គ.ជ.ប អះអាងថា ការ​សម្រេច​លុប​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើង​ទៀន​ចេញ​ពី​សង្កាត់​ទួលស្វាយ​ព្រៃ១​ គឺ​អនុវត្ត​ត្រឹម​ត្រូវ​តាម​នីតិវិធី

0:00 / 0:00

គ.ជ.ប អះអាង​ថា ​ការ​សម្រេច​លុប​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់គណបក្ស​ភ្លើង​ទៀន​ចេញ​ពី​សង្កាត់​ទួល​ស្វាយ​ព្រៃ១ ខណ្ឌ​បឹង​កេង​កង រាជ​ធានីភ្នំពេញ​​ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​នីតិ​វិធី។ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​នៅ​តែ​ចាត់​ទុក​ការសម្រេច​របស់ គ.ជ.ប លុប​បញ្ជី​បេក្ខ​ជន​របស់​ខ្លួន តាម​បណ្ដឹង​របស់​​មន្ត្រី​​​គណបក្ស​​ប្រជា​ជន​​កម្ពុជា​ម្នាក់ គឺ​ជា​​រឿង​​នយោ​បាយ។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)បាន​រៀបចំ​សន្និសីទ​សារព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​សេចក្តី​សម្រេច​លើ​សំណុំ​រឿង​លេខ ០៥១ ស្តី​ពី​ ការ​លុប​បញ្ជីបេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន នៅសង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ ខណ្ឌ​បឹង​កេង​កង រាជ​ធានី​ភ្នំពេញ នៅ​ទី​ស្តី​ការ គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា។ គ.ជ.បថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គ.ជ.ប ធ្វើ​ឡើង​តាម​នីតិវិធី​ច្បាប់​ដោយ​មិន​លម្អៀង​នោះ​ទេ។

អ្នក​​នាំ​​ពាក្យ​​គណៈកម្មា​ធិ​ការ​​ជាតិ​​រៀប​​ចំការ​​បោះ​​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់​​វិទ្យុ​​អាស៊ី​​សេរី​ថា បន្ទាប់ពី គ.ជ.ប ទទួល​បាន​បណ្តឹង​ជំទាស់​ទៅ​នឹងបេក្ខ​ជន​ចំនួន​៤រូប រួម​ជា​មួយ​បណ្តឹង​លើ​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើង​ទៀន​នៅសង្កាត់​ទទួល​ស្វាយ​ព្រៃ​ទី១ មក គ.ជ.ប បាន​ជ្រាវ​ជ្រាវ​រក​ឃើញ​ថា ​បេក្ខជន​ទាំងនោះ​មិន​បាន​បំពេញ​លក្ខ​ខណ្ឌ​ត្រឹម​ត្រូវ។ ទន្ទឹម​នឹង​នេះ គ.ជ.ប ថា​ការ​បញ្ជូន​បញ្ជីបេក្ខ​ជន​បក្ស​នេះ​មាន​ភាព​មិន​ប្រក្រតី​ទាក់ទង​ការ​ក្លែង​បន្លំ​ឯក​សារ ដូច​ជា ​ការ​ចុះហត្ថ​លេខា និង​ការ​ផ្តិត​ស្នាម​មៃ​ដោយ​សាមី​ខ្លួន​មិន​បាន​ស្ម័គ្រ​ចិត្ត​ជា​ដើម។ លោកបញ្ជាក់​សេច​ក្តី​សម្រេច​នេះ គណបក្ស​ភ្លើង​ទៀន​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ​ទេ៖ «បញ្ជី​ដែល​ដាក់​ទៅ​ហ្នឹង​ត្រូវ​បាន​ទទួល​បណ្តឹង​ថា ​មាន​ភាព​មិន​ប្រក្រតី មាន​ន័យ​ថា​ បញ្ជី​ហ្នឹង​មាន​ការ​ក្លែង​បន្លំ​ចុះ​ហត្ថលេខា ស្នាម​មេ​ដៃ​ជាដើម ចឹង​បើ​រក​ឃើញ​ករណី​នេះ​ដោយ​មន្រ្តី​ស៊ើ​បអង្កេត​របស់ គ . . ក្រុម​ប្រឹក្សាជំនុំ​ជម្រះ​របស់​គ . . ប មាន​តែ​អនុវត្ត​តាម​នីតិ​វិធី គឺ​លុប​ចោល​បញ្ជី​មិន​ត្រឹម​ត្រូវរបស់​គណបក្ស​ភ្លើង​ទៀន នៅ​សង្កាត់​ទទួល​ស្វាយ​ព្រៃ១ នោះ​ចេញ​តែ​ម្តង​បាទ»។

