សង្គម​ស៊ីវិល​ស្នើ​ឲ្យ​កោះ​ហៅ​មន្ត្រី​ទូត​វៀតណាម​បំភ្លឺ​រឿង​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម

0:00 / 0:00

សង្គម​ស៊ីវិល​មួយ​ចំនួន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​សមស្រប ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម ចេញ​មុខ​ឆ្លើយ​បំភ្លឺ ជុំវិញ​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​នេះ​លើក​ឡើង​ថា ជា​កម្មសិទ្ធិ​វៀតណាម កាន់​កាប់​តាំង​ពី​យូរ​លង់​មក​នោះ។

ព្រម​គ្នា​នេះ មេ​ដឹក​នាំ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្សេង​ទៀត ក៏​បាន​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល ដែល​គ្មាន​ប្រតិកម្ម​តបត​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​ទូត​វៀតណាម និង​ព្រមាន​ដឹក​នាំ​មហា​បាតុកម្ម​តវ៉ា​ជា​ថ្មី​ទៀត។

លិខិត​ផ្ញើ​ជូន លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា របស់​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចុះ​ហត្ថលេខា​ដោយ លោក រ៉ុង ឈុន ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា គឺ​មាន​បំណង​ស្នើ​ឲ្យ​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​កម្ពុជា មក​បកស្រាយ​ចំពោះ​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​បាន​ច្បាស់​លាស់។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​រិះគន់​រដ្ឋាភិបាល​ដែល​គ្មាន​ប្រតិកម្ម​ទៅ​មន្ត្រី​នាំ​ពាក្យ​ទូត​វៀតណាម ដែល​ប្រើ​សម្ដី​ប្រមាថ​ពលរដ្ឋ ឬ​រដ្ឋាភិបាល​ខ្លួន​ឯង និង​មាន​បំណង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។

បន្ថែម​លើ​នេះ លោក រ៉ុង ឈុន ក៏​បាន​រិះគន់​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​តាម​ស្ថាប័ន​ខ្លះ ដែល​បាន​ដើរ​តួ ឬ​ចេញ​មុខ​ទទួល​យក​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជំនួស​មន្ត្រី​ទូត​វៀតណាម ទាក់ទង​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម កន្លង​មក៖ «ពីព្រោះ​ស្ថានទូត​យួន ប្រចាំ​កម្ពុជា មាន​មន្ត្រី មាន​ថ្នាក់​ដឹក​នាំ​ស្ថានទូត ដែល​អាច​ចេញ​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​ហើយ។ វា​មិន​ចាំបាច់​ទទួល​បញ្ជា​ពី​ស្ថានទូត​យួន ឲ្យ​មន្ត្រី​ខ្មែរ​មក​ទទួល​ជំនួស មាន​ន័យ​ថា ខ្មែរ​យើង​ហ្នឹង​ជា​អាយ៉ង​របស់​យួន។ ដូច្នេះ អ្វី​ដែល​គេ​ធ្លាប់​ចោទ​ប្រកាន់​កន្លង​មក​ហ្នឹង គឺ​មិន​ខុស​ទេ ថា​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន បាន​រណប ឬ​ជា​អាយ៉ង​យួន មិន​ខុស​នោះ​ទេ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ ថុង (Tran Van Thong) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មិន​បារម្ភ​ចំពោះ​គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​ពី​ផ្នែក​ពាក់ព័ន្ធ​នានា ជុំវិញ​ការ​លើក​ឡើង​ពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម របស់​លោក​ទេ។ ជាង​នេះ លោក វ៉ាន់ ថុង ក៏​អះអាង​ថា នឹង​បន្ត​រក្សា​ជំហរ​មិន​សុំ​ទោស​រាល់​ពាក្យ​សម្ដី​របស់​លោក ដែល​ថា​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​វៀតណាម គ្រប់គ្រង​ជា​យូរ​លង់​មក គឺ​មិន​មែន​ទើប​បារាំង កាត់​ប្រគល់​ឲ្យ​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៤៩ ទេ។

មន្ត្រី​នាំ​ពាក្យ​ទូត​វៀតណាម ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​ស្ទាត់​រូប​នេះ ថ្លែង​ថា ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​របស់​មេ​ដឹក​នាំ​សហព័ន្ធ​និស្សិត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​នៅ​មុខ​ស្ថានទូត​វៀតណាម កន្លង​មក គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ និង​ល្មើស​ច្បាប់​កម្ពុជា។ មន្ត្រី​ទូត​រូប​នេះ​ព្រមាន​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល ឬ​អ្នក​ពាក់ព័ន្ធ​ណា​មួយ ជ្រៀត​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វៀតណាម ជា​ដាច់​ខាត។

ទោះ​យ៉ាង​ណា លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ព្រមាន​ថា នឹង​ដឹក​នាំ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​តវ៉ា​ចំពោះ​ការ​ប្រមាថ និង​មាន​បំណង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម របស់​វៀតណាម ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត។

មេ​ដឹក​នាំ​យុវជន​រូប​នេះ​ព្រមាន​ថា បើ លោក ត្រឹង វ៉ាន់ ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នៅ​បន្ត​បដិសេធ ឬ​មិន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​កម្ពុជា​ក្រោម​ទេ នៅ​ថ្ងៃ​អនាគត ក្រុម​យុវជន និង​ពលរដ្ឋ​ខ្មែរ នឹង​មិន​លះ​បង់​សកម្មភាព​ប្រមូល​ផ្តុំ​តវ៉ា​នោះ​ទេ៖ «កន្លង​មក ផ្នែក​ពាក់ព័ន្ធ​គ្រាន់​តែ​បាន​បញ្ជូន​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម ដោយ​មិន​បាន​ជួយ​ជំរុញ ឬ​មួយ​ក៏​កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម ហ្នឹង​មក​បំភ្លឺ​ជា​ដើម​ហ្នឹង។ អ៊ីចឹង​បាន​ន័យ​ថា គាត់​មិន​បាន​ធ្វើ​ឲ្យ​បាន​ធំ​ដុំ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ក្រសួង ដែល​មាន​សមត្ថកិច្ច​ក្នុង​ការងារ​ហ្នឹង​ទេ។ អ៊ីចឹង​យើង​មិន​ទៅ​សាទរ​ស្អី​ទេ»

ទាក់ទិន​បញ្ហា​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រសួង​បាន​បញ្ជូន​ញត្តិ ឬ​ឯកសារ​របស់​សហព័ន្ធ​និស្សិត និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាក់ទង​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ជូន​មន្ត្រី​ស្ថានទូត​វៀតណាម រួច​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ទេ។

ឯកសារ​ជាច្រើន​បង្ហាញ​ថា អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ចំនួន ២១​ខេត្ត​ក្រុង និង​មាន​ផ្ទៃ​ដី​ទំហំ​ជាង ៦​ម៉ឺន ៨​ពាន់​គីឡូ​ម៉ែត្រ​ក្រឡា (៦៨.៩៦៥) ទៅ​ឲ្យ​វៀតណាម កាន់​កាប់​ដោយ​ខុស​ច្បាប់ និង​គ្មាន​ការ​ឯកភាព​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ គិត​មក​ដល់​ឆ្នាំ​២០១៤ នេះ មាន​រយៈពេល ៦៥​ឆ្នាំ​ហើយ ដែល​ជោគ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​ចំនួន​ជាង ១០​លាន​នាក់ ត្រូវ​រស់​ក្រោម​ការ​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។