មេធាវី​ជាតិ និង​អន្តរជាតិ ទាមទារ​សាលក្រម​គ្មាន​ទោស​សម្រាប់​លោក កឹម សុខា

0:00 / 0:00

តាម​ការ​គ្រោង​ទុក តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង «ក្បត់ជាតិ» ​របស់​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃសុក្រ​ស្អែក​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៧ បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​យប់​ដោយ​ចោទ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​បរទេស ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ ប៉ុន្តែក្នុងដំណើរនីតិវិធីជម្រះក្ដី ៥ឆ្នាំកន្លងមកនេះ តុលាការ និង​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​ណា​មួយ​មក​សាកសួរ​ឡើយ។

មេធាវី​របស់​លោក កឹម សុខា និង​អ្នក​សង្កេតការណ៍​ថា គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ ពួក​គេ​ទាមទារ​ឱ្យ​តុលាការ​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​លោក កឹម សុខា វិញ។

ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹង​ពី​ជោគវាសនា​អនាគត​របស់​លោក តាម​រយៈ​សេចក្ដី​ប្រកាស​សាលក្រម​តុលាការ​ក្រុងភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោយ​ពី​លោក​ទន្ទឹង​រង់ចាំ​រយៈ​ពេល​ជាង ៥ឆ្នាំ​មក។

ពិបាក​ទស្សន៍ទាយ

ទោះ​ជា​យ៉ាង​ណា គេ​ពិបាក​ប៉ាន់ស្មាន​ថា តើ​សាលក្រម​នោះ​នឹង​ចេញ​បែប​ណា។ នោះ​ក៏​ដោយសារ​តែ​សំណុំរឿង​ដ៏​រសើប​មួយ​នេះ រង​ការ​ជ្រៀតជ្រែក​ពី​សម្ពាធ​នយោបាយ។ សូម្បី​តែ​ក្រុម​មេធាវី​របស់​លោក កឹម សុខា ក៏​មិន​អាច​ប៉ាន់ស្មាន​ថា តើ​លទ្ធផល​សាលក្រម​នឹង​ចេញ​បែប​ណា​នោះ​ទេ។

ទោះ​បែប​នេះ​ក្ដី សហមេធាវី​ការពារក្ដី​ឱ្យ​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ មីនា​ថា ផ្អែក​តាម​អង្គហេតុ និង​អង្គ​ច្បាប់ កូន​ក្ដី​របស់​អ្នកស្រី​មិន​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

អ្នកស្រី ម៉េង សុភារី៖«នាង​ខ្ញុំ​អត់​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ​ថា សេចក្ដី​សម្រេច​របស់​តុលាការ​មាន​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន ចំពោះ​កូន​ក្ដី​របស់​នាង​ខ្ញុំ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​និយាយ និង​ចង់​បង្ហាញ គឺ​បាន​បង្ហាញ​អស់​ហើយ នៅ​ក្នុង​សវនាការ​កន្លង​ទៅ​ចាស។ យើង​បាន​លើក​ទឡ្ហីករណ៍​ជា​ច្រើន ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ចោទ​ប្រកាន់​មក​លើ​កូន​ក្ដី​យើង​ខ្ញុំ គឺ​អត់​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់ ឬ​ដាក់​បន្ទុក​មក​លើ​កូន​ក្ដី​យើង​ខ្ញុំ​ទេ»។

ជាប់ពន្ធនាគារលើកទី២

កាល​ពី​យប់​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ២០១៧ មន្ត្រី​នគរបាល​ប្រមាណ ១០០នាក់ ប្រដាប់​ដោយ​អាវុធ​បាន​សម្រុក​ចូល​ផ្ទះ​លោក កឹម សុខា ហើយ​ចាប់​លោក​បញ្ជូន​ទៅ​ឃុំ​នៅ​គុក​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ បន្ទាប់មក តុលាការ​ក្រុង​ភ្នំពេញ​ចោទ​លោក កឹម សុខា ថា បាន​ឃុបឃិត​ជា​មួយ​សហរដ្ឋ​អាមេរិក ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ជា​បទ​ចោទ​ធ្ងន់ធ្ងរ​មួយ ដែល​លោក កឹម សុខា តែងតែ​បដិសេធ និង​ដែល​សហគមន៍​អន្តរជាតិ​អស់​សំណើច។

