រយៈពេលប្រាំឆ្នាំកន្លងទៅនេះ គណបក្សកាន់អំណាចមិនត្រឹមតែមិនយកកម្រងទស្សនៈរបស់បណ្ឌិត កែមឡី ទៅពិចារណាអនុវត្តតាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់ឃុំខ្លួនអ្នកចងក្រង និងអ្នកផ្សព្វផ្សាយទស្សនៈ ឬស្នាដៃរបស់លោកដាក់ពន្ធនាគារទៀតផង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សរបស់លោកមិនបានចាប់អារម្មណ៍ទាល់តែសោះនូវស្នាដៃ ឬទស្សនៈ ដែលបន្សល់ទុកដោយលោកបណ្ឌិត កែម ឡី។ លោកអះអាងថា គណបក្សរបស់លោកមានក្រុមអ្នកជំនាញ ដែលរៀបចំយុទ្ធសាស្រ្ត និងគោលនបាយគណបក្ស ដែលមិនចាំបាច់ពឹងផ្អែកលើទស្សនៈរបស់បុគ្គល ឬក្រុមណាមួយជាក់លាក់ឡើយ។ លោករម្លឹកថា លោកធ្លាប់ជួបលោកបណ្ឌិត កែម ឡី កាលលោកនៅមានជីវិតដែរ ហើយលោកសង្កេតឃើញថា ទស្សនៈបក្សលោកមិនត្រូវគ្នាជាមួយលោកបណ្ឌិតឡើយ៖ « ចំពោះលោកបណ្ឌិត ឬលោកបញ្ញវន្តអីផ្សេងៗ ដែលលោកស្រាវជ្រាវអាហ្នឹងយើងក៏មិនប្រឆាំងគេដែរ ព្រោះនោះ គឺជាការស្រាវជ្រាវការគិតរបស់គេដោយឡែក ហើយបើគេយល់ឃើញថា កម្មវិធីរបស់គេ គំនិតរបស់គេល្អ គេនឹងបង្កើតគណបក្ស ដើម្បីប្រកួតប្រជែងយកឈ្នះឆ្នោត ដើម្បីដឹកនាំប្រទេសហើយ។ យើងអត់មានចង្អៀតចង្អល់អីជាមួយគេទេ។ តែបើឱ្យយើងចម្លងពីគេមិនអាចទទួលបានទេ យើងយកតែទស្សនៈរបស់យើងដែលចេញពីមតិសមូហភាពពីគណបក្សប្រជាជនកម្ពុជាតែម្ដង»។
ភ្លាមៗនៅក្រោយពេលដែលបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០១៦ ក្រុមអ្នកគាំទ្រលោក ពិសេសក្រុមយុវជនបាននាំគ្នាចងក្រងទស្សនៈទាំងឡាយរបស់លោកបណ្ឌិត ដែលគេអាចរកបានពីកុំព្យូទ័រយួរដៃ និងសម្ភារៈអេឡិចត្រូនិចផ្ទុកឯកសាររបស់លោក។ គេបានចងក្រងសៀវភៅ ២ ក្បាល គឺសៀវភៅកម្រងទស្សនៈសង្គម និងនយោបាយបណ្ឌិត កែម ឡី និងអ្នករូតវាំននសង្គម។ ក្រៅពីនោះក៏មានសៀវភៅ គ្រូធំ ដែលចងក្រងចេញពីការវិភាគរបស់លោកបណ្ឌិត នៅតាមប្រព័ន្ធផ្សព្វផ្សាយ។
កម្រងទស្សនៈសង្គម និងនយោបាយមានកម្រាស់ជាង ៣០០ ទំព័របានសរសេរលម្អិតពីបញ្ហាសង្គម នយោបាយកម្ពុជា ការកសាងសង្គមប្រជាធិបតេយ្យ ការពារអធិបតេយ្យភាពជាតិ បញ្ហាព្រំដែន អន្តោប្រវេសន៍ ពលករចំណាកស្រុក ការងារ សុខាភិបាល ការអប់រំ យុវជន ការពារព្រៃឈើធនធានធម្មជាតិ ដីធ្លី សិទ្ធិជនជាតិដើមភាគតិច និងទំនាក់ទំនងជាមួយប្រទេសជិតខាង និងក្នុងរង្វង់សហគមន៍អាស៊ានជាដើម។ ក្នុងនោះលោកបណ្ឌិត កែម ឡី បានផ្ដល់ការវិភាគផង ផ្ដល់ជាយុទ្ធសាស្រ្តឆ្លើយតប ដើម្បីដោះស្រាយបញ្ហាទាំងនោះផង។
