គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​​គណបក្ស​ឆន្ទៈ​ខ្មែរ​​ថា ​គ.ជ.ប ​លម្អៀង​​ទៅ​​បក្ស​កាន់​អំណាច

0:00 / 0:00

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ឆន្ទៈ​ខ្មែរ រិះគន់ ​គ.ជ.ប ថា​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​ស្ថាប័ន​ជាតិ​រៀបការ​បោះឆ្នោត​មួយ​នេះ​ប្រកាស​ពី​ចំនួន​តួ​​​លេខ​ជាក់​លាក់​នៃ​អ្នក​​ចូល​រួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​កាន់​អំណាច។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​គណបក្ស​ទាំងពីរ​បែបនេះ ធ្វើ​ឡើង​​បន្ទាប់​ពី គ.ជ.ប កាល​ពី​ថ្ងៃទី២១​ ខែឧសភា ដែល​ជា​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​នោះ បាន​ចេញ​សេចក្ដីប្រកាស​ថា ​គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​ចូល​រួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចំនួន​បួន​ម៉ឺន​(៤០.០០០) នាក់ រីឯ​គណបក្ស​ភ្លើង​ទៀន​មាន​ចំនួន​អ្នក​ចូលរួម​ចំនួន​ត្រឹម​មួយ​ពាន់​ប្រាំ​រយ (១.៥០០)​ នាក់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានលោក យ៉ង សាំង​កុមារ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​ឧសភា​ថា គ.ជ.ប ដូច​ជា​មិន​ចាំ​បាច់​ ទៅ​ចេញ​សេចក្ដី​ប្រកាស​ពី​ចំនួន​មនុស្ស​របស់​គណបក្ស​នីមួយៗ​​ឲ្យ​ជាក់ច្បាស់​ដូច្នេះ​ទេ។

លោក​បន្ត​ទៀត​ថា​ លោក​មិន​ដឹង​ជា គ.ជ.ប ប្រកាស​របៀប​នេះ​ក្នុង​គោល​បំណង​អ្វី​ឡើយ ដោយ​លោក​បញ្ជាក់​ថា ​ តួនាទី​របស់​ គ.ជ.ប គួរតែ​ចេញ​សេចក្ដី​ប្រកាស​ណែនាំ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​នីតិវិធី​ច្បាប់ ដល់​គណបក្ស​ទាំងអស់​ នោះ​ទើប​ជា​ការ​គួរ៖ « គឺ​គាត់​ធ្វើ​ម៉េច​គ្រាន់​តែ​ឲ្យ​ធ្វើ​ធានា​ឲ្យ​ការ​ឃោសនា​បោះឆ្នោត​នឹង​ស្មើ​ភាព​គ្នា​ទៅ​រលូន​ប្រកប​ដោយ​សុវត្ថិភាព​ទាំងអស់​គ្នា​ទៅ​ណា។ នឹង​ចង់​មិន​ចង់​មើល​ពី​គណបក្ស​គាត់​ត្រូវ​ផ្សព្វផ្សាយ​ទាំងអស់​ហើយ​មិន​បាច់​ដាក់​ចំនួន​អី វា​មិន​ចាំ​បាច់។ គ្រាន់​តែ​គាត់​ចេញ​ថា​ឥឡូវ​ ក្នុង​យុទ្ធនាការ​បោះឆ្នោត​​នឹង​ គណបក្ស​ណា​ខ្លះ​គាត់​មាន​សកម្មភាព​ឃោសនា​បោះឆ្នោត បើ​អ៊ីចឹង​អា​ហ្នឹង​មាន​ន័យ​ថា​គណបក្ស​ទាំងអស់​គាត់​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត គ្រាន់តែ​ថា​រូប​ភាព​វា​ផ្សេងៗ​គ្នា​អ៊ីចឹង​ទៅ​ណា។ អ៊ីចឹង​ខ្ញុំ​យល់​ឃើញ​ថា​ហេតុ​អី​បាន​គាត់​ធ្វើ​អី​ដាក់​តែ​ពី​គណបក្ស​មិន​ស្មើ​ភាព​គ្នា​ទេ​បាទ ហើយ​វា​មិន​ចាំ​បាច់​ធ្វើ​អញ្ចឹង​ទេ​បាទ » ​​

