“សមត្ថកិច្ច​អាច​មិន​ចាប់​ខ្លួន​លោក កឹម សុខា"

ដោយ តាំង សារ៉ាដា
2016.06.02
កឹម សុខា ៨៥៥ ២០១៦ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា អះអាង​ថា សមត្ថកិច្ច​អាច​មិន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឲ្យ​ជាតិ​ខាត ហើយ​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ថា បញ្ហា​របស់​បុគ្គល​ម្នាក់​គ្មាន​អ្វី​សំខាន់​ជាង​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះ​ទេ៖ «ជា​ទស្សនៈ​បុគ្គល​ផ្ទាល់​របស់ខ្ញុំ​ទេ បើ​ចាប់​លោក កឹម សុខា ទៅ​នាំ​ឲ្យ​ជាតិ​ខាត​ប្រយោជន៍ អ៊ីចឹង​យើង​ទៅ​ចាប់​យក​មក​ធ្វើ​អី? បើ​ពេល​ហ្នឹង​ចាប់​វា​មិន​បាន ចាំ​ពេល​ក្រោយ​ទៅ​ក៏​បាន​ដែរ វា​មិន​ទៅ​ពិបាក​អី។ វា​មិន​សំខាន់​ចាប់​ខ្លួន​លោក កឹម សុខា ទៅ​ជាតិ​យើង​លែង​អភិវឌ្ឍន៍​ឯ​ណា សំខាន់​យើង​រក​បាន​សន្តិភាព​បច្ចុប្បន្ន​នេះ។ មាន​សន្តិភាព មាន​ស្ថិរភាព​នយោបាយ មាន​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​អា​ហ្នឹង​យើង​ផ្តល់​ឲ្យ​គេ​ទៅ ហើយ​ចំពោះ​ករណី​លោក កឹម សុខា ថ្ងៃ​ណា​ក៏​បាន​ដែរ។ ប្រទេស​យើង​ចេះ​តែ​ជឿនលឿន​ទៅ ចេះតែ​ទៅមុខ​ទៅ។ សំខាន់​គឺ​ជា​តិ​យើង​ទេ មិន​បុគ្គល​ផ្ទាល់​ខ្លួន​ទេ»

​ការ​អះអាង​របស់​លោក ខៀវ សុភ័គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សកម្មជន​បក្ស​ប្រឆាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស​កំពុង​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា។

ក្រុម​និស្សិត​ព្រមាន​ធ្វើ​បាតុកម្ម​ប្រសិន​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា

កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ចលនា​និស្សិត​មួយ​ក្រុម​ប្រកាស​ដឹកនាំ​សិស្ស និស្សិត និង​សមាជិក​ទូទាំង​ប្រទេស​ប្រមាណ ៤​ពាន់​នាក់ ធ្វើ​បាតុកម្ម​អហិង្សា ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ ទាំង​មាន​អភ័យឯកសិទ្ធិ​សភា។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ពុធ ថា គម្រោង​បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​បុព្វហេតុ​ការពារ​រដ្ឋធម្មនុញ្ញ​ពី​ការ​រំលោភ​បំពាន​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សំណាក់​ក្រុម​អ្នក​កាន់​អំណាច៖ «គម្រោង​នេះ​គឺ​ខាង​សហព័ន្ធ​បញ្ញវន្ត​អត់​ទាន់​មាន​លប់​ទៅ​ណា​ទេ។ យើង​នៅតែ​ឃ្លាំមើល​ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា មែន​នោះ គឺ​យើង​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ដដែល។ ពួកយើង​មាន​សមាជិក​នៅ​ទូទាំង​ប្រទេស​ជាង ៤​ពាន់​នាក់ ដែល​យើង​រំពឹង​ថា នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ជាមួយ​យើង​ដើម្បី​ការពារ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ ក៏​ដូចជា​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៨០»

លោក​បន្ត​ថា លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ក៏​ដូចជា​ក្រុម​ក្មេង​ស្ទាវ​គាំទ្រ​បក្ស​កាន់​អំណាច​នោះ​ឡើយ ចំពោះ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​ការ​ចាប់​ខ្លួន​ណា​មួយ​ដែល​នឹង​អាច​ធ្វើ​ឡើង​ទៅ​លើ​លោក កឹម សុខា នោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ទាំង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ព្រមាន​ថា សមត្ថកិច្ច​នឹង​រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ចាត់​វិធានការ​តាម​ផ្លូវ​ចំពោះ​បាតុកម្ម​ទាំង​ឡាយ​ដែល​មាន​ល្បិច​បោក​បញ្ឆោត៖ «ដាក់​សុំ​ប៉ុន្មាន​ថ្ងៃ​មុន​ប៉ុណ្ណេះ​នាក់ ដង្ហែរ​ក្បួន​ប៉ុណ្ណេះ ចង់​បាន​ប៉ុណ្ណេះ គឺ​សមត្ថកិច្ចការពារ​ជូន។ យើង​ចង់​ណាស់​ពាក្យ​បញ្ចេញ​មតិ​ហ្នឹង ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​មាន​ការ​បង្កប់​នូវ​ល្បិចកល។ ដូច​យើង​ធ្លាប់​ឃើញ​ហើយ​ឆ្នាំ​២០១៣ បាតុកម្ម​តាំង​ពី​មាន​ការ​ទាមទារ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ តែ​ទីបំផុត​ដង្ហែ​ពេញ​ទីក្រុង​ភ្នំពេញ។ មនុស្ស​បួន​ប្រាំ​ម៉ឺន​នាក់​ហ្នឹង​ដង្ហែ​ពេញ​ភ្នំពេញ ស្រែក​ទាមទារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ អាហ្នឹង​ប្រាកដ​ជា​សមត្ថកិច្ច​អ្នក​មាន​ភារកិច្ច​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ទទួល​យក​មិន​បាន​ទេ»

​ក្រៅ​តែ​ពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ទាំង​នេះ អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ក៏​គ្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅលើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព។

​ក្រុម​នេះ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី តាម​សាលាក្រុង សភាជាតិ និង​ស្ថានទូត​ខ្មែរ​នានា នៃ​បណ្តា​ប្រទេស​របស់​ខ្លួន​កំពុង​រស់​នៅ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​អង្គការ​លីកាដូ រក​ឃើញ​មាន​ចំនួន ២៩​នាក់ កំពុង​ជាប់​ឃុំឃាំង​ដោយសារ​ការ​ហ៊ាន​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​ថា ពួកគាត់​បង្ខំ​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។