តុលាការ​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​អតីត​មេឃុំ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង គឺ​អ្នកស្រី កឹម តុលា ជា​លើក​ទី​ពីរ

0:00 / 0:00

មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី កឹម តុលា ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​មួយ​យប់​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បន្ទាប់​ពី​ឃាត់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ឬ​ពោធិ៍​ចិនតុង កាល​ពី​រសៀល​ថ្ងៃ​ទី៣០ ខែកក្កដា ដោយ​សារ​អ្នកស្រី​ប្រើ​លិខិត​ឆ្លង​ដែន ដែល​អាជ្ញាធរ​ដាក់​ក្នុង​បញ្ជី​ខ្មៅ (Black List) ដើម្បី​យក​មក​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​ក្នុង​គោល​បំណង​រស់នៅ​ជា​មួយ​ប្ដី​នៅ​ប្រទេស​អាឡឺម៉ង់ (Germany)។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី៣១ ខែតុលា សមត្ថកិច្ច​បាន​បញ្ជូន​អ្នកស្រី កឹម តុលា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រយៈ​ពេញ​មួយ​ថ្ងៃ ហើយ​តុលាការ​ក៏​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ "ម២"។

មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកស្រី កឹម តុលា គឺ​លោក កែត ឃី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី៣១ ខែ​តុលា​ថា លោក​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ និង​អយុត្តិធម៌ ចំពោះ​កូន​ក្តី​របស់​លោក ដែល​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស ហើយ​អ្នក​ស្រី ធ្លាប់​បាន​អនុវត្ត​ទោស​ក្នុង​សំណុំ​រឿង​ញុះញង់​នេះ កាល​ពី​ឆ្នាំ​២០២១ ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ​លោក កែត ឃី ចម្លែក​ពេល​ឃើញ​តុលាការ​ក្រុង​ភ្នំពេញ​យក​អង្គហេតុ​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ទៅ​បង្កើត​សំណុំ​មួយ​ទៀត ដើម្បី​កាត់​ទោស​កូន​ក្ដី​របស់​លោក​ដាក់​ពន្ធនាគារ​បន្ថែម។ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្ម​ជន​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា លោក​នឹង​ទៅ​ជួប​ពិភាក្សា​ផ្នែក​ច្បាប់​ជា​មួយ​កូន​ក្ដី​នៅ​ពន្ធនាគារ​ឆាប់ៗ នេះ ដើម្បី​ដាក់​ប្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប៖

«យើង​ជម្រាប​ប្រាប់​ទៅ​កាន់​តុលាការ​អាច​គាត់​មិន​ដឹង​ថា កឹម តុលា ហ្នឹង​គាត់​បាន​អនុវត្ត​ទោស​ដែល​ចោទ​ប្រកាន់​ញុះញង់​ដោយ​តុលា​ការ​ខេត្តកំពង់ស្ពឺ​រួច​ហើយ ដោះលែង​រួច​ហើយ ស្រាប់​តែ​តុលា​ការ​ក្រុង​ភ្នំពេញ​យក​រឿង​ដដែល​មក​ដាក់​អ៊ីចឹង វា​ជា​រឿង​អយុត្តិធម៌​ចំពោះ​អ្នកស្រី កឹម តុលា ហើយ​មិន​ដែល​មាន​ទេ​ច្បាប់​​អង្គហេតុ​តែ​មួយ​យក​មក​ធ្វើ​ជា​ពីរ​សំណុំ​រឿង​វា​អត់​មាន​ទេ»។

ចំណែក​បងស្រី​របស់​សកម្មជន​បក្ស​ប្រឆាំង​អ្នកស្រី កឹម តុលា គឺ​លោក​ស្រី កឹម សេដ្ឋា ថ្លែង​ថា​ប្អូន​លោក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។ លោកស្រី​អះអាង​ថា​ក្រោយ​ពេល​ប្អូន​របស់​លោកស្រី​ជាប់​ពន្ធនាគារ​លើក​ទី​មួយ​មក​បាន​រក្សា​ភាព​ស្ងប់ស្ងាត់ និង​មិន​ផ្សារ​ភ្ជាប់​រឿង​នយោបាយ​ឡើយ។ លោកស្រី​ថា ​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឱ្យ​ខូច​អនាគត​ប្អូន​ស្រី​ដែល​ត្រៀម​ទៅ​រស់​នៅ​ជាមួយ​ប្ដី​នៅ​ប្រទេស​អាឡឺម៉ង់។ លោកស្រី កឹម សេដ្ឋា ស្នើ​ដល់​តុលាការ​ដោះលែង​ប្អូនស្រី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឱ្យ​គាត់​បាន​ទៅ​ជួប​ជុំ​គ្រួសារ​វិញ៖