កាល​ពី​ថ្ងៃ​ទី២២ ខែមីនា ពី គ.ជ.ប បាន​សម្រេច​បិទ​ផ្លូវ​តវ៉ា ដោយ​លុប​បញ្ជី​​ឈ្មោះ​បេក្ខ​ជន​គណបក្ស​ភ្លើង​ទៀន​ចេញ​ពី​បញ្ជី តាម​បណ្ដឹង​របស់លោក ម៉ៅ មុន្នី បេក្ខ​ជនក្រុម​ប្រឹក្សា​សង្កាត់​ទួល​ស្វាយ​​ព្រៃ​ទី១ មក​ពី​​គណបក្ស​​ប្រជា​ជន​​កម្ពុជា។ ភ្លាមៗ​នោះ គណបក្ស​​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បដិសេធ​ចំពោះ​​ការសម្រេច​របស់ គ.ជ.ប ហើយ​ចាត់​ទុក​ករណី​នេះ គឺ​​ជា​​រឿង​​នយោ​បាយ។

អនុប្រធាន​​គណបក្ស​​ភ្លើង​ទៀនលោក ថាច់ សេដ្ឋា ថ្លែង​ថា​ គណបក្ស​ភ្លើង​ទៀននៅ​តែ​ចាត់​ទុក​ការ​សម្រេច​របស់​គណៈកម្មា​ធិការ​​ជាតិ​​​​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​លុប​​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​​សង្កាត់​ទួល​ស្វាយ​​ព្រៃ​ទី១ មិន​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​បេក្ខ​ជន​មក​ពី​គណបក្ស​កាន់​អំណាច គឺ​ជា​រឿងយុត្តិធម៌​និង​មិន​អាច​ទទួល​យក​បាន​ឡើយ បន្ថែម​ពី​នេះ លោកថា ការណីនេះបង្ហាញ​ថា គ.ជ.ប អនុវត្ត​មិន​​ត្រឹមត្រូវ​ និង​មិន​មាន​ជំហរ​ឯក​រាជ្យ​។ លោក​ថា ​ប្រសិន​​បើ គ.ជ.ប រកឃើញ​ថា ​បេក្ខ​ជន​៤រូប មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ មិន​ត្រូវ​បដិសេធ​បញ្ជីបេក្ខជន​ទាំង​មូល​នោះ​ទេ ព្រោះ​បេក្ខជន​១៤​នាក់​ទៀត​ពុំ​មាន​កំហុស​ឡើយ៖ «គណបក្ស​ប្រជាជន​មក​ប្តឹង​យក​មក​រំលាយ​បែប​ហ្នឹង វា​បង្ហាញរឿង​នយោ​បាយ​ច្បាស់​លាស់​ណាស់ ហើយ​កំហុស​បេក្ខជន​៤នាក់​ហ្នឹង ខ្ញុំ​មិន​ថា អី​ទេ វា​ជា​កំហុស ប៉ុន្តែ​អ្វី​ដែល​យក​តាម​ពាក្យ​បណ្តឹង​បេក្ខជន​គូ​ប្រកួត​​យក​មកវិនិច្ឆ័យ អា​ហ្នឹង​ដែល​បង្ហាញ​ច្បាស់​ពី​ចរិត​នយោ​បាយ»

