អ្នកទោស​មនសិការ​ត្រូវ​ជាប់ឃុំ​ជាង ២០០០​ថ្ងៃ នៅតែ​មិន​ទទួល​បាន​ការ​ដោះលែង​នៅ​ឡើយ

អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) បង្ហាញថា អ្នកទោស​មនសិការ​រួម​មាន សកម្មជន​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ដោយ​អយុត្តិធម៌​អស់​រាប់​រយ ពាន់​ថ្ងៃ នៅតែ​មិន​ទទួល​បាន​ការ​ដោះលែង​។ ទោះជា​បែបនេះ មន្ត្រី​បក្ស​កាន់អំណាច​ថ្លែង​ថា ការចោទប្រកាន់ និង​ឃុំខ្លួន​សកម្មជន ទាំងនោះ​ជា​ការ​អនុវត្តន៍​ច្បាប់។

អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​ចងក្រង​និង​រាប់​ចំនួន​ថ្ងៃ​ដែល​អ្នកទោស​មនសិការ​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។​អ្នក​ជាប់​ទាំងនោះ បាន​បាត់បង់​សេរីភាព​ពី​៥០​ថ្ងៃ ទៅ​១០០(​មួយរយ​) ២០០(​ពីរ​រយ​) ៥០០(​ប្រាំ​រយ​)​ថ្ងៃ ១.០០០(​មួយ​ពាន់​)​ថ្ងៃ​និង​អ្នក​ខ្លះទៀត​ជាប់ឃុំ​ជាង​២.០០០(​ពីរ​ពាន់​)​ថ្ងៃ។

មន្ត្រី​សិទ្ធិមនុស្ស លើក​ឡើង​ថា ការ​ចាប់ខ្លួន និង​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិ​មនុស្ស នយោបាយ ដីធ្លី ទាំងនោះ ខ្វះ​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ ហើយ​បញ្ហា​នេះ​បង្ក​ការឈឺចាប់​ដល់​សកម្មជន​ជាប់ឃុំ និង​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​អ្នក​ទាំងនោះ​ថែម​ទៀត​ផង។

អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​បង្ហាញ​ពី​ឈ្មោះ តួនាទី ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកទោស​មនសិការ​ទាំង​នោះ តាម​គេហទំព័រ របស់​ខ្លួន ដែល​រូបភាព​ទាំងនោះ​ហាក់​គួរ​ឱ្យ​សង្វេគ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា ការ​បង្ហោះ​ព័ត៌មាន​ទាំងនេះ ជា​ការ​បង្ហាញថា អ្នកទោស​មនសិការ មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​ព្រោះ​ការ​អនុវត្តន៍​សិទ្ធិ របស់​ខ្លួន​ឡើយ​។ លោក​បន្ត​ទៀត​ថា ការ​បង្ហោះ​ព័ត៌មាន​នេះ ជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ​មតិ​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​អ្នក​ជាប់​ឃុំ​ទាំងនោះ​វិញ​។ លោក អំ សំអាត ឱ្យ​ដឹង​ដែរ​ថា ការ​បង្ហោះ​នេះ​ក៏​ទទួល​បាន​ការចាប់អារម្មណ៍​ពី​សាធារណជន ដែល​បាន​ចូល​អាន​ព័ត៌មាន​នេះ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ នៅតែ​យល់ថា ការចោទប្រកាន់ និង​ចាប់​ឃុំ​លើ​សកម្មជន​ទាំងនោះ​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ។

លោក អំ សំអាត៖ «បាទ​តាម​ការ​ពិត​ទៅ​ការ​បង្ហោះ​នៅក្នុង​គេហទំព័រ​លីកាដូ​នេះ គឺ​យើង​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ជាពិសេស​គឺ​ការ​អនុវត្ត​ច្បាប់ និង​ការធានា នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាទ»។

មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត កត់សម្គាល់​ទៀត​ថា អំពើ​អយុត្តិធម៌​ទាំងនេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​ទាំងនោះ​រងគ្រោះ​ទេ តែ​បញ្ហា​នេះ​បាន​ជះឥទ្ធិពល​ដល់​ក្រុម​គ្រួ​អ្នក​ទាំងនោះ ព្រោះ​អ្នក​ជាប់ឃុំ​ទាំងនោះ សុទ្ធ​សឹង​ជា​ជន​បង្គោល​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។

