សាលាដំបូងរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រមសំណុំរឿងលោក កឹម សុខា ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ នៅដើមខែមីនា ខាងមុខ ក្រោយបិទបញ្ចប់សវនាការកាលពីយប់ថ្ងៃទី ២១ ធ្នូ ម្សិលមិញនេះ។ មន្ត្រីសង្គមស៊ីវិលរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់មេបក្សប្រឆាំងរូបនេះវិញ។
ក្រោយចាយពេលអស់ជាង ៥ ឆ្នាំមក តុលាការក្រុងភ្នំពេញបានសម្រេចបិទបញ្ចប់សវនាការសំណុំរឿងរបស់លោក កឹម សុខា ទាំងស្រុងហើយ។ ជំហានបន្ទាប់នោះ គឺការរង់ចាំសាលក្រមដែលតុលាការគ្រោងប្រកាសនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ ខាងមុខ។
ថ្វីត្បិតសវនាការបានបិទបញ្ចប់ទៅមែន ប៉ុន្តែសម្រាប់លោក កឹម សុខា លោកមិនដែលពេញចិត្តឡើយចំពោះការចោទប្រកាន់នេះ ជាពិសេសភស្តុតាងទាំងឡាយដែលគេយកមកប្រើដើម្បីដាក់បន្ទុកលើរូបលោក។
លោក កឹម សុខា បានថ្លែងដោយខ្លីទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការក្រុងភ្នំពេញកាលពីយប់ថ្ងៃទី ២១ ធ្នូថា ភស្តុតាងដែលគេប្រើដើម្បីដាក់បន្ទុកលើរូបលោកនេះ ជាភស្តុតាងក្លែងក្លាយ។
លោក កឹម សុខា៖«ភស្តុតាងក្លែងក្លាយ។[អ្នកកាសែត]ក្លែងក្លាយយ៉ាងម៉េចឯកឧត្ដម?ក្លែងក្លាយ[ព្រោះ]កាត់ចោលពាក្យខ្ញុំនិយាយ និងនិយាយបង្ខូចខ្ញុំពាក្យជាច្រើន»។
ជាមួយគ្នានេះ សហមេធាវីរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី អះអាងថ្មីទៀតថា លោក កឹម សុខា មិនបានប្រព្រឹត្តល្មើសច្បាប់ដូចការចោទប្រកាន់នោះឡើយ។ អ្នកស្រីបញ្ជាក់បន្ថែមថា ភស្តុតាងដែលភាគីដើមបណ្ដឹងយកមកប្រើនោះ គឺមិនត្រឹមត្រូវឡើយ ព្រោះជាវីដេអូកាត់តសម្ដីរបស់លោក កឹម សុខា។
អ្នកស្រី ម៉េង សុភារី ៖«ភស្តុតាងដែលយកមកដាក់បន្ទុក ទីមួយភស្តុតាងហ្នឹងវាកាត់ត។ ដែលកាត់តហ្នឹង គឺវាអត់ត្រឹមត្រូវហើយ វាក្លែងក្លាយហើយ ពីព្រោះវាតពិតមែន។ ហើយមិនមែនមានន័យថា ស្រង់យកសម្ដីមួយផ្នែកទេ អត់ទេ គឺកាត់មួយកង់ហើយ យកមួយកង់ទៀតយកមកផ្គុំចូលគ្នាអ៊ីចឹង។ ហើយបើយើងមើលវីដេអូកាត់តហ្នឹង យើងអត់ដឹងកន្លែងតទេ យើងគិតថា គាត់និយាយមកអ៊ីចឹងទាំងអស់តែម្ដង។»
ប្រតិកម្មរបស់លោក កឹម សុខា និងមេធាវីរបស់លោកនេះ គឺក្រោយពេលតុលាការបានបញ្ចប់សវនាការលើកទី៦៣ ដែលចាប់ផ្ដើមតាំងពីព្រឹករហូតដល់ម៉ោងប្រមាណ ៩ យប់ និងជាសវនាការចុងក្រោយនៃសំណុំរឿងនយោបាយដ៏ធំមួយនេះ។
ក្នុងសវនាការនេះ តំណាងអយ្យការលោក ប្លង់ សុផល បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ ឱ្យចេញដីកាឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារជាលើកទី ២ និងស្នើឱ្យដាក់ទោសបន្ថែមលើលោក កឹម សុខា ។
តំណាងអយ្យការដដែលធ្លាប់បានស្នើទៅតុលាការឱ្យចាប់ខ្លួនលោក កឹម សុខា ម្ដងរួចមកហើយកាលពីខែមិថុនា ដោយចោទថា លោក កឹម សុខា បានល្មើសបម្រាមតុលាការដោយបានធ្វើសកម្មភាពនយោបាយ។ ទន្ទឹមគ្នានេះ មេធាវីរដ្ឋាភិបាលបានព្រមានប្ដឹងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា បន្ថែមទៀត ក្រោយពេលតុលាការប្រកាសសាលក្រមសំណុំរឿងនេះ។