ឆ្លើយ​បំភ្លឺ​នឹង​ការ​រិះគន់​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា គ.ជ.ប ចេញ​សេចក្ដី​ប្រកាស​នេះ គឺ​ធ្វើ​ទៅ​តាម​សំណើ​របស់​គណបក្ស​ដែល​បាន​ដាក់​មក​ ដើម្បី ឲ្យ​សាធារណជន​ទូទៅ​ដឹង។ លោក​អះអាង​ទៀត​ថា ការ​ចេញ​សេចក្ដី​ប្រកាស​នេះ មិន​បាន​ខុស​ឆ្គង​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​នីតិវិធី​ណា​មួយ​ឡើយ។

លោក​បន្ថែម​​ថា​ បើ​មាន​គណបក្ស​ណា​មួយ​មានបំណង​ឲ្យ​ គ.ជ.ប កែ​ទម្រង់​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើការ​ គួរ​តែ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​មក​ដាក់​ដល់​ស្ថាប័ន ដើម្បី​ឱ្យ​ គ.ជ.ប ​ពិចារណា​៖ « ការ​លើកឡើង​គ្រាន់តែ​ជា​ទស្សនៈ​មួយ ប៉ុន្តែ​អ្វី​ដែល​ គ.ជ.ប កំពុង​តែ​ធ្វើ​គឺ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​ឯកសារ​ដែល​មាន​ នឹង​ឯកសារ​ដែល​មាន​ស្រាប់​អីចឹង។ បើ​យើង​ឃើញ​ម៉េច​ហើយ​មាន​ភស្តុតាង​នៅ​ក្នុង​ដៃ​ គ ជ ប បាន​រៀបចំ​តាម​បែប​នឹង​ទៅ។ បាទ​អត់​មាន​ខុស​អី​ទៅ​នឹង​នីតិវិធី​ច្បាប់​ទេ​ ហើយ​បើសិនជា​ថ្ងៃ​ទី​បី​ទី​បួន​ឬ​ក៏​ថ្ងៃ​ចុង​ក្រោយ​ខាង​គណបក្ស​ណា​លោក​​ចេញ​មក​ធ្វើ​សកម្មភាព​ប៉ុន្មាន​គឺ គ.ជ.ប នឹង​ធ្វើ​ការ​បុក​សរុប​បែប​នឹង » ​​​

ចំណែក​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរលោក គង់ មូនីកា ប្រាប់​អាស៊ី​សេរី​ថា វា​ហាក់​ដូច​ជា​ចម្លែក​​ចំពោះ​ការ​ចេញ​សេចក្ដី​ប្រកាស​នេះ ក៏​ប៉ុន្តែ​លោក​​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ អង្គភាព​ គ.ជ.ប មាន​គោល​បំណង​អ្វី​មួយ​ឲ្យ​ប្រាកដ​នោះ​ទេ​។ ទោះ​​យ៉ាងណា លោកទន្ទឹង​រង់​ចាំ​មើល​ចំណាត់​ការ​របស់​ គ.ជ.ប ថា​តើ ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​កំពូល​នេះ​នឹង​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ អព្យាក្រឹត ឥត​លម្អៀង​តាម​ច្បាប់​កំណត់​ឬ​ទេ​នៅ​ថ្ងៃ​ខាងមុខ​៖ «​ បាទ​មិន​និយាយ​ថា​ គ.ជ.ប​ លម្អៀង​ឬ​មិន​លម្អៀង​ទេ​នៅ​ចំណុច​នេះ។ គ្រាន់តែ​ថា​ដូច​ខ្ញុំ​និយាយ​អំបាញ់មិញ​អ៊ីចឹង​គឺ​ថា​ គ.ជ.ប ធ្វើ​​សេចក្ដី​ប្រកាស​ព័ត៌មាន​បែប​ណឹង​​គ្រាន់តែ​ចង់​បង្ហាញ​ថា​ខ្លួន​ជា​អាជ្ញាកណ្ដាល​ខ្លួន​ជា​អ្នក​តាម​ដាន​មើល​សកម្មភាព​របស់​គណបក្ស​នយោបាយ​ទាំងអស់​​ ដែល​ចេញ​ទៅ​ឃោសនា​អីចឹង​​តែ​ប៉ុណ្ណឹង ខ្ញុំ​គិត​ថា​នេះ​ជា​បំណង​របស់​គាត់​ណា៎។ ខ្ញុំ​គិត​ថា​វា​ចម្លែក​ដូចគ្នា ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​អាច​​ហ៊ាន​សន្និដ្ឋាន​បាន​ទេ ថា​តើ​ហេតុ​អី​បាន​គាត់​​ចេញ​សេចក្ដី​ប្រកាស​អ៊ីចឹង​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ច្បាស់លាស់​ទេ » ​​

