អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់កំពុងរៀបចំផែនការវិលចូលស្រុកជាមួយលោក សម រង្ស៊ី
2019.09.19

សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ឲ្យដឹងថា ពួកគេកំពុងរៀបចំផែនការនៃការវិលចូលស្រុកជាមួយលោក សម រង្ស៊ី នៅដើមខែវិច្ឆិកាខាងមុខ ប៉ុន្តែអ្នកនាំពាក្យរបបក្រុងភ្នំពេញព្រមានជាថ្មីទៀតថា អាជ្ញាធរនឹងចាប់ខ្លួនសកម្មជនបក្សប្រឆាំងមកផ្ដន្ទាទោសតាមច្បាប់។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ អះអាងថា ការងារសំខាន់ ដែលពួកគេធ្វើពេលនេះ គឺពន្យល់ពលរដ្ឋនៅក្រៅស្រុកបានយល់ថា ពីការរួមគ្នាវិល ចូលស្រុក ដើម្បីស្ដារប្រជាធិបតេយ្យ និងសិទ្ធិឡើងវិញជាមួយលោក សម រង្ស៊ី និងកៀរគរថវិកា ដើម្បីគាំទ្រសកម្មភាពនេះ។
ប្រធានសាខាគណបក្សសង្គ្រោះជាតិទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី អ៊ិន ហេមារា ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៩ ខែកញ្ញាថា ពលរដ្ឋនៅក្រៅស្រុក ដែលយល់ព្រមទៅប្រទេសកម្ពុជាជាមួយ លោក សម រង្ស៊ី វិញ នឹងធ្វើដំណើរចេញពីប្រទេសអូស្ត្រាលីមកប្រទេសក្នុងតំបន់អាស៊ានណាមួយ មុនថ្ងៃទី៩ វិច្ឆិកា ដើម្បីបន្តដំណើរទៅប្រទេសកម្ពុជា។ លោកបន្តថា ចំពោះពលរដ្ឋណាមិនធ្វើដំណើរ គឺពួកគេជួយគាំទ្រជាថវិកា៖ «គម្រោងតាមសេចក្ដីសម្រេចរបស់គណបក្ស គេសម្រេចឲ្យអញ្ជើញទៅថ្ងៃទី៥ ខែកញ្ញាហ្នឹង ព្រោះមែនទែនទៅ យើងទៅក្រៅប្រទេស ដើម្បីរៀបចំគម្រោងប្រជុំគ្នារៀបចំធ្វើម៉េចត្រៀមខ្លួន»។
ទោះយ៉ាងនេះក្តី លោក អ៊ិន ហេមារា ថា លោកមិនទាន់អាចបញ្ជាក់ថា ពីចំនួនពលរដ្ឋខ្មែរនៅអូស្ត្រាលីដែលនឹងអមដំណើរលោក សម រង្ស៊ី នោះទេ។
ចំណែកឯប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសនូវែលហ្សេឡង់ លោក ម៉េង លី ឲ្យដឹងដែរថា ពេលនេះលោកនឹងក្រុមការងារកំពុងមមាញឹកក្នុងការរៀបចំផែនការ និងចុះបញ្ជីឈ្មោះពលរដ្ឋខ្មែរប្រទេសនូវែលហ្សេឡង់ ដែលយល់ព្រមអមដំណើរលោក សម រង្ស៊ី។ លោកបន្តថា ពេលនេះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិត្រៀមខ្លួនរួចរាល់ ហើយរង់ចាំតែថ្នាក់ដឹកនាំ គណបក្សដាក់ផែនការជាក់លាក់នៃការចេញដំណើរនេះ៖ «យើងកំពុងរៀបចំរង់ចាំឲ្យថ្នាក់ដឹកនាំសម្រេចថា ទៅថ្ងៃណា ជួបជុំកន្លែងណាអាហ្នឹងបានយើងទៅសព្វថ្ងៃយើងអត់ទាន់មានការសម្រេចពីថ្នាក់ដឹកនាំទេ យើងគ្រាន់តែរកអ្នកអមជាមួយឲ្យដឹងចំនួនសិន»។
ជុំវិញករណីវិលចូលស្រុករបស់លោក សម រង្ស៊ី នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី "ករណីប្រមាថព្រះមហាក្សត្រ" នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ថ្លែងក្នុងពេលនោះ អ្នកនាំពាក្យរដ្ឋាភិបាលនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចោទប្រកាន់ថា ការដែលលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ ថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីបំផ្លាញថ្ងៃឯករាជ្យជាតិ។ អ្នកនាំពាក្យរូបនេះព្រមានថា បើមានអ្នកណាហែហមលោក សម រង្ស៊ី ក្នុងការវិលចូលស្រុកវិញក្នុង គឺប្រឈមនឹងផ្ដន្ទាទោស៖ «ការលើកយកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃវិលត្រឡប់របស់ សម រង្ស៊ី យើងស្វាគមន៍ រាជរដ្ឋាភិបាលស្វាគមន៍ ព្រោះគាត់ជាប្រជាពលរដ្ឋមួយ ដែលគាត់បង្ហាញពីភាពក្លាហាន។ ទី២ បង្ហាញពីភាពខុសត្រូវចំពោះមុខច្បាប់ ក៏ប៉ុន្តែបើចូលមក ដើម្បីជាលក្ខណៈនយោបាយ យើងមិនអនុញ្ញាតទេ នេះសារមួយប្រាប់ទៅដល់អ្នកចង់ហែហម បើសិនអ្នកហែហមចង់ប្រឆាំងនឹងសាលដីការបស់តុលាការ អ្នកហ្នឹងនឹងទទួលទោស»។
ទោះមានការព្រមានបែបនេះក្តី ខ្មែរនៅក្រៅប្រទេស តែងអះអាងថា ពួកគេមិនខ្លាចការចោទប្រកាន់ ឬការចាប់ខ្លួននោះទេ ព្រោះពួកគេចូលប្រទេសកម្ពុជាមិនមែនធ្វើសង្គ្រាមនោះទេ ប៉ុន្តែដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងដើម្បីកុំឱ្យសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា។ កាលពីដើមខែកញ្ញា មន្ត្រីបក្សប្រឆាំងនៅប្រទេសថៃ អះអាងថា ពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី ទៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។