សហមេធាវីបានប្ដឹងទាស់ដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជូន សំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅជំនុំជម្រះនោះ ថា ជារឿងអយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្វាគមន៍បណ្ដឹងនេះ នៅចំពោះមុខតុលាការ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា សាលាដំបូងរាជធានីភ្នំពេញ នឹងចេញដីកាសម្រេចមួយទៀត កំណត់ថ្ងៃបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយបរទេស។
លោក ជិន ម៉ាលីន មានប្រសាសន៍កាលពីយប់ថ្ងៃទី៤ ធ្នូ ថា ការប្ដឹងទាស់ទៅសាលាឧទ្ធរណ៍របស់សហមេធាវីលោក កឹម សុខា ទៅលើដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរកាលពីថ្ងៃទី២ ធ្នូ បញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជម្រះនោះ គឺជាសិទ្ធិរបស់សហមេធាវី៖ «ចៅក្រមស៊ើបសួរបានបិទសំណុំរឿងស៊ើបសួរ និងចេញដីកាទៅជម្រះ ហើយបន្ទាប់នឹងមានដីកាកំណត់កាលបរិច្ឆេទដើម្បីជំនុំជម្រះ ហើយសហមេធាវីមានសិទ្ធិប្ដឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍នឹងពិនិត្យផ្លូវច្បាប់អំពីបណ្ដឹងនោះ»។
សហមេធាវីលោក កឹម សុខា គឺលោក មេធាវី ផែង ពន្យល់ថា មូលហេតុដែលក្រុមមេធាវីដាក់ពាក្យប្ដឹងជំទាស់ដីកាបញ្ជូនសំណុំរឿង លោក កឹម សុខា យកទៅជំនុំជម្រះនោះ ដោយសារតែការសម្រេចរបស់ចៅក្រមស៊ើបសួរ មានភាពមិនប្រក្រតីបីចំណុចសំខាន់គឺ ទី១ ដីកាដំណោះស្រាយបញ្ជូនទៅជំនុំជម្រះ កាលពីថ្ងៃទី២ ធ្នូនោះ គឺចៅក្រុមស៊ើបសួរ នៅតែរក្សាទុកជនត្រូវចោទ (លោក កឹម សុខា) ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ដែលប្រការនេះ ផ្ទុយទៅនិងនីតិវិធីក្រមព្រហ្មទណ្ឌមាត្រា២៦៧ ទី២ ចៅក្រមស៊ើបសួរនៅមិនទាន់ធ្វើការសម្រេចទៅលើពាក្យស្នើសុំរបស់សហមេធាវី ដែលស្នើសុំឱ្យទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ចុះថ្ងៃទី៧ វិច្ឆិកាកន្លងទៅ និងមិនបានធ្វើការស៊ើបអង្កេតឱ្យបានពេញលេញចំពោះភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងនីតិវិធីច្បាប់ជាធរមានដែលបានបញ្ញត្តិថា ចៅក្រមស៊ើបសួរ មានកាតព្វកិច្ចស៊ើបទាំងដោះបន្ទុក និងដាក់បន្ទុក មុននឹងចេញដីកាដំណោះស្រាយបញ្ជូនទៅជម្រះ។ និងទី៣ ចៅក្រមស៊ើបសួរមកទល់ពេលនេះ ក៏មិនទាន់បង្ហាញថា ការចោទប្រកាន់លោក កឹម សុខា ពីបទ សន្ទិដ្ឋិភាពឬត្រូវរ៉ូវជាមួយបរទេសនោះ តើត្រូវរ៉ូវជាមួយបរទេសណាមួយនៅឡើយ៖ «ធម្មតានៅពេលចេញដីកាដោះស្រាយគាត់ត្រូវលុបបម្រាមទាំងឡាយ អីចឹងចៅក្រមមិនបានលុប យើងមានសិទ្ធិប្ដឹងឧទ្ធរណ៍ ជំទាស់ដីកាសម្រេចហ្នឹង»។
លោក ជិន ម៉ាលីន មិនបានឆ្លើយតបចំពោះសំនួរដែលថា ហេតុអ្វីបានចៅក្រមបញ្ជូនសំណុំរឿងទៅជម្រះ ទាំងចៅក្រមមិនទាន់បង្ហាញថា ការចោទប្រកាន់លោក កឹម សុខា ត្រូវរ៉ូវជាមួយបរទេសនោះ ថាតើបរទេសឬរដ្ឋាភិបាលប្រទេសណាមួយនោះឡើយ។ លោក ជិន ម៉ាលីន ក៏មិនបានធ្វើអត្ថាធិប្បាយចំពោះ ការលើកឡើងសហមេធាវីលោក កឹម សុខា ចំពោះការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះហើយមានភាពមិនប្រក្រតីទាំងបីចំណុចនេះដែរ។
