តំណាងសង្គមស៊ីវិល និងគណបក្សនយោបាយ បានជម្រុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សម្រួលឱ្យពលករខ្មែរនៅក្រៅប្រទេសមានសិទ្ធិចូលរួមបោះឆ្នោតឃុំ-សង្កាត់ ក្នុងពេលខាងមុខ ឱ្យស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ពួកគេបានលើកឡើងពីលំហរសេរីភាពនៃការធ្វើនយោបាយដែលកំពុងរងការរឹតត្បិត ហើយពួកគេក៏ស្នើឱ្យ គ.ជ.ប សម្រួលឱ្យពលករខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត ក្នុងឆ្នាំ២០២២នេះ។
តំណាងសង្គមស៊ីវិលជាង២០ស្ថានប័ន រួមទាំងគណបក្សនយោបាយបានស្នើឱ្យ គ.ជ.ប ពិចារណាក្នុងការរៀបចំឱ្យពលរដ្ឋខ្មែរ ជាពិសេសពលករនៅក្រៅប្រទេស មានសិទ្ធិចូលរួមសម្រេចវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយសារពួកគេមានការលំបាកធ្វើដំណើរអំឡុងវិបត្តិកូវីដ-១៩នេះ។
នាយកប្រតិបត្តិអង្គការសង់ត្រាល់លោក មឿន តុលា មានប្រសាសន៍ក្នុងសិក្ខាសាលាស្ដីពី «គម្រោងវេទិកាឆន្ទៈអ្នកបោះឆ្នោត» កាលពីថ្ងៃទី២២ ខែកុម្ភៈថា បើសិនជាកម្ពុជាទុកប្រព័ន្ធបោះឆ្នោតដូចបច្ចុប្បន្ននេះទៀត គឺកម្ពុជាកំពុងដើរបំពានស្មារតីរដ្ឋម្មនុញ្ញដែលចែងថា ពលរដ្ឋទាំង២ភេទមានសិទ្ធិពេញលេញក្នុងការបោះឆ្នោត។ លោកថា ពលរដ្ឋខ្មែរជាច្រើននៅក្រៅប្រទេស ហើយពួកគេក៏មានតួនាទីសំខាន់ក្នុងការចូលរួមលើកកម្ពស់ប្រទេសជាតិរបស់ខ្លួនតាមរយៈសន្លឹកឆ្នោតផងដែរ។

លោក មឿនតុលា បានអះអាងថា បានជាត្រូវស្នើឱ្យពលករនៅក្រៅប្រទេសមានឱកាសចូលរួមការបោះឆ្នោតបាន ព្រោះលោកមើលឃើញពីការលំបាកនៅឆ្ងាយ ដែលត្រូវចំណាយថវិកាច្រើនលើការធ្វើដំណើរ ដែលលោកប៉ាន់ប្រមាណថា មិនក្រោម២០០ដុល្លាអាមេរិកទេ។ ហើយកំឡុងពេលកូវីដ-១៩នេះ នៅតាមព្រំដែនមួយចំនួន ដូចជា ប្រទេសថៃ ពលករខ្មែរមិនអាចធ្វើដំណើរបានទេ ព្រោះការបិទខ្ទប់មិនឱ្យចេញចូលដោយសេរី៖ «ពួកខ្ញុំដែលធ្វើការជាមួយនឹងពលករចំណាកស្រុកផ្ទាល់ គឺយើងប៉ាន់ប្រមាណថា មិនតិចជាង៣លាននាក់ទេ ដែលពលរដ្ឋយើងកំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះភាគច្រើននៅប្រទេសថៃ ។ នៅប្រទេសថៃ បើទោះជាតួលេខខាងរដ្ឋបាន បញ្ជាក់ថា ជាង១លាននាក់មែននៅបច្ចុប្បន្នតែតាមការប៉ាន់ប្រមាណរបស់យើង ពលរដ្ឋខ្មែរយើងដែលកំពុងធ្វើការនៅប្រទេសថៃនេះមិនតិចជាង២លាននាក់ទេ។ ក្រៅពីនោះ មានម៉ាឡេស្ទង់ជិត១០ម៉ឺននាក់ នៅកូរ៉េខាងត្បូង នៅជប៉ុន នៅអារ៉ាប់ប៊ី សាអូឌីត នៅមជ្ឈិមបូពា៍ » ។
លោកបន្តថាហេតុដូច្នេះហើយលោកចង់ឱ្យរដ្ឋសភាគួរតែពិចារណាធ្វើវិសោធនកម្មច្បាប់ ដើម្បីឱ្យមានការចុះបញ្ជីរនិងការចុះឈ្មោះតាមការិយាល័យបោះឆ្នោតនៅក្រៅប្រទេសដូចជានៅតាមស្ថានទូតនិងស្ថានកុងស៊ុលជាដើម។
ស្រដៀងគ្នានេះប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ លើកឡើងនៅនឹងមុខ គ.ជ.ប ថា ស្ថាប័នបោះឆ្នោតមួយនេះគួរគិតឡើងវិញពីការៀបចំឱ្យពលករចំណាកស្រុកអាចមានលទ្ធភាពបោះឆ្នោតបាន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនត្រូវធ្វើព្រងើយកន្ដើយ ទុកពលរដ្ឋចោលនោះទេ ខណៈដែលពលរដ្ឋភាគច្រើនដែលចំណាកស្រុកមិនសូវទទួលបានព័ត៌មានទូលំទូលាយផងនោះ៖ «ក្នុងឱកាសវេទិកានេះ សូមសំណូមពរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬអស់លោកមេគណបក្សទាំងអស់ត្រូវតែជម្រុញថា តើ ត្រូវធ្វើយ៉ាងម៉េចឱ្យកម្មករចំណាកស្រុកនេះបានបោះឆ្នោតផង គាត់ជាម្ចាស់ប្រទេសណ៎ា។ រដ្ឋធម្មនុញ្ញបានចែងថា ពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ជាម្ចាស់អំណាច ជាអ្នកសម្រេចចិត្តជោគវាសនាប្រទេសជាតិ ហើយបើអ្នកសម្រេចចិត្តជោគវាសនាប្រទេសជាតិអត់មានសិទ្ធិបោះឆ្នោតផង កុំឱ្យពិបាកអ្នកមានសិទ្ធិជំនួស ?»។

បន្ដែមពីលើការស្នើនេះ ប្រធានគណបក្សកម្ពុជានិយមលោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងក្នុងសិក្ខាសាលាដែរថា ដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោត ត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋបានចូលរួមពេញលេញ ហើយធ្វើការគាំទ្រដល់អង្គការសង្គមស៊ីវិលដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពាំនាំផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដើម្បីបង្ហាញឆន្ទៈពិតប្រាកដរបស់ គ.ជ.ប។ លោកលើកឡើងដោយចោទជាសំណួរថា តើ គ.ជ.ប ពិតជាមានឆន្ទៈដោះស្រាយបញ្ហាពលករចំណាកដែរឬទេ?៖ «សួរថាដំណោះស្រាយរហូតមកដល់ពេលនេះតើមានការយកចិត្តទុកដាក់ដើម្បីចង់ឱ្យប្រជាពលរដ្ឋនៅក្រៅប្រទេសមានសិទ្ធិចុះឈ្មោះ ឬមានសិទ្ធិចូលរួមការបោះឆ្នោតឬក៏អត់ ? ឬការអនុវត្តច្បាប់ជារឿងមួយតែមុនការអនុវត្តច្បាប់គេនិយាយពីការបង្កើតច្បាប់សិន ដូច្នេះការបង្កើតច្បាប់ ការបង្កើតនីតិវិធី និងបទបញ្ជារក្នុងការរៀបចំការបោះឆ្នោត គេត្រូវគិតគូរអ្វីខ្លះជាបញ្ហាប្រឈម អ្វីខ្លះជាដំណោះស្រាយដែលត្រូវធ្វើ ? »។

ឆ្លើយតបទៅនឹងសំណើនេះ អគ្គនាយករងនិងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃ គ.ជ.ប លោក កែ រឹទ្ធិ បានលើកឡើងក្នុងអង្គសិក្ខាសាលាថា ខាង គ.ជ.ប នឹងពិចារណាឡើងវិញ ដោយពិនិត្យមើលភាពស្របតាមធម្មនុញ្ញនៃច្បាប់បោះឆ្នោតនៅកម្ពុជា។ លោកអះអាង ថា កន្លងមក គ.ជ.ប បានគោរពយ៉ាងពេញលេញលើច្បាប់ស្ដីពីការបោះឆ្នោត មិនបានរំលោភ បំពានច្បាប់ណាមួយនោះទេ៖ «ទាក់ទងពលរដ្ឋចំណាកស្រុកនេះ គ.ជ.ប កន្លងមកបានរៀបចំឱ្យមានឃុំសង្កាត់តាមព្រំដែន ជាប់ព្រំដែនថៃ អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលនៅព្រំដែនថៃហ្នឹង អញ្ជើញមកចុះឈ្មោះ ។ គាត់គ្រាន់តែសុំលិខិតបញ្ជាក់ការរស់នៅទីនោះ អាចចុះឈ្មោះបានហើយ មិនមែនថាមិនគិតគូរទេ»។

គណបក្សនយោបាយ និងសង្គមស៊ីវិលបានបង្ហាញ និងផ្ដល់អនុសាសន៍ថា បច្ចប្បន្នគណបក្សនយោបាយមួយចំនួនរងការរឹតត្បិត បើទោះបីជានាយករដ្ឋមន្រ្តីលោក ហ៊ុន សែន និងលោក ស ខេង ធ្លាប់ប្រកាសមិនឱ្យអាជ្ញាធររារាំងសកម្មភាពរបស់គណបក្សនយោបាយក៏ដោយ។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជានៅបន្តចាំឃ្លាំមើលទៀតថា តើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រសាសន៍របស់លោកឩបនាយករដ្ឋមន្ត្រី ស ខេង គ្រាន់តែជាសម្ដីនិយាយឱ្យតែបានពិរោះស្ដាប់ ឬជាសម្ដីគួរឱ្យគោរព និងជឿទុកចិត្តបាន។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។