ពលរដ្ឋខ្មែរក្រោមស្នើដល់ព្រះមហាក្សត្រឲ្យលើកយកបញ្ហាខ្មែរក្រោមទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម
2024.11.28
ពលរដ្ឋខ្មែរក្រោមស្នើដល់ព្រះមហាក្សត្រ ឲ្យលើកយកបញ្ហា ដែលរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិសេរីភាព និងកាត់ទោសព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ឲ្យជាប់ពន្ធនាគារ ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម។ ការស្នើសុំនេះ ធ្វើឡើងស្របពេលព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់កំពុងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍លោកបណ្ឌិត សឺន ជុំជួន ស្នើដល់ព្រះមហាក្សត្រ ឲ្យលើកយកបញ្ហាវៀតណាមរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ដូចជា សិទ្ធិជនជាតិដើម ការប្រតិបត្តិជំនឿសាសនាជាដើម ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីស្វែងរកព្រះរាជកិច្ចអន្តរាគមន៍ជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់វៀតណាម។
បណ្ឌិត សឺន ជុំជួន៖ «សូមព្រះអង្គមេត្តាមានព្រះរាជអន្តរាគមន៍ទៅដល់រដ្ឋាភិបាលវៀតណាម ដើម្បីឲ្យមានការបន្ធូរបន្ថយលើការរំលោភបំពានលើសកម្មជន និងបងប្អូនខ្មែរក្រោម ទាក់ទងនឹងសិទ្ធិសេរីភាព ជំនឿ សាសនា ការគោរពប្រតិបត្តិវប្បធម៌ ប្រពៃណីខ្មែរជាដើម ជាពិសេសអត្តសញ្ញាណខ្មែរនៅកម្ពុជាក្រោម»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៧ វិច្ឆិកា ឱ្យដឹងថា ក្នុងព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ព្រះមហាក្សត្រនឹងមានព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅមុនព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រទៅកាន់ប្រទេសវៀតណាម ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់មិន (Tran Thanh Man) កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានស្នើដល់អាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ ឲ្យបន្តថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់ខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវៀតណាម តែលោក ពុំបានលើកឡើងអំពីការធ្វើទុក្ខបុកម្នេញពីសំណាកអាជ្ញាធរវៀតណាម លើពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមនោះឡើយ ។
តុលាការវៀតណាម ខេត្តលង់ហោរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានកាត់ទោសព្រះសង្ឃខ្មែរ ៥ អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ ឱ្យជាប់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងបទ «ការចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមក្រមព្រហ្មទណ្ឌវៀតណាម ដោយសារតែការផ្សព្វផ្សាយពីសិទ្ធិមនុស្ស សិទ្ធិជនជាតិដើម ការការពារសាលាឆទាន និងវត្តអារាមពីការលុកលុយ និងវាយកម្ទេចរបស់អាជ្ញាធរវៀតណាម និងការទាមទារសិទ្ធិស្វ័យសម្រេច សម្រាប់ពលរដ្ឋខ្មែរក្រោមជាដើម។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ចេញសេចក្ដីថ្លែងការណ៍ ចាត់ទុកសវនាការកាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនេះ ថា អយុត្តិធម៌ និងខុសនីតិវិធី ព្រមទាំងរំលោភលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ដោយជនជាប់ចោទ មិនមានមេធាវីការពារក្ដី ការរារាំងមិនឲ្យសាច់ញាតិ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងមន្ត្រីកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅព្រៃនគរ ចូលសង្កេតការណ៍ក្នុងសវនាការ។ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ទាមទារឲ្យតុលាការវៀតណាមបញ្ឈប់ការបំភ្លៃអង្គហេតុ ដើម្បីដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរក្រោមបន្តទៀត និងអំពាវនាវដល់អង្គទូតប្រទេសនានា រួមទាំងអង្គការសហប្រជាជាតិ ឲ្យចាត់តាំងភ្នាក់ងារឯកទេសសិទ្ធិមនុស្សរបស់ខ្លួនឲ្យឃ្លាំមើល និងធានាការពារសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោម។
ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មានព្រះសង្ឃ និងសកម្មជនខ្មែរក្រោមសរុបចំនួន ១៣ អង្គ/នាក់ហើយ ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ។ ចំណែកព្រះសង្ឃនៅខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ គឹម សំរិន ត្រូវបានអាជ្ញាធរវៀតណាមបណ្តេញចេញពីវត្តតាំងពីខែមីនា ដោយសារសកម្មភាពឈឺឆ្អាលបញ្ហាសង្គមរបស់ព្រះអង្គ ខណៈសាលាឆទានរបស់ពុទ្ធបរិស័ទខ្មែរក្រោមនៅភូមិកន្រែង ក្នុងខេត្តលង់ហោរ ក៏ត្រូវបានអាជ្ញាធរវៀតណាមវាយកម្ទេចកាលពីដើមខែមេសា។
អនុប្រធានទី២ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសអ៊ីតាលី(Italy) លោក ត្រឹង សារ៉ុង (Tran Xarong) ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែវិច្ឆិកា ថា បើទោះជាពលរដ្ឋខ្មែរក្រោមរស់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវៀតណាមក៏ដោយ ក៏ពួកគាត់នៅតែគោរព និងស្រឡាញ់ពលរដ្ឋ និងព្រះមហាក្សត្រខ្មែរ ក្នុងនាមជាឈាមជ័រខ្មែរតែមួយ។
លោក ត្រាន សារ៉ុង៖ «ក្នុងនាមជាឈាមជ័រតែមួយពិតមែនតែយើងរស់នៅទីកន្លែងខុសគ្នាក្ដី សភាពរស់នៅខុសគ្នាក្ដី ក៏ប៉ុន្តែយើងត្រូវការ ការស្រឡាញ់រាប់អានពីបងប្អូនគ្រប់ទិសទី រហូតដល់ព្រះមហាក្សត្រ ក៏យើងចង់បានដែរ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញ បញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា ។
ពលរដ្ឋខ្មែរក្រោម ស្នើដល់ព្រះមហាក្សត្រ ឲ្យលើកយកបញ្ហារដ្ឋាភិបាល និងអាជ្ញាធរវៀតណាម បានរំលោភសិទ្ធិជនជាតិដើម និងជំនឿសាសនា រួមទាំងការចាប់ខ្លួន និងផ្ដន្ទាទោសពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ទៅជជែកជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីឲ្យរដ្ឋាភិបាល និងអាជ្ញាធរវៀតណាម បន្ធូរបន្ថយ ឬលើកលែងការចោទប្រកាន់លើពួកគាត់ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។