ក្រុម​អ្នក​និយម​លោក កឹម សុខា ចាប់ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ

ដោយ យ៉ង ចាន់តារា
2023.11.18
ក្រុម​អ្នក​និយម​លោក កឹម សុខា ចាប់ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ក្រុម​អ្នកនិយមលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជុំគ្នានៅលើទឹកដីសហរដ្ឋអាមេរិក នៅខែ​វិច្ឆិកា ២០២៣។
រូប៖ ហ្វេសប៊ុកលោក មុត ចន្ថា

ក្រុម​អ្នក​នយោបាយ​ដែល​មាន​ទំនោរ​គាំទ្រ​លោក កឹម សុខា ចាប់ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​អស់​រយៈពេល​៦​ឆ្នាំ។ អ្នកឃ្លាំមើល​នយោបាយ​សង្កេត​ឃើញ​ថា អ្នក​និយម​លោក កឹម សុខា មិន​សូវ​មាន​កម្លាំង​នយោបាយ​រឹងមាំ​នោះ​ទេ។

ក្រុម​អ្នកនយោបាយ កឹម សុខា និយម សម្រេច​ជ្រើសរើស​ទឹកដី​សហរដ្ឋអាមេរិក​ធ្វើការ​ជួប​ជុំ និង​ដាក់​ផែនការ​នយោបាយ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ និង​ផ្សះផ្សា​ជាតិ​ឡើងវិញ​។ ទោះ​យ៉ាងណា ពួកគេ​មិន​ទាន់​សម្រេច បង្កើត​គណបក្ស​នយោបាយ ដើម្បី​ធ្វើ​សកម្មភាព​ផ្ទាល់​នៅ​លើ​ឆាកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ។

អតីត​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ជួបជុំ​នេះ គឺជា​ជំហាន​ទី​១ ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រុម​របស់​លោក សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច ដើម្បី​គឺ​មាន​ទិសដៅ​រួបរួម​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ​។ ទោះ​យ៉ាងណា លោក​បញ្ជាក់​ថា ក្រុម​របស់​លោក​មិន​ទាន់​មាន​ការ​ការ​ឯកភាព​ណាមួយ​ក្នុង​ការ​សម្រេច​ជ្រើសរើស ឬ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ណាមួយ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​ឆាកនយោបាយ ឬ​ចូលរួម​ការបោះឆ្នោត​នៅ​កម្ពុជា​នៅឡើយ​ទេ។

លោក សួន សូរីដា៖ «មុននឹង​យើង​ទៅ​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ហ្នឹង​គឺ​ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ជាមុន​សិន មុននឹង​ទៅ​ប្រកួតប្រជែង រុញ​គណបក្ស​នយោបាយ​ទៅ​ប្រកួតប្រជែង​ទាល់តែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ជាមុន​សិន ហើយ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ទាល់តែ​មានការ​រួបរួម​គ្នា​ពី​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ហ្នឹងឯង»

ក្រុម​អ្នកនយោបាយ កឹម សុខា និយម បាន​ជួបជុំគ្នា​ក្នុង​សិក្ខាសាលា​មួយ កាលពី​ថ្ងៃទី ១១ និង​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​សហរដ្ឋអាមេរិក​។ សិក្ខាសាលា​ដែល​ឈ្មោះថា ពន្លឺ​ប្រជាធិបតេយ្យ មានការ​ចូលរួម​ពី​អ្នកដឹកនាំ និង​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ភាគច្រើន​ជា​អ្នកមាន​ទំនោរ​គាំទ្រ​លោក កឹម សុខា ឬ ក្រុម​អ្នក​និយម​លោក កឹម សុខា។ ក្រោយពេល​មានការ​ការផ្លាស់ប្ដូរ​ទស្សនៈ​តាមរយៈ​សិក្ខាសាលា​នោះ ពួកគេ​បាន​បង្កើត​គណ​:​កម្ម​ការ​ចំពោះ​កិច្ច​មួយ ក្នុង​គោលបំណង​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិតេយ្យ​នៅ​កម្ពុជា បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ និង​ផ្សះផ្សា​ជាតិ។

