គណបក្សប្រឆាំង និងសហព័ន្ធខ្មែរកម្ពុជាក្រោមរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសឲ្យក្តារមឈូសដល់អ្នកណា ដែលហ៊ានចេញមុខតវ៉ាទាមទារទឹកដីខ្មែរកម្ពុជាក្រោម ពីប្រទេសវៀតណាមមកវិញ។ ការព្រមានពលរដ្ឋខ្មែរកុំឲ្យទាមទារទឹកដីខ្មែរក្រោមមកវិញនេះ ធ្វើឡើង ស្របពេលដែលសហគមន៍ខ្មែរក្រោមនៅលើឆាកអន្តរជាតិ កំពុងធ្វើយុទ្ធនាការតស៊ូមតិដោយហិង្សា ទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅលើទឹកដីកំណើត។
គណបក្សប្រឆាំង និងសហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាការមិនស្នេហាជាតិ មិនឲ្យតម្លៃដល់អ្នកជាតិនិយម និងបំភ្លេចពលរដ្ឋខ្លួនឯងចោល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុនប្រកាសជាថ្មីម្ដងទៀតថា បើអ្នកណាចង់បានដីខ្មែរក្រោមមកវិញ លោកនឹងផ្តល់ក្ដារមឈូសដោយឥតគិតថ្លៃ និងជួយកប់សព៖ « ទៅវ៉ៃយកខ្លួនឯង ភ្លេចថែមមួយបន្ទាត់ទៀត ទៅវ៉ៃទៅ! ខ្ញុំថែមក្ដារមឈូស និងកប់ខ្មោចឲ្យ។ កម្ពុជាក្រោមបាត់ តាំងពីខ្ញុំមិនទាន់កើត ឪពុកខ្ញុំមិនទាន់កើតរឿងអ្វីឲ្យខ្ញុំទៅយក ? អ្នកណាពូកែ ខ្ញុំជួយ ក្នុងការធ្វើក្តារមឈូស និងកប់ខ្មោចឲ្យ»។
លោក ហ៊ុន សែន ថ្លែងដូច្នោះដោយសារតែលោកខឹងនឹងនាក់ចូលទៅ comment ក្នុងទំព័រ (Facebook) លោក ដោយស្នើឲ្យលោកលើកទ័ពទៅទាមទារយកទឹកដីខ្មែរក្រោមពីវៀតណាមមកវិញ។ លោក ហ៊ុន សែន បន្តថា កាលពីឆ្នាំ១៩៩៥ និង១៩៩៦ ក៏មានអ្នកមានទស្សនៈចង់ទាមទារទឹកដីខ្មែរក្រោមមកវិញដែរ ហើយពេលនោះ លោកក៏ប្រកាសផ្តល់ក្ដារមឈូសឲ្យដែរ។ លោកថា រឿងបាត់បង់ទឹកដីខ្មែរក្រោមមិនមែនជាការទទួលខុសត្រូវរបស់លោកនោះទេ៖ « រឿងអតីតកាលមិនដឹងជាផុតទាំងពីកាល។ ពិភពលោកគេ គូរផែនទីសូម្បីតែនៅលើយន្តហោះគេដាក់ផែនទី ព្រំដែនយើងនៅតែប៉ុណ្ណឹងតើ»។
ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទទួលបន្ទុកកិច្ចការងារព្រំដែន លោក អ៊ុំ សំអាន ថ្លែងថា សាររបស់លោក ហ៊ុន សែន បង្ហាញថា លោកជាមេដឹកនាំគ្មានការទទួលខុសត្រូវ។ លោកថា លោក ហ៊ុន សែន ដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចនោះ បានជំពាក់គុណវៀតណាម ដូច្នោះលោកមិនហ៊ានធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រយោជន៍វៀតណាមឡើយ៖ « ក្នុងនាមជាមេដឹកនាំប្រទេសគាត់មិនគួរបំបាក់ទឹកចិត្តអ្នកស្នេហាជាតិ យុវជន ឬពលរដ្ឋខ្មែរ ដែលចង់ទាមទារទឹកដីកម្ពុជាក្រោមមកវិញនោះទេ។ គាត់គួរតែលើកទឹកចិត្ត មិនគួរនិយាយថា ផ្តល់ក្ដារមឈូសនោះទេ។ អ្នកមានទស្សនៈដូចនេះ គឺអ្នកគ្មានទស្សនៈជាតិនិយម»។
លោកបន្តថា គណបក្សសង្គ្រោះជាតិគាំទ្រ និងលើកទឹកចិត្តការទាមទារសិទ្ធិស្វ័យសម្រេចអនាគតដោយខ្លួនឯងរបស់ពលរដ្ឋខ្មែរក្រោម ដែលកំពុង សកម្មក្នុងឆាកអន្តរជាតិនៅពេលបច្ចុប្បន្ននេះ៖ « បងប្អូនកម្ពុជាក្រោម ប្រសិនបើគាត់អាចទាមទារសិទ្ធិសេរី និងសិទ្ធិសាសនា សិទ្ធិស្វ័យសម្រេចក្នុងទឹកដីកម្ពុជាក្រោមបាន យើងគាំទ្រគំនិតស្នេហាជាតិ។ »
