បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិក វាយតម្លៃ​ថា ចិន​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​ដាក់មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2023.03.30
បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិក វាយតម្លៃ​ថា ចិន​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​ដាក់មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា នាវាចម្បាំង​នៅ​ក្នុង​បរិវេណ​នៃ​កំពង់ផែ​កងទ័ព​ជើងទឹករាម។
រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់

បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​របស់​អាមេរិក វាយតម្លៃ​ថា ចិន​នៅតែ​បន្ត​ចិញ្ចឹម​ចិត្ត​ចង់​ដាក់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​​កម្ពុជា​ដដែល។ ស្ថាប័ន​ដដែល​នេះ​ក៏​វាយតម្លៃ​ដែរ​​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​សម្ញែង​អំណាច​ និង​បង្ខំ​ឱ្យ​ប្រទេស​ជិតខាង​ធ្វើតាម​ការ​ចង់​បាន​របស់​ខ្លួន។

ឆ្នាំ២០២៣ នេះ កម្ពុជា​នៅតែ​បន្ត​ជាប់​ឈ្មោះ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការវាយតម្លៃ​អំពី​ការ​គំរាមកំហែង​ជា​សាកល​មក​លើ​សន្តិសុខ​ជាតិ​របស់​អាមេរិក ចេញផ្សាយ​ដោយ​សហគមន៍​កិច្ចការ​សម្ងាត់ ឬ​ចារកម្ម​របស់​អាមេរិក។ ការ​ជាប់​ឈ្មោះ​នេះ មិនមែន​ដោយសារតែ​កម្ពុជា​បង្ក​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​សហរដ្ឋ​អាមេរិក​ឡើយ ក៏ប៉ុន្តែ​ដោយសារ​តែ​មហិច្ឆតា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) មក​លើ​ប្រទេស​នេះ ជាពិសេស​ពាក់ព័ន្ធ​នឹង​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។

របាយការណ៍​ចេញផ្សាយ​នៅ​ដើមខែមីនា​នេះ​ដោយ​ការិយាល័យ​របស់​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង (ODNI) ដែលជា​បណ្តុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ចំនួន ១៧ស្ថាប័ន ក្នុងនោះ​រួមទាំង​ភ្នាក់ងារ ស៊ី.អាយ.អេ (CIA) ផង បាន​វាយតម្លៃ​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នឹង​បន្ត​មហិច្ឆតា​បង្កើត​មូលដ្ឋាន​ទ័ព​នៅ​ក្រៅប្រទេស​របស់​ខ្លួន និង​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ផ្តល់លទ្ធភាព​ឱ្យ​យោធា​របស់​ខ្លួន​អាចចេញចូល​តាម​កំពង់ផែ​បរទេស​នានា។ ការធ្វើដូច្នេះ​គឺដើម្បី​ពង្រីក​អំណាច និង​ការពារ​ផលប្រយោជន៍​របស់​ចិន​នៅក្រៅប្រទេស។

បច្ចុប្បន្ន ចិន​មាន​មូលដ្ឋាន​ទ័ព​នៅ​ក្រៅប្រទេស​តែមួយ​គត់​នៅលើ​ពិភពលោក គឺនៅ​ប្រទេសជីបូទី (Djibouti) ដែល​ស្ថិតនៅ​ភូមិភាគ​ខាងកើត​នៃ​ទ្វីប​អាព្រិក ហើយ​ដែល​ចិន​បាន​បង្កើត​កាលពី​ឆ្នាំ២០១៧ កន្លងទៅ។

