តើសារលោក ហ៊ុន សែន គំរាមបាញ់សម្លាប់មេបក្សប្រឆាំងជាបន្តបន្ទាប់ ខុសនឹងខ្លឹមសារច្បាប់ណាខ្លះ?
2023.06.02

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងខ្លួនឯងថា ជាបិតាសន្តិភាព តែងតែប្រើសារគំរាម បាញ់សម្លាប់ដោយបើកចំហញឹកញាប់ ទៅលើអ្នក ដែលមានទស្សនៈនយោបាយផ្ទុយពីលោក។ លើសពីសារព្រមាន គឺក្រោមការ ដឹកនាំរបស់លោក រយៈពេលប្រមាណ ៤០ឆ្នាំមកនេះ ក៏មានការហេតុការណ៍បាញ់សម្លាប់ជាបន្តបន្ទាប់ដែរ។
តើការប្រើសារគំរាមបាញ់សម្លាប់នេះជាបទឧក្រិដ្ឋ ដែលមានចែងក្នុងច្បាប់ណាខ្លះ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាថ្មីទៀតនៅក្នុងខែឧសភា ឆ្នាំ២០២៣ ពីការប្រើរ៉ុក្កែត BM21បាញ់សម្លាប់ មេបក្សប្រឆាំង និងអ្នកគាំទ្រផ្សេងទៀត រួមទាំងអ្នកវិភាគ បណ្ឌិត សេង សារី ផង បើអ្នកទាំងនោះហ៊ានធ្វើដំណើរជាមួយលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញ។
ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រកាសពីគម្រោង វិលចូល ប្រទេសកម្ពុជា ដើម្បីស្ដារប្រជាធិបតេយ្យ។
លោក ហ៊ុន សែន «ដូចបណ្ឌិត សេង សារី ថា សល់តែមួយទេគឺឆ្លងកាត់ដីថៃចូលមកតែម្ដង។ អាឱ្យយោបល់ហ្នឹងល្អទេតើ! អាហ្នឹងត្រូវ BM21 ទេតើ!។ អញផ្គុំបាញ់រំបល់យក៍តែម្ដងកុំឱ្យរញ៉េរញ៉ៃពេក។មកបណ្ឌិតសេង សារីមកខ្លួនឯងតែម្ដងទៅជូនដំណើរអាក្បត់ជាតិ ៣ជំនាន់ហ្នឹងមកតែម្ដងទៅ»។
នេះជាលើកទី៣ ហើយ ដែលលោក ហ៊ុន សែន គំរាមដោយ បើកចំហបាញ់សម្លាប់មេដឹកនាំ និងអ្នកគាំទ្រគណបក្សប្រឆាំង។ លើកទី១ នៅឆ្នាំ២០១៨ លោកគំរាមបាញ់លើចលនាសង្គ្រោះជាតិ និងទី២ នៅឆ្នាំ២០១៩ លោកគំរាមបាញ់លើលោក សម រង្ស៊ីដែលគ្រោងវិល ចូលប្រទេសកម្ពុជាវិញ។
សារជេរប្រមាថ គំរាមវាយខ្នោះ វាយដោយដំបង វាយដោយគល់ឫស្សី និងការបាញ់សម្លាប់ប្រជា ពលរដ្ឋ ដែលមានគំនិតនយោបាយផ្ទុយពីលោកនោះ គឺលោក ហ៊ុន សែន លើកឡើងជាញឹកញាប់ ដោយគ្មានស្ទាក់ស្ទើរទេ។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ហាក់ញៀននឹងការគំរាមសម្លាប់ដោយមិនញញើតច្បាប់ឡើយ។
កាលពីខែមិថុនា ឆ្នាំ២០១៧ លោក ហ៊ុន សែន ថ្លែងថា ក្នុងករណីចាំបាច់ លោក នឹងបាញ់សម្លាប់ ក្រុមបក្សប្រឆាំង ២០០ ទៅ ៣០០នាក់។ លុះដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ដដែល លោក ហ៊ុន សែន ថ្លែងថា លោកស្ដាយក្រោយ ដែលមិនបានសម្លាប់ពលរដ្ឋតវ៉ាលទ្ធផលការបោះឆ្នោតឆ្នាំ២០១៣។
