គ.ជ.ប ប្ដូរ​កាល​បរិច្ឆេទ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ពី​ខែ​តុលា មក​ដើម​ខែ​ឧសភា​វិញ សម្រាប់​ឆ្នាំ២០១៩

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្ដូរ​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ពី​ខែ​តុលា មក​ធ្វើ​នៅ​ដើម​ខែ​​ឧសភា​វិញ សម្រាប់​ឆ្នាំ២០១៩។ ​រយៈ​ពេល ​៤​ថ្ងៃ​ដំបូង​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៤ ឧសភា មាន​ពលរដ្ឋ​​ជាង ១ម៉ឺន​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​ថ្មី។

គ.ជ.ប បង្ហាញ​​ថា លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ​ឆ្នាំ២០១៩ មាន​ពលរដ្ឋ ១២.៧៨៣នាក់ បាន​ទៅ​ចុះ​ឈ្មោះ​ថ្មី ហើយ​អ្នក​ដែល​សុំ​លុប​ឈ្មោះ និង​សុំ​កែ​តម្រូវ​ទិន្នន័យ មាន ១.៨៤៨នាក់។

លទ្ធផល​បណ្ដោះ​អាសន្ន​បង្ហាញ​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ២០១៩ មាន​ចំនួន ៨.៥៥៦.៨៧៨នាក់ កើន​ឡើង​ជាង​ឆ្នាំ២០១៨ ជាង ១ម៉ឺន​នាក់។ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ២០១៨ មាន​ចំនួន ៨.៥៤៤.៨៨៥នាក់។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ី​សេរី​ថា ការ​ប្ដូរ​កាល​បរិច្ឆេទ​មក​ខែ​ឧសភា​វិញ ដោយសារ​ប្រតិទិន​របស់ គ.ជ.ប ជាប់​រវល់​នៅ​ខែ​តុលា និង​ដោយសារ​ខែ​តុលា ប្រឈម​នឹង​ស្ថានភាព​ទឹក​ជំនន់។ លោក ហង្ស ពុទ្ធា ថា ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​ឆ្នាំ២០១៩ មាន​រយៈ​ពេល ២២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២២ ឧសភា។ លោក​បញ្ជាក់​ថា ៦ថ្ងៃ ដើម​យុទ្ធនាការ និង ៦ថ្ងៃ​នៃ​ចុង​យុទ្ធនាការ គ.ជ.ប នឹង​ទទួល​ចុះ​ឈ្មោះ តាម​សាលា​ឃុំ​សង្កាត់ ឯ​ចន្លោះ​ថ្ងៃ​យុទ្ធនាការ​នេះ គឺ គ.ជ.ប នឹង​ចល័ត នៅ​តាម​ទី​ប្រជុំ​ជន​ក្នុង​មូលដ្ឋាន​របស់​ពលរដ្ឋ ដើម្បី​ទទួល​ការ​ចុះ​ឈ្មោះ។ អ្នក​នាំ​ពាក្យ​រូប​នេះ អះអាង​ទៀត​ថា គ.ជ.ប ធ្វើ​បែប​នេះ​យូរ​ណាស់​មក​ហើយ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ៖ « ដោយសារ​ប្រតិទិន​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ហ្នឹង មាន​ការ​ចង្អៀត​ពេក ដល់​អ៊ីចឹង​ហើយ បាន​ពេល​វេលា​ត្រូវ​លើក​មក​ពេល​ហ្នឹង​បាទ។ សំណួរ៖ តើ​ចុះ​ឈ្មោះ​នរណា​ខ្លះ ? ឆ្លើយ៖ ទី១ ទទួល​ចុះ​ឈ្មោះ អ្នក​មាន​អាយុ​ ១៨​ឆ្នាំ​ឡើង ​ហើយ​ទី២ ទទួល​ចុះ​ឈ្មោះ​អ្នក​មាន​ទី​លំនៅ​ថ្មី ហើយ​ទី៣ នឹង​មាន​ការ​លុប​ឈ្មោះ​អ្នក​ដែល​ប្ដូរ​ចេញ​ពី​អាសយដ្ឋាន​ ក្នុង​ឃុំ​សង្កាត់​ចាស់​​ហ្នឹង​ លុប​ពី​ហ្នឹង​ចេញ ដើម្បី​ឲ្យ​គាត់​ទៅ​ចុះ​ឈ្មោះ​ថ្មី ហើយ​មួយ​ទៀត លុប​អ្នក​ទទួល​មរណៈ​ភាព​ ឬ​ក៏​អ្នក​ដែល​សាលក្រម​មិន​ឲ្យ​គាត់​ទទួល​បាន ​ ( សិទ្ធិ​បោះឆ្នោត ) ជា​ដើម »

គ.ជ.ប ប៉ាន់ស្មាន​ថា ពលរដ្ឋ​ចុះ​ឈ្មោះ​ថ្មី សម្រាប់​ឆ្នាំ២០១៩ អាច​មាន​ជាង ៣សែន (៣៧២.៦២៨) បន្ថែម​ពី​លើ​បញ្ជី​ឆ្នាំ២០១៨។ ចំណែក​ចំនួន​ពលរដ្ឋ​អាយុ ១៨ឆ្នាំ​ឡើង ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត គ.ជ.ប ប៉ាន់​ស្មាន​ថា មាន​ជាង ១០លាន (១០.១៧៨.៨០៩) នាក់។

កាលពី​យុទ្ធនាការ​ចុះ​ឈ្មោះ​ និង​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ នៅ​ខែ​តុលា ​ឆ្នាំ២០១៨ គ.ជ.ប គ្រោង​ចុះ​ឈ្មោះ​ពលរដ្ឋ​ថ្មី ជាង ៤សែន (៤៨៩.៩៦៣) នាក់ បន្ថែម​ពី​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​ឆ្នាំ​២០១៧។ ប៉ុន្តែ​ការ​ចុះ​ឈ្មោះ​កាល​ណោះ គ.ជ.ប ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ថ្មី មិន​ដល់ ៥០ភាគ​រយ​ទេ នៃ​ចំនួន​ប៉ាន់​ស្មាន​​ទេ គឺ​កើន​ឡើង​បាន​ជាង ១សែន (១៣១.៦៦៨) នាក់ លើ​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ២០១៧ ដែល​មាន​ចំនួន​ជាង ៨លាន ៣សែន (៨.៣៨០.២១៧) នាក់។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ថ្មី និង​អ្នក​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាល​ណោះ ត្រូវ​បាន​​​​អ្នក​​​​ឃ្លាំ​មើល​សិទ្ធិ​បោះឆ្នោត នៃ​អង្គការ ខុមហ្វ្រែល (Comfrel) រក​ឃើញ​ថា ដោយសារ​កត្តា​នយោបាយ ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញទ្រាន់ មិន​ចង់​បន្ត​តាមដាន និង​ចូល​រួម​ជា​មួយ គ.ជ.ប។ ក្រៅពី​នេះ អង្គការ ខុមហ្វ្រែល​ ​សង្កេត​ឃើញ​ថា ទោះ​ជា​មាន​គណ​បក្ស​ច្រើន បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត កាល​ឆ្នាំ​២០១៨។ ប៉ុន្តែ​តំណាង​គណបក្ស​​នយោបាយ​ទាំង​នោះ មិន​បាន​សកម្ម​ក្នុង​ការ​ឃ្លាំ​មើល​បញ្ជី​ឈ្មោះ ឬ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទេ គឺ​តំណាង​គណបក្ស​នយោបាយ​ឃើញ​សកម្ម ​តែ​ពេល​បោះ​ឆ្នោត។ តែ​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាង​ថា ពលរដ្ឋ​មិន​សូវ​ចាប់​អារម្មណ៍ ដោយសារ​មិន​មែន​ជា​ឆ្នាំ​បោះ​ឆ្នោត។

អតីត​សមាជិក​បណ្ដុំ​អង្គការ​នៃ​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់​ថា ការ​ផ្លាស់ប្ដូរ​កាល​បរិច្ឆេទ​មក​ចុះ​ឈ្មោះ នៅ​ខែ​ឧសភា មិន​ទាន់​អាច​ទាក់​ទាញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ច្រើន​ទេ ព្រោះ​ពលរដ្ឋ​ទើប​ត្រលប់​មក​ពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច។

សង្គម​ស៊ីវិល​រូប​នេះ យល់​ថា គ.ជ.ប គួរ​ជ្រើស​​យក​ពេលវេលា​កៀក​ពិធី​ចូលឆ្នាំ​ខ្មែរ ទើប​អាច​ទាក់​ទាញ​ការ​ចូល​រួម​របស់​ពលរដ្ឋ។ ចំណែក​ការ​ចល័ត​ដល់​ទី​ប្រជុំ​ជន ដើម្បី​ចុះ​ឈ្មោះ​ជា​ការ​ល្អ ប៉ុន្តែ​លោក​ជឿ​ថា បើ​កត្តា​នយោបាយ​មាន​ភាព​ប្រសើរ​ជាង​នេះ ពលរដ្ឋ​នឹង​ចូល​រួម​កាន់​តែ​ច្រើន៖ « ខ្ញុំ​គិត​ថា ការ​ចុះ​ឈ្មោះ វា​ជា​រឿង​មួយ​ដោយ​ឡែក។ វា​​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​ធំដុំ​ពេក​ទេ។ ប៉ុន្តែ​បើ​បញ្ហា​នយោបាយ​អាច​មាន​ការ​ប្រែ​ប្រួល។ បើ​សិន​អ្នក​ចុះ​ឈ្មោះ​ថា ទាល់​តែ​នយោបាយ​បែប​នេះ បាន​ទៅ​ចុះ​ឈ្មោះ នយោបាយ​បែប​នោះ បាន​ទៅ​ចុះ​ឈ្មោះ អា​ហ្នឹង​គឺ​ជា​បញ្ហា​វិញ គឺ​ដល់​ពេល​ត្រូវ​ការ​បោះ​ឆ្នោត ហើយ​ដល់​ពេល​បក្ស​ដែល​គាត់​ពេញ​ចិត្ត មក​ចូល​រួម​ឈរ​ប្រជែង គាត់ ( ពលរដ្ឋ ) អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី។ អា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​កុំ​គិត​ឲ្យ​ជាប់​ជំពាក់​រឿង​នយោបាយ​ច្រើន »

ចំណែក​យុវជន លោក ខាន់ ភូមិន្ទ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​លោក​ពេញ​ចិត្ត​ចូលរួម​សកម្មភាព​ជាមួយ គ.ជ.ប វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។