ព្រះរាជអាជ្ញា​បាន​លើក​យក​សេចក្ដីថ្លែងការណ៍​មួយ នៅ​ប្រទេស​អូស្ត្រាលី​របស់​លោក កឹម សុខា កាល​ពី​ឆ្នាំ២០១៣ នៅ​ពេល​លោក​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​ខ្លួន មក​ធ្វើ​ជា​មូលដ្ឋាន​ចោទ​ប្រកាន់​ពី​ទោស​ក្បត់​ជាតិ។

ក្រោយ​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្បែរ​ព្រំដែន​វៀតណាម​អស់​រយៈ​ពេល​ជាង ១ឆ្នាំ​មក លោក កឹម សុខា ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់​លោក​នៅ​ទីក្រុង​​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០១៨។ ជាង​មួយ​ឆ្នាំ​បន្ទាប់​មក គឺ​ថ្ងៃ​ទី១០ វិច្ឆិកា ឆ្នាំ២០១៩ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា ​អាច​ចេញ​ដើរ​ហើរ​បាន​នៅ​ក្នុង​ប្រទេស តែ​ហាម​ធ្វើ​នយោបាយ។

អ្នក​សង្កេតការណ៍​ច្បាប់៖ អយុត្តិធម៌

អតីត​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាមស៍ (Brad Adams) ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា វា​ជា​រឿង​ដ៏​អយុត្តិធម៌​សម្រាប់​លោក កឹម សុខា ដែល​លោក​បាត់បង់​សេរីភាព​អស់​រយៈ​ពេល​ជាង ៥ឆ្នាំ ហើយ​មក​ទល់​ពេល​នេះ ហើយ​គណបក្ស​របស់​គាត់ ក៏​ត្រូវ​បាន​រម្លាយ ចំណែក​ប្រជាពលរដ្ឋ​ក៏​បាត់បង់​ឱកាស​បោះ​ឆ្នោត​ឱ្យ​គណបក្ស ដែល​គាត់​ដឹកនាំ​នោះ​ដែរ។

លោក ប៊្រែដ អាដាមស៍៖«ការ​បាត់បង់​ទាំង​អស់​នេះ គឺ​ដោយសារ​តែ​សំណុំរឿង​ចោទ​ប្រកាន់​បែប​ក្លែងក្លាយ​ទៅ​លើ​គាត់។ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​រក​ភស្តុតាង​នៃ​បទ​ឧក្រិដ្ឋ​មក​ចោទ​ប្រកាន់​លោក កឹម សុខា​ បាន​ទេ ពួក​គេ​ក៏​បាន​ទៅ​រើស​យក​ឃ្លិប​វីដេអូ​ចាស់​មួយ ដែល​លោក កឹម សុខា ថ្លែង អំពាវនាវ​រក​ការ​គាំទ្រ​ឱ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មក​ចោទ​ប្រកាន់​គាត់​ទៅ​វិញ​ថា នោះ​ឧក្រិដ្ឋកម្ម»។

ចំណែក​អ្នក​តាម​ដាន​ការ​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ស្រុក​វិញ វាយ​តម្លៃ​ថា ការ​ជំនុំជម្រះ​លោក កឹម សុខា កន្លង​មក មិន​បាន​គោរព​តាម​នីតិវិធី​ត្រឹមត្រូវ​ឡើយ។

អ្នក​វិភាគ​ចាស់​វស្សា​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា លោក កឹម សុខា មិន​ទទួល​បាន​ការ​ជំនុំជម្រះ​មួយ ដែល​យុត្តិធម៌​ឡើយ។