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​ និច​ហ្វិច (Nicfec) លោក​ សំ គន្ធា​មី​ ប្រាប់​អាស៊ី​សេរី​ថា ចំនួន​អ្នក​ចូល​រួម​ឃោសនា​របស់​គណបក្ស​នីមួយ​ៗ គួរតែ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​គណបក្ស​ខ្លួនឯង​ផ្ទាល់ ​មិន​ចាំ​បាច់​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចេញ​សេចក្ដី​ប្រកាស​នោះ​ទេ។ លោក​បញ្ជាក់​ថា ធ្វើ​បែប​នេះ​វា​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ច្បាប់ និង​ការងារ​របស់​ គ ជ ប៖ « ការងារ​ គ.ជ.ប​ គ្រាន់​តែ​សម្រួល​ទេ។ សម្រួល​ការងារ​ទាំងអស់​ហ្នឹង​ តាម​ច្បាប់​នីតិវិធី​ឲ្យ​វា​រលូន​នឹង។ បើ​គេ​ណាត់​គ្នា​ជួប​កន្លែង​ណា​ទៅ (​ ឃោសនា ) ធ្វើ​ម៉េច​គេ​មិន​ឲ្យ​ប្រើ​អាគារ ( របស់​រដ្ឋ ) ។ យើង​រៀប​ចំ​តាម​ផ្លូវ​តាម​អី កន្លែង​ទី​ប្រជុំ​ជន មិន​មែន​រៀបចំ​នៅ​កន្លែង​អគារ​​សាធារណៈ​ដូច​ក្រសួង​ មន្ទីរ​អី​ណា​មួយ​អញ្ចឹង​ណា ព្រោះ​អា​ហ្នឹង​អគារ​រដ្ឋ គេ​ចៀស​វៀង​មន្ត្រី​រាជការ​មិន​ឲ្យ​ពាក់ព័ន្ធ។ គ.ជ.ប ផ្ដោត​​ទៅ​លើ​សេចក្ដី​សម្រួល​ដំណើរ​ការ​ឃោសនា​ហ្នឹង​ឲ្យ​បាន​រលូន​ជាជាង​ចេញ​សេចក្ដី​ថ្លែង​ការ​ដែល​មិន​មែន​ជា​កាតព្វកិច្ច​ចាំ​បាច់​របស់​ គ.ជ.ប » ​​​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែរ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា ​ធ្វើ​លើស​ពី​តួនាទី​របស់​ខ្លួន។ ពួក​គេ​ថា ​ស្ថាប័ន គ ជ ប ​ត្រូវតែ​មិន​លម្អៀង​ដូច​ដែល​ច្បាប់​កំណត់​ដើម្បី​​ជា​ការ​កសាង​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។