ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃនៅតែបន្តតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាយ៉ាងដិតដល់ដដែល។ ពួកគេយល់ថា ស្ថានការណ៍នយោបាយនៅក្នុងស្រុកនឹងមិនបានធូរស្រាលឡើយ ល្គឹកណាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មិនទាន់ទៅដល់កម្ពុជា ដើម្បីស្ដារប្រជាធិបតេយ្យឱ្យរស់ឡើងវិញនោះ។
ពលករខ្មែរធ្វើការនៅប្រទេសថៃលើកឡើងថា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការបង្វែរស្ថានការណ៍ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើលោក សម រង្ស៊ី និងដើម្បីរក្សាការអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុបប៉ុណ្ណោះ។
ពលករខ្មែរធ្វើការរោងចក្រនៅទីក្រុងបាងកកលោក វិន មករា ថ្លែងនៅថ្ងៃទី១២ វិច្ឆិកាថា ពលករខ្មែរធ្វើការជាមួយលោកប្រមាណ ១០០នាក់ មិនពេញចិត្តរបបដឹកនាំសព្វថ្ងៃឡើយ។ លោកបន្តថា ពួកគេតាមដានស្ថានការណ៍នយោបាយក្នុងស្រុកជារៀងរាល់ថ្ងៃ និងដឹងច្បាស់ពីល្បិចកលរបស់លោក ហ៊ុន សែន ទៀតផង។ លោកកត់សម្គាល់ថា លោក ហ៊ុន សែន កំពុងតែប្រើល្បិចបោកបញ្ឆោតប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ដើម្បីបានដឹកនាំប្រទេសបន្តទៀត។ លោកបញ្ជាក់ថា ការបន្ធូរបន្ថយលក្ខខណ្ឌខ្លះៗ មកលើលោក កឹម សុខា នៅពេលនេះ គឺជាយុទ្ធសាស្ត្របំបែកបំបាក់គណបក្សសង្គ្រោះជាតិ ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ៖ «ខ្ញុំផ្ដែផ្ដាំទៅដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសូមកុំឱ្យចូលទៅធ្វើតាមលោក ហ៊ុន សែន ព្រោះលោកកំពុងតែប្រើល្បិចអូសទាញសកម្មជនបក្សប្រឆាំងទៅខាងគាត់។ លោកហ៊ុន សែន រាល់ថ្ងៃហ្នឹង គឺគាត់ធ្វើដើម្បីតែអំណាចរបស់គាត់ មិនមែនជាប្រយោជន៍រួមទេ។អីចឹងពលករនៅប្រទេសថៃភាគច្រើនមិនគាំទ្រលោក ហ៊ុន សែន ដឹកនាំប្រទេសនោះទេ » ។
រីឯពលការិនីធ្វើការផ្នែកកាត់ដេរនៅខេត្តសាមុទ្រប្រាកាន (Samut Prakan) ឯណោះវិញ កញ្ញា លុយ ថុនា ថ្លែងថា ពលករខ្មែរនៅតំបន់កញ្ញាធ្វើការប្រហែល ៩៥ភាគរយស្អប់ខ្ពើមរបបក្រុងភ្នំពេញ ដែលបានដឹកនាំប្រទេសប្រព្រឹត្តិ អំពើពុករលួយ បក្សពួកនិយម បំផ្លាញធនធានធម្មជាតិ និងគាបសង្កត់គ្រប់បែបយ៉ាងធ្វើបាបប្រជាពលរដ្ឋក្រីក្រ ដូចជារុះរើផ្ទះនិងការរំលោភដីធ្លីរបស់ពលរដ្ឋ ជាដើម។កញ្ញាបន្តថា ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានតែដូរមេដឹកនាំសព្វថ្ងៃដែលដឹកនាំលោក ហ៊ុន សែន ចេញពីអំណាច ហើយដាក់មេដឹកនាំថ្មីដែលមានចំណេះដឹងពិតប្រាកដដឹកនាំប្រទេសជំនួសវិញ៖ «និយាយឱ្យខ្លីគឺខ្ញុំចង់ដូររបបដឹកនាំតែម្ដង ព្រោះដឹកនាំជាច្រើនឆ្នាំមានតែធ្វើឱ្យប្រទេសជាតិរលាយ មិនមានការរីកចំរើនអីផង។ខ្ញុំមកនៅស្រុកគេខ្ញុំច្រណែនប្រទេសគេណាស់ ឃើញគេរីកចំរើន ហើយខ្មែរមានក្រទៅ។ខ្ញុំមើលមិនឃើញរីកចំរើនកន្លែងណាបើប្រជាពលរដ្ឋមានតែទឹកភ្នែកទាមទាររកយុត្តិធម៌ ហើយមើលប្រទេសគេមិនមានប្រជាពលរដ្ឋតវ៉ារកយុត្តិធម៌ដូចនៅស្រុកខ្មែរទេ។ហើយប្រទេសយើងរីកចំរើនក៏មិនមានពលរដ្ឋក្ដៅក្រហាយដែរ » ។