បណ្ឌិត ឡៅ ម៉ុងហៃ៖«រឿង​ពន្យឺត​ពន្យារ​នីតិវិធី​ជំនុំជម្រះ​ក្ដី​ហ្នឹង មួយ​អាទិត្យ​ម្ដង មួយ​អាទិត្យ​ម្ដង ចេះ​តែ​បណ្ដែតៗ ទៅ​ហ្នឹង គឺ​វា​អយុត្តិធម៌​ណាស់។ ចាប់​តាំង​ពី​ការ​ចាប់​ទៅ​ឃុំឃាំង ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ មក​ដាក់​ក្នុង​ឃុំ​វិញ​នៅ​ក្នុង​ផ្ទះ មាន​លក្ខខណ្ឌ​អី​ហ្នឹង​ដូច​ជាប់​ពន្ធនាគារ​អ៊ីចឹង វា​អយុត្តិធម៌»។

លោក​បន្ថែម​ថា ចំណុច​មិន​ប្រក្រតី​នៃ​ទិដ្ឋភាព​ច្បាប់​មួយ​ទៀត គឺ​ការ​ដែល​តុលាការ​មិន​ដែល​កោះហៅ​បរទេស​ណា​មក​បំភ្លឺ ខណៈ​តុលាការ​ចោទ​លោក កឹម សុខា ឃុបឃិត ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​បរទេស​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ។

បណ្ឌិត ឡៅ ម៉ុងហៃ៖«បទ​ចោទ​ប្រកាន់​ហ្នឹង​វា​មាន​ពាក់ព័ន្ធ​នឹង​ជន​បរទេស តើ​មាន​ជន​បរទេស​ណា​ត្រូវ​បាន​កោះហៅ​ទេ ដើម្បី​យក​មក​ធ្វើ​សាក្សី ឬ​ចោទ​ប្រកាន់​ជា​សហចារី គឺ​អត់​មាន​កោះហៅ តាម​ខ្ញុំ​ដឹង»។

បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​បន្ត​ថា សំណុំរឿង​លោក កឹម សុខា នេះ ក៏​រង​ឥទ្ធិពល​នយោបាយ ជាពិសេស ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​របស់​ជាតិ។

បណ្ឌិត ឡៅ ម៉ុងហៃ៖«តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី សំណុំរឿង​នេះ​នឹង​កាត់​ក្ដី​នៅ​ឆ្នាំ២០២៣ ឬ​ឆ្នាំ២០២៤។ អ៊ីចឹង​វា បង្ហាញ​ពី​តុលាការ​ថា អា​ហ្នឹង​ជាក់​ច្បាស់​ជា​រឿង​នយោបាយ អ្នក​នយោបាយ​ជ្រៀតជ្រែក»។

ប្រវត្តិនយោបាយសង្ខេប និងការជាប់ពន្ធនាគារលើកទី១

លោក កឹម សុខា ដែល​ពេល​នេះ​មាន​វ័យ ៧០ឆ្នាំ ធ្លាប់​ជាប់​ឆ្នោតធ្វើ​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ សេរី​និយម​ព្រះពុទ្ធ​សាសនា​របស់​លោក តា សឺនសាន នៅ​ឆ្នាំ១៩៩៣។ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សនេះបែកបាក់គ្នារហូតឈានដល់ការរំលាយចោលនៅឆ្នាំ១៩៩៧ លោក កឹម សុខា ក៏​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ធ្វើ​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំ១៩៩៩។ នៅឆ្នាំ២០០១ លោក​បាន​លាលែង​ពី​ហ៊្វុនស៊ិនប៉ិច។ នៅឆ្នាំ២០០២ លោក​បាន​ចាកចេញ​ពី​ជីវភាព​នយោបាយ ទៅ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៥ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​គុក​ព្រៃ​ស​ពី​បទ​បរិហារកេរ្តិ៍​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ធ្វើ​ឡើង​បន្ទាប់​ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​របស់​លោក ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស ១០ធ្នូ នៅ​ពហុ​កីឡាដ្ឋាន​អូឡាំពិក ដែល​នៅ​ក្នុង​ទិវា​នោះ​មាន​អ្នក​លប​សរសេរ​ខំមិន​នៅ​លើ​ផ្ទាំង​បដា​អប់រំ​សិទ្ធិមនុស្ស​ថា៖ «របប​ក្បត់​ជាតិ លក់​ទឹក​ដី​ឱ្យ​វៀតណាម»។

