សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់ឲ្យដឹងថាពួកគេកំពុងរៀបចំផែនការនៃការវិលចូលស្រុកជាមួយលោក សម រង្ស៊ី នៅដើមខែវិច្ឆិកាខាងមុខប៉ុន្តែអ្នកនាំពាក្យរបបក្រុងភ្នំពេញព្រមានជាថ្មីទៀតថាអាជ្ញាធរនឹងចាប់ខ្លួនសកម្មជនបក្សប្រឆាំងមកផ្ដន្ទាទោសតាមច្បាប់។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់អះអាងថាការងារសំខាន់ ដែលពួកគេធ្វើពេលនេះ គឺពន្យល់ពលរដ្ឋនៅក្រៅស្រុកបានយល់ថាពីការរួមគ្នាវិល ចូលស្រុក ដើម្បីស្ដារប្រជាធិបតេយ្យនិងសិទ្ធិឡើងវិញជាមួយលោក សម រង្ស៊ី និងកៀរគរថវិកា ដើម្បីគាំទ្រសកម្មភាពនេះ។
ប្រធានសាខាគណបក្សសង្គ្រោះជាតិទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី អ៊ិន ហេមារា ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៩ខែកញ្ញាថាពលរដ្ឋនៅក្រៅស្រុក ដែលយល់ព្រមទៅប្រទេសកម្ពុជាជាមួយ លោក សម រង្ស៊ី វិញ នឹងធ្វើដំណើរចេញពីប្រទេសអូស្ត្រាលីមកប្រទេសក្នុងតំបន់អាស៊ានណាមួយ មុនថ្ងៃទី៩ វិច្ឆិកា ដើម្បីបន្តដំណើរទៅប្រទេសកម្ពុជា។លោកបន្តថា ចំពោះពលរដ្ឋណាមិនធ្វើដំណើរគឺពួកគេជួយគាំទ្រជាថវិកា៖ «គម្រោងតាមសេចក្ដីសម្រេចរបស់គណបក្ស គេសម្រេចឲ្យអញ្ជើញទៅថ្ងៃទី៥ ខែកញ្ញាហ្នឹង ព្រោះ មែនទែនទៅ យើងទៅក្រៅប្រទេស ដើម្បីរៀបចំគម្រោងប្រជុំគ្នារៀបចំធ្វើម៉េចត្រៀមខ្លួន»។
ទោះយ៉ាងនេះក្តី លោក អ៊ិន ហេមារា ថា លោកមិនទាន់អាចបញ្ជាក់ថាពីចំនួនពលរដ្ឋខ្មែរនៅអូស្ត្រាលីដែលនឹងអមដំណើរលោក សម រង្ស៊ី នោះទេ។
ចំណែកឯប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសនូវែលហ្សេឡង់ លោក ម៉េង លី ឲ្យដឹងដែរថា ពេលនេះលោកនឹងក្រុមការងារកំពុងមមាញឹកក្នុងការរៀបចំផែនការនិងចុះបញ្ជីឈ្មោះពលរដ្ឋខ្មែរប្រទេសនូវែលហ្សេឡង់ ដែលយល់ព្រមអមដំណើរលោក សម រង្ស៊ី។ លោកបន្តថាពេលនេះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិត្រៀមខ្លួនរួចរាល់ហើយរង់ចាំតែថ្នាក់ដឹកនាំគណបក្សដាក់ផែនការជាក់លាក់នៃការចេញដំណើរនេះ៖ «យើងកំពុងរៀបចំរង់ចាំឲ្យថ្នាក់ដឹកនាំសម្រេចថា ទៅថ្ងៃណា ជួបជុំកន្លែង ណាអាហ្នឹងបាន យើងទៅសព្វថ្ងៃយើងអត់ទាន់មានការសម្រេចពីថ្នាក់ដឹកនាំទេ យើងគ្រាន់ តែរកអ្នកអមជាមួយឲ្យដឹងចំនួនសិន»។
ជុំវិញករណីវិលចូលស្រុករបស់លោក សម រង្ស៊ី នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី "ករណីប្រមាថព្រះមហាក្សត្រ" នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ថ្លែងក្នុងពេលនោះអ្នកនាំពាក្យរដ្ឋាភិបាលនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចោទប្រកាន់ថាការដែលលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ ថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីបំផ្លាញថ្ងៃឯករាជ្យជាតិ។អ្នកនាំពាក្យរូបនេះព្រមានថាបើមានអ្នកណាហែហមលោក សម រង្ស៊ី ក្នុងការវិលចូលស្រុកវិញក្នុងគឺប្រឈមនឹងផ្ដន្ទាទោស៖ «ការលើកយកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃវិលត្រឡប់របស់ សម រង្ស៊ី យើងស្វាគមន៍ រាជ រដ្ឋាភិបាលស្វាគមន៍ ព្រោះគាត់ជាប្រជាពលរដ្ឋមួយ ដែលគាត់បង្ហាញពីភាពក្លាហាន។ ទី២ បង្ហាញពីភាពខុសត្រូវចំពោះមុខច្បាប់ ក៏ប៉ុន្តែបើចូលមក ដើម្បីជាលក្ខណៈ នយោបាយ យើង មិនអនុញ្ញាត ទេ នេះសារមួយប្រាប់ទៅដល់អ្នកចង់ហែហម បើសិនអ្នកហែហមចង់ប្រឆាំងនឹងសាលដីការបស់តុលាការ អ្នកហ្នឹងនឹងទទួលទោស»។
ទោះមានការព្រមានបែបនេះក្តីខ្មែរនៅក្រៅប្រទេសតែងអះអាងថាពួកគេមិនខ្លាចការចោទប្រកាន់ ឬការចាប់ខ្លួននោះទេព្រោះពួកគេចូលប្រទេសកម្ពុជាមិនមែនធ្វើសង្គ្រាមនោះទេប៉ុន្តែដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនិងដើម្បីកុំឱ្យសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា។កាលពីដើមខែកញ្ញា មន្ត្រីបក្សប្រឆាំងនៅប្រទេសថៃ អះអាងថា ពលករជាង ៨ម៉ឺននាក់យល់ព្រមអមដំណើរលោក សម រង្ស៊ី ទៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។