មេធាវីការពារឱ្យលោក កឹម សុខា គឺលោក ផែង ហេង ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៧ ខែមិថុនា ថា ការជួបគ្នានោះគឺក្រុមមេធាវីនឹងរួមគ្នាធ្វើលិខិតពេញលេញនិងពិនិត្យខ្លឹមសារលិខិតនោះជាចុងក្រោយមុននឹងបញ្ជូនទៅតុលាការ។
លោកថា លិខិតដែលគ្រោងស្នើទៅតុលាការនោះក្រុមមេធាវីប្រមូលធាតុចូលសំខាន់ចេញពី អត្ថបទច្បាប់ ទ្រឹស្ដី ឬក៏មាត្រាខ្លះដែលពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា និងច្បាប់មួយចំនួនទៀតដែលសាលាក្ដីខ្មែរក្រហមបានប្រើប្រាស់។ មេធាវីដដែលបញ្ជាក់ថាពេលនេះក្រុមមេធាវីសម្រេចថា មិនដាក់លិខិតស្នើសុំបន្តសវនាការទៀតទេព្រោះតុលាការបានបដិសេធសំណើសុំបើកសវនាការឡើងវិញនោះជាច្រើនដងមកហើយ៖ «តុលាការមិនបើកសវនាការតាមការស្នើសុំរបស់យើងជាច្រើនសាររហូតមកដល់ពេលនេះយើងយល់ថា ប្រហែលជាតុលាការមិនវិនិច្ឆ័យសេចក្តីសម្រេចលើការស្នើអញ្ចឹងហើយយើងរកនីតិវិធីផ្សេង»។
លោកមេធាវី ផែង ហេង ឱ្យដឹងទៀតថាប្រសិនក្រុមមេធាវីឯកភាពលើលិខិតនោះពួកគេនឹងរៀបចំដាក់លិខិតដែលស្នើសុំទម្លាក់បទចោទលោក កឹម សុខា ទៅសាលាដំបូងរាជធានីភ្នំពេញ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិកាលពីឆ្នាំ២០១៧ និងបានរំលាយគណបក្សសង្គ្រោះជាតិចោលទោះមិនទាន់បានរកឃើញថា លោក កឹម សុខា មានទោសឬគ្មានទោសក្ដី។ តុលាការបានអូសបន្លាយសំណុំរឿងនេះដោយមិនទាន់បានបញ្ចប់ការកាត់ក្ដីអស់រយៈពេលជិត៤ឆ្នាំមកហើយថែមទាំងបានដកសិទ្ធិធ្វើនយោបាយនិងចេញក្រៅប្រទេសរបស់លោក កឹម សុខា។
ជុំវិញករណីនេះ អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានសាលាដំបូងរាជធានី ភ្នំពេញ លោក តាំង ស៊ុន ឡាយ បានទេនៅថ្ងៃទី២៧ ខែមិថុនាដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថាការសម្រេចយ៉ាងណាលើការស្នើសុំរបស់មេធាវីលោក កឹម សុខា ជាសិទ្ធិតុលាការ។ លោកសុំមិនបកស្រាយលើករណីនេះទេ៖ «ខ្ញុំអត់មានមតិទេយើងរង់ចាំមើលទាំងអស់គ្នាតើតុលាការសម្រេចយ៉ាងណាគឺអាស្រ័យទៅលើតុលាការ»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ាវិញសង្កេតឃើញថាស្ថានការណ៍នយោបាយដូចសព្វថ្ងៃទំនងតុលាការមិនព្រមទម្លាក់បទចោទតាមសំណើក្រុមមេធាវីលោក កឹម សុខា ឡើយ។ លោកបន្តថាពេលនេះសហគមន៍អន្តរាគមន៍មិនបានដាក់សម្ពាធឬទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលដែលធ្វើឱ្យរដ្ឋាភិបាលនៅតែបន្តអនុវត្តផែនការរបស់ខ្លួន គឺផ្អឹបសំណុំរឿងលោក កឹម សុខា រហូតដល់ឆ្នាំ២០២៤។ ទោះយ៉ាងណាលោកថា គម្រោងដាក់លិខិតរបស់ក្រុមមេធាវីលោក កឹម សុខា ក៏ជាសញ្ជាមួយប្រាប់ទៅអ្នកគាំទ្រខ្លួនថា មេបក្សប្រឆាំងមួយនេះមិននៅស្ងៀមនោះទេ៖ «ខ្ញុំគិតថា គណបក្សប្រឆាំង ឬក៏លោក កឹម សុខា អាចនៅក្នុងយន្តការបែបនេះសិនដូចសម្ដីនាយករដ្ឋមន្ត្រីលោកធ្លាប់លើកឡើងគឺក្រោយឆ្នាំ២០២៤ អីនោះបោះឆ្នោតហើយទើបអាចមានលទ្ធភាពដំណើរការឡើងវិញ » ។
លោក ឯម សុវណ្ណរ៉ា ជំរុញទៅក្រុមមេធាវីលោក កឹម សុខាពេលដាក់លិខិតស្នើទម្លាក់បទចោទលោក កឹម សុខា គឺត្រូវធ្វើការផ្ដល់ដំណឹងឱ្យសាធារណៈជន និងបណ្ដាអង្គទូតបានដឹង ដែលការធ្វើបែបនេះគឺផ្ដល់ផលចំណេញដល់លោក កឹម សុខា ទោះតុលាការឆ្លើយតបបែបណាក្ដី។
សហគមន៍អន្តរជាតិតែងទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា អនុញ្ញាតឱ្យគណបក្សសង្រ្គោះជាតិដំណើការឡើងវិញ។ កាលពីថ្មីៗនេះអំឡុងពេលជួបជាមួយលោក ហ៊ុន សែន អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ក៏បានអំពាវនាវដល់អាជ្ញាធរឱ្យទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយលើអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជនជាបន្ទាន់។ ចំណែកលោក កឹម សុខា យូរៗម្ដងលោកបានបង្ហោះសារតាមបណ្ដាញសង្គមទាមទារយុត្តិធម៌និងទាមទារឱ្យតុលាការទម្លាក់បទចោទលើរូបលោកចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។