ក្រសួងយុត្តិធម៌បានចាប់ផ្ដើមពិនិត្យមើលបញ្ជីឈ្មោះទណ្ឌិត ដែលត្រូវស្នើថ្វាយព្រះមហាក្សត្រលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងពិធីបុណ្យពិសាខបូជា នៅថ្ងៃទី៦ ឧសភា ខាងមុខនេះហើយ។ សកម្មជនបក្សប្រឆាំង យកឱកាសនេះ ស្នើសុំឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយទាំងអស់។
សកម្មជនបក្សប្រឆាំងបន្តទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ក្នុងឱកាសពិធីបុណ្យវិសាខបូជា ខាងមុខនេះ។ សកម្មជនគណបក្សសង្គ្រោះជាតិប្រចាំស្រុកព្រៃនប់ ខេត្តព្រះសីហនុ កញ្ញា សៅ ឧសភា ចង់ឱ្យរដ្ឋាភិបាល យកឱកាសពិធីបុណ្យវិសាខបូជា ដោះលែងអ្នកទោសនយោបាយនៃគណបក្សប្រឆាំងទាំងអស់ ដើម្បីបង្ហាញទឹកចិត្តរបស់រដ្ឋាភិបាល និងផ្ដល់សេរីភាពដល់អ្នកទាំងនោះវិញ៖ «បើគិតទៅ ពេលដែលលើកលែងទោសនេះ ត្រូវតែដោះលែងពួកគាត់។ យើងស្នើសុំនេះ គួរតែរដ្ឋាភិបាល គួរតែដោះលែងពួកគាត់វិញ ព្រោះអ្វី ពួកគាត់មិនមែនជាអ្នកមានទោស ហើយក៏មិនមែនជាអ្នកបង្កើតទោសហ្នឹងឡើងដែរ។ គឺពួកគាត់ សុទ្ធតែជាប្រជាពលរដ្ឋស្លូតត្រង់ គឺសុទ្ធតែជាអ្នកស្រឡាញ់នូវលទ្ធិប្រជាធិបតេយ្យទាំងអស់។ អ៊ីចឹងហើយ ការចាប់គាត់ដាក់ទោសនេះ គឺជារឿងអយុត្តិធម៌ខ្លាំងណាស់។ អ៊ីចឹង គួរតែដោះលែងគាត់មកវិញ ហើយផ្ដល់នូវយុត្តិធម៌ជូនពួកគាត់វិញ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលបញ្ជីឈ្មោះទណ្ឌិត ដែលគ្រោងស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងពិធីបុណ្យវិសាខបូជា រួចហើយ កាលពីថ្ងៃទី២៨ មេសា។ ក្នុងបញ្ជីនោះ មានឈ្មោះ ទណ្ឌិត ជិត ៣រយ (២៧៣)នាក់ ក្នុងនោះ ស្ត្រីជាង២០ (២៤)នាក់។ ទណ្ឌិត ដែលមានឈ្មោះក្នុងបញ្ជីនេះ ជាអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានី ខេត្ត ចំនួន២០ និងអ្នកជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែចំនួន៤។
គេហទំព័រក្រសួងយុត្តិធម៌ មិនបានចុះផ្សាយលម្អិតពីសមាសភាពទណ្ឌិត ឬអ្នកទោសប្រភេទណា ដែលគ្រោងស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោសឡើយ ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និង លោក គឹម សន្តិភាព មិនទទួលទូរស័ព្ទអាស៊ីសេរី នៅថ្ងៃទី៣០ ខែមេសា។
តែយ៉ាងណា លោក ជិន ម៉ាលីន ធ្លាប់ប្រាប់អាស៊ីសេរីថា គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៃក្រសួងយុត្តិធម៌ស្នើសុំលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតណា ដែលបានអនុវត្តត្រឹមត្រូវតាមច្បាប់ស្ដីពីពន្ធនាគារ គឺអនុវត្តទោសបានពីរភាគបី (2/3) ហើយគ្មានការពិចារណាបន្ធូរបន្ថយ និងលើកលែងទោស លើសកម្មជនគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លីទេ ព្រោះមិនបានកំណត់នៅក្នុងច្បាប់។
កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅពាក់កណ្ដាលខែមេសា ក្រុមសកម្មជនបក្សប្រឆាំងបានទាមទារឱ្យរដ្ឋាភិបាល ស្នើថ្វាយព្រះមហាក្សត្រ ដោះលែងអ្នកទោសនយោបាយម្ដងហើយ តែមិនទទួលបានជោគជ័យ។ កាលពីពិធីបុណ្យចូលឆ្នាំខ្មែរ រដ្ឋាភិបាលបានដោះលែង និងបន្ធូរបន្ថយទោស ឱ្យទណ្ឌិត ចំនួន១៥៥នាក់ (ស្រី១៨នាក់) តែគ្មានអ្នកទោសនយោបាយនៃគណបក្សប្រឆាំងឡើយ។
ថ្មីៗនេះ អ្នកទោសនយោបាយកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស លោក គង់ ម៉ាស់ ក៏បានសរសេរលិខិតផ្ទាល់ដៃ ស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយ អ្នកទោសមានវ័យចាស់ជរាដែលកំពុងមានជំងឺ ពិការភាព និងអ្នកទោស ដែលជាប់ឃុំបាន២ភាគ៣ នៃការអនុវត្តទោស។
មេធាវីការពារក្ដី ឱ្យសកម្មជនបក្សប្រឆាំង លោក សំ សុគង់ ប្រាប់អាស៊ីសេរីថា សកម្មជនបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ មានចំនួន ១៦នាក់ គឺចាប់ខ្លួនមុនឆ្នាំ២០២០ ចំនួន៦នាក់ និងចាប់ក្នុងឆ្នាំ២០២០នេះចំនួន១០នាក់។
ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមអាដហុក (Adhoc) លោក នី សុខា ប្រាប់ថា សង្គមស៊ីវិលតែងជំរុញឱ្យមានការដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ ដីធ្លី សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន និងអ្នកជាប់ទោសស្រាលៗ ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន និងគោរពសិទ្ធិអ្នកជាប់ឃុំក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។