មេដឹកនាំ​យោធា​ភូមា​យល់​ព្រម​អនុវត្ត​តាម​គោលការណ៍​ ៥​ចំណុច​របស់​អាស៊ាន

0:00 / 0:00

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) យល់ព្រម​អនុវត្ត​តាម​គោលការណ៍ ៥ចំណុច​របស់​អាស៊ាន ក្នុង​នោះ រួម​មាន ការ​ពន្យារ​ពេល​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច រហូត​ដល់​ចុង​ឆ្នាំ២០២២ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា ជាមួយ​ក្រុម​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ក្នុង​ប្រទេស​ភូមា។

ការ​ប្ដេជ្ញា​ចិត្ត​របស់​មេ​ដឹក​នាំ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន កាល​ពី​ថ្ងៃ​ទី៧ ខែមករា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ២ថ្ងៃ​នៅ​ប្រទេសភូមា។ ក្នុង​ជំនួប​នេះ​ដែរ មេ​ដឹក​នាំ​ភូមា ស្វាគមន៍​រដ្ឋមន្ត្រី​ការ​បរទេស ប្រាក់ សុខុន ដែល​បាន​តែងតាំង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្ដីពី​មីយ៉ាន់ម៉ា និង​បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រេសិត​ពិសេស​នេះ ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ចំណុច ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម កម្ពុជា-មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​យោធា​ភូមា ក៏​បាន​សង្កត់​ធ្ងន់​ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច គួរតែ​ជា​ការ​បំពេញ​បន្ថែម ដើម្បី​សម្រេច​បាន​នូវ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ក្រុម​ប្រឹក្សា​រដ្ឋបាល។ បន្ថែម​ពី​ការ​យល់ព្រម​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច បញ្ឈប់​អំពើ​ហិង្សា និង​ទទួល​យក​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលរដ្ឋ មេ​ដឹក​នាំ​ភូមា​រូប​នេះ ក៏​បាន​ស្វាគមន៍ ចំពោះ​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ឆ្នាំ២០២២ ដែល​ជា​ការ​វិវឌ្ឍ​ថ្មី​ស្រប​ទៅ​តាម​គោលការណ៍​កុងសង់ស៊ីស ៥ចំណុច ដែល​បាន​ដាក់​ចេញ ក្នុង​ជំនួប​កំពូល​ពិសេស កាល​ពី​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

គោលការណ៍​ទាំង ៥ចំណុច​នេះ​រួមមាន៖ទី១៖ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់។ ទី២៖ ចាប់​ផ្ដើម​ការ​សន្ទនា​ប្រកប​ដោយ​ស្ថាបនា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ទី៣៖ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​ការ​សម្រុះសម្រួល នៃ​ដំណើរ​ការ​រៀបចំ​កិច្ច​សន្ទនា ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។ ទី៤៖ អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ទី៥ វិញ គឺ​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ ក្នុង​ជំនួប​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់​ថា តាម​បទ​ពិសោធន៍ និង​មេរៀន ដែល​កម្ពុជា​សម្រេច​បាន​ជោគជ័យ​នៃ​គោល​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​ទទួល​បាន​សុខ​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​ការ​បង្រួបបង្រួម​ជាតិ គឺ​ចាំបាច់ ត្រូវ​តែ​មាន​ការ​ចូលរួម និង​កិច្ចព្រមព្រៀង​គ្នា ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ ក្នុង​ស្មារតី​នេះ មេ​ដឹក​នាំ​យោធា​ភូមា លោក មីន អ៊ុងលាំង បាន​ធានា​ឲ្យ​មាន​ការ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត ពិសេស​នៅ​មីយ៉ាន់ម៉ា និង​ការ​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​ទាំង​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច ដោយ​ពិចារណា ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង។

អ្នក​វិភាគ​នយោបាយ និង​សង្គម លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ​នេះ​ថា លទ្ធផល​ជំនួប​របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​មេដឹកនាំ​យោធា​ភូមា​នេះ លើស​ពី​ការ​រំពឹង​ទុក ជា​ពិសេស គឺ​បញ្ឈប់​ការ​បាញ់​គ្នា និង​ការ​ផ្តល់​ជំនួយ​ជា​បន្ទាន់​ដល់​ពលរដ្ឋ​ភូមា។

លោក​បណ្ឌិត​សង្កត់​ធ្ងន់​ថា ប្រសិនបើ​មេ​ដឹក​នាំ​ភូមា យល់​ព្រម​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង ៥ចំណុច​របស់​អាស៊ាន​មែន​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន នៅ​ឆ្នាំ២០២២ នេះ ពិត​ជា​ទទួល​បាន​នូវ​កិត្តិនាម​ដ៏​សំខាន់ ក្នុង​កិច្ចប្រឹងប្រែង​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​តំបន់៖ « កម្ពុជា​លើក​នេះ បាន​ផ្តល់​នូវ​គំរូ​ថ្មី​មួយ សម្រាប់​ប្រវត្តិសាស្ត្រ​នៅ​តំបន់ ដែល​ទទួល​យក​ហានិភ័យ​ចូល​ទៅ​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា។ យើង​ឃើញ​ថា មុន​ប៉ុន្មាន​ថ្ងៃ​ចេញ​ដំណើរ យើង​ឃើញ​ការ​រិះគន់​យ៉ាង​ខ្លាំង ដែល​រហូត​ដល់​នឹង​បរាជ័យ ជាដើម ហើយ​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើ​បាន លទ្ធផល​បាន​ល្អ​មែនទែន​នៅ​ប្រទេស​ភូមា។ រឿង​សំខាន់​ទៅ​ទៀត គឺ​អាស៊ាន និង​ប្រទេស​មហា​អំណាច​លោក​សេរី ដូច​ជា សហរដ្ឋ​អាមេរិក និង​ចិន គួរ​ផ្ដោត​លើក​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់ និង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ »

សេចក្ដី​ប្រកាស​រួម​ដដែល ក៏​បាន​បញ្ជាក់​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​បាន​គាំទ្រ​ឱ្យ​មាន​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួម​មាន ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ាន ដើម្បី​សម្របសម្រួល​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ភូមា។

គេ​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ថា តើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួប​ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេ​ដឹក​នាំ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​សកល កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២០ ដែរ​ឬ​ទេ។

គិត​ត្រឹម​ចុង​ឆ្នាំ២០២១ យ៉ាង​ហោចណាស់ មាន​ពលរដ្ឋ​ភូមា​ជាង ១ពាន់ ៣រយ​នាក់ (១.៣០៥នាក់) ត្រូវ​បាន​សម្លាប់ ក្នុង​មាន​កុមារ​ជាង ៧៥នាក់ និង​មនុស្ស​ប្រមាណ​ជាង ១ម៉ឺន​នាក់ (១០.៧៥៦នាក់) ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​ការ​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​ខុស​ច្បាប់​របស់​របប​សឹក​យោធា​នៅ​ភូមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។