កើតឆ្នាំ២០០៤ យុវជនរស់នៅរាជធានីភ្នំពេញលោក កាក់ សុវណ្ណច្ឆ័យ មានជំងឺខ្សោយបញ្ញាស្មារតី ឬហៅអូទីហ្សឹម (Autism) ពីកំណើត។ ជាងដប់ឆ្នាំមកនេះម្ដាយរបស់យុវជនកាក់ សុវណ្ណច្ឆ័យ លោកស្រី ព្រំ ចន្ថា ធ្លាប់យកកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យកុមារ និងផ្នែកផ្លូវចិត្តជាច្រើនសារ។
លោកស្រី ព្រំ ចន្ថា អះអាងថា កូនប្រុសរបស់គាត់មានចរិតស្លូតបូតមិនចេះរញ៉េរញ៉ៃជាមួយដទៃ គ្មានមិត្តភ័ក្ដិ និងមិនចូលចិត្តនិយាយស្ដីច្រើនតាំងពីកំណើត។ លោកស្រីបន្តថា កាក់ សុវណ្ណច្ឆ័យ ទទួលការព្យាបាលជំងឺអូទីហ្សឹមយូរឆ្នាំមកនេះ មានលទ្ធផលល្អច្រើន ប៉ុន្តែវាក្លាយជាអស្សាបង់ទៅវិញទាំងស្រុង នៅពេលដែលអាជ្ញាធរចាប់ខ្លួនលោក កាក់ កុម្ភារ។
យុវជនរូបនេះបានចាប់ផ្ដើមប៉ះពាល់អារម្មណ៍ខ្លាំងនិងមានចិត្តខឹងរដ្ឋាភិបាល។ ក្រោយមកគាត់តែងបញ្ចេញអារម្មណ៍ខឹងមិននិយាយស្ដីរកគេឯងឬពេលខ្លះខឹងខ្លាំងដល់ថ្នាក់យកក្បាលទៅបោកជញ្ជាំង ឬទៅដាល់ដុំឥដ្ឋ ជាដើម៖ «គាត់ខឹងម្ដងៗមានអារម្មណ៍ថា គាត់អត់និយាយស្ដីអ្វីទាំងអស់ ហើយគាត់យកក្បាលគាត់ទៅបោកនឹងជញ្ជាំងឬក៏យកដៃគាត់ទៅដាល់នឹងឥដ្ឋជញ្ជាំងផ្ទះ នៅពេលដែលគាត់ខឹង ហើយនៅពេលដែលខ្ញុំស្ដីឲ្យគាត់ថា កូនអើយកុំធ្វើអ៊ីចឹង ដូចថាកុំគិតច្រើន ដូចថា គាត់ខឹងរឿងអ្វីដែលគាត់ធ្វើមិនបាន គាត់ដាល់ជញ្ជាំងឬក៏បោកក្បាលនឹងជញ្ជាំងគាត់គិតច្រើន។ អត់ដឹងថា គាត់គិតពីអ្វីទេ ? ប៉ុន្តែបើតាមអារម្មណ៍របស់ខ្ញុំ គឺគាត់គិតថា ហេតុអ្វីបានសង្គមមួយហ្នឹងធ្វើបាបក្រុមគ្រួសារគាត់ ហើយប្រទេសជាតិមួយហ្នឹងវាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលស្រលាញ់សង្គម ចេះដឹងរឿងសង្គម»។
នគរបាលបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ពីបទផ្ដើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។
ចំណែកយុវជន កាក់ សុវណ្ណច្ឆ័យ ត្រូវបាននគរបាលរាជធានីភ្នំពេញ សម្រុកចូលចាប់ខ្លួនទាំងអាធ្រាត កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ដោយចោទប្រកាន់បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងជេរបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលតាមរយៈការជជែកគ្នាក្នុងក្រុម (Group) បណ្ដាញសង្គមតេឡេក្រាម(Telegram)។ ចៅក្រមបានសម្រេចបញ្ជូនអនីតិជន ដែលមិនទាន់គ្រប់អាយុរូបនេះ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសម២ កាលពីថ្ងៃទី២៦ ខែមិថុនា។
ដើមហេតុដែលនាំឲ្យមានការចាប់ខ្លួន កាក់ សុវណ្ណច្ឆ័យ កាលពីថ្ងៃទី២៥ ខែមិថុនានោះ លោកស្រី ព្រំ ចន្ថា អះអាងថា មានមនុស្សមួយក្រុមនៅក្នុងបណ្ដាញសង្គម(Telegram) រង់ចាំញុះញង់ និងជេរប្រមាថ ធ្វើយ៉ាងណាឲ្យកូនរបស់លោកស្រីខឹងច្រឡោត ហើយជេរតបតវិញ និងឈានដល់ការប្រមាថរដ្ឋាភិបាលជាដើម។