ប្រមាណជាង ២សប្ដាហ៍ក្រោយការចាប់ខ្លួន រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ដោះ​លែង​លោក កឹម សុខា ពី​ពន្ធនាគារ​ព្រៃ​ស​វិញ​ជា​កាដូ​ជូន​ដល់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក គ្រិស្តូហ្វើ ហ៊ិល (Christopher Hill) ដែល​មក​ធ្វើ​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ស្ថានទូត​អាមេរិក ដែល​ទើប​សាងសង់​ថ្មី នៅ​ទីក្រុង​ភ្នំពេញ។

បក្សសិទ្ធិមនុស្ស+បក្សសម រង្សី = បក្សសង្រ្គោះជាតិ

លោកកឹម សុខា បានលាចេញពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០០៧ ទៅបង្កើតគណបក្សសិទ្ធិមនុស្ស ហើយបន្ទាប់មកនៅឆ្នាំ២០១២ បក្សរបស់លោកបានបញ្ចូលគ្នាជាមួយគណបក្សសមរង្សី របស់លោក សម រង្សី បង្កើតបានជាគណបក្សថ្មីសន្លាងមួយ ឈ្មោះថា គណបក្សសង្រ្គោះជាតិ។ លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ បានឈ្នះឆ្នោតប្រដំប្រសងគ្នាជាមួយគណបក្សកាន់អំណាច គឺបក្សសង្រ្គោះជាតិបានទទួលអាសនៈសភា ៥៥អាសនៈ បក្សប្រជាជនកម្ពុជាបានទទួល ៦៨អាសនៈ។ លទ្ធផលនេះ បង្កការភ័យខ្លាចដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលដែលមានប្រធាន និងថ្នាក់ដឹកនាំមួយចំនួនទៀតជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានោះ បានចេញសាលក្រមរម្លាយគណបក្សសង្រ្គោះជាតិ ដែលទើបមានអាយុបានប្រមាណ ៥ឆ្នាំ។ ការរម្លាយនេះ គឺធ្វើឡើងក្រោយការចាប់លោក កឹម សុខា បានជាង ២ខែ។

សហមេធាវីរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បញ្ជាក់ប្រាប់អាស៊ីសេរីថា លោក កឹម សុខា នឹងទៅចូលរួមស្ដាប់ការប្រកាសសាលក្រមរបស់លោកនៅថ្ងៃសុក្រ ទី៣ ខែមីនា នេះ។

លទ្ធផលសាលក្រមចេញច្រកណា

លោកប៊្រេដ អាដាមស៍ មិនរំពឹងថា តុលាការក្រុងភ្នំពេញនឹងឱ្យលោក កឹម សុខា​ រួចទោសទាំងស្រុងទេ។ បើគិតពីសេណារីយ៉ូបែបល្អ លោកព្យាការណ៍ថា តុលាការនឹងចេញសាលក្រមប្រកាសថា លោក កឹម សុខា មានទោសក្នុងកម្រិតណាមួយ ហើយឱ្យគាត់រស់នៅក្រៅឃុំ។