បើទោះបីជាគណបក្សកាន់អំណាចមិនបានខ្វល់ខ្វាយយកចិត្តទុកដាក់នឹងកម្រងទស្សនៈទាំងនោះក៏ដោយ ក៏មានគណបក្សមួយចំនួនបញ្ចូលជាគោលនយោបាយបក្សខ្លួន។
ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត បានបង្កើត «គណបក្សខ្មែរតែមួយ» កាលពីឆ្នាំ២០១៨ ដោយអះអាងថា នឹងដើរតាមអ្វីៗគ្រប់យ៉ាងជាទស្សនៈដែលបន្សល់ទុកដោយបណ្ឌិត កែម ឡី។ មិនត្រឹមតែមិនបានអនុវត្តទស្សនៈបណ្ឌិត កែម ឡី ប៉ុណ្ណោះទេ គណបក្សនេះក៏ត្រូវគេមើលឃើញថា កំពុងចូលរួមជួយលម្អសួនប្រជាធិបតេយ្យក្លែងក្លាយរបស់លោក ហ៊ុន សែន ដោយធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទៀតផង។
ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបង្កើតកាលពីឆ្នាំ២០១៥ ក្រោមការជួយគូសវាសរបស់បណ្ឌិត កែម ឡី វិញក៏ពុំទាន់មានលទ្ធភាពនឹងយកទស្សនៈរបស់បណ្ឌិតដែលគណបក្សនេះបានច្របាច់បញ្ចូលក្នុងគោលនយោបាយធំៗរបស់ខ្លួនទៅអនុវត្តឱ្យចេញជារូបភាពជាក់ស្ដែងដែរ។ គោលការណ៍ទាំង ៥ នោះ រួមមានការធានាផ្ដល់អ្នកជំនាញ ផ្ដល់ទុនដល់កសិករ ការបង្កើតប្រព័ន្ធធានារ៉ាប់រងការព្យាបាលដល់ពលរដ្ឋ បង្កើនចំនួនមន្ទីរពេទ្យមានគុណភាពសុខាភិបាល និងក្រុមគ្រូពេទ្យមានគុណតម្លៃផ្ដល់ប្រាក់កម្ចីទៅដល់យុវជន បង្កើនគុណភាពអប់រំ ការផ្ដល់ប្រាក់ឧបត្ថម្ភចាំបាច់មួយចំនួន និងផ្ដល់លទ្ធភាពអោយពលរដ្ឋធ្វើជាពលរដ្ឋសកម្ម ជាដើម។ បន្ថែមពីនេះគណបក្សនេះ បានចងក្រងឯកសារសង្ខេបមួយដែលដាក់ចំណងជើងថា «ឧត្តមគតិ កែម ឡី និយម» ផ្តោតលើ១០ចំណុចសំខាន់ ដែលជាផ្នែកសំខាន់របស់គោលនយោបាយបក្សនេះដែរ។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា មកដល់ពេលនេះ បើទោះជាគណបក្សកាន់អំណាចមិនចាប់អារម្មណ៍អនុវត្តទស្សនៈបណ្ឌិត កែម ឡី ក៏មែនពិត ក៏គំនិតទាំងនោះកំពុងធ្វើអោយមានរបស់ថ្មីទៅលើការប្រកួតប្រជែងគ្នារបស់គណបក្សនយោបាយនានា៖ « ទាក់ទងការប្រកួតប្រជែង និងការអនុវត្តប្រជាធិបតេយ្យ ការប្រកួតប្រជែងគោលនយោបាយហ្នឹង