មេធាវី​លោក កឹម សុខា ច្រាន​ចោល​ការ​បកស្រាយ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​រដ្ឋាភិបាល ជុំវិញ​ការ​ពន្យារ​ពេល​សវនាការ

ដោយ ម៉ៅ សុធានី
2021.10.08
មេធាវី​លោក កឹម សុខា ច្រាន​ចោល​ការ​បកស្រាយ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​រដ្ឋាភិបាល ជុំវិញ​ការ​ពន្យារ​ពេល​សវនាការ លោកមេធាវី ផែង ហេង និងប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។
រូប​ពី​ហ្វេសប៊ុក​លោក កឹម សុខា

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ច្រានចោល​ការ​បកស្រាយ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ដែល​ថា ការ​ពន្យា​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា គឺ​ដោយសារតែ​ការ​ស្នើ​សុំ​របស់​មេធាវី និង​ស្ថានភាព​ជំងឺ​កូវីដ​មិនទាន់​ធូរស្រាល​។ មេធាវី និង​អ្នកវិភាគ នៅតែ​ចាត់ទុកថា ការ​ផ្អឹប​សំណុំរឿង​លោក កឹម សុខា នេះ គឺជា​ចេតនា​នយោបាយ ដើម្បី​កុំ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ មាន​ឱកាស​ចូលរួម​កា​របោះ​ឆ្នោត​ខាងមុខ។

មេធាវី​ការពារ​ក្តី​របស់​កឹម សុខា លើកឡើង​ថា ការ​បកស្រាយ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស រដ្ឋាភិបាល ជុំវិញ​ការ​ពន្យា​ពេល​សំណុំរឿង​លោក កឹម សុខា គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​ឡើយ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង ថ្លែង​នៅ​ថ្ងៃទី​៨ តុលា ថា ក្រុម​មេធាវី ពិតជា​ធ្លាប់​ស្នើសុំ​តុលាការ​លើក​ពេល​សវនាការ​មែន​ក្នុង​ពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​ធ្ងន់ធ្ងរ​លើកដំបូង។ ប៉ុន្តែ​លោក​ថា ក្រោយ​មក ក្រុម​មេធាវី ក៏បាន​ដាក់​លិខិត​ស្នើសុំ​ជាច្រើនលើក​ឲ្យ​តុលាការ​បើកសវនាការ​ឡើងវិញ នៅពេល​ស្ថានភាព​ជំងឺ​កូវីដ​ធូរស្រាល ខណៈ​តុលាការ​បាន​បើកសវនាការ​សំណុំរឿង​ដទៃទៀត​ជា​ធម្មតា។ លោក​បន្ត​ថា តុលាការ​គួរតែ​ពិចារណា​ទៅលើ​សំណើ​របស់​ក្រុម​មេធាវី​ដែល​សុំ​បន្ត​បើកសវនាការ​ឡើងវិញ​។ ម្យ៉ាងវិញទៀត លោក ផែង ហេង យល់ថា តុលាការ គួរតែ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លោក កឹម សុខា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ និង​ផ្សះផ្សា​ជាតិ​ឡើងវិញ​ព្រោះ​សំណុំ​រឿង​នេះ ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ចាត់ទុកថា ជា​សំណុំ​រឿង​នយោបាយ៖ «បើ​យើង​គោរព​ទៅតាម​ច្បាប់​ជាតិ​ក្តី ច្បាប់​អន្តរជាតិ​ក្តី​អំពី សិទ្ធិ​របស់​ប្រជាពលរដ្ឋ ការ​ពន្យារ​ពេល​រក​យុត្តិធម៌​ឲ្យ​បុគ្គល​រង​ការចោទប្រកាន់ វា​ស្មើនឹង​ការ​មិន​ផ្តល់​យុត្តិធម៌​ឲ្យ​ជន​នោះ។ ដូច្នេះហើយ​បាន​យើង​ជា​មេធាវី​នៅតែ​ទាមទារ​ថា បើសិនជា​កាលៈទេសៈ​ថា កូវីដ​ឬក៏​ស្អី ទី​១​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ថា ឲ្យ​រក​កន្លែង ទី​២ តុលាការ​អាច​ទម្លាក់​ចោល​ការចោទប្រកាន់​នេះ​បាន ព្រោះថា​ការ​ដេញដោល​ស្អី យើង​បាន​ដេញដោល​មួយ​ចំនួនធំ​ហើយ​។ អ៊ីចឹង​យើង​មើល​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​អង្គហេតុ​ដែល​ធ្វើ​មក​លើ​ឯកឧត្តម កឹម សុខា ហ្នឹង សាធារណជន​ក៏បាន​បញ្ចេញមតិ»

