ព្រះសង្ឃ និងយុវជនខ្មែរក្រោមនៅខេត្តព្រះត្រពាំង ចូលរួមបង្កើតក្រុមរក្សាវប្បធម៌និគមថ្កូវ ឬមានឈ្មោះក្នុងយូធូបថា (WAT KHMER HISTORY) ដើម្បីផលិតបទចម្រៀងរៀបរាប់អំពីប្រវត្តិវត្តនីមួយៗ នៅទឹកដីកម្ពុជាក្រោម និងរៀបរាប់ពីជីវភាពពលរដ្ឋខ្មែរក្រោមផងដែរ។ ក្រុមរក្សាវប្បធម៌និគមថ្កូវ ស្នើដល់ពលរដ្ឋខ្មែរទូទាំងពិភពលោកជួយឧបត្ថម្ភ និងគាំទ្រ ដើម្បីឱ្យការផលិតបទចម្រៀងអាចបន្តទៅមុខទៀតបាន។
បទមួយ នៃក្រុមរក្សាវប្បធម៌និគមថ្កូវ គឺបទ «សម្រស់ខេត្តយើង» ដែលរៀបរាប់ពីខេត្តព្រះត្រពាំងដែលមាន ១៤៣វត្ត ដែលជាកន្លែងសម្រាប់ការសិក្សាសម្រាប់ពលរដ្ឋខ្មែរក្រោម។ ក្នុងសំលៀកបំពាក់បុរាណខ្មែរ អ្នកចម្រៀងខ្មែរក្រោមក៏បានរៀបរាប់ថា ខេត្តដ៏ចំណាស់នេះមានទីតាំងប្រវត្តិសាស្ត្រល្បីៗរួមមានគូរស្រះស្រី និងដើមឈើទាលឧកញ៉ា សឺន គុយ ដែលជានិមិត្តរូបឱ្យពលរដ្ឋខ្មែរក្រោមចូលរួមការពារ និងអភិរក្សវប្បធម៌។
បទចម្រៀង៖ «បណ្ដុះភាសាបាលីខ្មែរផង ធ្វើការចម្បងបង្កើតខេមរា»
ព្រះចៅអធិការវត្តស្វាយសៀមចាស់ និងជាអ្នកដឹកនាំក្រុមភ្លេង ព្រះតេជព្រះគុណ ថាច់ ថាយយៀន លើកឡើងថា ព្រះអង្គចាប់ផ្ដើមបង្កើតក្រុមភ្លេងចាប់តាំងពីឆ្នាំ ២០១៣ ក្នុងគោលបំណងរក្សាវប្បធម៌ និងរៀបរាប់ពីជីវភាពពលរដ្ឋខ្មែរនៅកម្ពុជាក្រោម។ ព្រះតេជព្រះគុណ ថាច់ ថាយយៀន បន្តថាព្រះអង្គគឺជាអ្នកនិពន្ធចម្រៀងដែលបទទាំងនោះរៀបរាប់ពីវប្បធម៌ និងជីវភាពពលរដ្ឋខ្មែរក្រោម និងកែច្នៃទំនុកភ្លេងបុរាណខ្មែរដូចជារាំវង់ សារ៉ាវ៉ាន់ ឡាំលាវជាដើមមកដាក់បញ្ចូលគ្នា។
ព្រះតេជព្រះគុណ ថាច់ ថាយយៀន ឱ្យដឹងថា ការផលិតបទចម្រៀងដំបូងឡើយមានការប្រឈម និងផលលំបាកជាខ្លាំង ដោយសារការផលិតបទចម្រៀងត្រូវការគ្រូបង្រៀន សម្ភារៈសម្រាប់ថត និងកត្តាជីវភាពរបស់យុវជនដែលត្រូវការធ្វើការសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១៨ ព្រះតេជព្រះគុណ ថាច់ ថាយយៀន លើកឡើងថា ដោយមានការឧបត្ថម្ភពីសប្បុរសជនខ្មែរក្រោមទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យក្រុមរក្សាវប្បធម៌និគមថ្កូវបានចាប់ផ្ដើមផលិតវីដេអូចម្រៀង និងអាចផ្សព្វផ្សាយតាមរយៈប្រព័ន្ធសង្គមដូចជាហ្វេសប៊ុក (Facebook) និងយូធូប (Youtube) ដើម្បីឱ្យពិភពលោកបានស្គាល់ពីវប្បធម៌ខ្មែរក្រោម។
ព្រះតេជព្រះគុណ ថាច់ ថាយយៀន៖ «ផលលំបាកមានដូចជា កត្តាក្នុងក្រុម ព្រោះអីយើងបង្កើតក្រុមមួយវា តែងតែប៉ះពាល់ដល់មជ្ឈដ្ឋានខាងក្រៅ ដូចជាសង្គម ទីមួយរដ្ឋាភិបាល ពេលខ្លះគេមើលបំណាំយើងដែរ ព្រោះអីយើងបង្កើតជាក្រុមមួយ គេមិនចង់ឱ្យមានទេ ទីពីរទៀតគឺ កត្តាប្អូនៗអ្នកសិក្សា ពេលខ្លះប្អូនៗរវល់ការសិក្សា ក៏បោះបង់ចោលក្រុម ហើយទីបីទៀតគឺ កត្តាមុខរបរតែម្ដង ដល់ប្អូនៗធំនឹងគឺពេលខ្លះគិតតែការធ្វើរោងចក្រ ឬក៏ធ្វើប្រកបអាជីវកម្មរកស៊ី គឺមិនបានការចូលរួមថែរក្សាវប្បធម៌នឹងបន្តទៅទៀតទេ»។
