ព្រះមហាក្សត្រ សម្រេចតែងតាំងសមាសភាពរដ្ឋាភិបាលថ្មីចំនួន ៩នាក់រួចហើយ ក្រោយមានការអនុម័តផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភាឯកបក្ស។ ព្រះរាជក្រឹត្យចុះថ្ងៃទី៣០ មីនា គឺភ្លាមៗ ក្រោយការអនុម័តរបស់រដ្ឋសភា បង្ហាញថា មន្ត្រី ៩រូប ដែលត្រូវតែងតាំង គឺដំឡើងរដ្ឋមន្ត្រីចំនួន៥នាក់ ឡើងទៅជាទេសរដ្ឋមន្ត្រី ដោយក្នុងនោះលោក ចម ប្រសិទ្ធិ ត្រូវបានរក្សាទុកតួនាទី ជារដ្ឋមន្ត្រីក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដដែល។ ចំណែករដ្ឋមន្ត្រី៤នាក់ទៀត គឺលោក អង្គ វង្សវឌ្ឍនា លោក ហ៊ឹម ឆែម លោក ត្រាំ អ៊ីវតឹក និងលោក ពេជ ប៊ុនធិន ត្រូវបានដំឡើងផុតតួនាទីរដ្ឋមន្ត្រី ក្លាយទៅជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
ឯសមាជិកគណបក្សប្រជាជនកម្ពុជា ៤នាក់ ដែលធ្លាប់ចេញមុខលេចធ្លោ ក្នុងសកម្មភាពនយោបាយ ត្រូវដំឡើងតួនាទីជារដ្ឋមន្ត្រី ជំនួសឲ្យមន្ត្រីវ័យចំណាស់ទាំង ៤នាក់។ អ្នកទាំង ៤ គឺមានលោក កើត រិទ្ធិ ឡើងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ជា វ៉ាន់ដេត ឡើងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង លោក ព្រំ សុខា ឡើងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែត ក្រោយការអនុម័តរបស់រដ្ឋសភា នៅព្រឹកថ្ងៃទី៣០ មីនាថា ការផ្លាស់ប្ដូរតំណែងរដ្ឋមន្ត្រីទាំង ៤ ដោយមូលហេតុថា ពួកគាត់មានវ័យចំណាស់។ ប៉ុន្តែកាលពីថ្ងៃទី២៤ កុម្ភៈ លោកនិយាយក្នុងសន្និសីទកាសែត នៅវិមានសន្តិភាពថា លោកចង់រុះរើគណៈរដ្ឋមន្ត្រី ដូរមន្ត្រីស្ពឹកស្រពន់ និងមន្ត្រីខ្វះប្រសិទ្ធិភាពចេញពីការងារ។
មន្ត្រីបក្សប្រឆាំង និងក្រុមអ្នកវិភាគ មិនទាន់ទុកចិត្តថា ការដោះដូររដ្ឋមន្ត្រីនេះ អាចបង្កើនប្រសិទ្ធិការងារទេ ព្រោះស្ថានភាពកម្ពុជា កំពុងស្ថិតនៅរបត់នយោបាយរបបឯកបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។