យុវជនខ្មែរថាវរៈកោសក់កាន់ទុក្ខ និងទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី
2022.07.09
ក្រុមយុវជនខ្មែរថាវរៈចំនួន ៤នាក់ នៅថ្ងៃទី៩ ខែកក្កដា បានរៀបចំពិធីបែបសាសនាកោរសក់នៅមុខចេតិយលោកបណ្ឌិត ឡែម ឡី នៅស្រុកត្រាំកក់ ខេត្តកែវ ដើម្បីចូលរួមកាន់ទុក្ខ និងជំរុញរដ្ឋាភិបាលលោក ហ៊ុន សែន ស្វែងរកយុត្តិធម៌ពិតប្រាកដ។ មន្ត្រីសង្គមស៊ីវិលយល់ថាយុវជនទាំងនោះមានសិទ្ធិសេរីភាពក្នុងការសម្តែងមតិ និងតវ៉ាតាមបែបសាសនាដែលធានាដោយច្បាប់។
យុវជនខ្មែរថាវរៈទាំង៤នាក់ រួមមានលោក ហ៊ុន វណ្ណៈ លោក ស្វាយ សំណាង លោកស្រី ឈឿន ដារ៉ាវី និងកញ្ញា កុយ ហ៊ន បានកោរសក់នៅមុខចេតិយលោកបណ្ឌិត កែម ឡី ស្ថិតភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១០ ខែកក្កដា។ ពួកគាត់ លើកឡើងថា ការកោរសក់នេះ ដើម្បីបង្ហាញទៅកាន់សាធារណជនអំពីការកាន់ទុក្ខ និងទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត និងក្រុមគ្រួសារដែលរហូតមកដល់ពេលនេះពួកគាត់មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ពិធីនោះ ក្រុមយុវជន ក៏បាននិមន្តព្រះសង្ឃ៤អង្គបង្សុកូលតាមព្រះពុទ្ធសាសនា ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី ដែរ។
តំណាងយុវជនខ្មែរថាវរៈមួយរូប គឺលោក ហ៊ុន វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរីក្រោយពីធីកោរសក់ថា លោករំភើបពេលឃើញយុវជនហ៊ានកោសក់របស់ខ្លួន ដើម្បីចូលរួមរំលឹកខួប ៦ឆ្នាំរបស់បណ្ឌិត កែម ឡី និងបង្ហាញឱ្យសាធារណជនបានដឹងពីវីរភាពរបស់លោក ព្រមទាំងទាមទារយុត្តិធម៌ផង។ លោក ហ៊ុន វណ្ណៈ ឱ្យដឹងថា ពួកលោកនឹងជួបជុំជាមួយ ក្រុមអង្គការ សមាគមមួយផ្សេងទៀត ដើម្បីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធ និងបង្សុកូលជូនលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ នៅព្រឹកថ្ងៃទី១០ ខែកក្កដាដែរ។ ទន្ទឹមនឹងនេះ លោកឱ្យដឹងទៀតថា ក្រុមយុវជននឹងបន្តជួបជុំគ្នានៅផ្ទះសាមគ្គី ដើម្បីរៀបចំពិធីបំបួសរក្សាសីលតាមបែបសាសនារយៈពេលមួយសប្តាហ៍៖ «ពួកយើងមកកាន់ទុក្ខ សម្តែងខកចិត្តចំពោះតុលាការខ្មែរដែលរហូតមកដល់ពេលនេះរយៈពេល ៦ឆ្នាំហើយពុំបានផ្តល់យុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិត កែម ឡី ហើយចង់ឱ្យមានការចូលរួមបន្តបន្ទាប់ទៀត ដរាបណាគ្មានយុត្តិធម៌សម្រាប់លោកបណ្ឌិតទេនោះ»។
ស្រដៀងគ្នានេះ យុវជនខ្មែរថាវរៈម្នាក់ទៀត លោកស្រី ឈឿន ដារ៉ាវី លើកឡើងថា លោកស្រីកោរសក់ពេលនេះ ពីព្រោះលោកស្រីចង់ប្រាប់ថា ការបាត់បង់បណ្ឌិត កែម ឡី ដោយតុលាការមិនអាចវែកមុខឃាតកពិតប្រាកដយកមកផ្ដន្ទាទោសតាមច្បាប់ គឺជារឿងឈឺចាប់សម្រាប់ពលរដ្ឋខ្មែរ។ យុវជនរូបនេះបញ្ជាក់ថា លោកស្រីនៅតែធ្វើសកម្មភាពតស៊ូមតិរកយុត្តិធម៌ជូនលោកបណ្ឌិត និងជនរងគ្រោះផ្សេងទៀត ទោះបីអាជ្ញាធររារាំងក៏ដោយ ព្រោះនេះជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់៖ «ដោយសារឈឺចាប់ខ្មែរដែលបាត់បង់វីរជនបុគ្គលគម្រូម្នាក់ ហើយឈឺចាប់ដែលតុលាការមិនអាចវែកមុខឃាតកពិតបាន ត្រង់ហ្នឹងជាហេតុដែលធ្វើឱ្យពួកខ្ញុំកោសក់»។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី៩ ខែកក្កដា។
ទោះជាយ៉ាងណា ស្របពេលក្រុមអង្គការ សមាគម សហជីព និងយុវជន គ្រោងជួបជុំគ្នារំឮកខួបនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃព្រឹកថ្ងៃទី១០ ខែកក្កដា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា សកម្មភាពសម្ដែងមតិ ឬការតវ៉ា និងការធ្វើពិធីតាមបែបសាសនា ដើម្បីរំឮកស្នាដៃ គុណតម្លៃរបស់លោកបណ្ឌិត កែម ឡី ដែលបានលះបង់ដើម្បីបុព្វហេតុសង្គម គឺជាសេរីភាពរបស់ពលរដ្ឋធានាដោយច្បាប់ជាតិនិងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលរដ្ឋាភិបាលត្រូវលើកកម្ពស់។ លោកបន្តថា សកម្មភាពទាំងនោះ មិនគួរក្លាយជារឿងដែលត្រូវយកមករារាំងឡើយ៖ «សាធារណជនទូទៅគេមានសិទ្ធិក្នុងការគាំទ្រ ពីព្រោះលោកបានលះបង់ និងបូជាជីវិតនៅក្នុងបុព្វហេតុនៃការចូលរួមចំណែកមតិ យោបល់ដើម្បីឱ្យបងប្អូនជនរួមជាតិបានស្តាប់ និងយល់ដឹង ហើយខ្ញុំគិតថាការគោរព ការដឹងគុណនូវវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី នេះគឺជាសេរីភាពមួយ»។
គំរោងជួបជុំរបស់យុវជននេះធ្វើឡើងស្របពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី៨ កក្កដា បានបញ្ជាឲ្យអាជ្ញាធររាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់ ទោះបីលោក ហ៊ុន សែន មិននិយាយចំការប្រមូលផ្តុំសម្រាប់ខួប បណ្ឌិត កែម ឡី ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។