អាណានិគមនិយមបារាំងបានកាត់ទឹកដីខ្មែរក្រោម មានចំនួន ២១ខេត្ត ទៅឲ្យវៀតណាមទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការយល់ព្រមពីកម្ពុជា។ នៅខែមិថុនាខាងមុខនេះ ខ្មែរក្រោមបានបាត់បង់ទឹកដីអស់រយៈពេល ៧៣ឆ្នាំមកហើយ។ ស្រដៀងគ្នាទៅនឹង គណបក្សសង្គ្រោះជាតិដែរ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោកសោកស្ដាយ ដែលលោក ហ៊ុន សែន មិនបានជួយចែវទូក ប៉ុន្តែបែរជាយកជើងរាទឹកទៅវិញ៖ « ក្នុងនាមជាថ្នាក់ដឹកនាំ ពេលដែលយើងបានឮពលរដ្ឋ ដែលមានស្មារតី ឧត្ដមគតិស្នេហាជាតិ និងស្រឡាញ់ទឹកដី គឺយើងសប្បាយចិត្តណាស់។ យើងមិនអាចប្រើសំដីណាមួយ ដើម្បីបំបាក់ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្លួនឯងទេ»។
លោកថា សម្រាប់គណបក្សភ្លើងទៀនវិញ គណបក្សនេះមានគោលនយោបាយបង្រួបបង្រួមខ្មែរ និងមិនបោះបង់ខ្មែរណាមួយចោលនោះទេ។ ទោះបីរដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនមកពីគណបក្សប្រជាជនកម្ពុជា មិនសូវយកចិត្តទុកដាក់នឹងខ្មែរក្រោមក៏ដោយ ប៉ុន្តែខ្មែរក្រោមនៅទូទាំងពិភពលោក និងអ្នករស់នៅលើទឹកដីកំណើតមិនរង់ចាំឲ្យលោក ហ៊ុន សែនជួយពួកគេទេ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងធ្វើយុទ្ធនាការ ស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ឲ្យពលរដ្ឋខ្មែរក្រោមទៅថ្ងៃអនាគត។ បច្ចុប្បន្នខ្មែរក្រោម ជាពិសេស យុវជនខ្មែរក្រោមជាច្រើននាក់ ត្រូវបានអាជ្ញាធរវៀតណាម គាបសង្កត់ សម្លុតបំភ័យជារៀងរាល់ថ្ងៃ។ ពួកគេត្រូវបានវៀតណាម ហៅសួរចម្លើយ វាយធ្វើបាប និងចាប់ឃុំទាំងខុសច្បាប់ ដោយសារតែពួកគេសំដែងមតិចង់បានសិទ្ធិជាជនជាតិដើម។ យុវជនខ្មែរក្រោមមួយចំនួន ក៏ត្រូវវៀតណាមចាប់ផាកពិន័យជាច្រើនរយដុល្លារដោយគ្រាន់តែ ហ៊ាននិយាយប្រវត្តិសាស្ត្រពិត និងការបាត់បង់ទឹកដី។ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ក៏ចាត់ទុកលោក ហ៊ុន សែន ជាមេដឹកនាំគ្មានការទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ ហើយមិនឲ្យតម្លៃដល់ការតស៊ូរបស់ខ្មែរក្រោម។ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា បន្តថា សហព័ន្ធខ្មែរក្រោម កំពុងជ្រើសរើសយកយុទ្ធនាការអហិង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួន៖ « យើងមិនមែនថា ទៅយកទឹកដីកម្ពុជាក្រោមទេ អ្វីដែលយើងតស៊ូហ្នឹង យើងទាមទារសិទ្ធិសេរីភាពហ្នឹងឯង។ ជាពិសេស ខ្មែរក្រោមជាជនជាតិដើម។ ទឹកដីសព្វថ្ងៃហ្នឹងជាផ្នែកមួយ នៃប្រទេសកម្ពុជាផងដែរ ពីព្រោះកម្ពុជាជាអ្នកបាត់បង់ទឹកដី ប៉ុន្តែពលរដ្ឋខ្មែរក្រោមហ្នឹង គាត់ទាមទារសិទ្ធិសេរីភាព ក្នុងនាមជាខ្មែរក្រោមជាជនជាតិដើម»។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ប្ដេជ្ញាថា ទោះបីលោក ហ៊ុន សែន ចេញសារគំរាមផ្តល់ក្ដារមឈូសឥតគិតថ្លៃឲ្យអ្នកហ៊ានងើបឡើងតវ៉ា ដើម្បីសិទ្ធិសេរីភាពក្តី ក៏ខ្មែរក្រោមមិនបាក់ទឹកចិត្ត ហើយនឹងបន្តការទាមទាររបស់ពួកគេរហូតបានជោគជ័យ៕