ក្រុម​ចលនា​មាតា​ធម្មជាតិ​ថា មាន​អ្នក​គាំទ្រ​ញត្តិ​ជាង ១សែន​នាក់ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន

0:00 / 0:00

ក្រុម​ចលនា​មាតា​ធម្មជាតិ ថា មក​ទល់​ពេល​នេះ មាន​មនុស្ស​ចំនួន​ជាង ១សែន ៣ពាន់​នាក់​ហើយ (១០៣.១៦៣) នៅ​ទូទាំង​ពិភព​លោក បាន​ចូលរួម​គាំទ្រ​ញត្តិ​ឱ្យ​រដ្ឋ​អំណាច​ក្រោម​ឥទ្ធិពល​គ្រួសារ​ត្រកូល​ហ៊ុន​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង ៥នាក់ ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ។ សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន លើក​ឡើង​ថា ការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស គឺ​ជា​ចរន្ត​ផ្ទៃ​ក្នុង​ជាតិ​ដល់​អន្តរជាតិ ដែល​រដ្ឋាភិបាល​គួរ​ពិចារណា ដើម្បី​កុំ​ឱ្យ​បាក់​មុខ​មាត់​ និង​ខាត​ប្រយោជន៍​ប្រទេស​កម្ពុជា។

សកម្មជន​មាតា​ធម្មជាតិ​អ្នកនាង ស៊ុន រដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ថា ការ​ចូលរួម​ផ្សព្វផ្សាយ​ញត្តិ​គាំទ្រ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នេះ មាន​ បណ្ដាញ​ជា​អន្តរជាតិ តាំង​ពី​ប្រទេស​ស៊ុយអែត អាល្លឺម៉ង កូរ៉េខាងត្បូង និង​នៅ​ ប្រទេស​ជប៉ុន​ជា​ដើម ដែល​ធ្វើ​ឱ្យ​មាន​កំណើន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​កាន់​តែ​ច្រើន​ឡើង។

អ្នកនាង ស៊ុន រដ្ឋា អះអាង​ថា សកម្មជន​មាតា​ធម្មជាតិ​ត្រូវ​ការ​ប្រមូល​សំឡេង​អ្នក​គាំទ្រ​ញត្តិ​ឱ្យ​បាន ១សែន ៥ម៉ឺន​នាក់ ដើម្បី​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ ស្ថាប័ន​អន្តរជាតិ​នានា និង​បណ្ដា​ប្រទេស​ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា រួម​ទាំង​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ក្នុង​គោល​ដៅ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្ម ជន​បរិស្ថាន ដែល​កំពុង​ជាប់​ឃុំ។

អ្នកនាង​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល មិន​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥រូប​ទេ នោះ​នឹង​នាំ​ផល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា ដូចជា មិន​អាច​ទាក់ទាញ​បាន​នូវ​អ្នក​វិនិយោគ​បរទេស​ល្អៗ និង​អាច​បន្ត​បាត់​កិច្ច សហប្រតិបត្តិការ​ការ​ទូត​បន្ថែម​ទៀត ជាក់​ស្ដែង​ដូច​ករណី​នៃ​ការ​ប្រកាស​ដក​ស្ថាន​ ទូត​ស៊ុយអែត ចេញ​ពី​ប្រទេស​កម្ពុជា​ថ្មីៗ ជា​ដើម ដោយសារ​តែ​បញ្ហា​រំលោភ​សិទ្ធិ​ មនុស្ស។

អ្នកនាង ស៊ុន រដ្ឋា៖«បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះលែង​ទេ ក៏​វា​មាន​ការ​ខាត់​បង់​ធ្ងន់ធ្ងរ​ទៅ​ដល់​ប្រទេស​កម្ពុជា​ដូច​គ្នា ជា​ពិសេស គឺ​មុខ​មាត់​ប្រទេស​កម្ពុជា​តែ​ម្ដង ដោយសារ​តែ​នេះ វា​មិន​មែន​តែ​មាន​សំឡេង​របស់​ប្រជាជន​ទេ គឺ​សំឡេង​ឆាក​អន្តរជាតិ​ទាំង​មូល​ដែល​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង។ នេះ​ស​បញ្ជាក់​ថា សកម្មជន​បរិស្ថាន​ទាំង ៥ រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ហ្នឹង គឺ​គាត់​អត់​មាន​កំហុស ដែល​សាធារណជន​ច្រើន​មែន​ទែន​ដឹង​ថា ពួកគាត់​អត់​មាន​កំហុស ហើយ​ទាមទារ​ឱ្យ​ដោះលែង»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​ រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទេ​នៅ​ថ្ងៃ​ទី២១ ខែកញ្ញ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក អំ សំអាត កត់​សម្គាល់​ថា តាម​ការ​ស្ទាប​ស្ទង់​តាម​ប្រព័ន្ធ​អនឡាញ (online) ឃើញ​មាន​អ្នក​ចូលរួម​ច្រើន ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​បរិស្ថាន ជា​ពិសេស សន្ទុះ​នៃ​ការ​គាំទ្រ​ឱ្យ​ដោះ​លែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥នាក់។

លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២១ ខែកញ្ញា​ថា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​តែ​បន្ត​ស្នើ​ឱ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី។ លោក​ថា ការពារ​បរិស្ថាន​ឱ្យ​ប្រសើរ ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់ ជា​ពិសេស ទាក់ទង​នឹង​សុខភាព​របស់​ពលរដ្ឋ គឺ​ជា​បញ្ហា​រួម​របស់​ជាតិ​កម្ពុជា និង​ពិភព​លោក ដូច្នេះ អ្នក​ការពារ​បរិស្ថាន គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត និង​គាំទ្រ។

លោក អំ សំអាត ៖ «សកម្មភាព​នៃ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​កិច្ចការពារ​ដី​ធ្លី និង​ការ​លើក​កម្ពស់​ទៅ​បញ្ហា​សិទ្ធិ​មនុស្ស វា​ជា​សេរីភាព ហើយ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​ស្ដី​ពី​សិទ្ធិមនុស្ស មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់ កាត់​ទោស​ឃុំ​ខ្លួន​នោះ​ទេ។ អ៊ីចឹង អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​តែ​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ទៅ​លើ​សកម្មជន​បរិស្ថាន​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី២ ខែកក្កដា តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​សកម្មជន​បរិស្ថាន ១០នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៦ឆ្នាំ ដល់ ៨ឆ្នាំ​ ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» និង «ប្រមាថ​ព្រះមហាក្សត្រ»។ ចំណែក​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ រួមមាន​លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ តាម​ខេត្ត​ផ្សេងៗ គ្នា ភ្លាមៗ បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។