អ្នកវិភាគនយោបាយរំពឹងថា អាចនឹងមានរបត់នយោបាយថ្មីខ្លះដែរ នៅក្រោយការជួបពិភាក្សា ដោយឥតព្រាងទុកមួយ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ ការលើកឡើងនេះបន្ទាប់ពីមេបក្សកាន់អំណាច និងបក្សប្រឆាំងទាំង ២នាក់បានជួបជជែកគ្នារយៈពេល ៤ម៉ោង កាលពីថ្ងៃទី៨ ខែឧសភា នៅពេលលោក កឹម សុខា ទៅចូលរួមបុណ្យសពបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង។
លោក កឹម សុខា បង្ហោះសារខ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅក្រោយជំនួបរបស់ប្រធានបក្សប្រឆាំងរូបនេះ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាអ្នកទាំង២បានជជែកពីបញ្ហាប្រទេសជាតិ និងពលរដ្ឋខ្មែរ។
ស្របគ្នានេះសារព័ត៌មានស្និទ្ធនឹងលោក ហ៊ុន សែន បានចុះផ្សាយដែរថា ក្នុងពេលដែលលោក កឹម សុខា ទៅចូលរួមបុណ្យសពលោក ហ៊ុន ណេង លោកបានជជែកជាមួយលោក ហ៊ុនសែន រយៈពេល ៤ម៉ោង។
សារព័ត៌មានដដែលបញ្ជាក់ថា មេបក្សទាំង២មិនបានទទួលទានអាហារថ្ងៃត្រង់ឡើយ នៅពេលដែលមានការពិភាក្សាពិសេសនោះ។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេស ហ្វាងឡង់ (Finland) លោក គឹម សុខ បញ្ចេញទស្សនថា ជារឿងធម្មតាសម្រាប់អ្នកនយោបាយក្នុងការជជែកពីបញ្ហាប្រទេសជាតិ ពីបញ្ហានយោបាយជាតិ ជាពិសេស ក្នុងពេលកម្ពុជាមានវិបត្តិមិនត្រូវរ៉ូវគ្នាផ្នែកនយោបាយបែបនេះ។ លោកថា នយោបាយនៅកម្ពុជាអាចនឹងមានរបត់ថ្មីខ្លះៗ ដែរ ជាលទ្ធផលពីជំនួបឥតព្រាងទុករវាងលោក ហ៊ុន សែន និងលោក កឹម សុខា នេះ។
តែទោះជាយ៉ាងណា អ្នកវិភាគដែលរិះគន់លោក ហ៊ុន សែន មិនសំចៃមាត់រូបនេះមិនរំពឹងថា នឹងមានការបន្ធូរបន្ថយ ដែលអាចឈានដល់អនុញ្ញាតឱ្យលោក កឹម សុខា បានចូលរួមការបោះឆ្នោតនោះឡើយ៖ « វាអាចគ្រាន់តែជាការបន្ធូរបន្តិចបន្តួច ឧទាហរណ៍ បន្ធូរឱ្យលោក កឹម សុខា អាចទៅជួបប្រជាពលរដ្ឋ អ្នកគាំទ្ររបស់គាត់ ដោយមិនមានការរឹតត្បិតដូចមុនៗ ពេក ឬអាចថា បន្ធូរពីការរឹតត្បិតខ្លះបន្ថែមទៀត។ ប៉ុន្តែទៅដល់មានដំណោះស្រាយនយោបាយ ដោះលែង ផ្ដល់សេរីភាពលោក កឹម សុខា ឱ្យអាចទៅដឹកនាំគណបក្ស សង្រ្គោះជាតិឡើងវិញ ឬបើកគណបក្សថ្មីធ្វើនយោបាយពេញសមត្ថភាព ទំនងជាមិនមែនជាពេលវេលា ដែលលោក ហ៊ុន សែន គិតថា ត្រូវផ្ដល់ឱ្យលោក កឹម សុខា នៅពេលនេះទេ ឬរហូតដល់លែងឱ្យលោក កឹម សុខា ក្លាយជាគូប្រកួតប្រជែងរបស់គាត់ ហើយនិងកូនប្រុសគាត់ មិនមែនជាពេលវេលា ដែលលោក ហ៊ុន សែន ហ៊ានផ្ដល់ឱកាសឱ្យលោក កឹម សុខា ទេ»។
បើទោះជាបែបណាលោក គឹម សុខ ថា ការបង្ហាញព័ត៌មានតិចតួចពីជំនួបនេះពីខាងភាគីលោក កឹម សុខា បង្ហាញថា ភាគី លោក ហ៊ុន សែន មានឥទ្ធិពលគ្រប់គ្រងការបញ្ចេញព័ត៌មានទាំងនោះ លោករំពឹងថា ព័ត៌មានបន្ថែមពីជំនួបនេះនឹងត្រូវទម្លាយ ដោយភាគីលោក ហ៊ុន សែន នៅពេលខាងមុខ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ុន សែន និងលោក កឹម សុខា ធ្លាប់បានជជែកគ្នារយៈពេលជិត ១ម៉ោង នៅពេលលោក កឹម សុខា ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធថ្ងៃបុណ្យសព ម្តាយក្មេកលោក ហ៊ុន សែន។ នៅក្រោយការជួបសន្ទនាគ្នានោះ លោក កឹម សុខា ទទួលបានការបន្ធូបន្ថយខ្លះដែរ ដោយអាចប្រើប្រាស់សេរីភាពរបស់ខ្លួនបានទូលំទូលាយជាងមុនបន្តិច ដោយលោក កឹម សុខា អាចចុះមូលដ្ឋានចែកអំណោយ និងជួបពលរដ្ឋ។
តែទោះជាយ៉ាងណា ជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំងនៅតែបន្តជាប់គាំងមិនអាចដោះស្រាយបានដដែល ដោយមេបក្សប្រឆាំងរូបនេះ នៅតែជាប់បណ្ដឹងនៅតុលាការ មិនអាចធ្វើនយោបាយ និងចេញក្រៅប្រទេសបាននោះឡើយ ចំណែកមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាច្រើនរួមទាំងលោក សម រង្ស៊ី ផងនៅតែមិនអាចវិលចូលស្រុក រួមនឹងសកម្មជនជាច្រើនត្រូវធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។