លោក ហ៊ុន សែន៖ «បើខ្ញុំដឹងរឿងហ្នឹងប្រហែលចុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ គឺពួកនេះងាប់អស់ហើយ។ ថ្ងៃមុនល្ងាចថ្ងៃទី១៥ គេកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្ដាច់ព្រ័ត្ររំលំយើង។ បើខ្ញុំឃើញពីពេលហ្នឹង អ្នកទាំងនេះងាប់តាំងពីពេលហ្នឹង! ពេលនេះជាបុណ្យខ្មោចពួកហ្នឹងទៀត»។
ចំពោះការប្រើកម្លាំងយោធាបាញ់សម្លាប់កម្មករអស់ ៥នាក់ និងរបួសប្រមាណ ៤០នាក់ នៅដើមឆ្នាំ២០១៤ នៅពេលពួកគេតវ៉ាដំឡើងប្រាក់ខែនៅផ្លូវ វេង ស្រេង ក្នុងរាជធានីភ្នំពេញនិងការបង្ក្រាបបាញ់សម្លាប់ពលរដ្ឋផ្សេងៗ ទៀត លោក ហ៊ុន សែន មិនដែលបង្ហាញ សារសោកស្ដាយម្ដងណាទេ។
ការគំរាមសម្លាប់អ្នកប្រឆាំងជាបន្តបន្ទាប់ពីសំណាក់លោក ហ៊ុន សែន នេះ ត្រូវបានអ្នកឃ្លាំមើល ចាត់ទុកថា នេះគឺជាភស្តុតាងយ៉ាងច្បាស់ថា អំពើឃាតកម្មធំៗ កន្លងមក គឺជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន ដោយមិនអាចប្រកែកបាន។ អំពើឃាតកម្មទាំងនោះ រួមមាន ការសម្លាប់ខ្មែររាប់ម៉ឺននាក់ ក្រោមហេតុផល ផែនការ "ក៥" ការសម្លាប់ជនស៊ីវិល និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចរាប់សិបនាក់ក្នុងអំពើរដ្ឋប្រហារដណ្ដើមអំណាចរបស់លោក ហ៊ុន សែន ឆ្នាំ១៩៩៧ និងអំពើបោកគ្រាប់បែកលើហ្វូងបាតុករនៅមុខរដ្ឋសភាចាស់ឆ្នាំ១៩៩៧ រួមទាំងករណីឃាតកម្មលើបុគ្គលល្បី និងអ្នកស្នេហាជាតិជាច្រើននាក់ទៀត ដូចជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងបណ្ឌិត កែម ឡី ជាដើម។
ប្រធានសមាគមខ្មែររដ្ឋ វិចតូរីយ៉ា (Victoria ) នៅប្រទេសអូស្ត្រាលី លោក ជា យូហ៊ន មានការសោកស្ដាយដែលលោកហ៊ុន សែន ជាអ្នកនយោបាយវ័យចាស់មួយរូប ប៉ុន្តែ គ្មានភាពចាស់ទុំក្នុងការធ្វើនយោបាយបែរជាផ្ដោតតែលើហិង្សាបាញ់សម្លាប់ទៅវិញ។
លោក បន្តថា បើករណីគំរាមបាញ់សម្លាប់បែបនេះកើតនៅប្រទេសអូស្ត្រាលីវិញនោះ ប្រជាពលរដ្ឋនិងស្ថាប័នច្បាប់នឹងមានវិធានការភ្លាមៗទោះជាមេដឹកនាំក៏ដោយ។
លោក ជា យូហ័ន៖ «ខ្ញុំជឿថា បើសិនជាហ៊ាននិយាយអ៊ីចឹង គណបក្សប្រឆាំង គេនឹងប្ដឹង ហើយប្រជារាស្ត្រ គេនឹងថ្កោលទោស។ មនុស្សហ្នឹងមិនដឹងជាស្ដីទេ បានជាមកបាញ់គ្នាឯងអ៊ីចឹង ពីព្រោះស្រុកនេះ មិនដែលមានអ៊ីចឹង។ គេមិនអាចអត់ឱនឱ្យបានទេ។ ពិសេស ច្បាប់គេឈរនៅលើប្រឡោះកណ្ដាល មិនមែនច្បាប់នៅតែលើមនុស្សម្នាក់ ឱ្យតែម្នាក់ហ្នឹងឱ្យធ្វើអី ធ្វើតាម។ បើមនុស្សម្នាក់ឱ្យធ្វើអីធ្វើតាម តែងច្បាប់ធ្វើអី? ច្បាប់ហ្នឹង យកទៅក្រវ៉ាត់ចោលទៅ!»។