បណ្តុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ដដែល វាយតម្លៃ​ថា បើទោះបីជា​ដំណើរ​វិវឌ្ឍន៍​នៃ​ការបង្កើត​មូលដ្ឋាន​ទ័ព​នៅ​ក្រៅប្រទេស​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ប្រព្រឹត្តទៅ​ដោយ​មិន​ស្មើ​គ្នា​ក៏ដោយ ក៏​កងទ័ព​រំដោះ​ប្រជាជន​ចិន​នឹងនៅ​តែបន្ត​ប្រើប្រាស់​វិធីសាស្ត្រ​ប្រែប្រួល​តាម​ភាពជាក់ស្តែង ដើម្បី​ដោះស្រាយ​កង្វល់​ក្នុងស្រុក ខណៈ​ប្រទេសនេះ​ព្យាយាម​កែលម្អ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែល​ចំណុះ​នឹងខ្លួន និង​ពង្រីក​គោលដៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្រៅ​ប្រទេស​របស់ខ្លួន។ របាយការណ៍​គូសបញ្ជាក់​ថា បន្ថែម​លើ​ការបន្ត​អភិវឌ្ឍ​មូលដ្ឋានទ័ព​ក្រៅប្រទេស​ដែល​មានស្រាប់​របស់​ខ្លួន​គឺនៅ​ប្រទេសជីបូទី ក្រុងប៉េកាំង​ត្រូវបាន​គេរាយការណ៍​ថា​កំពុង​ព្យាយាម​បង្កើត​នូវ​មូលដ្ឋាន​ទ័ព​ដែល​មានសក្តានុពល​នៅ​ក្នុង​ប្រទេសកម្ពុជា ប្រទេសហ្គីណេ (Equatorial Guinea) និង​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម (UAE)

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ លោក ឈុំ សុជាតិ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​បានទេ កាលពី​ល្ងាច​ថ្ងៃទី២៩ ខែមីនា។

ទោះយ៉ាងណា​ ទាំង​ភាគី​កម្ពុជា និង​ទាំងភាគី​ចិន តែងតែ​បដិសេធ​ចំពោះ​សេចក្តីរាយការណ៍​នានា​ដែល​ចោទប្រកាន់​ថា ចិន​មាន​មហិច្ឆតា​ដាក់មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ឬថា​កម្ពុជា​និងចិន​បានចុះ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ជាមួយគ្នា​ដែល​អនុញ្ញាត​ឱ្យ​ចិន​អាច​ប្រើប្រាស់​កំពង់ផែរាម​«ផ្តាច់មុខ»។ កាលពី​ពាក់កណ្តាល​ខែមីនា​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការចោទ​ប្រកាន់​ជុំវិញ​រឿង​កំពង់ផែរាម​នេះ ថាជា​«យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា»

លោក ហ៊ុន សែន៖ «ខ្ញុំ​គួរតែ​ដាស់តឿន​ចំពោះ​អ្នកទាំងឡាយ​នៅ​ខាងក្រៅ។ យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​តាមរយៈ​កំពង់ផែរាម​កំពុង​បាន​ចាប់ផ្តើម​ឡើងវិញ។ ខ្ញុំ​ជូន​សារ​ទៅ​អ្នកទាំងឡាយ​មិនចាំបាច់​ថត​ពី​ផ្កាយរណប​អីទេ។ មិនចាំបាច់​ថតទេ! កម្ពុជា​បាន​ប្រកាសហើយតើ ទៅបើក​ការដ្ឋាន​ សម្តេច​ពិជ័យសេនា ទៀ បាញ់ ទៅបើក​ការដ្ឋាន។ ឱ្យ​តែបើក​ការដ្ឋាន​ហើយ​គេធ្វើ​ហើយ កុំខ្វល់​ពេក! ម៉េច​ក៏ចាំបាច់ថា អាហ្នឹង​ជា​ព័ត៌មាន​ចារកម្ម បើ​គេបើក​ម៉ា​ចំហ​ហើយ

គិតត្រឹម​ដើម​ខែមីនា ឆ្នាំ២០២៣​នេះ កម្ពុជា​អនុញ្ញាត​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិតចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹក​រាម បាន​ជាង​៨ខែហើយ។