ការ​បញ្ចេញ​ប្រតិកម្ម​របស់​មេធាវី​លោក កឹម សុខា បែប​នេះ គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​លិខិត​កាល​ពី​ថ្ងៃទី៧ តុលា ដើម្បី​ឆ្លើយ​តប​ចំពោះ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ជុំវិញ​ការ​ពន្យារ​ពេល​សវនាការ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា។ ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​មួយ​នេះ​បកស្រាយ​ថា មូលហេតុ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​អាច​បន្ត​ធ្វើ​សវនាការ​បាន ដោយសារ​ទី​១ ការ​ស្នើ​សុំ​លើក​ពេល​សវនាការ​ពី​មេធាវី​របស់​លោក កឹម សុខា ផ្ទាល់ ទី​២ នេះ​មិនមែន​ជា​សំណុំរឿង​អាទិភាព និង​បន្ទាន់ ទី​៣ ស្ថានភាព​ជំងឺ​កូវីដ​មិនទាន់​ធូរស្រាល និង​ទី​៤ ការ​បន្ត​សវនាការ​លើ​លោក កឹម សុខា អាច​នាំ​ឲ្យ​មានការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន។ ស្ថាប័ន​ដដែល​នេះ បន្ថែម​ទៀត​ថា ដំណើរការ​នីតិវិធី​លើ​សំណុំរឿង​លោក កឹម សុខា ដែល​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​សន្តិសុខ​ជាតិ ទើប​ចំណាយពេល​ត្រឹម​៣​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ពុំ​ត្រូវ​ចាត់ទុកថា ជា​រយៈពេល​យូរ​នោះ​ទេ។

ការ​បកស្រាយ​នេះ ធ្វើឡើង​ក្រោយពេល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុសុ្ស​នៅ​កម្ពុជា​លោក វិទិត មុនតាប៊ន (Vitit Muntarbhorn ) បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​ការ​ពន្យា​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា នៅក្នុង​របាយការណ៍​ដែល​លោក​បង្ហាញ​នៅក្នុង​សម័យប្រជុំ​លើក​ទី ៤៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៦ តុលា​។ លោក​លើកឡើង​ថា សវនាការ​សំណុំរឿង​ក្បត់ជាតិ​ប្រឆាំង​នឹង​លោក កឹម សុខា ដែល​​ជា​មេ​បក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​រូប​នោះ មិន​ត្រូវ​បាន​បញ្ចប់​នោះ​ទេ មកដល់ពេលនេះ ប៉ុន្តែ​បែរ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​គ្មាន​ការកំណត់ ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩។ លោក​យល់ថា ការ​អូសបន្លាយ​ពេល​ដ៏​យូរ​ក្នុង​ការ​បញ្ចប់​សវនាការ​នេះ នឹង​ប៉ះពាល់​អវិជ្ជមាន​ដល់​ឋានៈ​របស់​លោក កឹម សុខា ក្នុង​នាម​ជា​បេក្ខជន​នយោបាយ​សម្រាប់​ការបោះឆ្នោត​ខាងមុខ។ ក្រៅពី​លើកឡើង​អំពី​កង្វល់​ជុំវិញ​ករណី​លោក កឹម សុខា នេះ​ហើយ លោក វិទិត មុនតាប៊ន ក៏បាន​បង្ហាញ​ក្តី​បារម្ភ​ជាខ្លាំង​អំពី​សវនាការ​ទ្រង់ទ្រាយ​ធំ​លើ​សមាជិក​បក្ស​ប្រឆាំង និង​អ្នក​រិះគន់ ដែល​រារាំង​ដល់​លទ្ធភាព​នៃ​ភាព​ចម្រុះ​ផ្នែក​នយោបាយ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ លើកឡើង​ថា រឿង​ក្តី​លោក កឹម សុខា​នេះ គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។ លោក​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​នេះ​ជា​វិធី​ដែល​របប​ក្រុងភ្នំពេញ ព្យាយាម​បិទ​ឱកាស​មិន​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​រួបរួម​គ្នា​ប្រកួតប្រជែង​ការបោះឆ្នោត​នា​ពេល​ខាងមុខ ព្រោះ​ខ្លាច​បាត់​អំណាច​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​។ អ្នកវិភាគ​រូប​នេះ យល់​ថា ទោះបីជា​លោក កឹម សុខា ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ក្តី មេ​បក្ស​ប្រឆាំង​រូប​នេះ គួរតែ​ប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ​ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ មិន​គួរ​រក្សា​ភាព​ស្ងៀមស្ងាត់​ដូច​សព្វថ្ងៃ​ឡើយ៖ «និយាយ​រួម​ជា​ហេតុផល​នយោបាយ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​គន្លឹះ​សំខាន់​នៃ​ហេតុផល​របស់​ពួកគាត់​នេះ គឺ​ការ​រាំង​ខ្ទប់​សំឡេង​អ្នក​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ពួត​ផ្តុំគ្នា​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដើម្បី​លោក ហ៊ុន សែន ស្វែងរក​ឱកាស​ទូលាយ​បន្តិច​ក្នុង​ការ​ផ្ទេរអំណាច​របស់​គាត់​ទៅ​កូនប្រុស​របស់​គាត់។ ដូច្នេះ​វា​មិនមែន​ជា​រឿង​ច្បាប់ទម្លាប់​អ្វី​នោះ​ទេ។ ប្រសិនបើជា​រឿង​ច្បាប់ទម្លាប់​មែន ការ​ចាប់​មនុស្ស​ម្នាក់​រហូត​ចោទ​ទៅដល់​ក្បត់ជាតិ ទាល់​តែ​មាន​ភស្តុ​តាំង​រឹងមាំ​ណាស់»

