លោក កឹម សុខា ថា ​​បាន​​ជជែក​​ពី​​បញ្ហា​​ប្រទេស​ជាតិ ពេល​​ជួប​លោក ហ៊ុន សែន ក្នុង​​បុណ្យ​​សព​​លោក ហ៊ុន ណេង

ដោយ សុជីវី
2022.05.08
Share on WhatsApp
Share on WhatsApp
លោក កឹម សុខា ថា ​​បាន​​ជជែក​​ពី​​បញ្ហា​​ប្រទេស​ជាតិ ពេល​​ជួប​លោក ហ៊ុន សែន ក្នុង​​បុណ្យ​​សព​​លោក ហ៊ុន ណេង លោក ហ៊ុន សែន និងលោក កឹម សុខា បាន​ជួប​ពិភាក្សាគ្នា នៅពេល​លោក កឹម សុខា ទៅ​ចូលរួម​​បុណ្យ​សព​លោក ហ៊ុន ណេង នៅ​ខេត្តកំពង់ចាម កាល​ពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
រូប៖ Kem Sokha

អ្នកវិភាគ​នយោបាយ​រំពឹង​ថា ​អាច​នឹង​មាន​របត់​នយោបាយ​ថ្មី​ខ្លះ​ដែរ នៅ​ក្រោយ​ការជួបពិភាក្សា ដោយ​ឥត​ព្រាង​ទុកមួយ រវាងលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ ការលើកឡើង​នេះ​បន្ទាប់​ពី​មេបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ទាំង​ ២​នាក់​បាន​ជួប​ជជែក​គ្នា​រយៈពេល​ ៤ម៉ោង កាល​ពី​ថ្ងៃទី៨ ខែឧសភា នៅ​ពេល​លោក កឹម សុខា ទៅ​ចូលរួម​បុណ្យ​សព​បង​ប្រុស​​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ណេង។

លោក កឹម សុខា បង្ហោះ​សារ​ខ្លី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)​ នៅ​ក្រោយ​ជំនួប​របស់​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា​អ្នកទាំង២​បាន​ជជែក​ពី​បញ្ហា​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្មែរ។

ស្របគ្នា​នេះ​សារព័ត៌មាន​ស្និទ្ធ​នឹង​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ដែរ​ថា ក្នុងពេល​ដែលលោក កឹម សុខា ទៅ​ចូលរួម​បុណ្យសពលោក ហ៊ុន ណេង លោក​បាន​ជជែក​ជាមួយលោក ហ៊ុន​សែន រយៈ​ពេល​ ៤ម៉ោង។

សារព័ត៌មាន​ដដែល​បញ្ជាក់​ថា ​មេបក្ស​ទាំង២​មិន​បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ឡើយ​ នៅពេល​ដែល​មាន​ការពិភាក្សា​ពិសេស​នោះ។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស ហ្វាងឡង់ (Finland) លោក គឹម សុខ បញ្ចេញ​ទស្សន​ថា ជា​រឿង​ធម្មតា​សម្រាប់​អ្នកនយោបាយ​ក្នុង​ការជជែក​ពី​បញ្ហា​ប្រទេស​ជាតិ ពី​បញ្ហា​នយោបាយ​ជាតិ ជា​ពិសេស ​ក្នុង​ពេល​កម្ពុជា​មាន​វិបត្តិ​មិន​ត្រូវ​រ៉ូវ​គ្នា​ផ្នែក​នយោបាយ​បែបនេះ។ លោក​ថា ​នយោបាយ​នៅ​កម្ពុជា​អាច​នឹង​មាន​របត់​ថ្មី​ខ្លះៗ ​ដែរ ជា​លទ្ធផល​ពី​ជំនួប​ឥត​ព្រាង​ទុក​រវាងលោក ហ៊ុន សែន និង​លោក កឹម សុខា នេះ។

