លោក កឹម សុខា នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃ២៥កក្កដា
2014.07.24

គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានត្រូវរ៉ូវគ្នាលើការដោះស្រាយបញ្ចប់ជម្លោះនយោបាយដែលអូសបន្លាយជិត១ឆ្នាំ និងបានព្រមព្រៀងគ្នាដោះលែងបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញក្ដី តែសំណុំរឿងមេដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការកោះហៅទៅសាកសួរនៅថ្ងៃទី២៥ កក្កដា នេះ នៅមិនទាន់បញ្ចប់នៅឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យដឹងថា លោកនឹងចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ កក្កដា វេលាម៉ោង ៨ព្រឹកទៅតាមការហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូង។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី២៤ កក្កដា ថា នៅថ្ងៃចរចាជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ កក្កដា នោះ គណបក្សសង្គ្រោះជាតិ បានស្នើឲ្យដោះលែង ឬលើកលែងការចោទប្រកាន់សមាជិកគណបក្សសង្គ្រោះជាតិ ទាំងអស់នៅជាប់បណ្ដឹងនៅតុលាការ។ លោកមិនបានស្នើសុំឲ្យតុលាការបញ្ឈប់ការកោះហៅលោកសាកសួរនៅថ្ងៃទី២៥ កក្កដា នោះទេ៖ «ខ្ញុំអត់មានស្នើអីទេ ខ្ញុំគ្រាន់តែទៅឆ្លើយធម្មតា ខ្ញុំអត់ស្នើសុំឲ្យលើកលែងការចោទអីទេ គេមិនទាន់ចោទអីយើង»។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានចេញដីកាកោះហៅ លោក កឹម សុខា កាលពីថ្ងៃទី១៦ កក្កដា ជាអ្នកទទួលខុសត្រូវក្នុងនាមជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីសួរបញ្ជាក់ក្នុងនាមខ្លួនជាមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅវេលាម៉ោង ៨ព្រឹក នៅជាន់ទី៣ បន្ទប់ "គ" នៃសាលាដំបូងរាជធានីភ្នំពេញ។ ការចេញដីកាកោះនេះ ធ្វើឡើងក្រោយពេលតុលាការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៧រូប និងសកម្មជន ១រូប កាលពីថ្ងៃទី១៥ កក្កដា។
នៅថ្ងៃទី១៦ កក្កដា ដដែលនោះ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តកណ្ដាល មួយរូបទៀត លោក ចាន់ ចេន ក៏ត្រូវបានសាលាដំបូងខេត្តកណ្ដាល កោះហៅមកបើកសវនាការកាលពីថ្ងៃទី២២ កក្កដា ពីបទផ្ដល់មធ្យោបាយលួចរត់ នៅស្របពេលគណបក្សទាំងពីរកំពុងចរចា។ លោក ចាន់ ចេន មានប្រសាសន៍ថា សំណុំរឿងរបស់លោកនេះជាសំណុំរឿងចាស់ ៣ឆ្នាំមុន ប៉ុន្តែពេលការចរចាបញ្ចប់ជម្លោះនយោបាយនោះ សំណុំរឿងរបស់លោកក៏ត្រូវបានដោះស្រាយជាកញ្ចប់ជាមួយបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតដទៃទៀតដែរ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា ការចូលខ្លួនទៅបំភ្លឺរបស់ លោក កឹម សុខា នៅតុលាការនៅថ្ងៃទី២៥ កក្កដា នេះ មិនមានបញ្ហាអ្វីចោទទេ។ លោកបញ្ជាក់ថា សំណុំរឿងដែលតុលាការចោទប្រកាន់សមាជិកគណបក្សសង្គ្រោះជាតិ ទាំងអស់នៅពេលស្ថានភាពនយោបាយជាប់គាំងនោះ ជាសំណុំរឿងនយោបាយ ហើយការចូលខ្លួនទៅបំភ្លឺរបស់ លោក កឹម សុខា គ្រាន់តែទៅបំពេញនីតិវិធីរបស់តុលាការតែប៉ុណ្ណោះ៖ «យើងមើលឃើញតាំងពីថ្ងៃដំបូងនោះតាំងពីថ្ងៃចាប់ខ្លួននោះ ជារឿងនយោបាយ គ្មានហេតុផលអីទាក់ទងជារឿងធម្មតា ជារឿងបទល្មើសធម្មតាទេ»។
ទាក់ទងនឹងប្រព័ន្ធតុលាការនេះដែរ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានអំពាវនាវជាថ្មីម្ដងទៀតនៅថ្ងៃទី២២ កក្កដា នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ដែលលោកបានស្វាគមន៍ចំពោះការដោះស្រាយបញ្ចប់ជម្លោះនយោបាយគណបក្សទាំងពីរនោះថា លោកជំរុញឲ្យភាគីទាំងពីរសន្យាធ្វើឲ្យបានដោយគ្មានការពន្យារ ចំពោះកំណែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ្យ ដើម្បីធានាយុត្តិធម៌ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ដោយលោកចាត់ទុកប្រព័ន្ធតុលាការបច្ចុប្បន្ន ជាឧបករណ៍នយោបាយរបស់ស្ថាប័នប្រតិបត្តិ ឬរដ្ឋាភិបាល៕