រីឯអ្នកផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានា លោក ស្រ៊ុន ស្រ៊ន មានប្រសាសន៍ថា តាមការកំណត់របស់ច្បាប់ការគំរាម សម្លាប់គឺជា បទឧក្រិដ្ឋដែលត្រូវមានទោស។
លោក ស្រ៊ុន ស្រ៊ន៖ «ការគំរាមសម្លាប់ជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយបើបានថា បើយើងជាពលរដ្ឋដូចគ្នា ក៏នៅតែជាបទឧក្រិដ្ឋដែរ ព្រោះនេះជាការគំរាមសម្លាប់។ បើមានឋានៈជាអ្នកដឹកនាំប្រទេសនោះ វាជាការប្រព្រឹត្តិ ឬជាការគំរាមកំហែងក្នុងការប្រព្រឹត្តិឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ អ៊ីចឹង វាជាជំងឺមួយដែលអាក្រក់បំផុតសម្រាប់ប្រទេសជាតិយើង នៅពេលដែលមនុស្សមានវិវាទអត់ទៅរកច្បាប់ទេ បែរបបួលគ្នាទៅជាប្រើហិង្សា ឬក៏ប្រើការគំរាមកំហែង ឬក៏ញុះញង់»។
លោក ស្រ៊ុន ស្រ៊ន បារម្ភថា បើមេដឹកនាំ និងជាអ្នកនយោបាយជាន់ខ្ពស់បន្ត ប្រើសារហិង្សារបៀបនេះ នឹងអាចជាគំរូដល់អ្នកនយោបាយជំនាន់ក្រោយធ្វើតាម ហើយសង្គមមិនអាចមាន ការផ្ទេរ អំណាចដោយសន្តិវិធីទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីសុំការអត្ថាធិប្បាយជុំវិញ បញ្ហានេះបានទេ នៅថ្ងៃទី២ ខែមិថុនា។
មាត្រា ៣២ នៃរដ្ឋធម្មនុញ្ញចែងថា ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ។ ចំណែកមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌចែងថា ការគំរាមកំហែងថា នឹងសម្លាប់ បើការគំរាមកំហែងនេះ ធ្វើឡើងម្ដងហើយម្ដងទៀត សម្ដែងតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លាន ទៅ ៤លានរៀល។ ចំពោះលោក ហ៊ុន សែន វិញ ទាំងការគំរាមវាយដំដោយដំបង វាយដោយគល់ឫស្សី និងការបាញ់សម្លាប់ជាដើមនោះ លោកមិនបានផ្ដោតលើអ្នកនោះមានទោស ឬអត់? ឬលោកមិនបានផ្តល់សិទ្ធិ ឬឱ្យតម្លៃទៅស្ថាប័ន តុលាការជាសម្រេចនោះទេ។
លោក ហ៊ុន សែន ជាអតីតមេដឹកនាំខ្មែរក្រហម១រូប ជាប់ទាក់ទងការសម្លាប់ ពលរដ្ឋខ្មែររាប់លាននាក់ ដែលលោក នួន ជា និងលោក ខៀវ សំផន ធ្លាប់ទាមទារឱ្យសាលាក្ដីខ្មែរក្រហមកោះហៅលោក ហ៊ុន សែន ឱ្យចូលផ្តល់ចម្លើយក្នុងតុលាការនេះ ដោយថា ពួកគេទាំង ២នាក់ទទួលខុសត្រូវតិចជាងលោក ហ៊ុន សែន។
ទោះជាយ៉ាងណាក្ដី មេបក្សប្រឆាំង និងអ្នកឃ្លាំមើល ធ្លាប់លើកឡើងជារឿយៗ ថា ប្រសិនបើលោក ហ៊ុន សែន អស់អំណាចទៅបុរសខ្លាំងរូបនេះ នឹងត្រូវបានតុលាការនាំខ្លួនមកកាត់ទោស ពីបទឧក្រិដ្ឋជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។