ខ្មែរកម្ពុជាក្រោម ទាំងអ្នករស់នៅលើកទឹកដីកំណើត និងប្រទេសមួយចំនួនទៀត បានតស៊ូមតិដោយអហិង្សាដើម្បីទាមទារសិទ្ធិស្វ័យសម្រេច និងសិទ្ធិចាំបាច់មួយចំនួនទៀត កាលពីឆ្នាំ ២០២២។ សម្រាប់ឆ្នាំ ២០២៣ខាងមុខ ពួកគេបានប្ដេជ្ញាចិត្តនឹងបន្តការតស៊ូឲ្យខ្លាំងក្លា ដើម្បីទទួល បានសិទ្ធិជា ជនជាតិដើមទៅថ្ងៃអនាគត។
ព្រះសង្ឃ ពលរដ្ឋ និងយុវជនបានបន្តជម្នះការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមដើម្បីទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត កាលពីឆ្នាំ២០២២។ ពួកគេបានបន្តងើបឡើងប្រមូលផ្តុំគ្នាតស៊ូមតិ ទោះបីជាអាជ្ញាធរវៀតណាម បានប្រើប្រាស់យុទ្ធសាស្ត្រ គំរាមកំហែង ហិង្សា និងចាប់ដាក់ពន្ធនាគារក្តី។
ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ លើកឡើងថា ការតស៊ូមតិរបស់សហព័ន្ធ ពលរដ្ឋ និងព្រះសង្ឃ មិនខាតប្រយោជន៍នោះទេ។ លោកថា សហព័ន្ធបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋខ្មែរក្រោមដឹងពីសិទ្ធិរបស់ជាជនជាតិដើម រហូតដល់ពួកគេហ៊ានទាមទារជាសាធារណៈឲ្យវៀតណាមគោរពសិទ្ធិ ដែលមានចែងក្នុងច្បាប់អន្តរជាតិ។ លោក ប្រាក់ សេរីវុឌ្ឍ ថា ឆ្នាំ ២០២២ គឺឆ្នាំប្រវត្តិសាស្ត្រមួយ ដែលខ្មែរក្រោមអាចរៀបចំដោយជោគជ័យ នូវព្រឹត្តិការណ៍សំខាន់ៗ ដើម្បីអបអរសាទរសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ទោះបីវៀតណាមរារាំងក្តី។
លោក ប្រាក់ សេរីវុឌ្ឍ៖«ចលនារបស់យុវជនខ្មែរនៅកម្ពុជាក្រោមហ៊ានងើបបញ្ចេញមតិ ទោះបីមានការគាបសង្កត់ដោយ រដ្ឋាភិបាលវៀតណាមតាមរយៈអាជ្ញាធរនៅមូលដ្ឋានចាប់យកទៅសួរចម្លើយអី។ ពួកគេនៅមិនព្រមស្ងប់ស្ងៀមតាមការដែលគេបង្ខំ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម និងអ្នកជំនាញផ្សេងទៀត កាលពីខែតុលាកន្លងទៅ បានស្នើឲ្យ វៀតណាមបកស្រាយចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម។ ពួកគេកត់សំគាល់ថា វៀតណាមបរាជ័យទទួលស្គាល់សិទ្ធិស្វ័យសម្រេចរបស់ជនជាតិដើមខ្មែរក្រោម ការរំលោភបំពាន សិទ្ធិសេរីផ្នែកបញ្ចេញមតិ ការចូលរួមប្រជុំ សុខភាព ម្ហូបអាហារ ផ្ទះសម្បែង បរិស្ថាន ការរំលោភបំពានសេរីភាពសាសនា ភាសា និងវប្បធម៌។ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនមានដូចជា ឃាត់ខ្លួនយុវជនខ្មែរក្រោម លោក ដួង ខាយ និង លោក ថាច់ កឿង ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម។ ពួកគេត្រូវបានវៀតណាម ឃុំខ្លួន សួរចម្លើយ និងបង្ខំឲ្យសារភាពទោស ដែលពួកគេមិនបានប្រព្រឹត្ត។
ករណីពិសេសមួយទៀត គឺករណី លោក ថាច់ រីន ដែលត្រូវវៀតណាមចាប់ដាក់ពន្ធនាគាររយៈពេល ៦ខែ ពីបទធ្វើឲ្យប៉ះពាល់កិត្តិយសអតីតមេដឹកនាំវៀតណាម លោក ហូ ជីមិញ ការផ្សព្វផ្សាយ ប្រវត្តិសាស្ត្រកម្ពុជាក្រោម និងចែករំលែកចំណេះដឹងផ្នែកសិទ្ធិជនជាតិដើម សិទ្ធិមនុស្ស និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។
ដោយឡែកចំពោះសិទ្ធិសាសនាវិញ ព្រះសង្ឃខ្មែរក្រោមមួយអង្គត្រូវក្រុមជើងកាងវៀតណាមព្រួតគ្នាវាយឲ្យរងរបួស អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញ ការប្រតិបត្តិសាសនារបស់ព្រះសង្ឃ និងការព្យាយាមវាយកម្ទេច សាលាឆទានខ្មែរក្រោមជាដើម។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានកំណត់ឲ្យវៀតណាមឆ្លើយតបនឹងការលើកឡើងចំពោះការរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងរយៈពេល ៦០ថ្ងៃ។
យុវជនខ្មែរក្រោម លោក ដួង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញ ដោយសារតែសកម្មភាពតស៊ូមតិដោយអហិង្សាដើម្បីសិទ្ធិពលរដ្ឋខ្មែរក្រោម។ លោកចង់ឃើញពលរដ្ឋខ្មែរក្រោម មានសិទ្ធិជាជាតិដើម។
លោក ដួង ខាយ៖«ប្រសិនជាអាចចង់ឲ្យខ្មែរក្រោមឯករាជ្យបង ព្រោះយើងរស់នៅក្រោមការគ្រប់គ្រងរបស់យួន។ យើងរស់នៅគ្មានសិទ្ធិសេរីភាពទេបង វេទនាណាស់បង»។
ពាក់ព័ន្ធនឹងរឿងរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោមនេះដែរ ព្រះភិក្ខុ ធីធីធម្មោនាយកអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោមក៏អំពាវនាវពលរដ្ឋខ្មែរក្រោមបន្តធ្វើការងារ តស៊ូមតិដើម្បីសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត។
ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនេះ រដ្ឋាភិបាលវៀតណាមមិនទាន់បានឆ្លើយតបនឹងសំណួររបស់ អ្នករាយការណ៍ពិសេសរបស់
អង្គការសហប្រជាជាតិនៅឡើយទេ។ វៀតណាមបន្តបដិសេធការរំលោភសិទ្ធិ និងសិទ្ធិសាសនាមនុស្សខ្មែរក្រោម។
សម្រាប់ឆ្នាំ ២០២៣ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បន្តទៀតថា សហព័ន្ធនឹងបន្តផ្ដោតលើដំណើរការស្វែងរកយុត្តិធម៌ដល់ខ្មែរក្រោម។ លោកថា សហព័ន្ធនឹងធ្វើការងារនឹងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដើម្បីជំរុញឲ្យពលរដ្ឋខ្មែរក្រោមទទួលសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ប្រគល់ដីស្រែដែលវៀតណាមរឹបអូសឲ្យកសិករខ្មែរក្រោមវិញ និងមានសិទ្ធិប្រតិបត្តិសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។