ព្រះតេជព្រះគុណ ថាច់ ថាយយៀន មានសង្ឃដីកាបន្តថា បច្ចុប្បន្នយុវជនក្រុមរក្សាវប្បធម៌និគមថ្កូវមានប្រមាណ ៣០ ទៅ៤០នាក់ ដែលបន្តស្ម័គ្រចិត្ត និងអាចទទួលបានកម្រៃតិចតួចសម្រាប់ភេសជ្ជៈ ឬថ្លៃធ្វើដំណើរ។ តែទោះជាយ៉ាងណា ព្រះតេជព្រះគុណ ថាច់ ថាយយៀន ថា ដើម្បីសម្រេចគោលដៅផ្សព្វផ្សាយទូលំទូលាយជាងនេះ គឺទាមទារឱ្យមានការជួយឧបត្ថម្ភបន្តទៅទៀត ព្រោះថានៅមានវត្ត និងតំបន់ប្រវត្តិសាស្ត្រផ្សេងទៀតដែលមិនទាន់បានផ្សព្វផ្សាយនៅឡើយ។
ព្រះតេជព្រះគុណ ថាច់ ថាយយៀន៖ «អាត្មាភាពសង្ឃឹមថា ជួយយកចិត្តទុកដាក់ អំពីខ្មែរកណ្ដាលក្ដី ខ្មែរលើក្ដី និងខ្មែរខាងក្រៅប្រទេសក្ដី ជួយយកចិត្តទុកដាក់ចំពោះខ្មែរបងប្អូនកម្ពុជាក្រោម ដែលមានការខ្វះខាតទាំងវិស័យសិក្សា វិស័យសិល្បៈអប់រំ អ្វីជាដើមនឹងគឺខ្វះខាតច្រើន ហើយដូចនេះសង្ឃឹមថា បងប្អូនគ្រប់ច្រកទិសសូមជួយយកចិត្តទុកដាក់នៅកន្លែងនឹង គឺដើម្បីខ្មែរក្រោមយើងគង់វង្ស»។

គិតត្រឹមឆ្នាំ២០១៨ វត្តនៅកម្ពុជាក្រោមមានចំនួន ៤៦១វត្ត និងមានព្រះសង្ឃចំនួនជាង ៨ពាន់ ៥រយអង្គក្នុងនោះ វត្តដែលមានអាយុចាស់ជាងគេនៅលើទឹកដីកម្ពុជាក្រោម គឺមុនពេលដែលវៀតណាម បានចូលឈ្លានពាន និងរស់នៅលើទឹកដីកម្ពុជាក្រោមមានឈ្មោះថា "វត្តសម្បូររង្ស៊ី" ដែលពលរដ្ឋខ្មែរក្រោមស្គាល់ថា "វត្ត សម្បួរ" បានកកើតក្នុងពុទ្ធសករាជ ៩១៦ បើគិតមកទល់ឆ្នាំ២០២៣ នេះ មានអាយុកាល ១៦៥១ ឆ្នាំ ដែលឋិតក្នុងឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។
ខ្មែរក្រោមអះអាងថា ប្រសិនបើខ្មែរក្រោមបាត់បង់វត្តអារាម មានន័យស្មើនឹងបាត់បង់ទឹកដី វប្បធម៌ និងពូជពង្សខ្មែរក្រោមតែម្ដង។ ខ្មែរកម្ពុជាក្រោម ក៏រក្សាទីវត្តអារាម ដើម្បីសហគមន៍អន្តរជាតិដឹងថា ខ្មែរក្រោម ជាជនជាតិដើមកំណើតនៅលើទឹកដីខ្មែរកម្ពុជាក្រោម ដែលវៀតណាមបានវាតទីគ្រប់គ្រង មិនដូចវៀតណាមដែលអះអាងថា ខ្មែរក្រោមជាជនជាតិភាគតិចរស់នៅលើទឹកដីវៀតណាមនោះទេ។
អ្នកចម្រៀង នៃក្រុមរក្សាវប្បធម៌និគមថ្កូវ លោកស្រី អាន សោភា លើកឡើងថា លោកស្រី ចេះភាសាខ្មែរដោយបានរៀនពីឪពុកម្ដាយ ព្រះសង្ឃ និងសូត្រធម៌នៅវត្តអារាម និងក្រោយមកនៅអំឡុងឆ្នាំ២០២០ អ្នកស្រី បានហាត់រៀន និងស្ម័គ្រចិត្ត ច្រៀងចម្រៀងយីកេ ល្ខោនបាសាក់ និងបទភ្លេងសម័យទៅតាមពិធីបុណ្យផ្សេងៗ។ លោកស្រី អាន សោភា ថា ការក្លាយជាអ្នកចម្រៀង និងចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរគឺជាក្ដីស្រមៃតាំងពីតូចមកម្ល៉េះ។
លោកស្រី អាន សោភា៖ «សព្វថ្ងៃនាងខ្ញុំ ខំប្រឹងអស់សមត្ថភាពដើម្បីជួយកូនខ្មែរខាងរក្សាវប្បធម៌ហ្នឹង និងជួយលោកគ្រូផ្សព្វផ្សាយបទចម្រៀង ដែលលោកគ្រូគាត់តែងអំពីប្រវត្តិនៃវត្តនានានឹងឱ្យបានសម្រេច»។
