តុលាការ​ខេត្តកំពង់ចាម​សម្រេច​​ឃុំខ្លួន​សកម្មជន​បក្ស​ភ្លើង​​​ទៀន​ម្នាក់​ទៀត​នៅ​ពន្ធនាគារ

ដោយ ខាន់ លក្ខិណា
2024.05.01
តុលាការ​ខេត្តកំពង់ចាម​សម្រេច​​ឃុំខ្លួន​សកម្មជន​បក្ស​ភ្លើង​​​ទៀន​ម្នាក់​ទៀត​នៅ​ពន្ធនាគារ លោក គង់ ថារ៉េត អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​ចៅសង្កាត់​រង​ទី២ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម របស់​គណបក្ស​ភ្លើង​ទៀន ដែល​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក គង់ ថារ៉េត

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បាន​សម្រេច​ឃុំខ្លួន​អនុប្រធាន​ គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​ចៅ​សង្កាត់​រង​ទី២ នៅ​សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម របស់​គណបក្ស​ភ្លើងទៀន​លោក គង់ ថារ៉េត នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ដើម្បី​បន្ត​ការ​ស៊ើបសួរ។ ការ​សម្រេច​នេះ បន្ទាប់ពី​សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់ខ្លួន​លោក គង់ ថារ៉េត នៅថ្ងៃទី២៨ មេសា  ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមេសា ឱ្យ​ដឹង​ថា ការ​ចាប់ខ្លួន​​​​​​​​​​​​​​​​លោក គង់ ថារ៉េត គឺ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ឈ្មោះ ញ៉ែម សុខជា និង ឈ្មោះ ហៀក លាងសេង។

តុលាការ​ថា បុគ្គល​ទាំង​ពីរ បាន​ចោទ​ប្រកាន់​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ខេត្តកំពង់ចាម លោក គង់ ថារ៉េត ជា​អ្នក​ក្លែង​ស្នាម​មេដៃ​របស់​ពួកគេ និង​ដាក់​ ឈ្មោះ​របស់​ពួកគេ ឈរ​ជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី១១ និង​លេខ​រៀង​ទី១៣ សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា ក្រុងកំពង់ចាម សម្រាប់​អាណត្តិ​ទី៤ ឆ្នាំ២០២៤។

ក្រោយ​ពី​ធ្វើការ​សាកសួរ តំណាង​អយ្យការ​ចោទ​ប្រកាន់ លោក គង់ ថារ៉េត ពី​បទ «ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក» ដែល​ប្រព្រឹត្ត​នៅ​ខេត្តកំពង់ចាម កាល​ពី​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២៤ និង​បាន​បញ្ជូន​ សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ។

បន្ទាប់​ពី​ទទួល​បាន​សំណុំ​រឿង​ពី​តំណាង​អយ្យការ​នៅ​ថ្ងៃទី៣០ ខែមេសា ចៅក្រម​ ស៊ើបសួរ បាន​សម្រេច​ឃុំខ្លួន​លោក គង់ ថារ៉េត នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន។

ជុំវិញ​រឿង​នេះ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម លោក សេង រិទ្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ ខែមេសា ថា លោក​ជាប់​រវល់​សវនាការ​ មិន​អាច​ឆ្លើយ​បាន។

គណបក្ស​ភ្លើង​ទៀន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​ដោះលែង​សកម្មជន​ ទាំងអស់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ព្រមទាំង​បញ្ឈប់​ការ​គំរាមកំហែង និង​ការ​ ធ្វើ​ទុក្ខបុកម្នេញ តាម​គ្រប់​រូបភាព​មក​លើ​គណបក្ស និង​សកម្មជន​របស់​គណបក្ស​ ភ្លើង​ទៀន​បន្ត​ទៀត

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា មុន​ការ​បោះឆ្នោត​ជាតិ បោះឆ្នោត​ព្រឹទ្ធសភា និង​ក្រុម​ ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​ការ​ ចាប់ខ្លួន​សកម្មជន​នយោបាយ​ជា​ច្រើន ដោយ​ចោទ​ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​ការ​ប្រើប្រាស់​ឯកសារ​ក្លែង និង​ការ​ផ្តល់​សក្ខីកម្ម​ដោយ​ភូតកុហក​ជា​ដើម។

លោក​បន្ត​ថា ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​នេះ គឺ​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ បេក្ខជន​បោះ​ឆ្នោត ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ច្រើន ពី​សហគមន៍​អន្តរជាតិ អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ ដែល​ធ្វើ​ឱ្យ​បរិយាកាស​មិន​ល្អ​ ប្រសើរ នៅ​មុន​ការ​បោះឆ្នោត។

លោក អំ សំអាត៖ «យើង​ឃើញ​ហើយ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ។ ថ្មីៗ នេះ យើង​ឃើញ​របាយការណ៍​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ក៏ដូចជា សេចក្ដី​ថ្លែង​ការណ៍​អ្នក​ជំនាញ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ ដែល​គេ​និយាយ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​គំរាម​កំហែង នៅ​ក្នុង​ការ​ចាប់ខ្លួន​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្សនិង​សកម្មជន​បរិស្ថាន​ជា​ដើម»

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លើក​ឡើង​ថា ចាប់​ពី​ដើម​ឆ្នាំ២០២៤ រហូត​មក​ដល់​ថ្ងៃ​ទី៣០ ខែមេសា​នេះ មាន​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន​ចំនួន ១៤នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ។

ក្រុម​អង្គការ​ជាតិ អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ថា ការ​ចាប់​ឃុំខ្លួន​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ ពោល​គឺ រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​អាវុធ ដើម្បី​គំរាមកំហែង និង​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ហើយ​ទាមទារ​ឱ្យ​ដោះ​លែង​ពួក​គេ​វិញ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។