កម្ពុជាបញ្ជាក់ថា មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) នឹងមិនចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្តាញសង្គមតេឡេក្រាម (Telegram) ថាកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជារៀបចំធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅរាជធានីភ្នំពេញ មានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានមកពីគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ លើកលែងតែរដ្ឋមន្ត្រីការបរទេសប៊្រុយណេ (Brunei) និងថៃ (Thailand) ចេញ។ លោកថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនេះនឹងចូលរួមតាមប្រព័ន្ធវីដេអូ។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិតពីហេតុផលដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនេះមិនអាចចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់នោះទេ។ ដោយឡែក ចំពោះរឿងរ៉ាវចម្រូងចម្រាសរបស់ប្រទេសមីយ៉ាន់ម៉ាវិញ លោកថាពុំមានតំណាងចូលរួមនោះទេ។
ក្រសួងការបរទេសនៃរបបសឹកភូមា បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយផ្សាយកាលពីយប់ថ្ងៃចន្ទ ថា មីយ៉ាន់ម៉ាពុំអាចចូលរួម ឬតែងតាំងតំណាងមិនមែនជាអ្នកនយោបាយឱ្យមកចូលរួមកិច្ចប្រជុំនេះបានឡើយ ដោយសារតែអាស៊ានធ្វើសេចក្តីសម្រេចចិត្តតាមអ្វីមួយដែលរបបសឹកភូមាអះអាងថា ផ្ទុយទៅនឹងគោលការណ៍ និងការអនុវត្តនៃភាពជាតំណាងស្មើភាពគ្នានៅក្នុងអាស៊ាន។
ក្រោយរងការរិះគន់ពីរឿងធ្វើឱ្យអាស៊ានបែកបាក់ និងបរាជ័យមិនអាចរៀបចំកិច្ចប្រជុំបើកឆាកដំបូងរបស់អាស៊ានបានដោយត្រូវពន្យាពេលអស់ជិតមួយខែរួចមក ដោយសារបញ្ហាដ៏ចម្រូងចម្រាសដែលកម្ពុជាចង់ទទួលស្គាល់មេដឹកនាំរដ្ឋប្រហារភូមារួចមក កម្ពុជាបានសម្រេចបន្ទន់ឥរិយាបថងាកមកធ្វើតាមជំហររបស់ប្រធានប្តូរវេនអាស៊ានចាស់កាលពីឆ្នាំទៅវិញ ដោយសម្រេចមិនអញ្ជើញមេដឹកនាំរបបសឹកភូមាឱ្យមកចូលរួមកិច្ចប្រជុំអាស៊ានឡើយ។ កម្ពុជាសម្រេចតាមជំហររបស់អាស៊ានជារួមថា តំណាងរបស់ភូមាត្រូវតែមិនមែនជាអ្នកនយោបាយទើបអាចចូលរួមកិច្ចប្រជុំនេះបាន។ ទន្ទឹមនឹងនេះ ក្រុមមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន ជាពិសេស សិង្ហបុរី (Singapore) ឥណ្ឌូនេស៊ី (Indonesia) និងម៉ាឡេស៊ី (Malaysia) នៅតែបន្តទាមទារឱ្យរបបសឹកភូមាបញ្ឈប់ការប្រើប្រាស់អំពើហិង្សាមកលើពលរដ្ឋភូមា និងអនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានអាចជួបសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសភូមាដើម្បីដោះស្រាយវិបត្តិនៅប្រទេសនេះក្រោយពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំកន្លងទៅ។ ក្រុមមន្ត្រីជាន់ខ្ពស់អាស៊ានក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតឡើងក្នុងតំបន់ រួមមានដូចជា ការគ្រប់គ្រងជំងឺកូវីដ១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាសន្តិសុខក្នុងតំបន់ជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ពុំឆ្លើយតបទៅនឹងសំណួររបស់វិទ្យុអាស៊ីសេរី ថាតើអាចនឹងមានការលើកឡើងនៅក្នុងកិច្ចប្រជុំនេះ ពីប្រធានបទជុំវិញការសង្ស័យពីរឿងមូលដ្ឋានកងទ័ពចិននៅកម្ពុជា ដែលជាកង្វល់របស់អាមេរិកថាអាចប៉ះពាល់ដល់សន្តិសុខតំបន់ នៅក្នុងកិច្ចប្រជុំនេះដែរឬយ៉ាងណានោះទេ។
ទោះយ៉ាងណា កន្លងទៅ ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិពុំមានជំនឿថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន កម្ពុជាអាចដោះស្រាយបញ្ហាប្រឈមសំខាន់ៗជាពិសេសបញ្ហាសន្តិសុខ និងនយោបាយក្នុងតំបន់បាននោះទេ។ ពួកគេថា កម្ពុជាដឹកនាំអាស៊ានឆ្នាំ២០២២នេះ ក៏ទំនងជាមិនសូវសុខគ្នាពីពេលមុនដែរ ដែលកម្ពុជាចេញមុខគាំទ្រប្រទេសចិននៅក្នុងរឿងជម្លោះដណ្តើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។