ពួកគាត់ក៏មានការបារម្ភខ្លាចទៅអាណត្តិក្រោយអាចបាត់បង់ឱកាសនៅក្នុងការដឹកនាំឃុំអីញ្ចឹង។ ជារួមខ្ញុំអាចវាយតម្លៃបានថា និន្នាការនៃការផ្ដោតទៅលើវប្បធម៌នយោបាយថ្មី ការប្រកួតប្រជែងគ្នា ដោយគោលនយោបាយ ការប្រកួតប្រជែងដោយគំនិតក្នុងការដោះស្រាយបញ្ហា ការលើកស្ទួយ សេរីភាពនយោបាយ ជាពិសេឱ្យពលរដ្ឋមានភាពក្លាហានចូលរួមកិច្ចការនយោបាយ ដែលលោក កែម ឡី លោកចង់បាន ចង់ជំរុញហ្នឹង គឺយើងនៅតែបន្ត នៅតែធ្វើ ហើយវាចាប់ផ្ដើមមានឥទ្ធិពលរបណ្ដើរៗហើយ»។
ដោយឡែកគណបក្សសង្រ្គោះជាតិវិញ គណបក្សនេះទទួលបានប្រជាប្រិយភាពខ្លាំងនៅក្រោយបង្រួបបង្រួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ គណបក្សនេះបានបញ្ចូលទស្សនៈបណ្ឌិត កែម ឡី ទៅក្នុងគោលនយោបាយខ្លួនដែរ ក្នុងនោះរួមមាន៖ ផ្ដល់ថវិកាគ្រប់គ្រាន់ទៅដល់ឃុំ-សង្កាត់ ការផ្ដល់ប្រាក់ឧបត្ថម្ភចាស់ ការតម្លើងប្រាក់ខែកម្មករ មន្រ្តីរាជការ គាំពារកសិករ ពលរដ្ឋក្រីក្រទទួលបានការព្យាបាលជំងឺដោយឥតយកប្រាក់ យុវជនទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ បញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គីសនី និងបញ្ចុះអត្រាការប្រាក់ជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង សោកស្ដាយដែលគោលនយោបាយទាំងនេះបន្តស្ថិតតែនៅលើក្រដាសក្រោយពេលគណបក្សសង្រ្គោះជាតិត្រូវរម្លាយ ធ្វើអោយបាត់បង់ឱកាសបម្រើពលរដ្ឋ។ លោកថា ការអនុវត្តតាមទស្សនៈបណ្ឌិត កែម ឡី នឹងធ្វើឱ្យមានការផ្លាស់ប្ដូរ និងផ្ដល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋ៖ « កម្មវិធីនយោបាយរបស់យើងពេលដែលយើងឈ្នះដឹកនាំប្រទេសហ្នឹង គឺយើងទម្លាក់ថវិកាឱ្យបានយ៉ាងតិចកន្លះលានដុល្លារក្នុងឃុំនីមួយៗ ហ្នឹងជាទស្សនៈបណ្ឌិតកែមឡីហើយ។ ក្នុងនាមដែលយើងជាបក្សនយោបាយមួយ ដែលយើងមានទស្សនៈវិស័យ មានគោលដៅគោលបំនងក្នុងការអភិវឌ្ឍប្រទេសហ្នឹង យើងត្រូវតែចេះប្រើប្រាស់ទស្សនៈល្អៗរបស់បញ្ញវន្ត ក្រុមបញ្ញវន្ត ហើយយើងដឹងហើយថា រយៈពេលចុងក្រោយនេះលោកបណ្ឌិត កែម ឡី គាត់បានចែកចាយច្រើនមែនទែន ដែលយើងមើលឃើញថា សុទ្ធតែជាទស្សនៈល្អៗសម្រាប់ ដែលយើងត្រូវតែយកមកចាត់ចែង យកមករៀបចំ»។