យុវជនវ័យ១៦ឆ្នាំរូបនេះ ធ្លាប់ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យចាប់ឃុំខ្លួនក្នុងប៉ុស្តិ៍ប៉ូលិស២យប់២ថ្ងៃ ម្ដងហើយ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ដោយសារប៉ូលិសចោទថា លោកបានចូលក្នុងទីហាមឃាត់ គឺបរិវេណទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ ក្នុងពេលឃាត់ខ្លួនកាលនោះ យុវជន កាក់ សុវណ្ណច្ឆ័យ អះអាងថា ប៉ូលិសបានដាក់ខ្នោះដៃ ហើយវាយដំលើខ្លួននិងដាល់ផ្ទៃមុខគាត់ជាច្រើនដៃ រួចទើបបង្គាប់ឲ្យយុវជនរូបនេះធ្វើកិច្ចសន្យាទទួលកំហុសដែលបានចូលទីហាមឃាត់ជាថ្នូរនឹងការដោះលែង។
ក្រោយមកទៀត នៅចុងខែមេសា ជនមិនស្គាល់មុខ ២ នាក់បានជិះម៉ូតូមួយគ្រឿង គប់យុវជនកាក់ សុវណ្ណច្ឆ័យ នឹងដុំឥដ្ឋតាន់ត្រូវចំក្បាលខាងឆ្វេងបណ្ដាលឲ្យរបួសដេរអស់ចំនួន ២០ ថ្នេរ។ រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានជនដៃដល់ទាំង ២ នាក់នោះមកផ្ទន្ទាទោសបាននៅឡើយទេ។
លោកស្រី ព្រំ ចន្ថា ឲ្យដឹងថា ហេតុការណ៍អាក្រក់ទាំងអស់នោះហើយបានបណ្ដាលឲ្យជំងឺខ្សោយបញ្ហាស្មារតីរបស់យុវជនកាក់ សុវណ្ណច្ឆ័យ រើឡើងវិញ និងប៉ះពាល់សតិអារម្មណ៍ធ្ងន់ធ្ងរ។ ស្ត្រីវ័យ ៤៩ ឆ្នាំរូបនេះបន្តថា ពេលខ្លះកូនប្រុសប្រាប់ថា គាត់ពិបាកចិត្តរឿងសង្គមតាមធ្វើបាបគាត់។
ចំណែកការរៀនសូត្រនៅសាលាវិញ យុវជនរូបនេះពូកែតែមុខវិជ្ជាប្រវត្តិវិទ្យាតែមួយគត់។ លោកស្រី ព្រំ ចន្ថា និយាយថា តាំងពីរៀនថ្នាក់បឋមរហូតដល់អនុវិទ្យាល័យថ្នាក់ទី០៩ យុវជនកាក់ សុវណ្ណច្ឆ័យ គ្មានមិត្តភក្ដិនឹងគេទេ ហើយគ្រូបង្រៀននិងនាយកសាលាសុទ្ធតែដឹងថា ក្មេងប្រុសរូបនេះមានជំងឺខ្សោយបញ្ហានិងមានសតិអារម្មណ៍មិនល្អដូចក្មេងដទៃ៖ «គាត់អត់ចូលចំណោមហ្នឹងគេចុះដោយសារគាត់និយាយអ្វីក៏ដោយត្រង់ៗគឺពិតៗ។ ក្មេងដទៃគេនិយាយតាមរបៀបក្មេង។ ចំពោះកូនខ្ញុំ អ្វីដែលគាត់និយាយគឺនិយាយដោយគាត់ចង់និយាយ អ្វីដែលខុសគឺគាត់ថាខុស ដល់ពេលអ៊ីចឹងពិបាក។ ខ្ញុំខ្លាចគាត់សម្របខ្លួនជាមួយគេអត់ចុះ ខ្លាចគេធ្វើបាបគាត់ គេវាយអ៊ីចឹងទៅ ខ្ញុំខ្លាចណាស់ ខ្ញុំបារម្ភណាស់ ខ្លាចមែនទែនហ្មង»។
ដោយឡែកគ្រូបង្រៀនរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ថ្លែងថា កូនសិស្សរូបនេះពិតជាមានសតិមិនគ្រប់និងមានលក្ខណៈធ្ងន់ធ្ងរពិតមែន។ គ្រូបង្រៀនមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិជ្ជា នៃវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ លោក រស់ គង់ មានប្រសាសន៍ថា លោកអាណិតកូនសិស្ស គឺយុវជន កាក់ សុវណ្ណច្ឆ័យ នៅពេលលឺថា មានការចាប់ខ្លួន។ បន្ថែមពីនេះលោកថា នៅក្នុងថ្នាក់រៀនកូនសិស្សរូបនេះ អាយុច្រើនជាងគេ តែការរៀនខ្សោយបំផុត។ លោកបញ្ជាក់ទៀតថា លោកតែងតែណែនាំកូនសិស្សដទៃទៀតឲ្យយល់យោគ ព្រោះសិស្សកាក់ សុវណ្ណច្ឆ័យ មានជំងឺសតិមិនល្អពីកំណើតដែលគួរឲ្យអាណិត៖ «ពេលដែលយើងពន្យល់ជារឿយៗទៅកូនសិស្ស និងមិត្តភក្ដិរបស់គាត់យល់ រហូតដល់ពេលមួយ ដែលគេឃើញអាជ្ញាធរចាប់គាត់ទៅ អ្នកខ្លះក៏សម្ដែងការអាណិតអាសូរដល់គាត់ដែរថាគាត់ចរិតអ៊ីចឹងមិនគ្រប់ទឹកអ៊ីចឹងអាណិតគាត់មែនទែនមិនដឹងថាគាត់ធ្វើហ្នឹងដោយអចេតនាឬយ៉ាងម្ដេច ?»។
រីឯអ្នកជិតស្និទ្ធនឹងគ្រួសាររបស់យុវជនកាក់ សុវណ្ណច្ឆ័យ ក៏សោកស្ដាយចំពោះការចាប់ខ្លួនក្មេងប្រុសកាក់ សុវណ្ណច្ឆ័យ ដែលមិនទាន់គ្រប់អាយុត្រូវដាក់ទោសនិងជាក្មេងមានជំងឺវិបត្តិផ្លូវចិត្តស្រាប់។
ក្រុមស្ត្រីតវ៉ារាល់ថ្ងៃសុក្រដើម្បីទាមទារដោះលែងប្ដី គឺ លោកស្រី សេង ចាន់ថន ដែលឧស្សាហ៍ទៅលេងផ្ទះរបស់ម្ដាយយុវជនកាក់ សុវណ្ណច្ឆ័យ អះអាងថា ក្មេងប្រុសរូបនេះមានជំងឺខ្សោយបញ្ហាស្មារតីពិតមែន តែជាក្មេងស្លូតបូត និងមិនចូលចិត្តឈ្លោះទាស់ទែងជាមួយនរណាទេ។ លោកស្រីបន្តថាយុវជននេះចាប់អារម្មណ៍រឿងនយោបាយដូចឪពុករបស់គេដែរ ហើយគាត់មានបំណងតែមួយគត់ គឺចង់ឲ្យអាជ្ញាធរដោះលែងអ្នកនយោបាយទាំងអស់វិញ៖ «គាត់តែងតែនិយាយដែរថាគាត់គាំទ្រ និងស្រលាញ់ប្រទេសជាតិរបស់គាត់ហើយទោះជាយ៉ាងណាទៅថ្ងៃអនាគតគាត់មិនចោលជាតិ ហើយក៏គាត់តស៊ូដើម្បីប៉ារបស់គាត់ឲ្យបានចេញពីពន្ធនាគារមកវិញ។ និយាយទៅ ឲ្យតែអ្នកស្នេហាជាតិគាត់ផ្ដោតអ្នកហ្នឹងគោរពស្រលាញ់អ្នកហ្នឹង»។
យុវជន កាក់ សុវណ្ណច្ឆ័យ តែងតែស្នើសុំចេញទៅតវ៉ាទាមទារដោះលែងឪពុកជាមួយម្ដាយរបស់គេដែរ តែត្រូវម្ដាយហាមឃាត់ ព្រោះខ្លាចកូនទ្រាំមិនបាននឹងសកម្មភាពក្រុមសន្តិសុខរុញច្រាន វាយដំម្ដាយ ជាដើម។
លោកស្រី ព្រំ ចន្ថា នៅតែទាមទារឲ្យដោះលែងកូនប្រុសវិញ ព្រោះលោកស្រីចាត់ទុកការឃុំខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដើម្បីបង្ក្រាបក្រុមគ្រួសាររបស់លោកស្រី។ ជាងនេះទៅទៀតទាំងនគរបាលនិងមន្ត្រីតុលាការចាប់ឃុំខ្លួនយុវជន កាក់ សុវណ្ណច្ឆ័យ តែម្នាក់គត់ដោយមិនបានចាប់ខ្លួនភាគីជម្លោះឡើយ។ ក្នុងនីតិវិធីរឿងក្ដីព្រហ្មទណ្ឌនេះទៀតសោតក៏មានការបំពានច្បាប់ទាំងដំណាក់កាលនគរបាលនិងតុលាការដែរ ដោយសារជនជាប់ចោទជាអនីតិជនមិនទាន់គ្រប់អាយុរូបនេះ មិនទទួលបានមេធាវី ឬអាណាព្យាបាលនៅអមក្នុងដំណាក់កាលអនុវត្តច្បាប់ឡើយ។
អ្នកច្បាប់ និងសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សជំរុញឲ្យមន្ត្រីតុលាការដោះលែងយុវជនកាក់ សុវណ្ណច្ឆ័យ ឬត្រូវបញ្ជូនក្មេងនេះទៅមណ្ឌលស្ដារនីតិសម្បទា ឬត្រូវដាក់ឲ្យស្ថិតក្រោមការព្យាបាលរបស់ម្ដាយវិញ ព្រោះក្មេងប្រុសនេះមានជំងឺសតិមិនល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។