ខ្មែរ​ក្រោម​ស្នើ​រដ្ឋាភិបាល​ខ្មែរ​ប្ដឹង​អន្តរជាតិ​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ

0:00 / 0:00

សហគមន៍​ខ្មែរ​ក្រោម នៅ​ក្នុង និង​ក្រៅ​ប្រទេស ស្នើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឱ្យ​ពិចារណា​ប្ដឹង​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មក​ឲ្យ​កម្ពុជា​គ្រប់គ្រង​ឡើងវិញ​នៅ​ពេល​ខាង​មុខ​នេះ។ សំណើ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភពលោក​ បាន​ប្រារព្ធ​ខួប​លើក​ទី ៧១ឆ្នាំ នៃ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​ទាំង​ខុស​ច្បាប់។

តំណាងមេដឹកនាំអង្គការ និងសមាគមខ្មែរកម្ពុជាក្រោម ក្នុងទិវាបាត់បង់​ទឹកដីខ្មែរក្រោម​កាលពីថ្ងៃទី ៤ មិថុនា បានប្តេជ្ញាបន្តធ្វើយុទ្ធនាការ​ ទាមទារសិទ្ធិស្វ័យសម្រេចវាសនា​ដោយ​ខ្លួន​ឯងឲ្យខ្មែរក្រោម នៅលើទឹកដីកំណើតទៅថ្ងៃអនាគត ហើយឈានទៅទាមទារ​ទឹកដីខ្មែរ​កម្ពុជា​ក្រោម​មកវិញ។​ លោក​ ថាច់ សេដ្ឋា នាយកសហគមន៍ខ្មែរកម្ពុជាក្រោម ដែលមាន​មូលដ្ឋាន​នៅកម្ពុជា ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានកាតព្ធកិច្ចបើក​ការស៊ើបអង្កេត តវ៉ាទៅតុលាការអន្តរជាតិដើម្បីទាមទារដី​ខ្មែរពីវៀតណាមមកវិញ។​ លោកអះអាងថា កម្ពុជាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើជាសំអាង ក្នុងការប្តឹងទាមទារដីខ្មែរ​ពីវៀតណាមមកវិញ។​ លោកថា ភស្តុតាងសាមញ្ញបំផុតនោះ គឺឈ្មោះទីកន្លែង ដូចជាខេត្ត ស្រុក ឃុំ ភូមិជាដើម ពីព្រោះទោះបីជាវៀតណាម ខំប្រឹងប្តូរឈ្មោះទីកន្លែងជាភាសាខ្មែរទៅ​ជាឈ្មោះភាសាវៀតណាមក៏ដោយ ក៏មិនអាចបិទបាំងប្រវត្តិដើមពិតបានដែរ៖ «យើង​អាច​ទាមទារ​បាន ប៉ុន្តែ​វា​ឋិត​នៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ចង់​ទាមទារ ឬ​ក៏​មិន​ទាមទារ។ យើង​ត្រូវ​តែ​បង្ហាញ​ថា តើ​ភូមិសាស្ត្រ​នោះ វា​យ៉ាង​ម៉េច ? បើ​យើង​និយាយ​ភស្តុតាង​ប្រវត្តិសាស្ត្រ ផែនទី គឺ​ខ្មែរ​មាន​គ្រប់​គ្រាន់»

លោក ថាច់ សេដ្ឋា ថា ការ​តស៊ូ​ទាមទារ​ដី​ខ្មែរ​ក្រោម​មក​វិញ នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ជំនាន់​ក្រោយ​បាន​ដឹង​ពី​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ ហើយ​កី​ជា​ការ​បង្ហាញ​ការ​ដឹង​គុណ​ដល់​វីរជន​ខ្មែរ​ក្រោម ដែល​បាន​តស៊ូ​បូជា​ជីវិត​ដើម្បី​ការពារ​ទឹក​ដី​មាតុភូមិ​ខ្មែរ។

ចំណែក​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​គាំទ្រ សំណើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​តវ៉ា​ទាមទារ​ដី​ខ្មែរ​ពី​វៀតណាម​មក​វិញ។ ព្រះអង្គ​បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ក៏​នឹង​បន្ត​ធ្វើ​យុទ្ធនាការ ទាមទារ​សិទ្ធិស្វ័យសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​ជា​បន្ត​ទៀត៖ «ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ខ្មែរ​ក្រោម​មិន​មែន​ជា​អ្នក​បាត់បង់​ទេ។ ទឹក​ដី​ខ្មែរ​ក្រោម ជា​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នក​បាត់បង់ ដូច្នោះ​ហើយ​រដ្ឋាភិបាល​កម្ពុជា​គ្រប់​សម័យ​កាល​ទាំង​អស់​ត្រូវ​ទាមទារ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មក​វិញ»

