អ្នកឃ្លាំមើលថា តុលាការព្យាយាមសួរសំនួរដាក់បន្ទុកលោក កឹម សុខា ពាក់ព័ន្ធបញ្ហាបោះឆ្នោត
2022.04.27

មន្រ្តីសិទ្ធិមនុស្សដែលឃ្លាំមើលសវនាការលោក កឹម សុខា សង្កេតឃើញថា សំនួររបស់តុលាការភាគច្រើនជាសំនួរដាក់បន្ទុកលើប្រធានគណបក្សប្រឆាំងលោក កឹម សុខា និងមានបំណងទាញលោក កឹម សុខា ឲ្យពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោតកាលពីឆ្នាំ២០១៣។ ស្រដៀងគ្នានេះដែរ មេធាវីការពារក្ដីលោក កឹម សុខា លើកឡើងដែរថា សវនាការនេះ មិនមានភាពជឿនលឿនទៅមុខនោះទេ ព្រោះតុលាការព្យាយាមសួរសំនួរមិនពាក់ព័ន្ធនឹងអង្គហេតុនៃការចោទប្រកាន់លោក កឹម សុខា។
សវនាការលើកទី៣៨ នៅថ្ងៃទី២៧ ខែមេសា ក៏មិនខុសពីសវនាការលើកមុនៗ ដែរ ដោយតុលាការបានព្យាយាមសួរលោក កឹម សុខា ទាក់ទងបច្ចេកទេសនៃការបោះឆ្នោត។ ទោះលោក កឹម សុខា បានប្រាប់ទៅតុលាការថា លោកចាំមិនអស់ទាក់ទង បញ្ហាបច្ចេកទេសទាំងនោះក្ដី ប៉ុន្តែតុលាការនៅតែទាមទារឱ្យលោកពន្យល់លំអិត ពីការិយាល័យបោះឆ្នោតដែលមេបក្សប្រឆាំងរូបនេះបានទៅបោះឆ្នោតកាលពីឆ្នាំ២០១៣ រឿងបច្ចេកទេសនៃការបោះឆ្នោត និងលទ្ធផលនៃបោះឆ្នោតឆ្នាំ២០១៣ជាដើម។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ដែលបានចូលឃ្លាំមើលសវនាការនេះយល់ថា បើតុលាការនៅតែព្យាយាមសួរលំអិតពីបច្ចេកទេសនៃការបោះឆ្នោតបែបនេះ នឹងធ្វើឲ្យសវនាការកាន់តែអូសបន្លាយយូរថែមទៀត ដែលធ្វើឲ្យប៉ះពាល់សិទ្ធិរបស់លោក កឹម សុខា។ លោក នី សុខា លើកឡើងទៀតថា តុលាការចោទប្រកាន់លោក កឹម សុខា ពាក់ព័ន្ធការឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល ប៉ុន្តែតុលាការបែរជាចោទសួរលោក កឹម សុខា ពាក់ព័ន្ធបញ្ហាការបោះឆ្នោតបែបនេះ ហាក់មិនត្រឹមត្រូវនោះទេ៖ «សំនួរហ្នឹងមកសួរក្នុងដំណើរការបញ្ហាពាក់ព័ន្ធសន្ធិភាពជាមួយបរទេសឯណេះវិញហាក់បីដូចចាកឆ្ងាយបន្តិចពីដំណើរ មិនខុសទេ ប៉ុន្តែឆ្ងាយពីការចោទប្រកាន់»។
លោក នី សុខា សង្កេតឃើញទៀតថា ការដែលតុលាការព្យាយាមលើកឡើង ពីភាពមិនប្រក្រតីនៃការបោះឆ្នោតបែបនេះ ប្រសិនភាគីលោក កឹម សុខា គ្មានអំណះអំណាង ឬមិនមានភស្តុតាង បញ្ជាក់ថា ដំណើរបោះឆ្នោតមិនប្រក្រតី ឬមិនយុត្តិធម៌នោះទេ តុលាការអាចនឹងចោទប្រកាន់ថា ធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ ជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣។ លោកបន្តទៀតថា មេធាវី រដ្ឋាភិបាល ក៏បានលើកឡើងដែរថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅពេលនោះ គឺជាការកៀរគរធ្វើបដិវត្តពណ៌។ ទោះយ៉ាងណាលោកថា រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានចរចាផ្នែកនយោបាយតាមរយៈវប្បធម៌សន្ទនា កាលពីឆ្នាំ២០១៤ រួចហើយ ដូច្នេះតុលាការមិនគួរ កកាយរឿងមកដេញដោលទៀតទេ៖ «បើសិនគណបក្សសង្គ្រោះជាតិ មិនមានភស្តុតាង មិនមានបណ្ដឹងជាហូរហែអីទេ ហើយមិនមានអីដែលរកឃើញដំណើរការហ្នឹងមិនមានភាពប្រក្រតី មិនយុត្តិធម៌កន្លែងណាទេ នោះគេ (តុលាការ) ចង់លើកការធ្វើបាតុកម្មដើម្បីអី?»។
ការដេញដោលគ្នាក្នុងសវនាការលើលោក កឹម សុខា លើកនេះ មិនបានលើកឡើងពីការកោះហៅតំណាងរដ្ឋបរទេសដែលពាក់ព័ន្ធសំណុំរឿងនេះមកឆ្លើយបំភ្លឺនៅតុលាការនៅឡើយទេ បើទោះជាកាលពីក្នុងសវនាការសប្ដាហ៍មុនៗ ក្រុមមេធាវីលោក កឹម សុខា ស្នើតុលាការកោះហៅតំណាងរដ្ឋបរទេសមកឆ្លើយបំភ្លឺក្ដី។
សវនាការ នេះ មានការឃ្លាំមើលពីតំណាងស្ថានទូតសហរដ្ឋអាមេរិក តំណាងសហភាពអឺរ៉ុប និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រៅពីនេះក៏មានតំណាងអង្គការសង្គមស៊ីវិលក្នុងស្រុក និងអ្នកសារព័ត៌មានចូលស្ដាប់ផងដែរ។ នៅក្រៅរបងតុលាការឯណោះវិញ អ្នកគាំទ្រលោក កឹម សុខា ប្រមាណ៣០នាក់មកឃ្លាំមើលតុលាការស្ថិតក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងពីកម្លាំងប្រដាប់អាវុធដែលត្រូវបានដាក់ពង្រាយជុំវិញបរិវេណតុលាការ។
សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោកមេធាវី ចាន់ ចេន ឲ្យអ្នកសារព័ត៌មានដឹងពេលចប់សវនាការថា សវនាការពេញមួយព្រឹកនេះ សំនួររបស់តុលាការភាគច្រើនជាសំនួរក្រៅអង្គហេតុ។ លោកបន្តថា បើតុលាការបន្តដឹកនាំសវនាការដែលប្រាសចាកឆ្ងាយពីបទចោទដូច្នេះ គឺធ្វើឲ្យរំខានចិត្ត និងដាក់សម្ពាធលើលោក កឹម សុខា៖ «បទចោទប្រកាន់កូនក្ដីយើងខ្ញុំគឺបទសន្ធិភាពជាមួយបរទេស លើកជាសំនួរដែលទាក់ទងកូនក្ដីយើងតាំងពីសវនាការលើកទី៣៧ និងសវនាការទី៣៨នៅពេលនេះយើងឃើញថា ភាគច្រើនជាសំនួរទាក់ទងបច្ចេកទេសនិងនិងទម្រង់នានានៃគ.ជ.ប»។
ទាក់ទងសវនាការលោក កឹម សុខា នៅសប្ដាហ៍ក្រោយនេះ មិនទាន់កំណត់ថ្ងៃច្បាស់លាស់ទេ ដោយតុលាការប្រកាសឲ្យបន្តនៅថ្ងៃពុធ ទី៤ ខែឧសភា ប៉ុន្តែ មេធាវីរបស់រដ្ឋាភិបាលដែលជាភាគីដើមបណ្ដឹង ស្នើសុំឲ្យកាត់ក្ដីទៅថ្ងៃទី៦ ខែឧសភាវិញ ព្រោះពួកគេអះអាងថា ពួកគេមានភារៈផ្ទាល់ខ្លួន នៅថ្ងៃទី៤ ខែឧសភា ដោយឡែកមេធាវីលោក កឹម សុខា ប្រាប់ថា ពួកគេក៏មានការរវល់នៅថ្ងៃទី៦ ឧសភាដែរ ហើយនៅពេលក្រុមមេធាវីនៃភាគីទាំងសងខាងរវល់ដូចគ្នាបែបនេះតុលាការមិនទាន់ឆ្លើយតប ដាក់ថ្ងៃសវនាការជាក់លាក់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។