សាច់ញាតិមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបត្រូវបំបែកទៅអង្គភាពផ្សេងក្រោយរងការរិះគន់
2019.03.03

ក្រសួងមហាផ្ទៃ បានសម្រេចបំបែកសាច់ញាតិរបស់លោកឧត្ដមសេនីយ៍ ផ្កាយ៤ ធឹម សុផា ទៅអង្គភាពផ្សេងៗគ្នា បន្ទាប់ពីរកឃើញថា ពួកគេបានផ្ដុំគ្នាធ្វើការនៅក្នុងអង្គភាពតែមួយ រយៈពេលច្រើនឆ្នាំមកហើយ។ សង្គមស៊ីវិលយល់ថា វិធានការរបស់ក្រសួងមហាផ្ទៃ មិនទាន់គ្រប់គ្រាន់នៅឡើយ គួរមានស៊ើបអង្កេតករណីនេះ ព្រោះការបង្កើតជាបក្សពួកនិងសមាជិកគ្រួសារក្នុងស្ថាប័នរដ្ឋអាចជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ។
ក្រសួងមហាផ្ទៃ សម្រេចផ្ទេរសាច់ញាតិ ២នាក់ក្នុងចំណោម ៤នាក់របស់ នាយឧត្ដមសេនីយ៍ ផ្កាយ៤ លោក ធឹម សុផា បន្ទាប់ពីរកឃើញថា មានភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធ នឹងការចាត់តាំងក្រុមគ្រួសារសាច់ញាតិឱ្យបម្រើការងារជាមួយគ្នា នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។
ការចាត់វិធានការនេះ បន្ទាប់ពីកន្លងមកមានការរិះគន់ថា នាយឧត្ដមសេនីយ៍ផ្កាយ ៤ លោក ធឹម សុផា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បានកេណ្ឌសែស្រឡាយបក្ខពួកគ្រួសារនិយម រហូតដល់ជាង ២០នាក់ឱ្យមកកាន់តួនាទីនៅក្នុងអគ្គនាយកដ្ឋានសវនកម្មក្រោមការដឹកនាំរបស់លោក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលអាស៊ីសេរី ទទួលបាន នៅថ្ងៃទី២ ខែមីនា ឱ្យដឹងថា ក្រសួងមហាផ្ទៃ បានធ្វើការត្រួតពិនិត្យ និងរកឃើញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិដែលរងការចោទប្រកាន់នោះ មាន៦នាក់ជាប់សាច់ញាតិជាមួយលោក ធឹម សុផា ប៉ុន្តែមាន ៤នាក់ធ្វើការនៅ ក្នុងអគ្គនាយកដ្ឋានសវនកម្ម។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ដែរថា ក្នុងចំណោម ៤នាក់នោះ មាន២នាក់ ត្រូវបានសម្រេចផ្ទេរទៅបម្រើការងារនៅអង្គភាពផ្សេង ចំណែក២នាក់ទៀតអាចបន្តការងារនៅអគ្គនាយកដ្ឋានសវនកម្មដដែល។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ប្រាប់អាស៊ីសេរីថា វិធានការរបស់ក្រសួងមហាផ្ទៃលើលោក ធឹម សុផា ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីបំបែកពួកគេមួយចំនួនឱ្យទៅធ្វើការនៅអង្គភាពផ្សេង ប៉ុន្តែលោកមិនបញ្ជាក់អំពីឈ្មោះមន្ត្រីទាំងនោះ និងផ្ទេរទៅអង្គភាពណានោះទេ។ លោក អះអាងថា មន្ត្រីដែលជាប់សាច់ញាតិលោក ធឹម សុផា នោះ គឺទទួលបានតួនាទី តាមលក្ខន្តិកៈ និងគោលការណ៍របស់ក្រសួងមហាផ្ទៃមិនមានពាក់ព័ន្ធជាមួយអំពើពុករលួយទេ៖ «ហេ..វាមានប្រឡងមានអីចូលអ៊ីចឹង មានការជ្រើសរើសអីទៅតាមគោលការណ៍អីចឹង។ ហើយនែ..កាលណា មានព័ត៌មានអី យើងស្រាវជ្រាវទៅ ហើយបើឃើញថា ព័ត៌មាននេះ វាមានតាមអង្គភាពតាមនាយកដ្ឋាន មានភាពមិនប្រក្រតី គឺយើងដោះស្រាយ ទៅតាមគោលការណ៍ច្បាប់»។
