មន្ត្រី គ.ជ.ប បដិសេធ​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​អំពើ​ពុករលួយ

0:00 / 0:00

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ច្រានចោល​ពាក្យ​បណ្ដឹង​របស់​សមាគម​មួយ​ដែល​ប្ដឹង​មន្ត្រី គ.ជ.ប ៤​រូប ពី​បទ​សង្ស័យ​ថា បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​តែងតាំង និង​ការ​ធ្វើ​សមាហរណកម្ម​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន គ.ជ.ប។ ម្ចាស់​ពាក្យ​បណ្ដឹង​អះអាង​ថា ពួកគេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់ ប៉ុន្តែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ករណី​បណ្ដឹង​នេះ​មិន​មាន​ហេតុផល​គ្រប់គ្រាន់​នោះ​ទេ។

លោក ហង្ស ពុទ្ធា ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ម្នាក់ ក្នុង​ចំណោម ៤​នាក់ ថ្លែង​បញ្ជាក់​ថា លោក​មិន​បារម្ភ​ពី​ការ​ចោទ​នេះ​ទេ។ អ្នកនាំពាក្យ​របស់ គ.ជ.ប រូប​នេះ ស្នើ​ម្ចាស់​ពាក្យបណ្ដឹង​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​ប្រព្រឹត្ត៖ «សូម​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ជា​របាយការណ៍​ស៊ើប​អង្កេត​របស់​គាត់ ទទួល​ខុស​ត្រូវ​នូវ​អ្វី​ជា​ពាក្យបណ្ដឹង​របស់​គាត់ ពីព្រោះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន នោះ​ជា​ការ​បរិហារកេរ្តិ៍​យើង។ អ៊ីចឹង​យើង​នឹង​ដោះស្រាយ​គ្នា​ទៅ​លើ​ផ្លូវ​ច្បាប់។ ខ្ញុំ​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​ទេ»

​ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ប្ដឹង​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុ​ប្រធាន​លោក គួយ ប៊ុនរឿន អ្នកនាំពាក្យ ហង្ស ពុទ្ធា និង​អគ្គលេខាធិការ​រង លោក ម៉ៅ សុភារិទ្ធ ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​តែងតាំង​បុគ្គលិក ចាប់​ពី​ថ្នាក់​នាយកដ្ឋាន​ដល់​អនុ​ការិយាល័យ​ក្នុង​អគ្គលេខាធិការដ្ឋាន​របស់ គ.ជ.ប។

ពាក្យ​បណ្ដឹង​នេះ ផ្អែក​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​សមាគម​លោក៖ «សមាគម​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា​សមាគម​ខ្លះ គាត់​គ្រាន់​តែ​ជា​មន្ត្រី​តូច​មួយ ជា​មន្ត្រី​សម្របសម្រួល​ផ្នែក​រៀបចំ​ការ​បោះឆ្នោត ប៉ុន្តែ​គាត់​បាន​ឡើង​ធ្វើ​ជា​អនុប្រធាន​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​របស់ គ.ជ.ប។ វា​ធំ​ណាស់ នៅ​ក្នុង​មុខ​ងារ​សាធារណៈ»

លោក រស់ សារ៉ុម ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ ហើយ​បាន​សាកសួរ​ព័ត៌មាន​លោក​មួយ​ចំនួន​តាម​ទូរស័ព្ទ។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​កោះ​ហៅ​រូបលោក​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​មិថុនា។

​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា របស់​ក្រសួង​ព័ត៌មាន សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា បង្កើត​ឡើង​ដើម្បី​ប្រមូល​ផ្តុំ​ពលរដ្ឋ​កម្ពុជា ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ។

ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​សមាគម​នេះ កើត​ឡើង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​តានតឹង ហើយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ជិត​ចូល​មក​ដល់។ កាល​ពី​ខែ​ឧសភា មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​យុវជន​មួយ​ក្រុម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់​ថា ករណី​ពាក្យ​បណ្ដឹង​នេះ មិន​ទាន់​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​ទាមទារ​ឲ្យ​មាន​ភស្តុតាង​រឹង​មាំ។ លោក​ថា ករណី​តែងតាំង​បុគ្គលិក​ដែល​ជាប់​សាច់​ញាតិ​របស់​មន្ត្រី​ជាន់​ខ្ពស់​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ សូម្បី​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​ការ​តែងតាំង​សាច់​ញាតិ​ខ្លួន​ឯង​ដែរ។

លោក​បន្ថែម​ទៀត​ថា មន្ត្រី គ.ជ.ប ត្រូវ​បាន​ការពារ​ពី​ការ​បំភិតបំភ័យ​នានា ហើយ​ពាក្យ​បណ្ដឹង​ប្រឆាំង​មន្ត្រី គ.ជ.ប លុះត្រាតែ​ជា​បទល្មើស៖ «អ៊ីចឹង​វា​មិន​អាច​ទៅ​រួច។ ការ​ទិតៀន ដួច​ជា​គាត់​រក​ឃើញ​ថា អង្គភាព​នឹង​យក​ប្រពន្ធ យក​កូន​មក​នៅ​ធ្វើ​ការ។ នេះ​គាត់​អាច​លើក​ទិតៀន​បាន។ ប៉ុន្តែ​យក​រឿង​នេះ​ថា ជា​អំពើ​ពុករលួយ ទាល់​តែ​មាន​ភស្តុតាង​បញ្ជាក់​ថា រឿង​នេះ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​មែន។ ពាក្យ​ប្ដឹង វា​ខ្លាំង ខុស​ពី​ការ​បញ្ចេញ​មតិ»

​លោក គល់ បញ្ញា បញ្ជាក់​ថា ការ​ដាក់​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុង​ពេល​បច្ចុប្បន្ន ជា​បញ្ហា​រសើប​ខ្លាំង ទាក់ទិន​នឹង​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។