មេធាវីរដ្ឋាភិបាលបានដាក់សេចក្ដីសន្និដ្ឋានកម្រាស់ជាង ៨០ ទំព័រ ផ្ដោតសំខាន់លើការចោទប្រកាន់ថា លោក កឹម សុខា រៀបចំគម្រោងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ឱ្យដឹងថា សេចក្ដីសន្និដ្ឋានរបស់មេធាវីរដ្ឋាភិបាលផ្ដោតសំខាន់លើការថ្លែងរបស់លោក កឹម សុខា កាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី។ លោកយល់ថា វីដេអូនៃការថ្លែងរបស់លោក កឹម សុខា នោះ ជាភស្តុតាងដាក់បន្ទុករឹងមាំ។
លោក សុខ ឥសាន៖«គាត់នឹកថា គាត់បានជោគជ័យតាមផែនការរបស់គាត់ ក៏ប៉ុន្តែជោគជ័យហ្នឹងវាចូលទៅរឿងជោគជ័យរបស់រាជរដ្ឋាភិបាលទៅវិញទេ»។
តាំងតែពីដំបូងមក មេធាវីរដ្ឋាភិបាល តំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងអយ្យការហាក់គ្មានភស្តុតាងអ្វីផ្សេងដើម្បីចោទលោក កឹម សុខា ឡើយ ក្រៅពីសម្អាងលើវីដេអូនេះឡើយ។ ប៉ុន្តែបើតាមមេធាវីលោក កឹម សុខា និងអ្នកតាមដានសវនាការ វីដេអូនោះត្រូវបានគេកាត់តរួចទៅហើយ មិនមែនជាដើមទាំងស្រុងដែលលោកបានថ្លែងនោះទេ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ពិនិត្យឃើញថា សំណុំរឿងនេះនៅតែស្ថិតក្រោមសម្ពាធពីអ្នកនយោបាយដដែល។ លោកយល់ថា លោក កឹម សុខា ទំនងជាពិបាករួចផុតពីការចោទប្រកាន់ ព្រោះបញ្ហានយោបាយមិនទាន់មានដំណោះស្រាយនៅឡើយ។
លោក អំ សំអាត៖«បើយើងយោងទៅមើលសវនាការរាប់ឆ្នាំកន្លងមកដែលទាក់ទងរឿងនេះ យើងជាអ្នកតាមដាន យើងមើលទៅវាហាក់ដូចជាមិនមានភស្តុតាងឱ្យបានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទៅលើឯកឧត្ដម កឹម សុខា»។
តុលាការក្រុងភ្នំពេញដែលមានចៅក្រមភាគច្រើនជាសមាជិកគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋភាព ឬការត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ សហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថា ការចោទប្រកាន់លើលោក កឹម សុខា គ្មានមូលដ្ឋាន និងជំរុញទៅរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាតឱ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។
សាធារណជន ជាពិសេសក្រុមអ្នកគាំទ្រលោក កឹម សុខា អាចនឹងដឹងអំពីជោគវាសនារបស់លោកនៅថ្ងៃទី ០៣ ខែមីនា ខាងមុខ ពេលតុលាការប្រកាសសាលក្រម។ ប៉ុន្តែក្រុមមេធាវី និងអ្នកសង្កេតការណ៍ក៏បានរិះគន់តុលាការក្រុងភ្នំពេញដែរចំពោះការពន្យាពេលជាង ២ ខែទៀតដើម្បីប្រកាសសាលក្រម ព្រោះសំណុំរឿងនេះអូសបន្លាយពេលជាង ៥ ឆ្នាំមកហើយ ខណៈលោក កឹម សុខា ជាអ្នកនយោបាយដែលត្រូវការសិទ្ធិនយោបាយជាចាំបាច់ ដើម្បីប្រឡូកក្នុងឆាកនយោបាយវិញឱ្យទាន់ការបោះឆ្នោតតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