លោកស្រី ទៀង ចិន្តា ជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក វឿង សំណាង ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ឱ្យដឹង​ថា ពេលនេះ​លោកស្រី កំពុង​លក់​ការ៉េម​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​។ លោកស្រី ទៀត ចិន្តា ស្នើ​ទៅ​រដ្ឋាភិបាល គួរ​ដោះលែង​ប្ដី​លោកស្រី សកម្មជន​ផ្សេងទៀត ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​អាច​រស់នៅ​ជួបជុំគ្នា។

លោក វឿង សំណាង៖ «អ៊ីចឹង​បាន​ថា ខ្ញុំ​ចង់​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​ប្ដី​ខ្ញុំ​ដើម្បី​ឱ្យ​គាត់​បាន​មក​មាន​សេរីភាព​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន​វិញ»។

សកម្មជន​ដែល​កំពុង​ជាប់ឃុំ អ្នក​ទាំងនោះ តុលាការក្រុង​ភ្នំពេញ​ចោទប្រកាន់​ពួកគេ ភាគី​ច្រើន​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់​។ អ្នកទោស​មនសិការ​ទាំ​ង​នោះ អ្នកខ្លះ​ជាប់ពន្ធនាគារ​រាប់​ខែ​ថ្ងៃ តែ​មិន​ទាន់​បាន​កាត់ទោស​ទេ អ្នកខ្លះ​ត្រូវ​កាត់ទោស​រួចហើយ។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការសម្រេច​បែប​ណា​លើ​សំណុំ​រឿង​នេះ ជា​សិទ្ធិ​របស់​តុលាការ​។ លោក​នៅតែ​អះអាង​ដដែលៗ​ថា ការដែល​តុលាការ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លើ​សកម្មជន​ទាំងនោះ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​មាន​ភស្តុតាង​គ្រប់គ្រាន់​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូប​នេះ អះអាង​ទៀត​ថា នៅ​ពេល​ករណី​សកម្មជន​ទាំងនេះ​ចូល​ដល់​ដៃ​តុលាការ​រួចហើយ គ្មាន​ការយោគយល់ ឬ​សម្របសម្រួល​ទៀត​ឡើយ។

លោក សុខ ឥសាន៖ «ពួកគាត់​អ្នកធ្វើ​គាត់​អ្នក​ទទួល​ផល មិនមែន​ទទួលផល​តែ​ខ្លួនឯង​គ្រាន់​ជាប់ពន្ធនាគារ​ទេ រហូត​ទៅដល់​ជះឥទ្ធិពល​លំបាក​វេទនា​ដល់​ក្រុម​គ្រួសារ​ទៀត ទៅ​បន្ទោស​អ្នកណា?យើង​ខំ​ធ្វើ​សកម្មភាព​បម្រើ​នយោបាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់»។

ទោះ​មន្ត្រី​បក្ស​កាន់អំណាច​អះអាង​បែបនេះ ប៉ុន្តែ អង្គការ​ជាតិ និង​អន្តរជាតិ រិះគន់​ថា ការ​ចាប់ខ្លួន និង​ចោទប្រកាន់​លើ​អ្នក​ជាប់ឃុំ​ទាំងនោះ​ថា ជាប់​ទាក់ទង​នឹង​ហេតុផល​នយោបាយ ច្រើនជាង​ការ​អនុវត្ត​ច្បាប់​។ គិត​មកដល់ពេលនេះ អ្នក​ជាប់ឃុំ​មនសិការ​មាន​ចំនួន​៤៩​នាក់។ អ្នក​ជាប់ឃុំ​ទាំងនោះ​រួមមាន​សកម្មជន​នយោបាយ សិទ្ធិមនុស្ស ដីធ្លី សហជីព និង​អ្នកសារព័ត៌មាន​ផង​ដែរ​។ អ្នកខ្លះ​ត្រូវ​ជាប់ពន្ធនាគារ ជាង​១​ឆ្នាំ និង​អ្នក​ផ្សេងទៀត ត្រូវ​ជាប់ឃុំ​ដល់​រហូត​១៥​ឆ្នាំ​ក៏​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។