ពាក់ព័ន្ធ​នឹង​សំណើសុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ប្តឹង​ទាមទារ​ទឹក​ដី​ខ្មែរ​មកវិញ​នេះ​ដែរ ប្រធាន​ផែន​ការ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន ប្រាប់​អាស៊ី​សេរី​ថា កម្ពុជា​នឹង​មាន​ពេល​ដើម្បី​ទាមទារ​ដី​ខ្មែរ​ក្រោម​ពី​វៀតណាម​មក​វិញ ប្រសិន​បើ​វៀតណាម​ធ្លាក់ ចូល​ក្នុង​វិបត្តិ​នឹង​ប្រទេស​ចិន ឬ​មាន​ការ​បះបោរ​ងើប​ឡើង​របស់​ពលរដ្ឋ​វៀតណាម ប្រឆាំង​នឹង​រដ្ឋាភិបាល កុម្មុយនិស្ត​វៀតណាម៖ «វៀតណាម​នឹង​ចិន​អត់​ត្រូវ​គ្នា​ទេ ជា​សត្រូវ ទី​ពីរ​ទៀត​យួន​មិន​អាច​នឹង​អ៊ីចឹង​បាន​ទេ ដោយសារ​ពលរដ្ឋ​យួន​មិន​សប្បាយ​ចិត្ត»

ឆ្លើយតបនឹងសំណើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទាមទារ​ទឹក​ដី​ខ្មែរ​មក​ពី​វៀតណាម មកវិញ​នេះ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៦ មិថុនា​ថា លោក​មិន​បក​ស្រាយ​ថា តើ​រដ្ឋាភិបាល​កម្ពុជា មាន​ភស្តុតាង​​គ្រប់​គ្រាន់ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ​នោះ​ទេ។

លោក​ស្នើ​ឲ្យ លោក ថាច់ សេដ្ឋា ពិនិត្យ​មើល​ភស្តុតាង និង​ច្បាប់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ មុននឹង​ដាក់​សំណើ​ទាមទារ​ខ្មែរ​ក្រោម​ពី​វៀតណាម​មកវិញ៖ «កុំ​និយាយ​ថា ដឹង​ពី​មាត់​មួយ​ទៅ​មាត់។ ទៅ​ដល់​តុលាការ​គេ​ទារ​រក​ឯកសារ​ណា។

ដោយឡែក មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អាស៊ី​សេរី​ថា តើ​ក្រសួង​នឹង​ពិនិត្យ​សំណើ​របស់​សមាគម​ខ្មែរ​ក្រោម សើ្ន​ឲ្យ​រដ្ឋាភិបាល ទាមទារ​យក​ដី​ខ្មែរ​ក្រោម​មក​វិញ​ទេ កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា។

នាយក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា លើក​ឡើង​ថា ទឹក​ដី​ខ្មែរ​ក្រោម​ជា​ទឹក​ដី​របស់​កម្ពុជា ដូច្នោះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​តួនាទី ដើម្បី​ទាមទារ​មក​វិញ។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កន្លង​មក​មិន​មាន​ចេតនា​ណា​មួយ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ​ទេ។ លោក​ថា សហគមន៍​លោក​នឹង​បន្ត​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ដើម​កំណើត​សម្រាប់ ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្តទៅ​ទៀត៖ «កម្ពុជា​ជា​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​រួម​ទាំង​អស់​គ្នា មិន​មែន​ដោយ​ឡែក កម្ពុជា​ផ្សេង ខ្មែរ​ក្រោម​ផ្សេង​នោះ​ទេ។ អ៊ីចឹង​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រវត្តិសាស្ត្រ សិទ្ធិ​ទាមទារ​ជា​របស់​អស់​លោក»

អាណានិគមនិយម​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម មាន​ចំនួន ២១ខេត្ត ទៅ​ឲ្យ​វៀតណាម​ទាំង​ខុសច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ១៩៤៩ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា។ អង្គការ​សមាគម​ខ្មែរ​ក្រោម​ថា បច្ចុប្បន្ន​នេះ វៀតណាម​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម លើ​គ្រប់​វិស័យ ហើយ​ខ្មែរ​ក្រោម​កំពុង​រស់​នៅ​យ៉ាង​វេទនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។