សាលាដំបូងរាជធានីភ្នំពេញប្រកាស កាលពីថ្ងៃទី២ ធ្នូ ថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ បានសម្រេចបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះ ពីបទ សន្ទិដ្ឋិភាព ដើម្បីផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែ មិនបានកំណត់ថ្ងៃដែលត្រូវជំនុំជម្រះនោះទេ។ មកទល់ពេលនេះ លោកមេធាវី ផែង ហេង បញ្ជាក់ថា ខាងសហមេធាវីក៏មិនទាន់ដឹងថ្ងៃកំណត់ជំនុំជម្រះនៅឡើយ ហើយថា តើចៅក្រមណាជាអ្នកកាន់សំណុំរឿងនេះបន្តទៀតដែរ៖ «បញ្ហានីតិវិធីនៅពេលគាត់បញ្ជូនទៅប្រធានតុលាការ ហើយប្រធានតុលាការនឹងចាត់តាំងចៅក្រមជំនុំជម្រះ តែមកទល់ពេលនេះ យើងមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទង ចៅក្រមស៊ើបសួរ លោក គី ឫទ្ធី ជាច្រើនលើកនៅថ្ងៃទី៤ ធ្នូ ដើម្បីសុំការពន្យល់បន្ថែម អំពីការបញ្ជូនសំណុំរឿង លោក កឹម សុខាទៅជំនុំជម្រះនេះបន្ថែម ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក គឹម សុខ ដែលតែងរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់ ហើយបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស លើកឡើងថា ចៅក្រមប្រកាសយកសំណុំរឿងលោក កឹម សុខា យកទៅជំនុំជម្រះ ដោយពុំប្រាប់ពីកាលបរិច្ឆេទនៅឡើយនេះ ជាការបិទបាំង ដើម្បីមិនឱ្យអ្នកគាំទ្រទៅគាំទ្រនៅថ្ងៃជំនុំជម្រះផង និងជារឿងនយោបាយផង មិនមែនជារឿងដើម្បីស្វែងរកយុត្តិធម៌ជូនមេបក្សប្រឆាំងពិតប្រាកដឡើយ៖ «បើកាលណាពុំមាន អង្គការសង្គមស៊ីវិលផ្សេងៗទៅចូលរួមឃ្លាំមើលហើយ ជារឿងអាថ៌កំបាំងលើរឿងក្ដីនេះ ហើយការយកទៅជម្រះនេះ របបលោក ហ៊ុន សែន កំពុងចង់ដោះខ្លួនចេញពីគំនាបអន្តរជាតិ»។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា កាលពីថ្ងៃទី១៥ វិច្ឆិកា ក្រោយចំណាយពេលស៊ើបអង្កេតអស់ជាង ២ឆ្នាំ។ មេធាវីលោក កឹម សុខា លោក ផែង ហេង ធ្លាប់អះអាងថា ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ តុលាការត្រូវតែទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា។
ការបិទបញ្ចប់នីតិវិធីស៊ើបអង្កេតនេះ ធ្វើឡើងរយៈពេល ៥ថ្ងៃ ក្រោយពេលតុលាការបានអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពដើរហើរពេញផ្ទៃប្រទេស ប៉ុន្តែហាមធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបចំពោះការកោះហៅពីគ្រប់សមត្ថកិច្ច។ វិធានការនេះក៏ធ្វើឡើងនៅក្រោយពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានទទូចឱ្យតុលាការបិទការស៊ើបសួរឱ្យបានឆាប់ ឬក៏ទម្លាក់ចោលការចោទប្រកាន់ទាំងឡាយលើលោក កឹម សុខា។
ក្រៅពីនេះ រដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស សហភាពអឺរ៉ុប ជាដើម សុទ្ធតែចង់ឃើញរដ្ឋាភិបាលកម្ពុជាលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា ព្រមទាំងផ្ដល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដល់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះវិញ។ ក្រោយពីតុលាការបន្ធូរការរិតត្បិតសិទ្ធិសេរីភាពលោក កឹម សុខា នេះ អង្គទូតនានាបានទៅជួបសួរសុខទុក្ខ លោក កឹម សុខា បានបណ្ដាក់វេនគ្នា នៅគេហដ្ឋានរបស់លោក ជាបន្តបន្ទាប់។
លោក មេធាវី ផែង ហេង រំពឹងថា សាលាឧទ្ធរណ៍ នឹងជួយរកយុត្តិធម៌ជូនកូនក្ដីរបស់លោក គឺលោក កឹម សុខា ចំពោះដីកាដំណោះស្រាយ ដែលចៅក្រមស៊ើបសួរ បញ្ជូនទៅជំនុំជម្រះទាំងភាពអយុត្តិធម៌នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។