«ខ្ញុំ​មិន​ទទួល​យក​បាន​ទេ ពី​ព្រោះ​គាត់​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ ខ្ញុំ​អំពាវនាវ​ដល់​តុលាការ​ហ្នឹង​គាត់​ដោះ​លែង​ប្អូនស្រី​របស់​ខ្ញុំ​ឱ្យ​មាន​សេរីភាព​បាន​ទៅ​ជួបជុំ​គ្រួសារ។ គាត់​អត់​ពាក់​ព័ន្ធ​នយោបាយ​ទៀត​ទេ គាត់​រស់​នៅ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ហើយ​ពេល​ចេញ​ពី​ពន្ធនាគារ​រស់​នៅ​ដោយ​ស្ងាត់ស្ងៀម»។

ការ​ចាប់​ខ្លួន​អ្នក​ស្រី កឹម តុលា ជា​លើក​ទី​ពីរ​នេះ គឺ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា បាន​ចេញ​សាលក្រម​កំបាំង​មុខ ផ្ដន្ទាទោស​លោកស្រី កឹម តុលា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥រូប​ទៀត រួម​មាន លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក ម៉ន ផល្លា លោក ម៉ោញ សារ៉ាត់ និង​សកម្មជន ដែល​កំពុង​ជាប់​ឃុំ​ម្នាក់​អ្នក​ស្រី ឡាញ់ ថាវរី ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ត្រូវ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ រយៈ​ពេល ១៨ខែ ហើយ​តុលាការ​ក៏​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ពួកគេ​យក​មក​អនុវត្ត​ទោស។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក ប្លង់ សុផល ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣១ ខែតុលា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក នី សុខា សោកស្ដាយ​ចំពោះ​អាជ្ញាធរ​បន្ត​ចាប់​ខ្លួន និង​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​ពួកគេ​មាន​ទស្សន​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល​កន្លង​មក។ លោក​ស្នើ​ដល់​ឱ្យ​រដ្ឋាភិបាល និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គួរ​ចូល​តុ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដោយ​សន្តិវិធី ដើម្បី​ស្ការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ស្រប​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​រៀបចំ​ការ​បោះឆ្នោត​ខាង​មុខ​នេះ៖

«មតិ​ជាតិ​និង​អន្តរ​ជាតិ​តែងតែ​លើ​ឡើង​ឱ្យ​រដ្ឋាភិបាល​ងាក​មក​ដោះ​ស្រាយ​បញ្ហា​នយោបាយ​វិញ ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​សិទ្ធិ​សេរីភាព​ផ្សេងៗ ដោយ​កុំ​យក​កត្តា​នយោបាយ​ទៅ​គំរាម​កំហែង គាប​សង្កត់​លើ​សកម្មជន​នយោបាយ ពី​ព្រោះ​ប្រទេស​កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច្នេះ​យើង​គួរ​យក​គោល​ការណ៍​ច្បាប់ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរ​ជាតិ​មក​អនុវត្ត​ផង»។

មេឃុំ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែង​ត្រយឹង លោក​ស្រី កឹម តុលា ធ្លាប់​បាន​រត់​ភៀស​ខ្លួន​ទៅ​ជ្រកកោន​នយោបាយ​ក្នុង​ប្រទេស​ថៃ​មួយ​រយៈ ក្រោយ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​បង្ហោះ​សារ​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​មនុស្ស​តែ​មួយ និង​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩។ អ្នកស្រី បាន​សម្រេច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​មេ​ដឹក​នាំ​ក្រុងភ្នំពេញ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​រត់គេច​ខ្លួន​ទាំង​អស់ ត្រឡប់​ចូល​ផ្ទះ​សម្បែង​វិញ។ ប៉ុន្តែ​ក្រោយ​ពេល​អ្នក​ស្រី​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ បាន​ចាប់​ខ្លួន​អ្នក​ស្រី ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ជាង ៣ខែ​ទើប​ដោះ​លែង​វិញ កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

Kem_Tola_from_Ron_Chanthy_FB.jpg
អ្នកស្រី កឹម តុលា កាល​នៅ​កាន់តំណែង​ជា​មេឃុំ​ជាប់​ឆ្នោត​នខាង​គណបក្ស​សង្គ្រោះ​ជាតិ ​នៃ​ឃុំ​ត្រែង​ត្រយឹង ខេត្តកំពង់ស្ពឺ កាល​ពី​ឆ្នាំ២០១៧។ រុពពីហ្វេសប៊ុក Ron Chanthy

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៦០នាក់​ទៀត កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ ពួក​គាត់​ភាគ​ច្រើន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​កាល​ពី​ដើម​ឆ្នាំ២០២០។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ដូចៗ គ្នា គឺ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជា​ដើម។ ក្រុម​អង្គ​ការ​ជាតិ-អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែ​ថ្កោលទោស​ជា​បន្ត​បន្ទាប់​ថា ការ​ចាប់​ឃុំ​ខ្លួន​ទាំងនេះ គឺជា​រឿង​នយោបាយ និង​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​វិញ​ជាបន្ទាន់ និង​ឥត​លក្ខ​ខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។