ស្រប​ពេល គ.ជ.ប សម្រេច​លុប​ឈ្មោះ​បេក្ខជន និង​បញ្ជី​បេក្ខជន ជា​មួយ​គ្នា​នេះ សកម្ម​ជន បេក្ខជន គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​នៅភ្នំពេញ សៀម​រាប និងត្បូង​ឃ្មុំ​ជា​ដើម ពួក​គេ​កំពុង​ទទួល​រង​ការ​គំរាម​កំហែង បំភិត​បំភ័យ​ពី​សំណាក់អាជ្ញាធរ​មូល​ដ្ឋាន និង​ជន​មិន​មុខ​ស្គាល់។

សមាជិក​ក្រុម​ការងារ​​គណបក្ស​​ភ្លើង​​ទៀន​​នៅ​​ខេត្ត​ត្បូង​​ឃ្មុំលោក ស៊ូ យាន ឱ្យ​ដឹងថា ​សកម្មជន និង​អ្នក​គាំទ្រ​នៅ​ឃុំ​សង្កាត់​មួយ​ចំនួន​តែងតែ​ស្នើ​សុំ​ឈប់​ពី​ភ្នាក់​ងារសង្កេតការណ៍​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​អាជ្ញាធរ​មូលដ្ឋាន​ដូច​ជា​ មេ​ភូមិ និង​ប៉ូលិស​បាន​បំភិត​បំភ័យ​ពួក​គាត់​ទាក់​ទង​ការ​ដក​ប័ណ្ណ​ក្រីក្រ មិន​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី និង​មិន​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ។ លោក​ចាត់​ទុក​ទង្វើទាំង​នោះ រំលោភ​បំពាន​ច្បាប់ ហើយ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រកួត​ប្រជែង​ការ​បោះ​​ឆ្នោត​​ដោយ​សេរី និង​យុត្តិធម៌​ពី​គ្រប់​និន្នាការ​នយោ​បាយ​ទាំង​អស់ ជាពិសេស​អាជ្ញាធរ​កំពុង​អនុវត្ត​​ផ្ទុយ​​ពី​​ការ​ណែ​នាំ​​របស់​​រដ្ឋា​​ភិបាល៖ «សូម​អំពាវ​នាវ​ឱ្យ​មន្រ្តី​ដែល​ស៊ី​ប្រាក់​ខែ​រដ្ឋ​ហ្នឹង ​កុំ​បម្រើនិន្នា​ការ​គណបក្ស​នយោ​បាយ​ សូម​ប្រកាន់​តាម​ច្បាប់​មន្រ្តីរាជ​ការ​ស៊ីវិល តាំង​ខ្លួន​អព្យា​ក្រិត្យ​បម្រើ​ការងារ​រដ្ឋ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត​ទទួល​យក​បាន ប្រសិន​បើ​ធ្វើ​ដូច​សព្វ​ថ្ងៃ​វា​អត់​ន័យ​ខ្លឹម​សារ​ជា​មន្រ្តី​រាជ​ការ​ស៊ីវិល​ទេ ដែល​ធ្វើ​ឱ្យមាន​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​ដល់​សកម្ម​ជន​ផ្សេងៗ​ដែល​គាត់​មាន​និន្នា​ការ​ចង់​កែលម្អ​សង្គម​ដែរ»

