ក្រុមអ្នកចូលរួមពិធីរំឭកខួប ៦៦ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា ព្រួយបារម្ភថា ទឹកដីខ្មែរបច្ចុប្បន្នអាចមានជោគវាសនាដូចខ្មែរក្រោម បើរដ្ឋាភិបាលនៅតែធ្វើមិនដឹងមិនឮអំពីបញ្ហាអន្តោប្រវេសន៍វៀតណាម ខុសច្បាប់នៅកម្ពុជា ទេនោះ។
គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ នេះ គឺមានរយៈពេល ៦៦ឆ្នាំហើយ ដែលកម្ពុជាក្រោម ត្រូវបានកាត់ទៅឲ្យប្រទេសវៀតណាម ក្នុងសម័យអាណាព្យាបាលបារាំង ពោលគឺរាប់ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
ចាប់តាំងពីម៉ោង ៨ព្រឹក ប្រជាពលរដ្ឋដែលភាគច្រើនជាខ្មែរក្រោម តំណាងគណបក្សប្រឆាំង និងយុវជនសរុបចំនួនរាប់រយនាក់ រួមទាំងព្រះសង្ឃ ជិត ២ពាន់អង្គបានប្រមូលផ្តុំគ្នាក្នុងបរិវេណវត្តចាស់ ដ៏តូចចង្អៀត ក្នុងសង្កាត់ជ្រោយចង្វារ ត្រើយខាងកើតរាជធានីភ្នំពេញ ហើយបានចាប់ផ្ដើមប្រារព្ធពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម។
ដូចសព្វមួយដងដែរ គេក៏ឃើញសម្តេចព្រះស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងចូលរួមក្នុងពិធីនេះផងដែរ ដើម្បីចូលរួមចែករំលែកការឈឺចាប់ជាមួយពលរដ្ឋខ្មែរកម្ពុជាក្រោម។
ក្រុមអ្នកចូលរួមពិធីនេះ និយាយថា ពួកគេអស់សង្ឃឹមលើរដ្ឋាភិបាលកម្ពុជា ដែលពុំមានឆន្ទៈទាមទារយកទឹកដីខ្មែរកម្ពុជាក្រោម មកវិញ។ ពួកគេបារម្ភថា បើរដ្ឋាភិបាលនៅតែមិនលើកទឹកចិត្តដល់យុវជនអោយយល់ដឹងពីប្រវត្តិសាស្ត្រទនោះ ទឹកដីកម្ពុជាបច្ចុប្បន្ន នឹងមានជោគវាសនាអាក្រក់ដូចកម្ពុជា ក្រោមដែរ៖ «បច្ចុប្បន្ននេះសម្បូរទៅដោយវៀតណាម នៅលើទឹកដីខ្មែរ ដូច្នេះបើរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងយុវជន មិនភ្ញាក់រលឹកទេ ទឹកដីកម្ពុជា យើងនឹងត្រូវបាត់បង់»។
ការប្រារព្ធពិធីរំឭកខួបការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ គឺដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយចងចាំនូវប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីរបស់កម្ពុជា ក្នុងបំណងកុំឲ្យប្រវត្តិសាស្ត្រដ៏អាក្រក់នេះ វិលមករកខ្មែរជាថ្មី និងបង្ហាញការដឹងគុណចំពោះបុព្វបុរសខ្មែរកម្ពុជាក្រោម ដែលបានលះបង់ជីវិតក្នុងការរើបម្រាសដើម្បីសិទ្ធិសេរីភាពក្នុងការរស់នៅ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលមានវត្តមានក្នុងពិធីរំឭកខួបបាត់បង់ដីកម្ពុជាក្រោមនេះ អះអាងថា ខ្មែរកណ្ដាល បានក្លាយជាខ្មែរក្រោមទី២ រួចជាស្រេចទៅហើយ៖ «ក្នុងយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការលេបទឹកដីខ្មែរ គឺប្រើយុទ្ធសាស្ត្រដដែលដូចកម្ពុជាក្រោមដែរ»។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា បារាំង