តែ​ទោះជាយ៉ាងណា អ្នកវិភាគ​ដែល​រិះគន់លោក ហ៊ុន សែន មិន​សំចៃ​មាត់​រូប​នេះ​មិន​រំពឹង​ថា ​នឹង​មាន​ការបន្ធូរបន្ថយ ដែល​អាច​ឈាន​ដល់​អនុញ្ញាត​ឱ្យ​លោក កឹម សុខា បាន​ចូល​រួម​ការបោះឆ្នោត​នោះ​ឡើយ៖ «វា​អាច​គ្រាន់​តែ​ជា​ការ​បន្ធូរ​បន្តិចបន្តួច ឧទាហរណ៍ បន្ធូរ​ឱ្យ​លោក កឹម សុខា អាច​ទៅ​ជួប​ប្រជាពលរដ្ឋ អ្នកគាំទ្រ​របស់​គាត់ ដោយ​មិន​មាន​ការរឹតត្បិត​ដូច​មុនៗ​ ពេក ឬ​អាច​ថា​ បន្ធូរ​ពី​ការរឹតត្បិត​ខ្លះបន្ថែម​ទៀត។ ប៉ុន្តែ​ទៅ​ដល់​មាន​ដំណោះស្រាយ​នយោបាយ ដោះលែង ផ្ដល់​សេរីភាព​លោក កឹម សុខា ឱ្យ​អាច​ទៅ​ដឹកនាំ​​គណបក្ស សង្រ្គោះជាតិ​ឡើងវិញ ឬ​បើក​គណបក្ស​ថ្មី​ធ្វើ​នយោបាយ​ពេញ​សមត្ថភាព ទំនង​ជា​​មិនមែន​ជា​ពេល​វេលា ដែល​លោក ហ៊ុន សែន គិត​ថា ​ត្រូវ​ផ្ដល់​ឱ្យ​លោក កឹម សុខា នៅពេល​នេះ​ទេ ឬ​រហូត​ដល់​លែង​ឱ្យ​លោក កឹម សុខា ក្លាយជា​គូ​ប្រកួត​ប្រជែង​របស់​គាត់ ហើយ​និង​កូន​ប្រុស​គាត់ មិនមែន​ជា​ពេល​វេលា ដែល​លោក ហ៊ុន សែន ហ៊ាន​ផ្ដល់​ឱកាស​ឱ្យលោក កឹម សុខា ទេ»

បើទោះជា​បែប​ណា​លោក គឹម សុខ ថា​ ការ​បង្ហាញ​ព័ត៌មាន​តិចតួចពី​ជំនួប​នេះ​ពី​ខាង​ភាគី​លោក កឹម សុខា បង្ហាញ​ថា​ ភាគី លោក ហ៊ុន សែន មាន​ឥទ្ធិពល​គ្រប់គ្រង​ការ​បញ្ចេញ​ព័ត៌មាន​ទាំងនោះ លោក​រំពឹង​ថា​ ព័ត៌មាន​បន្ថែម​ពី​ជំនួប​នេះ​នឹង​ត្រូវ​ទម្លាយ ដោយ​ភាគី​លោក ហ៊ុន សែន នៅពេល​ខាងមុខ។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២០ លោក ហ៊ុន សែន និង​លោក កឹម សុខា ធ្លាប់​បាន​ជជែក​គ្នា​រយៈពេល​ជិត​ ១​ម៉ោង នៅ​ពេល​លោក កឹម សុខា ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធថ្ងៃ​បុណ្យសព ម្តាយ​ក្មេក​លោក ហ៊ុន សែន។ នៅ​ក្រោយ​ការជួប​សន្ទនា​គ្នា​នោះ​ លោក កឹម សុខា ទទួល​បាន​ការបន្ធូបន្ថយ​ខ្លះ​ដែរ ដោយ​អាច​ប្រើប្រាស់​សេរីភាព​របស់​ខ្លួន​បាន​ទូលំទូលាយ​ជាង​មុន​បន្តិច ដោយ​លោក កឹម សុខា អាច​ចុះ​មូលដ្ឋាន​ចែក​អំណោយ និង​ជួប​ពលរដ្ឋ។

តែ​ទោះ​ជា​យ៉ាងណា ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅតែ​បន្ត​ជាប់​គាំង​មិន​អាច​ដោះស្រាយ​បាន​ដដែល ដោយ​មេ​បក្ស​ប្រឆាំង​រូប​នេះ នៅ​តែ​ជាប់​បណ្ដឹង​នៅ​តុលាការ មិន​អាច​ធ្វើ​នយោបាយ និង​ចេញ​ក្រៅប្រទេស​បាន​នោះ​ឡើយ ចំណែក​មន្រ្តី​ជាន់​ខ្ពស់គណបក្ស​សង្រ្គោះ​ជាតិ​ជាច្រើន​រួមទាំង​លោក សម រង្ស៊ី ផង​នៅ​តែ​មិន​អាច​វិលចូលស្រុក រួមនឹង​សកម្មជន​ជាច្រើន​ត្រូវ​ធ្វើទុក្ខ​បុក​ម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល