អ្នកជំនាញច្បាប់ថា ក្រសួងយុត្តិធម៌មិនគួរព្រងើយកន្តើយចំពោះតម្រុយបទល្មើសឧក្រិដ្ឋថ្នាក់ជាតិទេ
2025.01.08
អ្នកជំនាញផ្នែកច្បាប់លើកឡើងថា ក្រសួងយុត្តិធម៌មិនគួរព្រងើយកន្តើយបើកការស៊ើបអង្កេតនៅពេលមានតម្រុយពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋថ្នាក់ជាតិនោះឡើយ។ ការលើកឡើងរបស់អ្នកជំនាញផ្នែកច្បាប់បែបនេះធ្វើឡើង បន្ទាប់ពីមន្ត្រីក្រសួងយុត្តិធម៌ច្រានចោលពាក្យបណ្ដឹងរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលបានចោទប្រកាន់លើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួនរួមទាំងក្មួយបង្កើតលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ផងថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ និងជាអ្នកកាងនៅពីក្រោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។ ទោះជាយ៉ាងណាក្រសួងមហាផ្ទៃបដិសេធចំពោះការចោទប្រកាន់នេះ។
លោកមេធាវី ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែមករាថា ក្នុងសំណុំរឿងព្រហ្មទណ្ឌទោះបីជាគ្មានដើមបណ្ដឹងក៏ដោយ នៅពេលមានតម្រុយពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសក៏មន្ត្រីនគរបាលយុត្តិធម៌ត្រូវបើកការស៊ើបអង្កេត។ លោកបន្តថា អំពើពុករលួយ និងអំពើឆបោកតាមអនឡាញគឺជាបទល្មើសឧក្រិដ្ឋ និងជាបទល្មើសបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិ និងសន្តិសុខប្រជាពលរដ្ឋ។
លោកមេធាវី ជូង ជូងី៖ «អំពើពុករលួយគឺជាបទឧក្រិដ្ឋក៏ជាអំពើមួយដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិដែរ ហើយក្នុងផ្លូវច្បាប់ក៏ជាប្រភេទបទល្មើសធ្ងន់ ដូច្នេះដូចគ្នាដែរសមត្ថកិច្ចកាលណាមានតម្រុយត្រូវតែឆាប់ធ្វើការបើកការស៊ើបអង្កេត ប្រសិនមិនបើកការស៊ើបអង្កេតស្មើនឹងទុកឱកាសឱ្យអ្នកប្រព្រឹត្តអំពើពុករលួយហ្នឹងនៅតែប្រព្រឹត្តទៅ។ អ៊ីចឹងម្យ៉ាងមិនបានបំពេញការងារជានគរបាលយុត្តិធម៌ស៊ើបអង្កេតពីបទល្មើសមានតម្រុយ ហើយម្យ៉ាងទៀតហាក់បីដូចជាលើកទឹកចិត្តឱ្យអ្នកប្រព្រឹត្តហ្នឹងចេះតែប្រព្រឹត្តតទៅទៀត»។
ការលើកឡើងរបស់អ្នកជំនាញផ្នែកច្បាប់បែបនេះធ្វើឡើងបន្ទាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា កាលពីថ្ងៃទី៦ ខែមករា បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា គោលការណ៍ក្រសួងយុត្តិធម៌ទទួលចាត់ការទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធបណ្ដឹងនានាដែលត្រូវបានដាក់មកក្រសួងយុត្តិធម៌ជាផ្លូវការ និងមានមូលដ្ឋានដែលអាចផ្ទៀងផ្ទាត់បានច្បាស់លាស់។ លោកថា ជាពិសេសបណ្ដឹងដែលត្រូវបានដាក់ដោយផ្ទាល់មកកាន់រដ្ឋបាលនៃក្រសួងយុត្តិធម៌ និងមានភ្ជាប់មកជាមួយនូវរាល់ឯកសារពាក់ព័ន្ធនានា ព្រមទាំងមានម្ចាស់បណ្ដឹង ដែលអាចចូលខ្លួនតាមការចាំបាច់ ដើម្បីផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបណ្ដឹងរបស់ខ្លួន។
ការបកស្រាយរបស់មន្ត្រីក្រសួងយុត្តិធម៌បែបនេះគឺឆ្លើយតបនឹងបណ្ដឹងរបស់អ្នកជំនួញចិនម្នាក់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមអតីតអ្នកឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៥ ខែមករា ប្ដឹងទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ទាក់ទងនឹងក្មួយប្រុសបង្កើតលោក ហ៊ុន សែនគឺលោក ហ៊ុន តូ ឆបោកលុយអ្នកជំនួញជនជាតិចិនឈ្មោះ ស៊ុន រ៉ុយហ្វេង (Sun Ruifeng) ចំនួន ៩លានដុល្លារជាថ្នូរដើម្បីរត់ការធ្វើអាជីវកម្មរ៉ែនៅខេត្តមណ្ឌលគិរី។ ជនជាតិចិនរូបនេះ អះអាងក្នុងពាក្យបណ្ដឹងនោះថា ពេលទទួលបានលុយរបស់លោកគ្រប់ចំនួនលោក ហ៊ុន តូ មិនត្រឹមតែមិនបំពេញការងារជូនលោកឡើយ ថែមទាំងបញ្ជូនក្រុមជនអន្ធពាលចង់ចាប់ជំរិតលោកថែមទៀតផង។
ក្រៅពីនេះ លោក ហេង សិទ្ធី ក៏ចោទលោក ហ៊ុន តូ ថា នៅពីក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលក់ផ្ទះឱ្យប្រជាពលរដ្ឋតែមិនមានផ្ទះឱ្យពលរដ្ឋនោះដែរ គឺលោកចោទថា លោក ហ៊ុន តូ ជាអ្នកប្រមូលលុយទាំងនេះ។
លោក ហេង សិទ្ធី៖ «កម្លាំងពលកម្មរបស់បងប្អូនដែលបានសន្សំលុយខ្ចីធនាគារយកទៅទិញផ្ទះអគារ និងដី ដែលពុំបានទាំងដីមិនបានទាំងផ្ទះហើយអង្គុយឈឺចិត្តអ្នកខ្លះមានជំងឺផ្លូវចិត្ត (Depression) ទៀតដោយសារតែសេដ្ឋកិច្ចក៏ធ្លាប់ចុះ ហើយលុយក៏អត់បានហើយត្រូវបានបោកប្រាស់ដោយបុគ្គល ឡេង ណាវ៉ាត្រា នេះ។ គេតែងតែបង្វែងដានថា បុគ្គលឡេង ណាវ៉ាត្រានេះគឺជាមនុស្សរបស់អ្នកនេះ មនុស្សរបស់អ្នកនោះតាមពិតបងប្អូនយល់ខុសហើយ អ៊ីចឹងបានវារសើបណាស់ម្សិលមិញនេះ។ ឡេង ណាវ៉ាត្រា គឺជាមនុស្សរបស់ ហ៊ុន តូ ហើយ ហ៊ុន តូ នេះបានប្រមូលលុយរបស់បងប្អូនទាំងអស់រាប់រយលានដុល្លារ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ និងក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ដើម្បីសាកសួរបន្ថែមជុំវិញរឿងបានទេនៅថ្ងៃទី៧ ខែមករា។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសក៏បន្តចោទប្រកាន់លើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួនដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា អគ្គស្នងការនគរបាលជាតិលោក ស ថេត អតីតអភិបាលខេត្តព្រះសីហនុ និងបច្ចុប្បន្នជាអភិបាលខេត្តកណ្ដាលគឺលោក គួច ចំរើន និងមន្ត្រីមួយចំនួនទៀតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ និងកាងល្បែងឆបោកតាមអនឡាញនៅកម្ពុជា។
ក្នុងបណ្ដឹងរបស់លោក ហេង សិទ្ធី ទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៦ ខែមករា លោកបានចោទថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ទទួលសំណូកពីក្រុមឧក្រិដ្ឋជន ប្រកាន់បក្ខពួកនិយម និងគ្មានសមត្ថភាពបង្ក្រាបល្បែងឆបោកតាមអនឡាញនោះទេ។ លោកចោទថា លោក ស សុខា គាបសង្កត់មន្ត្រីថ្នាក់ក្រោមដើម្បីស្វែងរកលុយឱ្យខ្លួន និងការពារឧក្រិដ្ឋជននៅកម្ពុជា។ បណ្ដឹងរបស់លោក ហេង សិទ្ធី ដដែលបន្តចោទទៀតថា លោក ស ថេត អគ្គស្នងការនគរបាលជាតិក៏បានទទួលបានលុយពីឧក្រិដ្ឋជនឆបោកតាមអនឡាញចំនួន ៥លានដុល្លារ ជាថ្នូរការពារ និងមិនបង្ក្រាបទីតាំងរបស់ក្រុមឧក្រិដ្ឋជន។
ទោះជាយ៉ាងណា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃនៅថ្ងៃទី៧ ខែមករា ចេញលិខិតបដិសេធចំពោះការចោទប្រកាន់ទាំងនេះ និងចាត់ទុកការចោទប្រកាន់របស់លោក ហេង សិទ្ធី ថា គ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ក៏បានត្រៀមរួចរាល់ចាត់វិធានប្រឆាំងនឹងលោក ហេង សិទ្ធី ដើម្បីឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់។
លោក មេធាវី ជូង ជូងី យល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី នារយៈពេលចុងក្រោយនេះជាការចោទប្រកាន់ធ្ងន់ធ្ងរ ហើយលោកជឿថា ប្រសិនបើលោក ហេង សិទ្ធី គ្មានភស្តុតាងគ្រប់គ្រាន់ក៏អតីតអ្នកឧកញ៉ារូបនេះមិនហ៊ានបង្ហោះតាមបណ្ដាញសង្គមនោះដែរ។
លោកមេធាវី ជូង ជូងី៖ «ការណ៍ដែលគាត់ [ហេង សិទ្ធី] បង្ហោះតាមហ្វេសប៊ុកផងខ្ញុំជឿថា បទល្មើសហ្នឹងធ្ងន់ ដូច្នេះបើសិនជាមិនមានតម្រុយច្បាស់លាស់ទេគាត់ប្រហែលជាមិនហ៊ានប្ដឹង មិនហ៊ានបង្ហោះតាមហ្វេសប៊ុកទេ ពីព្រោះអាចរងការចោទប្រកាន់ដាក់ទោសគាត់ពីបទញុះញង់ ឬផ្ដល់ព័ត៌មានមិនពិតដោយប្រការណាមួយ។ ខ្ញុំជឿថា មានតម្រុយគួរឱ្យសង្ស័យខ្លាំងទើបគាត់ព្យាយាមបង្ហោះតាមហ្វេសប៊ុក។ ក្នុងនាមខ្ញុំជាអ្នកច្បាប់មួយរូបសមត្ថកិច្ចគួរតែប្រញាប់បើកការស៊ើបអង្កេត ដើម្បីឱ្យឃើញ ស ខ្មៅ។ បើស៊ើបអង្កេតទៅរកឃើញថា មិនមានទេគឺផ្ដល់ភាពជ្រះស្រឡះដល់មហាជនថា អត់មានពិតដូចឧកញ៉ាប្ដឹងនោះទេ។ បើស៊ើបអង្កេតទៅឃើញថា មានត្រូវតែចាត់ការតាមផ្លូវច្បាប់ យើងអត់ត្រូវព្រងើយកន្តើយ បដិសេធមិនបើកការស៊ើបអង្កេតគឺមិនត្រឹមត្រូវទេបាទ»។
ទោះជាយ៉ាងណាក៏ដោយ លោក មេធាវី ជូង ជូងី ចង់ឃើញស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតលើរឿងទាំងនេះប្រកបដោយតម្លាភាព ដើម្បីរកឱ្យឃើញការពិតទាក់ទងនឹងការចោទប្រកាន់របស់អតីតឧកញ៉ា ហេង សិទ្ធី និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ប្រសិនបើរកឃើញថា មានមន្ត្រីប្រព្រឹត្តអំពើពុករលួយ និងការពារឧក្រិដ្ឋជនដូចការចោទប្រកាន់មែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។