ដោយសំអាងលើអំណាចអាណានិគមរបស់ខ្លួន បានអនុម័តច្បាប់ដ៏ទុយ៌សមួយ កាត់ទឹកដីខ្មែរទៅឲ្យវៀតណាម ត្រួតត្រាបន្តនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយមិនខ្វល់ពីខ្មែរម្ចាស់ស្រុក និងព្រះមហាក្សត្រឡើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បញ្ជាក់ថា ដោយសារតែព្រះសង្ឃ ប្រជារាស្ត្រខ្មែរ និងយុវជន សាមគ្គីគ្នាចូលរួមទិវាកាន់ទុក្ខជាតិខ្មែរ ៤ មិថុនា ជារៀងរាល់ឆ្នាំ ទើបកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបារាំង សម្រេចផ្ដល់ឯកសារពាក់ព័ន្ធនឹងការកាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមយួន ត្រួតត្រាបន្តពីអាណានិគមបារាំង។ លោកថា ឯកសារទាំងនោះ ជាង ៥ពាន់ទំព័រ ប៉ុន្តែត្រូវការចំណាយថវិកា ១៦.០០០អឺរ៉ូ ដើម្បីថតចម្លងយកមកប្រើប្រាស់។ បច្ចុប្បន្នថតចម្លងរួចហើយបានចំនួន ២.២៣១ទំព័រ ហើយកំពុងខិតខំរកថវិកាថតចម្លងឲ្យចប់សព្វគ្រប់នៅដំណាច់ខែមិថុនា នេះ៖ «ទំហំនៃឯកសារទាំងអស់នោះ វាគួរតែរដ្ឋាភិបាលជាអ្នករៀបចំទើបត្រឹមត្រូវ ព្រោះត្រូវការចំណាយធំធេងណាស់»។
កម្មវិធីនេះ បានដាស់អារម្មណ៍ប្រជាពលរដ្ឋ ជាពិសេសខ្មែរក្រោមឲ្យនឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ឈឺចាប់ ហើយពួកគេបានរិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាលកម្ពុជា ដោយចោទថា មិនបានអើពើ និងមិនយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្មែរក្រោម។
សមាជិកយុវជនខ្មែរសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឿន វីរ៉ាត បាននិយាយទាំងអួលដើមកអំពាវនាវអោយយុវជនកម្ពុជា បច្ចុប្បន្នរួបរួមគ្នាជាធ្លុងមួយ ដើម្បីទាមទារទឹកដីខ្មែរត្រឡប់មកវិញ៖ «យុវជននៅកម្ពុជា ជំនាន់ក្រោយ កុំធ្វើដូចយុវជនជំនាន់សម័យ ៨០ ទៀត សូមលាងប្រវត្តិសាស្ត្រខ្មែរក្រោកឡើងដើម្បីទាមទារទឹកដីខ្មែរទាំង អស់គ្នា»។
ចុងបញ្ចប់នៃកម្មវិធីនេះ បទចម្រៀងរំឭកអំពីទឹកដីកម្ពុជាក្រោម ក៏បានបន្លឺឡើងហើយក៏មានពិធីរាប់បាត្រព្រះសង្ឃ ១.៩៤៩អង្គ។
ដែនដីកម្ពុជាក្រោមលាតសន្ធឹងលើផ្ទៃដី ៦៨.៩៦៥គីឡូម៉ែត្រក្រឡា ដោយមានខេត្តសរុបចំនួន ២១ខេត្ត និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម រស់នៅប្រហែលជាង ១៤លាននាក់។ ពលរដ្ឋខ្មែរកម្ពុជាក្រោម បានចោទអាជ្ញាធរប្រទេសវៀតណាម ថា បានព្យាយាមបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដូចជាបំបាត់វប្បធម៌ ការអប់រំ និងការរស់តាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកម្ពុជាក្រោម ការបង្ក្រាបដោយហិង្សាផ្សេងៗចំពោះចលនារបស់ខ្មែរកម្ពុជាក្រោម ដែលហ៊ានចេញមុខងើបឡើងតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។