ក្នុងរឿងនេះអ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត សេង សារី មើលឃើញថា មិនមែនជារឿងថ្មីទេ ដែលគណបក្សកាន់អំណាចមិនអើពើទទួលយកទស្សនៈ យោបល់ និងគំនិតរបស់ក្រុមបញ្ញវន្ដ ដែលមិនស្ថិតក្រោមខ្សែញាក់របស់ខ្លួន ឬមិនបានបម្រើប្រយោជន៍បក្ស៖ «សម្រាប់ខ្ញុំ គឺមើលឃើញថា មិនមែនតែរឿងលោកបណ្ឌិត កែម ឡី មួយទេ ដែលរដ្ឋាភិបាលមិនអើពើនោះ សូម្បីតែលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ការសិក្សាស្រាវជ្រាវតាមវិធីសាស្រ្តត្រឹមត្រូវរបស់អង្គការអន្តរជាតិមួយចំនួនធំ ក៏ដូចជាអ្នកស្រាវជ្រាវឯករាជ្យមួយចំនួនធំហ្នឹងក៏រដ្ឋាភិបាលមិនដែលចាប់អារម្មណ៍យកគំនិតអស់ហ្នឹងយកទៅប្រើដែរ។ ខ្ញុំមើលទៅហាក់ដូចជាមាននរណាមួយក្រុមដែលមានចេតនាបង្កើតគោលនយោបាយហ្នុងម៉ោ ដើម្បីធ្វើម៉េចធានាតុល្យភាពរវាងផលប្រយោជន៍របស់កម្ពុជា៥០% និងផលប្រយោជន៍បក្ស៥០% មានន័យថា ផលប្រយោជន៍ហ្នឹងទៅជាតិច្រើនពេកក៏មិនបានដែរ។ មិនមែនដើម្បីបង្កើតគោលនយោបាយមក ដើម្បីអោយបានចេញទៅជាផលប្រយោជន៍ជាតិ គឺវាខុសនឹងទម្រង់នៃគណបក្សក្នុងសង្គមប្រជាធិបតេយ្យ»។
លោក សេង សារី វិភាគថា ទស្សនៈសង្គម និងនយោបាយបណ្ឌិត កែម ឡី នឹងនៅតែមានតម្លៃសម្រាប់គណបក្សនយោបាយយកទៅអនុវត្តនៅថ្ងៃខាងមុខ៖ « គំនិតមួយចំនួនរបស់លោកបណ្ឌិត កែម ឡី នេះវានឹងក្លាយជាអាវុធមុខពីរ។ គណបក្សណាយកទៅប្រើ គណបក្សនោះនឹងទទួលបានប្រជាប្រិយភាព គណបក្សណា ដែលមិនអើពើធាតុចូលគំនិតបញ្ញវន្តរបស់ខ្មែរហ្នឹង គឺទទួលបានបរាជ័យក្នុងករណីដែលសង្គមមួយហ្នឹងមានការអនុវត្តប្រជាធិបតេយ្យត្រឹមត្រូវ។ នៅពេលដែលគណបក្សណាព្យាយាមធ្វើម៉េចបំផ្លាញដំណើប្រជាធិបតេយ្យ ការលូតលាស់ប្រជាធិបតេយ្យ មិនគោរពច្បាប់អី គឺមិនបាច់យកគំនិតនរណាទៅប្រើក៏បានដែរអត់អីទេ គឺប្រឹងតែទៅបំពានច្បាប់នឹងទៅ ហើយធ្វើខ្លួនឯងអោយខ្ពស់ជាង ឬក៏មានឥទ្ធិពលឱ្យវាលើសរដ្ឋធម្មនុញ្ញរបស់ខ្មែរអ៊ីញ្ចឹងទៅ។ អាហ្នឹងខ្ញុំគិតថាអាយុកាលនៅក្នុងការអនុវត្តយុទ្ធសាសស្រ្តបែបហ្នឹង គឺមិនសូវជាវែងទេ»។