លោក ប្រ៊ែដ អាដាមស៍៖«ក៏ប៉ុន្តែនឹងហាមគាត់មិ​នឱ្យគាត់ធ្វើនយោបាយ ពីព្រោះលោក ហ៊ុន សែន ភ័យខ្លាចណាស់នូវការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌។ លោក ហ៊ុន សែន ភ័យខ្លាចអ្នកនយោបាយជើងចាស់ ដូចជា លោក កឹម សុខា លោក សម រង្សី និងលោក សុន ឆ័យ ជាដើម ព្រមទាំងមន្រ្តីនៃបក្សប្រឆាំងដទៃទៀត ដែលមានប្រជាប្រិយច្រើនជាងគាត់។ ខ្ញុំគិតថា លោក ហ៊ុន សែន នឹងមិនអនុញ្ញាតឱ្យលោក កឹម សុខា ដឹកនាំបក្សប្រឆាំងទៀតទេ។

បើ​គិត​ពី​សេណារីយ៉ូ​បែប​អាក្រក់​វិញ លោក​ថា លោក ហ៊ុន សែន នឹង​ដាក់​លោក កឹម សុខា ក្នុង​គុក​វិញ ពីព្រោះ​តាម​ការ​បង្ហាញ​កន្លង​មក លោក ហ៊ុន សែន មិន​ខ្លាច​រអា​ក្នុង​ការ​ប្រើប្រាស់​បទ​ចោទ​ប្រកាន់​ក្លែងក្លាយ ដើម្បី​ចាប់​ក្រុម​ប្រឆាំង​ដាក់​គុក​ច្រវាក់​នោះ ហើយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច លោក ហ៊ុន សែន ប្រហែល​ជា​គិតគូរ​ផ្ដល់​ការ​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា ប៉ុន្តែ​ដល់​ពេល​នោះ គឺ​លោក ហ៊ុន សែ នឹង​កាន់​អំណាច ៥ឆ្នាំ​ទៅ​មុខ​ទៀត​ហើយ»។

ចំពោះ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ ថ្ងៃ​សុក្រ ទី៣ ខែមិនា ឆ្នាំ២០២៣ នេះ លោក ប៊្រេដ អាដាមស៍ ថា កឹម សុខា គួរតែ​ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ទោសពៃរ៍​អ្វី​ឡើយ ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ស្អី​ទេ។

លោក ប្រ៊ែដ អាដាមស៍៖ « លោក កឹម សុខា គួរតែ​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​សេចក្ដី​ក្លាហាន​របស់​គាត់​នៅ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​អំពើ​អហិង្សា ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។ វា​ជា​ការ​ពិត ដែល​មាន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​ទៀត ដែល​បាន​ប្រកាន់​ខ្ជាប់​ការ​តស៊ូ​ដោយ​សន្តិវិធី ដោយ​ដាក់​ជីវិត និង​សេរីភាព​របស់​ខ្លួន​ធ្វើ​ជា​ដើមទុន ទោះ​ប្រឈម​នឹង​គ្រោះថ្នាក់ ដើម្បី​ភាព​ល្អ​ប្រសើរ​នៅ​កម្ពុជា។ ប៉ុន្តែ​ពួក​គេ​ទាំង​នោះ​បែរ​ជា​ត្រូវ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត និង​ការ​ចាប់​ដាក់​គុក​ច្រវាក់ ប៉ះពាល់​ខ្សែ​ជីវិត​របស់​ពួក​គេ និង​ក្រុម​គ្រួសារ។ ជន​រង​គ្រោះ​នយោបាយ​ទាំង​អស់​នោះ ក៏​គួរតែ​ត្រូវ​តុលាការ​រក​ឃើញ​ថា គ្មាន​ទោសពៃរ៍​អ្វី​ទេ ហើយ​លោក ហ៊ុន សែន ខ្លួន​ឯង​គួរតែ​មាន​សេចក្ដី​ក្លាហាន ហ៊ាន​ប្រឈម​មុខ​ជាមួយ​លោក កឹម សុខា នៅ​លើ​សង្វៀន​ប្រកួត​គ្នា​តាម​រយៈ​ការ​បោះឆ្នោត ហើយ​ទុក​ឱ្យ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត ជា​អ្នក​សម្រេច​ទៅ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។