អភិបាលខេត្តកោះកុងណែនាំប្អូនប្រុសជាអភិបាលក្រុងខេមរភូមិន្ទថ្មីឱ្យបន្តទប់ស្កាត់ចលនាប្រឆាំងគម្រោង CLV
2024.09.09
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ណែនាំប្អូនប្រុសបង្កើតដែលទើបតែចូលកាន់តំណែងជាអភិបាលក្រុងខេមរភូមិន្ទនៃខេត្តនេះ គឺលោក ភូថង សេរីវុឌ្ឍី ឱ្យបន្តទប់ស្កាត់ចលនាប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ អ្នកឃ្លាំមើលលើកឡើងថា ការណែនាំរបស់អ្នកស្រី មិថុនា ភូថង បង្ហាញពីទំនោររបស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់វិធានការក្ដៅ ដើម្បីបំបាត់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។
អភិបាលខេត្តកោះកុង និងជាបងស្រីបង្កើតរបស់លោក ភូថង សេរីវុឌ្ឍី គឺអ្នកស្រី មិថុនា ភូថង បានណែនាំប្អូនប្រុសឱ្យបន្តទប់ស្កាត់ចលនាប្រឆាំងគម្រោងCLV-DTA ក្នុងហេតុផលរក្សាសន្តិសុខសណ្ដាប់ធ្លាប់សង្គម និងការពាររដ្ឋាភិបាល។
ការណែនាំនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងលោក ភូថង សេរីវុឌ្ឍី ជាអភិបាលក្រុងខេមរភូមិន្ទខេត្តកោះកុង កាលពីថ្ងៃទី៦ ខែកញ្ញា និង ក៏នៅក្រោយពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការបង្ក្រាប និងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់ ចំពោះពលរដ្ឋដែលហ៊ានតវ៉ាទាមទារ ឱ្យរដ្ឋាភិបាលដកទឹកដីកម្ពុជា ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គមលោក ស៊ឹង សែនករុណា លើកឡើងថា មន្ត្រីដែលឡើងតាមបក្ខពួកគ្រួសារ មិនមែនជាមនុស្ស ដែលមាន សមត្ថភាពវិជ្ជាជីវៈត្រឹមត្រូវនោះទេ ពីព្រោះ ការទទួលខុសត្រូវការងាររបស់ពួកមន្ត្រី ទាំងនោះ គឺធ្វើទៅតាមការបង្គាប់បញ្ជារបស់ថ្នាក់លើ ដោយមិនបានអនុវត្តតួនាទី មុខងារឱ្យបានត្រឹមត្រូវ តាមជំនាញ និងច្បាប់ឡើយ។
លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែកញ្ញា ថា ការសម្ដែង មតិរបស់ប្រជាពលរដ្ឋ ទាមទារឱ្យរដ្ឋាភិបាល ដកទឹកដីកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយសារតែពួកគាត់ព្រួយបារម្ភ ពីការបាត់បង់ទឹកដីដូចអតីតកាល ដូច្នេះ ការណែនាំឱ្យទប់ស្កាត់ពលរដ្ឋដែលមានឆន្ទៈស្រឡាញ់ និងការពារទឹកដីជាតិបែបនេះ មិនឆ្លុះបញ្ចាំងពីប្រទេសគោរពសិទ្ធិមនុស្សឡើយ។
លោក កត់សម្គាល់ថា មានការរៀបចំជាប្រព័ន្ធ តាំងពីមេដឹកនាំកំពូលដល់មន្ត្រីថ្នាក់ ក្រោម ក្នុងការរឹតត្បិត ការគាប់សង្កត់ និងគំរាមកំហែងលើប្រជាពលរដ្ឋ ដែលមាន យោបល់មិនយល់ស្របនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍។