នៅក្រោយគណបក្សកាន់អំណាចបាត់បង់សម្លេងគាំទ្រសន្ធឹកសន្ធាប់ទៅឱ្យគណបក្សប្រឆាំងនៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧នោះ គណបក្សនេះចាប់ផ្ដើមប្រើគ្រប់មធ្យាបាយ ដើម្បីបានក្ដោបក្ដាប់អំណាចឡើងវិញ។ ទង្វើរបស់បក្សកាន់អំណាចរងការរិះគន់ជាប់មិនដាច់ពីសហគមន៍ជាតិ និងអន្តរជាតិថា កំពុងបំផ្លាញគ្រប់ផ្នែកទាំងអស់នៃដំណើរការប្រជាធិបតេយ្យ រួមទាំងការបំបិទសំឡេងរិះគន់ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រិតត្បិតសិទ្ធិសេរីភាពមូលដ្ឋានពលរដ្ឋគ្រប់បែបយ៉ាង រួមនឹងសិទ្ធិនយោបាយផង។
អ្នកនយោបាយ សកម្មជននយោបាយ សកម្មជនសង្គម សហជីព មន្រ្តីសង្គមស៊ីវិល និងអ្នកសារព័ត៌មានត្រូវចាប់ដាក់ពន្ធនាគារ ដោយការចោទប្រកាន់ ដែលគេឯងមើលឃើញថា ជាបទចោទគ្មានមូលដ្ឋានត្រឹមត្រូវ ពោលគឺដើម្បីតែបំភិតបំភ័យ គំរាមកំហែងអ្នកហ៊ានចេញមុខរិះគន់អាជ្ញធររដ្ឋភិបាល ឬថ្នាក់ដឹកនាំរដ្ឋាភិបាល។
ក្នុងចំណោមនោះមានក្រុមយុវជនដែលសកម្មការងារសង្គម និងបរិស្ថានជាង១០នាក់ដែរ។ ពួកគេមួយចំនួនជាអ្នកចូលរួមចងក្រងស្នាដៃ ទស្សនសង្គម និងនយោបាយបណ្ឌិត កែម ឡី។ ក្នុងនោះ រួមមានយុវជន ហ៊ុន វណ្ណៈ នៃក្រុមខ្មែរថាវរៈ ជាមនុស្សសំខាន់ម្នាក់ក្នុងការចងក្រងឯកសារបណ្ឌិត កែម ឡី ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ និងចោទប្រកាន់ពីបទញុះញង់ ដោយសារតែចេញមុខទាមទារអោយដោះលែងប្រធានសហជីព និងសកម្មជនព្រំដែនលោក រ៉ុង ឈុន។ អនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មនី និង លោកមួង សុភក្រ្ត របស់សមាគមនេះ ដែលជាក្រុមយុវជនសកម្មការងារស្រាវជ្រាវ និងចងក្រងស្នាដៃបណ្ឌិត កែម ឡី ក៏កំពុងជាប់ក្នុងឃុំដែរ។ ភាគច្រើននៃក្រុមយុវជន ដែលកំពុងជាប់ឃុំ គឺជាអ្នកដែលប្រឹងប្រែងតស៊ូ រៀបចំបុណ្យខួបមរណភាពបណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំ បើទោះបីជាត្រូវអាជ្ញាធររារាំងតាមគ្រប់រូបភាព។ លើសពីនេះ ក៏មានយុវជន គង់ រ៉ៃយ៉ា និង សួង នាគ ព័ន្ធ ក៏ត្រូវបានចាប់ដាក់ពន្ធនាគារមួយរយៈដោយសារពាក់អាវមានសារទស្សនៈរបស់បណ្ឌិត កែម ឡី និងចូលរួមក្នុងពិធីរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៩។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក មួង សូនី ប្រាប់វិទ្យុអាស៊ីសេរីថា ចំណុចនេះបញ្ជាក់ឱ្យឃើញថា គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាសឱ្យយុវជនចូលរួមអភិវឌ្ឍន៍សង្គមមានការរើសអើង។ លោកសំណូមពរឱ្យរដ្ឋាភិបាលផ្ដល់ឱកាសដល់យុវជនឱ្យបានស្មើៗគ្នា៖ « វារឹតតែអាក្រក់បន្ថែមទៅទៀតអារឿងមនោគមវិជ្ជាហ្នឹង។ ដូចថា សង្គមស៊ីវិល ក្រុមមួយរយរាត្រីអីហ្នឹង ជាអ្នកត្រូវចង្អុលបង្ហាញ ឬត្រូវបង្កើតឡើងដោយគណបក្សប្រឆាំងទាំងពួកគាត់ហ្នុងអត់មានទាក់ទងអីទាំងអស់តែម្ដង»។