ក្រុមពលករទាំងនេះអះអាងថា ពលករខ្មែរនៅប្រទេសថៃស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសនេះតាមដានព័ត៌មានតាមហ្វេសប៊ុក បានដឹងអំពីស្ថានការណ៍នយោបាយរបស់ស្រុកទេស។ពួកគេបន្តថា ពលករភាគច្រើននៅតែត្រៀមខ្លួនទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញដដែល ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ស្ថានការណ៍នៅក្នុងប្រទេសមានសុខសន្តិភាពដោយគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ លោកអះអាងថា ប្រជាពលរដ្ឋមានសេចក្ដីសុខគ្រប់គ្នា ហើយម្នាក់ៗ កំពុងដើរកម្សាន្តបុណ្យអុំទូកយ៉ាងសប្បាយរីកទៀតផង។លោក សុខ ឥសាន នៅតែមានជំនឿថា លោក សម រង្ស៊ី មិនអាចវិលចូលស្រុកវិញបានឡើយ៖ «ហើយយើងដឹងហើយថ្ងៃទី៩ជាថ្ងៃឱសានវាទចុងក្រោយហើយ ហើយគាត់ផ្ដាំទៀតថា ថ្ងៃទី៩ វិច្ឆិកាហ្នឹង គាត់ត្រូវតែវិលចូលស្រុកវិញ។ តែជាក់ស្ដែងថ្ងៃទី១២ វិច្ឆិកា ហើយគាត់មិនបានចូលស្រុកទេ គាត់មកនៅទើរត្រឹមតែប្រទេសម៉ាឡេស៊ីប៉ុណ្ណឹងទេ » ។
អ្នកសម្របសម្រួល និងអង្កេតអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ថ្វីត្បិតតែតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យដល់លោក កឹម សុខា ក៏ដោយក៏ស្ថានការណ៍នយោបាយនៅកម្ពុជានៅតែអាក្រក់ដដែល ពីព្រោះលោក កឹម សុខា នៅតែមានទោសមិនមានសិទ្ធិពេញលេញ ដើម្បីធ្វើការងារនយោបាយបាននៅឡើយ៖ «ខ្ញុំយល់ថាវាគ្រាន់តែបន្ធូរបន្ថយស្ថានភាពឱ្យបានធូរខ្លះ។ខ្ញុំនៅតែចង់បានការចូលរួមផ្នែកនយោបាយដោយសេរីពីព្រោះមកដល់ពេលនេះលោក កឹម សុខា គាត់អត់ទាន់មានសេរីភាពផ្នែកនយោបាយនៅឡើយទេ » ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បន្តថា ដើម្បីឱ្យស្ថានការន៍នយោបាយបានធូរស្រាលឡើងវិញ លុះត្រាតែ រដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ និងអ្នកសារព័ត៌មានទាំងអស់ឱ្យមានសេរីភាពឡើងវិញ ហើយត្រូវរៀបចំឱ្យគណបក្សសង្គ្រោះជាតិបានចូលរួមប្រកួតប្រជែងបោះឆ្នោតឡើងវិញ។លោក កង សាវាង្ស នៅតែទទូចដល់មេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង រកផ្លូវចរចាត្រូវរ៉ូវគ្នាឡើងវិញ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងភាពភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីរក្សាការអនុគ្រោះពន្ធ EBA និង GSP របស់សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។