លោកស្រី អាន សោភា ថា លោកស្រី និងសមាជិកក្រុមមានបញ្ហាប្រឈមនឹងរឿងថវិកាក្នុងការបន្តសកម្មភាព ដូច្នេះសមាជិកក្រុមនីមួយៗត្រូវធ្វើការផ្គត់ផ្គង់គ្រួសារផងដែរ។ ទោះជាយ៉ាងណា លោកស្រី អាន សោភា លើកឡើងថា នឹងប្ដេជ្ញាចិត្ត ដើម្បីបន្តផ្សព្វផ្សាយវប្បធម៌ខ្មែរ និងបង្ហាត់បង្រៀនដល់កូនខ្មែរក្រោមជំនាន់ក្រោយផងដែរ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា លោក តាំង សារៈ លើកឡើងថា ការថែរក្សាវប្បធម៌ និងប្រពៃណីរបស់ពលរដ្ឋខ្មែរក្រោមមានសារសំខាន់ដើម្បីការពារពូជសាសន៍ខ្មែរក្រោមកុំបាត់បង់ ព្រោះប្រសិនបើវប្បធម៌ខ្មែរក្រោមបាត់បង់នោះ នឹងលែងមានពលរដ្ឋខ្មែរដែលជាជនជាតិដើមរស់នៅលើទឹកដីវៀតណាម។ ទោះជាយ៉ាងណា លោក តាំង សារៈ ដើម្បីអាចអាចអភិរក្សវប្បធម៌ខ្មែរក្រោមបាន ទាមទារឱ្យពលរដ្ឋខ្មែរគ្រប់ទីកន្លែងជួយឧបត្ថម្ភគាំទ្រ ព្រោះថា រដ្ឋវៀតណាមមិនឧបត្ថម្ភគាំទ្រលើសកម្មភាពណាមួយរបស់ពលរដ្ឋខ្មែរក្រោមនោះទេ។
លោក តាំង សារៈ៖ «ប្រសិនបើខ្មែរកម្ពុជាក្រោមមិនមានវប្បធម៌ឱ្យប្លែកពីជនជាតិវៀតណាមទេ គឺប្រហែលជាយើងពិបាកនឹងធ្វើការកត់សម្គាល់ថា នរណាជាខ្មែរ នរណាជាវៀតណាម អាហ្នឹងជាលក្ខណទូទៅ នៅក្នុងភូមិមួយប្រសិនបើគ្មានវត្តអារាមសម្រាប់បង្ហាញនូវវប្បធម៌ ប្រពៃណី និងរចនាបថផ្សេងៗទេ ច្បាស់ជាយើងមិនដឹងថា នោះជាភូមិខ្មែរទេ»។
ទឹកដីខ្មែរកម្ពុជាក្រោមដែលបារាំងហៅថា «ដែនដីកូសាំងស៊ីន (Cochinchine)» មានទំហំ ៦៧. ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន ២១ខេត្ត-ក្រុង ប៉ុន្តែក្នុងសម័យអាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្តទាំងខុសច្បាប់ កាលថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ចាប់តាំងពីបានគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមមក អាណានិគមវៀតណាមបានប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីរំលាយពូជសាសន៍ខ្មែរក្រោម។ កត្តានេះហើយ ទើបជំរុញឱ្យខ្មែរកម្ពុជាក្រោម ចាប់ផ្ដើមតស៊ូពលីជីវិត ដើម្បីការពារអត្តសញ្ញាណ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ។
សហព័ន្ធខ្មែរកម្ពុជាក្រោមនៅថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០០១ បានក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការសហប្រជាជាតិ នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ហើយទង់ជាតិកម្ពុជាក្រោមត្រូវបានបង្ហូតលើកដំបូងនៅការិយាល័យ (UNPO) ទីក្រុងឡាអេ ប្រទេសហុល្លង់ ជាមួយនឹងទង់ជាតិនៃប្រជាជាតិនានាទាំង៥២ ផ្សេងទៀតដែលជាសមាជិករបស់ (UNPO)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។