ចំណែកប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ ក៏ចាត់ទុកការចាប់ចងយុវជនដោយសារតែការឈឺឆ្អាលបញ្ហាសង្គមរបស់ពួកគេនេះបង្ហាញថា បក្សកាន់អំណាចប្រើឥទ្ធិពលជ្រុលហួសហេតុ លែងគិតពីសីលធម៌ តែជាវប្បធម៌ក្ដិចត្រួយ ដែលមិនគួរកើតមាននៅក្នុងប្រទេសប្រជាធិបតេយ្យនោះទេ៖ «បើយើងនិយាយឱ្យអាក្រក់ស្ដាប់ទៅ វាជារឿងចង្រៃមួយសម្រាប់សង្គមជាតិយើងដែរ ពីព្រោះយុវជនមានសក្ដានុពលមែនទែន មានពាក្យស្លោកថា ទំពាំងស្នងឫស្សីអីជាដើមហ្នឹង ហើយអ្នកដែលស្នងហ្នឹង គឺជាយុវជន។ បើពួកគេមិនទាន់ទាំងបានក្លាយជាឫស្សីស្រួលបួលផងនាំគ្នាក្ដិច នាំគ្នាអីចឹងទៅវាអស់។ ហើយសួរថា នរណាជាអ្នកក្ដិច? គឺឫស្សីហ្នឹងអ្នកក្ដិចទៅទៀត។ សួរថា តើពេលដែលឫស្សីងាប់ទៅ តើបានទំពាំងណាវាឡើង?»។
បើទោះជាបែបណាកញ្ញា លី ស្រីស្រស់ អំពាវនាវដល់ពលរដ្ឋក្នុងសង្គមថា ត្រូវផ្ដល់តម្លៃដល់អ្នកហ៊ានចេញមុខរិះគន់បញ្ហាក្នុងសង្គម អ្នកហ៊ានចេញមុខតស៊ូមតិ ដើម្បីឱ្យមានការកែប្រែសង្គមឱ្យល្អប្រសើរឡើង ពិសេសអ្នកដែលហ៊ាននិយាយការពិត ព្រោះពួកគេមិនត្រឹមមានភាពក្លាហានទេ ប៉ុន្តែពួកគេថែមទាំងត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពទាំងការគំរាមកំហែង ការលួចវាយធ្វើបាប ការចាប់ចងដាក់ពន្ធនាគារ ទៀតផង។
បើទោះបីជា ឃាតកម្មលើបណ្ឌិម កែម ឡី បានរំលងផុត៥ឆ្នាំដោយគ្មានយុត្តិធម៏ទៅហើយក្ដី ក៏អ្នកវិភាគយល់ឃើញថា ការហ៊ានលះបង់ជីវិតដើម្បីនិយាយការពិតរបស់បណ្ឌិត កែម ឡី ពិតជាមានអត្ថន័យ និងទទួលបានការគោរពពីពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែររាប់សែននាក់ដែលបានចូលរួមដង្ហែសពបណ្ឌិត កែម ឡី កាលពី ៥ ឆ្នាំមុន គឺជាសក្ខីកម្ម ឬតឹកតាងបញ្ជាក់ពីការគោរពស្រឡាញ់របស់ពួកគេចំពោះលោក។ ពួកគេយល់ថា គម្រូល្អរបស់បណ្ឌិត កែម ឡី នឹងស្ថិតនៅក្នុងដួងចិត្តរបស់យុវជនខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។