ខ្មែរកម្ពុជាក្រោមគ្រោង​រំលឹកខួបបាត់បង់​ទឹក​ដី និងធ្វើយុទ្ធនាការទាមទារ​សិទ្ធិ​ស្វ័យសម្រេច

0:00 / 0:00

ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​លើ​ទឹកដី​កំណើត និង​ប្រទេស​មួយ​ចំនួន​ទៀត​នឹង​ប្រារព្ធ​ខួប ៧៤​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​៤ មិថុនា​។ អង្គការសិទ្ធិមនុស្ស​កម្ពុជា​ក្រោម និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​បន្ត​យុទ្ធនាការ​ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច និង​ស្នើ​ឲ្យ​ប្រទេស​វៀតណាម គោរព​សិទ្ធិ​ជនជាតិ​ដើម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្របពេល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ប្រារព្ធ​ទិវា​នេះ នៅ​រាជធានី​ភ្នំពេញ​។ ខ្មែរក្រោម​នៅ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ប្រារព្ធ​ពិធី​នេះ​ដែរ​។​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​គ្រោង​​រៀបចំ​ពិធី​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ ៣០០​នាក់ និង​ដោយមាន​ព្រះរាជតំណាង​ពី​ព្រះមហាក្សត្រ​ចូលរួម​ផង​ដែរ។ ពិធី​នោះ ក៏​មាន​និមន្ត​ព្រះសង្ឃ​រាប់បាត្រ​ចំនួន ៤៩​អង្គ ជា​និម្មិត​រូប​នៃ​ឆ្នាំ​១៩៤៩ ជា​ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម។

អគ្គលេខាធិការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ខ្មែរ​ក្រោម​ចាត់ទុក​ថ្ងៃទី​៤ មិថុនា ជា​ទិវា​មហា​សោកស្តាយ សោកសៅ សម្រាប់​ប្រវត្តិ​ជាតិ​ខ្មែរ ដោយ​ពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់ រស់នៅ​បាត់បង់​សិទ្ធិ​សេរីភាព​ជា​ម្ចាស់​ស្រុក នៅ​លើ​ទឹកដី​កំណើត​របស់​ពួកគេ។ លោក​បន្ត​ទៀត​ថា វីរជន​ខ្មែរក្រោម​បាន​ធ្វើ​ពលិកម្ម និង​បូជាជីវិត​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ ពូជសាសន៍​ខ្មែរ ព្រះពុទ្ធសាសនា អក្សរសាស្ត្រ វប្បធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស។

លោក សឺន ជុំជួន៖ «ដូចជា​រៀងរាល់​ឆ្នាំ​អ៊ីចឹង​យើង​ចង់​ចែករំលែក​ការ​ចងចាំ​ទៅដល់​សាធារណជន​ជាទូទៅ​ជាពិសេស​ពលរដ្ឋ​ខ្មែរ​ឲ្យ​មានការ​ចងចាំ និង​រំលឹក​ឡើងវិញ​អំពី​ទឹកដី​កម្ពុជា​ក្រោម​ត្រូវ​បាន​បារាំង​ប្រគល់​ទៅ​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​បន្ត»។

ចំណែក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​វិញ​នឹង​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរក្រោម​ធំ​នៅ​បារាំង សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត។ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សហព័ន្ធ​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​ដើម្បី​បង្ហាញ​ការ​ឈឺចាប់ ដែល​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​ទាំង​ខុសច្បាប់។

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា៖ «៧៤​ឆ្នាំនេះ​កម្ពុជា​ក្រោម​ដែល​ឋិត​នៅ​ក្រោម​អាណានិគម​វៀតណាម​ខ្មែរក្រោម​រាប់​លាន​នាក់​នៅតែ​រង​ទុក្ខវេទនា​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​។ យើង​ឃើញ​ថា ពលរដ្ឋ​ខ្មែរក្រោម​ហ៊ាន​ងើប​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន»។

ឯ​នៅ​ទឹកដី​កម្ពុជា​ក្រោម​វិញ យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ក៏​នឹង​រៀបចំ​ទិវា​បាត់បង់​ទឹកដី​ដែរ។ សកម្មជន​ខ្មែរក្រោម លោក ថាច់ កឿង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា យុវជន​ខ្មែរក្រោម​នឹង​ជួបជុំ​នៅ​គ្នា និង​មាន​ព្រះសង្ឃ​សូត្រមន្ត នៅមុខ​ចេតិយ​វីរបុរស​ខ្មែរក្រោម ឧកញ្ញា សឺន គុយ ក្នុង​វត្ត​សីលា​មុន្នីចេតិយ ខេត្ត​ព្រះត្រពាំង។ លោក ថាច់ កឿង បន្ត​ថា យុវជន​ខ្មែរក្រោម​មិន​ព្រួយបារម្ភ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នោះ​ទេ ទោះបី កន្លងទៅ​អាជ្ញាធរ​វៀតណាម​ធ្លាប់​បាន​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ទៅ​សួរ​ចម្លើយ រឿង​យុវជន​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី។

លោក ថាច់ កឿង៖ «គោលបំណង​ដែល​ក្រុម​យើង​ចង់​បាន ដូច​ប្អូន​យើង​ចង់បាន​សិទ្ធិ​ឲ្យ​ខ្មែរក្រោម​របស់​យើង»។

អាណានិគមនិយម​បារាំង​កាលពី​ថ្ងៃទី​២ មិថុនា ឆ្នាំ​១៩៤៩ បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​គ្រប់គ្រង​ទាំង​ខុសច្បាប់​។ ចាប់តាំង​ពី​ទទួល​បាន​ការគ្រប់គ្រង​បន្ត​ពី​បារាំង​មក អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​បំបាត់​អត្តសញ្ញាណ​ខ្មែរ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។ ពលរដ្ឋ​ខ្មែរក្រោម និង​ព្រះសង្ឃ ត្រូវ​បាន​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ រឿង​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម និង​រឿង​និយាយ​ពី​ប្រវត្តិសាស្ត្រ​ពិត​។ កាលពី​ខែមេសា​កន្លងទៅ តំណាង​រដ្ឋាភិបាល​វៀតណាម​បាន​ប្រាប់​វេទិកា​ជនជាតិ​ដើម នៅ​ទីក្រុង​ញូវយ៉ក (New York)​ថា ប្រទេស​វៀតណាម គ្មាន​ជនជាតិ​ដើម​នោះ​ទេ ហើយ​វៀតណាម ចាត់ទុក​ខ្មែរក្រោម ជា​ជនជាតិ​ភាគតិច។ ការ​បដិសេធ​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​របស់​វៀតណាម​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​និង​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រួមគ្នា​ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ទៅ​វៀតណាម​ឲ្យ​គោរព​ជនជាតិ​ដើម និង​ផ្ដល់​សិទ្ធិ​ស្វ័យ​សម្រេច​ឲ្យ​ខ្មែរក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។