អតីត​មនុស្ស​ជំនិត​លោក កឹម សុខា ម្នាក់ទៀត គឺ​លោក មុត ចន្ថា សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​រួបរួម​ជាមួយ​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌ នៅតែ​ជា​បំណងប្រាថ្នា​របស់​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ខ្មែរ​ដែល​ស្អប់ខ្ពើម​អំពើ​ជិះជាន់ ការ​គំរាមកំហែង និង​ការ​បំបិទ​សិទ្ធិ​សេរីភាព។ ប៉ុន្តែ លោក​ថា ក្រុម​របស់​លោក មិន​អាច​រួបរួម​ជាមួយ ក្រុម​ណា​ដែល​តស៊ូ​មតិ​ឱ្យ​មាន​អំពើ​ហិង្សា និង​ក្រុម​នយោបាយ​ដែល​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ឡើយ។

ទាក់ទង​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា កម្លាំង​គាំទ្រ លោក កឹម សុខា មាន​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស ប៉ុន្តែ​លោក​ថា កម្លាំង​នោះ​មិន​រឹងមាំ​ទេ។ លោក​បន្ត​ថា អ្នក​ទាំងនោះ ហាក់​នៅតែ​គ្មាន​ជំនឿ​ធ្វើ​នយោបាយ​ដោយ​ខ្លួនឯង​ដោយ​សង្ឃឹម​តែ​នៅ​លើ​វត្តមាន លោក កឹម សុខា។ លោក​បន្ត​ថា ប្រសិនបើ​ក្រុម​អ្នក​និយម លោក កឹម សុខា ប្រមូល​ផ្ដុំគ្នា ដោយ​ប្រើ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស ក៏​ទំនង​មិន​បាន​ផ្ដល់​ផល​ល្អ​ដល់​ការ​រួម​គ្នា​ឡើងវិញ​នៃ​អ្នកនយោបាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​ដែរ។

លោក វ៉ន ចាន់ឡូត៖ «អ្នក​ដែល​និយម កឹម សុខា មួយចំនួន គាត់​មិន​ប្រឹងប្រែង​ឈ្មុសឈ្មុល​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​នូវ​យុត្តិធម៌​សម្រាប់​សង្គ្រោះជាតិ ឬក៏​យុត្តិធម៌​យុត្តិធម៌​សម្រាប់​ឥស្សរជន​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គាត់​បែរ​យក​ឱកាស​ហ្នឹង​ទៅ​ប៉ែង​ជើង​គ្នាឯង ទៅ​បង្កើត​ជម្លោះ​គ្នាឯង ហើយ​មួយវិញទៀត ដែល​យើង​ឃើញថា បើសិនជា ចលនា​របស់​លោក កឹម សុខា នៅ​ក្រៅ​ប្រទេស ធ្វើ​សកម្មភាព ហើយ​ប្រើ​ជា​ទម្រង់​សង្គ្រោះ​ជាតិ​ក្រៅប្រទេស ខ្ញុំ​មើលឃើញ​ទម្រង់​នេះ បង្កើត​មក​ដើម្បី​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ កាន់តែ​បែកបាក់»

ការ​ជួបជុំ​ក្រុម កឹម សុខា និយម នៅ​ពេល​នេះ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈពេល ៦​ឆ្នាំ​។ ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស ឱ្យ​ជាប់ឃុំ​ក្នុងផ្ទះ​២៧​ឆ្នាំ និង​ដាក់​បម្រាម​មិន​ឱ្យ​លោក​ធ្វើ​នយោបាយ មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ ឬ​មាន​ទំនាក់​ទំនងជា​បុគ្គល​ទាំងឡាយ​ទៀត​ផង។

ទោះ​យ៉ាងណា ៦​ឆ្នាំ នៃ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​អ្នកនយោបាយ​ដែល​មាន​ទំនោរ​ទៅ​លោក សម រង្ស៊ី បាន​ជ្រក​ក្រោម​ស្លាក​គណបក្ស​ភ្លើងទៀន ដើម្បី​បន្តសកម្មភាព​នយោបាយ​របស់​ខ្លួន និង​ដណ្ដើម​កៅអី​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង​ពីរ​ពាន់​អាសនៈ ពី​គណបក្សកាន់អំណាច ក្នុង​ការ​បោះឆ្នោត កាល​ពី​ឆ្នាំ​២០២២។ ប៉ុន្តែ គណបក្ស​ភ្លើងទៀន ត្រូវ​បាន គ..ប​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​ល្បិចកល​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​ដណ្តើម​ជ័យជំនះ​ដោយ​គ្មាន​គូប្រកួត​ប្រជែង​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។