បីបង្ហាញពីការគោរពវីរភាពក្នុងនាមជាស្ត្រីដែលពួកគាត់ហ៊ានលះបង់ជីវិត ដើម្បីទាមទារសិទ្ធិសេរីភាព ។ លោកបញ្ជាក់ថា ស្ត្រីទាំងអស់គួរតែទទួលបានសិទ្ធិពេញលេញមិនគួររងការទុក្ខបុកម្នេញ នៅពេលពួកគាត់ប្រើសិទ្ធិរបស់ពួកគាត់នោះទេ។
លោក គឹម ជីលីន៖«កំឡុងពេលទិវាសិទ្ធិនារីអន្តរជាតិនេះ រដ្ឋាភិបាលត្រូវលើកទឹកចិត្ត យើងមើលឃើញថា សកម្មជននយោបាយជាស្ត្រីសកម្មជនបរិស្ថានកន្លងមកក្តី សកម្មជនសហជីពក្តីជាស្ត្រីហ្នឹង យើងឃើញថា បច្ចុប្បន្ននេះ ក៏មានវត្តមាននៅពន្ធនាគារនៅឡើយ ការណ៍ដែលពួកគាត់ជាប់ពន្ធនាគារនោះមិនមែនគាត់ប្រព្រឹត្តបទល្មើសនោះទេ ប៉ុន្តែ វាជាការចោទប្រកាន់ទៅលើពួកគាត់ ហើយព្យាយាមដាក់បន្ទុកលើពួកគាត់តាមអំណាចប្រព័ន្ធតុលាការដាក់គាត់ចូលពន្ធនាគារជាដើម»។
ស្រដៀងគ្នានេះដែរ យុវជនស្រឡាញ់យុត្តិធម៌ម្នាក់ទៀត គឺកញ្ញា មាន លីសា ថ្លែងថា គោលបំណងនៃការសមាធិនេះ ដោយសារតែសកម្មជនសិទ្ធិមនុស្សជនជាតិថៃ ២រូប ត្រូវជាប់ពន្ធនាគារនេះមិនខុសអ្វីពីប្រទេសកម្ពុជានោះទេ ដែលពួកគាត់ចេញទាមទារសិទ្ធិសេរីភាព ប៉ុន្តែបែររងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ហើយនេះជាសញ្ញាប្រាប់ថា ភាពអយុត្តិធម៌នៅ គឺនៅជុំវិញខ្លួនយើង។
កញ្ញា មាន លីសា៖ «ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលកន្លងមក មិនថាយុវជនស្ត្រី ឬបុរសដែលគាត់បានចូលពន្លកក្នុងកិច្ចការងារសង្គមមិនបរិស្ថានក្តីសិទ្ធិមនុស្សក្ដីសូមជួយជំរុញជាជាងការឆ្លើយតបដោយអវិជ្ជមាន ការឆ្លើយតបដោយរើសអើងមកកាន់យុវជន ព្រោះវាមិនមែនជាសារល្អ វាមិនមែនជាទង្វើ ដែលអ្នកដឹកនាំគួរធ្វើទេ អ្នកដឹកនាំគួរឆ្លើយតបដោយវិជ្ជមានវាមានអ្វីច្រើនណាស់ ដែលមេដឹកនាំអាចឆ្លើយតបដើម្បីប្រយោជន៍ជាជាងឆ្លើយដោយការរើសអើងមកកាន់យុវជន»។
ជុំវិញរឿងនេះ ប្រធានសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ការបង្ហាញរបស់យុវជនទាំងនេះ គឺជាឆន្ទៈស្រឡាញ់លទ្ធិប្រជាធិបតេយ្យដូចគ្នា និងរងភាពអយុត្តិធម៌ដូចគ្នា ហើយគួរតែចាប់ផ្ដើមរួបរួមគ្នា ដើម្បីបង្កើននូវសាមគ្គីភាព ពីព្រោះកម្ពុជា និងថៃធ្លាប់មានភាពរកាំរកូសនឹងគ្នា ។ ប៉ុន្តែលោកថា នេះជាជំហានមួយ ដែលក្រុមយុវជនអាចរក្សាទំនាក់ទំនងគ្នា និងបង្ហាញគោលជំហរទាមទារសិទ្ធិសេរីភាពឡើងវិញ។
លោក កើត សារ៉ាយ៖«អំពាវនាវដល់ភាគីរដ្ឋាភិបាលយើងមើលឃើញហើយកន្លងមក អំពើហិង្សាតែងតែកើតឡើងលើស្ត្រីហើយ ៨ មីនា នៅតែអនុវត្តន៍ទៅ ហើយក្រសួងកិច្ចការនារីនៅតែមានទៅ ប៉ុន្តែ យើងមើលឃើញអំពើហិង្សាលើស្ត្រីភេទនៅតែកើតមានឡើងដដែល ដូច្នេះ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងយកចិត្តទុកឡើងវិញ ក្នុងការការពារកុំឱ្យមានអំពើហិង្សាទៅលើស្ត្រីភេទ ដូចជា កូដករណាហ្គាវើលដ៍ ឬក៏ប្រជាសហគមន៍ជាស្ត្រី ដែលមកតវ៉ារឿងដីធ្លីអីជាដើមនេះ សូមជៀសឱ្យបាននូវការប្រើប្រាស់ហិង្សា»។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរីមិនសុំការបកស្រាយពីមន្ត្រីស្ថានទូតថៃបានទេ នៅថ្ងៃទី៨ មីនា។
បច្ចុប្បន្ន កញ្ញា អរ៉ាវ៉ាន់ ភូផុងស៍ ហៅ ប៊ែម និង ថានតាវ៉ាន់ តួទុឡានន្ទ ហៅ តាវ៉ាន់ បានធ្វើកូដកម្មបង្អត់អាហារ រយៈពេល ៥០ថ្ងៃហើយ ដើម្បីទាមទារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិនៅក្រៅឃុំ។ សកម្មជនទាំងពីរកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យដោយសារតែបញ្ហាសុខភាព។ កញ្ញា អរ៉ាវ៉ាន់ ភូផុងស៍ ហៅ ប៊ែម និង ថានតាវ៉ាន់ តួទុឡានន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីឆ្នាំ២០២២ ប៉ុន្តែ ត្រូវដោះលែងកាលពីមករាឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយមកទៀត ពួកគាត់បានបដិសេធមិនទទួលការដោះលែងនោះ ដើម្បីបង្ហាញការសាមគ្គីនឹងសកម្មជនផ្សេងទៀត ដែលជាប់ពន្ធនាគារដោយការចោទប្រកាន់ថា បានប្រមាថស្ដេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