តុលាការក្រុង​ភ្នំពេញ​បាន​ពន្យារពេល​សវនាការ​រឿងក្ដី​លោក កឹម សុខា តាំង​ខែ​មីនា ឆ្នាំ​២០២០ រហូត​មក ទោះជា​ក្រុម​មេធាវី​មេ​បក្ស​ប្រឆាំង​រូប​នេះ ដាក់​សំណើ​សុំ​ពន្លឿន​ជាច្រើនលើក​យ៉ាង​ណាក្តី​។ ជំហរ​បែបនេះ​របស់​តុលាការ គឺ​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់ឱ្យ​សំណុំ​រឿង​នេះ​ដំណើរការ​នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​២០២៣ ខាងមុខ​។​ម្យ៉ាងវិញទៀត មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​តុលាការ បាន​ចោទប្រកាន់​លោក កឹម សុខា ពេញៗ មាត់​ថា ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​» ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយមាន​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ផង​ដែរ។ ប៉ុន្តែ​រយៈពេល ៤​ឆ្នាំ​មកនេះ ទាំង​លោក ហ៊ុន សែន និង​តុលាការ​របស់​លោក មិនបាន​បង្ហាញ​ភស្តុតាង​រឹងមាំ ដែល​គាំទ្រ​ដល់​ការចោទប្រកាន់​លោក កឹម សុខា នោះ​ឡើយ​។ អាជ្ញាធរ​ប្រើ​តែ​វីដេអូ​ឃ្លីប​មួយ​ដែល​លោក កឹម សុខា បាន​ថ្លែង​អំពី​ការ​តស៊ូ​របស់​លោក​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ដាក់បន្ទុក​លោក​តែ​ប៉ុណ្ណោះ។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស នៅតែ​ទទួលស្គាល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ដែល​រង​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា ដើម្បី​ឱ្យ​លោក​អាច​ចាប់ផ្ដើម​ជីវិត​នយោបាយ​បាន​ដូចដើម​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
បទសម្ភាសន៍លោក សុខ ឥសាន ស្ដីពី​គម្រោងរដ្ឋាភិបាល​បង្កើត​ច្បាប់​ប្រឆាំង​ភេរវកម្ម ដើម្បី​ទប់ទល់​​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។