កន្លងមក លោក ធឹម សុផា ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា លោកមិនបានកេណ្ឌសាច់ជាតិរហូតដល់ជាង២០នាក់មកធ្វើការនៅអគ្គនាយកដ្ឋានសវនកម្មនោះទេ ហើយលោកចាត់ទុកការចោទប្រកាន់នោះ គឺជាមូលបង្កាច់ និងបំពុលសង្គម។
ទោះយ៉ាងណាក្តី លោកទទួលស្គាល់ថា លោកមានកូន ៣នាក់ដែលក្នុង នោះមានកូនប្រសារម្នាក់ ហើយមានប្អូនជីដូនមួយ ៣នាក់ និងដន្លងមួយផងដែរ កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ដែលលោកថា អ្នកទាំងអស់នោះសុទ្ធតែត្រូវបានជ្រើសរើសតាមលក្ខន្តិកៈ និងគោលការណ៍ក្រសួងមហាផ្ទៃ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា បញ្ហាបក្ខពួកនិយម សាច់ញាតិនិងគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋនេះ កំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរដោយសារតែគ្មានច្បាប់ណាចែងមិនឱ្យយកសែលោហិតចូលធ្វើការ។ ទោះមិនមានច្បាប់ក្តី លោកយល់ថា ស្ថាប័នរដ្ឋនីមួយៗគួរតែមានគោលការណ៍ហាមមិនឱ្យសាច់ញាតិធ្វើការ ក្នុងស្ថាប័នជាមួយគ្នា ដើម្បីកុំឱ្យមានទំនាស់ផលប្រយោជន៍ ឬអំពើពុករលួយជាប្រព័ន្ធ និងអាចប៉ះពាល់ដល់កំណែទម្រង់ស៊ីជម្រៅ។ បន្ថែមពីនេះ លោកក៏ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតចំពោះការ ទទួលបានតួនាទីរបស់មន្ត្រីនគរបាលដែលមានសែស្រឡាយទាំងនោះដែរ៖ «កាលណាមានសាច់ញាតិ ធ្វើការក្នុងស្ថាប័នតែមួយ គឺវាមានទំនាស់ផលប្រយោជន៍ ហើយកាលណាទំនាស់ ផលប្រយោជន៍កាន់តែធំទៅៗ វាអាចឱ្យកើតទៅជាអំពើពុករលួយ ដោយសារតែការសម្រេចចិត្តវាអត់មានតុល្យភាពគ្នា។ នេះមួយជ្រុងនៅក្នុងអភិបាលកិច្ច។ មួយជ្រុងទៀត បើគេចូលកាន់ដំណែង ហើយគេមានប្រឡង់ដោយមានធ្លាក់ និងមានជាប់ ប៉ុន្តែបើគ្រាន់តែមានសែស្រឡាយនៅទីនោះ ហើយមិនបានប្រឡង ឬក៏ប្រឡងដែរ តែមានប្រៀបជាងគេ ដូច្នេះខ្ញុំយល់ថា ត្រូវតែស៊ើបអង្កេតរឿងមិនប្រក្រតីជុំវិញការសម្រេចចិត្ត ឬក៏ភាពមិនប្រក្រតីមួយនៃការទទួលបានមុខដំណែងនេះ។ យើងសង្ស័យថា រឿងនេះ វាអាចពាក់ព័ន្ធនឹងរឿងពុករលួយដែរ»។
អាស៊ីសេរី បានទូរស័ព្ទចូលប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ជាច្រើនលើក ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
រីឯនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សាទរចំពោះវិធានការរបស់ក្រសួងមហាផ្ទៃនេះ ប៉ុន្តែគួរតែធ្វើវាជាប្រព័ន្ធដោយដាក់ការហាមឃាត់បញ្ហាគ្រួសារ ឬសាច់ញាតិនិយមនេះនៅក្នុងច្បាប់។ លោកបន្ត ថា ករណីគ្រួសារ និងសាច់ញាតិនិយមនេះ អាចបង្កឱ្យមានហានិភ័យពុក រលួយខ្ពស់ ដូច្នេះនៅប្រទេសជាច្រើនបានចេញច្បាប់ហាមឃាត់ ប៉ុន្តែនៅកម្ពុជាបញ្ហានេះ កំពុងកើតមានជាទូទៅ និងស្ទើរតែនៅគ្រប់ស្ថាប័នរដ្ឋ៕