រូបភាព​តាម​ផ្កាយ​រណប​បង្ហាញ​​ថា មាន​ការប្រែប្រួល​ដ៏សម្បើម​នៅ​ក្នុង​បរិវេណ​នៃ​កំពង់ផែ​កងទ័ព​ជើងទឹករាម។ ក្នុងនោះ​មាន​ដូចជា​ការសាងសង់​សំណង់​ថ្មីៗ​នៅចំ​កណ្តាល​មូលដ្ឋាន​ទ័ពរាម ដែល​សំណង់​មួយ​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​រោងចក្រ​ស៊ីម៉ង់ត៍​សម្រាប់​ផ្គត់ផ្គង់​ទៅ​គម្រោង​សាងសង់​ទាំងមូល ការចាក់​ពង្រីក​ផ្ទៃដី​លយចូល​ជ្រៅ​ទៅក្នុង​សមុទ្រ ការឈូសឆាយ​សម្អាត​ផ្ទៃដី​ដ៏ធំ និង​ការសាងសង់​ផែសំចត​ថ្មី​ចំនួនពីរ ជាដើម។

គម្រោង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​​ត្រូវ​ប្រើពេល​ពីរឆ្នាំ។ គម្រោងនេះ បាន​ចាប់ផ្តើម​ជាផ្លូវការ​កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ហើយ​គ្រោង​នឹង​បិទបញ្ចប់​ទៅវិញ​នៅ​ឆ្នាំ២០២៤ ខាងមុខ។ ទាំងភាគី​កម្ពុជា និង​ទាំង​ភាគីចិន​ពុំបាន​លាតត្រដាង​ឱ្យ​ដឹង​ពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​ជំនួយ​យោធា​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​គម្រោង​នេះឡើយ។ តាម​ផែនការ គម្រោង​នេះ​មាន​ដូចជា​ការសាងសង់​រោងជាង​ជួសជុល​នាវា ផែសំចត និង​ស្តា​ឃ្លង ជាដើម។ គម្រោងនេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ Metallurgical Group Corporation (MCC)

ក្រៅពី​វាយតម្លៃ​ពី​មហិច្ឆតា​យោធា​របស់​ចិន សហគមន៍​កិច្ចការសម្ងាត់​របស់​អាមេរិកាំង​ក៏វាយតម្លៃ​ថា បក្ស​កុម្មុយនិស្ត​ចិន (CCP) នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងការ​ធ្វើឱ្យ​ប្រទេសចិន​ក្លាយជា​មហាអំណាច​ដ៏សំខាន់​មួយ​ក្នុង​តំបន់​អាស៊ីបូព៌ា និង​នៅលើ​ពិភពលោក។ របាយការណ៍​គូសបញ្ជាក់​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​ប្រើប្រាស់​នូវ​ឧបករណ៍ ឬ​មធ្យោបាយ​គ្រប់លំដាប់ថ្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់ខ្លួន​ដើម្បី​សម្ញែង​អំណាច និង​បង្ខំ​​ឱ្យ​ប្រទេស​ជិតខាង​​ធ្វើតាម​ការចង់បាន​របស់ខ្លួន រួមមាន​ការទាមទារ​អធិបតី​លើ​ដែនដី សមុទ្រ និង​លំហ​អាកាស​នៅ​ក្នុង​តំបន់ ជាពិសេស​នៅ​កោះតៃវ៉ាន់ (Taiwan)

កាលពី​ឆ្នាំ២០១៩ សហគមន៍​កិច្ចការ​សម្ងាត់​របស់​អាមេរិក​ដដែល ធ្លាប់បាន​វាយតម្លៃ​ថាការ​រអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​ផ្តាច់ការ​និយម ដែល​បណ្តាល​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​អំណាច​នីតិប្បញ្ញត្តិ​ ឬ​រដ្ឋសភា​របស់​ប្រទេស​នេះ អាច​នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​បណ្តាល​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅក្នុង​ប្រទេស​នេះ​បាន។ របាយការណ៍​របស់​ស្ថាប័ន​ដដែល ធ្លាប់​ចាត់ទុក​លោក ហ៊ុន សែន ថាគឺជា​មេដឹកនាំ​មួយរូប​ដែល​បង្ក​ការគំរាម​កំហែង​ដល់លទ្ធិប្រជាធិបតេយ្យ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។