លោក ស៊ឹង សែនករុណា៖ «ប្រទេសជាតិយើងបានបែកបាក់គ្នា ជាច្រើនទស្សវត្សរ៍ទ្រាំនឹងយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកជជែកគ្នាវិញ ហើយយើងឈប់ឈ្លោះគ្នា ឈប់លាបពណ៌យកគ្នាជាសត្រូវកាប់សម្លាប់គ្នា គឺយើងបានចំណាយធនធានមនុស្ស ធនធានអ្នកនយោបាយល្បីៗ សំខាន់ៗ ជាច្រើននាក់មកហើយ លះបង់សាច់ស្រស់ឈាមស្រស់ ពេលវេលាទាំងអស់ហ្នឹង គឺបានធ្វើកិច្ចការងារនឹងច្រើនមកហើយ។ អ៊ីចឹងគួរតែបញ្ឈប់រាល់គំនិតលាបពណ៌គ្នា បែកចែកគ្នាធ្វើឱ្យបែកបាក់ជាតិនឹងទៅ គួរតែពិនិត្យមើលឡើងវិញ ហើយអនុវត្តឱ្យបានត្រឹមត្រូវទៅគោលការណ៍គោរពសិទ្ធិ និងប្រជាធិបតេយ្យ»។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បានចោទប្រជាពលរដ្ឋដូចលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែរថាប្រជាពលរដ្ឋ ដែលទាមទារឱ្យរដ្ឋាភិបាលដកគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺចង់ធ្វើបដិវត្តន៍ផ្ដួលរំលំរដ្ឋាភិបាល។
ប្រជាពលរដ្ឋដែលបញ្ចេញមតិ និងធ្វើបាតុកម្មបញ្ជាក់ជារឿយៗថា បាតុកម្មរបស់ ពួកគាត់ប្រឆាំងកិច្ចសហប្រតិបត្តិការCLV មិនមែនជាបដិវត្តន៍ផ្ដួលរំលំរដ្ឋាភិបាល ឡើយ ប៉ុន្តែគឺធ្វើដោយស្របតាមរដ្ឋធម្មនុញ្ញ ដែលជាសិទ្ធិសម្ដែងទឹកចិត្តព្រួយបារម្ភអំពីជោគវាសនាទឹកដីជាតិខ្មែរ ក្នុងហានិភ័យអាចធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមនៅថ្ងៃអនាគត ដូចទឹកដីដូនតាខ្មែរកម្ពុជាក្រោមបច្ចុប្បន្នដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលោក សេង វ៉ាន់លី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែកញ្ញា ថា ការលើកឡើងរបស់អ្នកស្រី មិថុនា ភូថង បង្ហាញពីទំនោររបស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់វិធានការក្ដៅ ដើម្បីបំបាត់ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោក សេង វ៉ាន់លី៖ «បាតុកម្មផ្ដួលរំលំរដ្ឋាភិបាល ខ្ញុំគិតថា មិនមានទេ ហើយវាទៅមិនរួចដែរ ទោះមានក៏ដោយក៏មានតិចដែរ ប្រហែលម្នាក់ទៅពីរនាក់ទេ។ ដោយឡែកការប្រកាសនេះ ខ្ញុំគិតថា វាកាន់តែធ្វើឱ្យប្រជាពលរដ្ឋមើលឃើញថា រាល់គំនិតដែលផ្ទុយអំពីរដ្ឋាភិបាលគឺ រដ្ឋាភិបាលតែងតែប្រើប្រាស់សារគំរាមកំហែង ឬក៏អាចប្រើប្រាស់ធម៌ក្ដៅប្រើប្រព័ន្ធតុលាការដើម្បីកម្ចាត់ទៅលើបុគ្គលដែលមានមតិផ្ទុយ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី៨ ខែកញ្ញា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អ្នកឃ្លាំមើលលើកឡើងថា មេរៀនដ៏ជូរចត់ ដែលប្រទេសកម្ពុជាបានបាត់បង់ទឹកដី ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសជិតខាង ចាប់តាំងពីការធ្លាក់ចុះនៃសម័យអង្គរ រហូតនៅសល់តូចដូចសព្វថ្ងៃ និងបន្ដភាពមិនច្បាស់លាស់ទៀតនោះ ធ្វើឱ្យប្រជា ពលរដ្ឋប្រុងប្រយ័ត្នជានិច្ច នឹងមហិច្ឆតារបស់បរទេសជាប់របង ជាពិសេសប្រទេស វៀតណាម ហើយគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជារឿងដ៏គួរឱ្យខ្វល់ មិនអាច ប្រកែកបានរបស់ជនជាតិខ្មែរ។
ពួកគាត់ថា រដ្ឋាភិបាលត្រូវតែស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយ របៀបវិធីត្រជាក់ ឬអហិង្សាដោយយកចិត្តទុកដាក់ ទើបជាការទទួលខុសត្រូវស្រប តាមស្មារតីរដ្ឋធម្មនុញ្ញ ពីព្រោះការសម្ដែងមតិការពារទឹកដីជាតិរបស់ប្រជាពលរដ្ឋ ជាការបង្ហាញនូវឆន្ទៈស្រឡាញ់ប្រទេសជាតិ ដែលគួរឱ្យគោរព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។