ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) ទាមទារឱ្យរដ្ឋាភិបាលលុបចោលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយអះអាងថា គម្រោងនេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ និងធនធានធម្មជាតិ។ ទោះជាយ៉ាងណា ក្ដី រដ្ឋាភិបាលក្រុងភ្នំពេញ តែងតែបដិសេធការចោទប្រកាន់ និងថែមទាំងណែនាំឱ្យមន្ត្រីរាជការ និងក្រសួងស្ថាប័នរដ្ឋ រួមទាំងក្រសួងអប់រំ យុវជន និងកីឡាជាដើម ត្រូវចេញសេចក្ដីថ្លែងការណ៍គាំទ្រគម្រោង (CLV) នេះ។
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺអ្នកស្រី មូរ សុខហួរ នៅថ្ងៃទី១៣ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងធនធានធម្មជាតិ។
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា ប្រសិនបើគម្រោងនេះអនុវត្តនឹងមានកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការបណ្ដេញចេញពីដីធ្លី និងការកេងប្រវ័ញ្ចធនធានធម្មជាតិដោយប្រទេសវៀតណាម។ បន្ថែមពីនេះ លំហូរអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលទៅក្នុងខេត្តទាំងបួនរួមមានរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដើម្បីគ្រប់គ្រងលើសេដ្ឋកិច្ច និងកាន់កាប់តំបន់នេះពេញទី។
សេចក្ដីថ្លែងការណ៍ដដែលបានយករបាយការណ៍ស្រាវជ្រាវរបស់លោក ជើរេមី អាយរុនសាយ (Jeremy Ironside) លោក ហ្គ័រដុន ផាធើរសុន (Gordon Paterson) និងលោក អាន ថូម៉ាស (Anne Thomas) ដែលបាន រកឃើញថា នៅក្រោមផែនការមេ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ទំនងជានឹងក្លាយទៅជាអ្នកផ្គត់ផ្គង់ វត្ថុធាតុដើមទៅប្រទេសវៀតណាម និងចិន។
ការស្រាវជ្រាវចង្អុលបង្ហាញថា ផលប៉ះពាល់សង្គម និងបរិស្ថាន កើតមានឡើង ដោយសារតែរដ្ឋាភិបាលមិនដែលបានវាយតម្លៃដោយតម្លាភាពទេ ហើយជនជាតិដើមរស់នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា គឺមិនដែលត្រូវបានជូនដំណឹងអំពីផែនការ ផលប៉ះពាល់សង្គម និងបរិស្ថាននេះដែរ។
ការស្រាវជ្រាវបានរកឃើញបន្ថែមទៀតថា ការមិនបានពិចារណាគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលលើផលប៉ះពាល់របស់ (CLV) នឹងមានការទទួលស្គាល់តិចតួច នៃការតាំងទីលំនៅ និងផែនការប្រើប្រាស់ដីធ្លីដែលមានស្រាប់ ឬសិទ្ធិដីធ្លី របស់សហគមន៍ជនជាតិដើម"។
ក្រៅពីនេះ ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យរដ្ឋាភិបាលដោះលែងពលរដ្ឋខ្មែរ ៦រូប ដែលត្រូវបានចាប់ខ្លួន ដោយសារការសម្ដែងការព្រួយបារម្ភអំពីគម្រោងនេះ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ។
ទោះជាយ៉ាងណា មកទល់ពេលនេះ រដ្ឋាភិបាលក្រុងភ្នំពេញ តែងចេញមុខច្រានចោលការចោទប្រកាន់ និងប្រកាន់ជំហរមិនដកថយនោះទេ។ ក្រៅពីនេះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថែមទាំងគំរាមបង្ក្រាបបង្ហូរឈាម និងចាប់ដាក់គុក ចំពោះអ្នករិះគន់គម្រោង (CLV) នេះទៀតផង។ លើសពីនេះ លោក ហ៊ុន សែន ក៏បានបង្ខំឱ្យមន្ត្រីរាជការ និងក្រសួងស្ថាប័ន ត្រូវចេញញត្តិគាំទ្រគម្រោង (CLV) និងត្រូវប្រតិកម្មឆ្លើយតប ចំពោះអ្នករិះគន់។
ជាក់ស្ដែង ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែសីហា បានសេចក្ដីថ្លែងការណ៍ចាត់ទុកថា មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ (CLV)។
ក្រសួងអប់រំ ក៏អំពាវនាវដល់បុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្ស-និស្សិត ឱ្យឆ្ងាយពីសកម្មភាពបះបោរផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងជឿជាក់លើរដ្ឋាភិបាល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថា រដ្ឋាភិបាលគួរផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរអាចបញ្ចេញមតិ និងធ្វើការជួបជុំ និងការតវ៉ាដោយសន្តិវិធី។ អ្នកស្រីសោកស្ដាយដែលក្រសួងអប់រំដាក់សម្ពាធលើគ្រូបង្រៀន និងសិស្សនិស្សិតឱ្យគាំទ្រខ្លួន និងបិទសិទ្ធិមិនឱ្យនិយាយផ្ទុយពីរដ្ឋាភិបាល។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «គឺការកៀបសង្កត់ របបផ្ដាច់ការ គឺគេធ្វើបែបនេះ។ សម័យ ប៉ុល ពត យើងមើលឃើញទេថា ពីរយ៉ាងមិន បីយ៉ាងរាយការណ៍។ អ៊ីចឹង ការរាយការណ៍នេះហើយបញ្ជាក់ថា គ្មានសិទ្ធិសេរីភាព គ្មានអីក្នុងការនិយាយស្ដីទេ ហាមឃាត់ សូម្បីតិចទៀត ផ្ដាច់ខ្យល់អុកស៊ីហ្សែនមិនឱ្យដកខ្យល់ទៀតផង មើលទៅ»។
បើទោះជាលោក ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកគំរាមសម្លុតប្រើគុកច្រវាក់ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្ក្រាបលើពលរដ្ឋមិនឱ្យចេញតវ៉ាយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានចេញតវ៉ារាប់ម៉ឺននាក់ ចំណែកឯពលរដ្ឋក្នុងប្រទេស នៅតែពុះកញ្ជ្រោលដោយទាមទាររដ្ឋាភិបាលឱ្យដកខេត្តខ្មែរទាំង៤ ចេញពីគម្រោង (CLV) ដោយពួកគាត់ថា នេះជារឿងបូរណភាពទឹកដី និងជាជោគវាសនា នៃប្រទេសជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