ជំរុញ​​​​រឿង​​​​នេះ មន្រ្តី​​ជាន់​​​ខ្ពស់​​​ផ្នែក​​​អង្កេត និង​​​តស៊ូមតិ​​​នៃ​​​អង្គការ​​​ខុម​​​ហ្រ្វែល​ (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ​ទោះ​បី​បេក្ខជន​៤​រូប​នៃ​គណបក្ស​ភ្លើង​ទៀន​មាន​កំហុស​ក៏​ដោយ ប៉ុន្តែ​តាម​ច្បាប់​មិន​បាន​ណែ​នាំ​ឱ្យ​លុប​បញ្ជីបេក្ខ​ជន​ត្រូវ​លុប​ចោល​ទាំង​ស្រុង​នោះ​ឡើយ ហើយ​លោក​ថា ​បញ្ហា​នេះ​ប៉ះ​ពាល់ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​នយោ​បាយ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ។ លោក កន សាវាង្ស យល់​​ថា​​ ហេតុ​​ផល​​របស់ ​​គ.ជ.ប ហាក់​​ធ្វើ​​ឡើង​​មិន​ពេ​ញ​លេញ ដោយ​សារ​គណបក្ស​ន​យោ​​បាយ​​ទាំង​​នោះ​​កំពុង​​ប្រកួត​​ប្រជែង​​គ្នា៖ «ដោយ​យោង​តាម​បណ្តឹង​អ្នក​ដែល​ប្តឹង​នោះ គឺ​ថា​មិន​មែន​ជាហេតុ​ផល​មួយ​​​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ទេ ពី​ព្រោះ​នៅ​ក្នុង​ច្បាប់​អត់​បាន​ចង្អុលបង្ហាញ​ថា​លុប​បេក្ខជន​មួយ​ពីរ​បី​មាន​បញ្ហា​ដល់​បញ្ជី​ គឺ​អត់​ទេ ហើយ​ខ្ញុំ​យល់ឃើញ​ថា​បើ​សិន​ជា​ដំណោះ​ស្រាយ​កើត​ឡើង​បែប​នេះ វា​ជា​ចំណុច​មួយ​ប៉ះ​ពាល់ធំ​មែន​ទែន គឺ​ប៉ះពាល់​ដល់​សិទ្ធិ​នយោ​បាយ​របស់​ពលរដ្ឋ»។

រហូត​មក​ដល់​ពេល​នេះ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ គ.ជ.ប បាន​ចេញ​​សេចក្តី​​​សម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា លុប​​ឈ្មោះ​​បេក្ខ​ជន​​ក្រុម​​ប្រឹក្សា​​ឃុំ​​សង្កាត់​​របស់​​គណបក្ស​​ភ្លើង​​ទៀន​​ប្រមាណ ៥០​នាក់​ចេញ​​ពី​​បញ្ជី​​បេក្ខ​ជន​​ដំបូង​​របស់​​បក្ស​។ គ.ជ.ប អះ​អាង​​ថា បេក្ខ​ជន​ទាំង​នោះ ភាគ​ច្រើន​​បេក្ខជន​ឲ្យ​​គេ​​បំពេញ​​ប្រវត្តិ​រូប​​ជំនួស ដោយ​ខ្លួន​មិន​ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ និង​បេក្ខជន​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​​បោះ​​ឆ្នោត​​ក្នុង​​ឃុំ សង្កាត់​​ដែល​​ខ្លួន​​មាន​​បំណង​​ឈរ​​ឈ្មោះ​​បោះ​​ឆ្នោត ជា​ដើម។

ការ​​​​​បោះ​​​​ឆ្នោត​​​​ជ្រើស​​​​រើស​​​​ក្រុម​​​​ប្រឹក្សា​​​​ឃុំ​​​​សង្កាត់​​​​អាណត្តិ​​​​ទី៥ នេះ នឹង​​​​ប្រព្រឹត្ត​​​​ទៅ​នៅ​​​ថ្ងៃ​​​ទី៥ ខែ​​​មិថុនា​​​ខាង​​​មុខ។​ ​​​​​​​គណបក្ស​​​ន​យោ​​បាយ​​ចំនួន​​១៧ បាន​​ចុះ​​បញ្ជី​​បេក្ខ​ជន ក្នុង​​ចំណោម​​៤០​​​គណ​បក្ស ដែល​​​​បាន​​​​ចុះ​​​បញ្ជី​​​​នៅ​​​​ក្រសួង​​​​មហា​ផ្ទៃ និង​​​​ប្រជា​ពលរដ្ឋ​​​​ជាង​​​៩​លាន​​២​សែន​​​​នាក់​​​​បាន​​​​ចុះ​​​​ឈ្មោះ​​​ក្នុង​​​​បញ្ជី​​​​បោះ​​​ឆ្នោត ខណៈ​​​​អាសនៈ​​​សមាជិក ក្រុម​​​ប្រឹក្សា​​​​ឃុំ​​​​សង្កាត់មាន​​​​ចំនួន​​​​ជាង ១ម៉ឺន (១១.១២២) អា​សនៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។