ក្រុមការងារ និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្ដើមយុទ្ធនាការថ្ងៃដំបូងរបស់ខ្លួនហើយ ដោយនាំគ្នាចុះទៅពន្យល់គ្រូបង្រៀន គរុសិស្ស និងក្រុមសិស្សានុសិស្ស ប្រមាណ៨០០នាក់ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តតាកែវ។
គរុសិស្ស និងគ្រូបង្រៀន ដែលចូលរួមស្ដាប់ការបង្រៀននោះ ឱ្យដឹងថា ក្រៅពីការពន្យល់អំពីនីតិវិធីបោះឆ្នោត ប្រធានគ.ជ.ប បានបកស្រាយពីអវត្តមានរបស់បក្សប្រឆាំង ក្នុងការចូលរួមបោះឆ្នោត និងបានចែកឯកសារស្ទង់មតិអ្នកចូលរួម។
គ្រូបង្រៀននៅខេត្តតាកែវម្នាក់ ឱ្យដឹងថា លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប មកពីបក្សកាន់អំណាច បានព្យាយាមបកស្រាយការពារ ដំណើរការបោះឆ្នោតដែលគ្មានវត្តមានបក្សប្រឆាំង និងប្រតិកម្មចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិមិនឱ្យពលរដ្ឋទៅបោះឆ្នោត។ «»
ការចុះទៅជួបពន្យល់ពលរដ្ឋម្ចាស់ឆ្នោត ដោយផ្ទាល់ពីប្រធានគ.ជ.បនេះ ធ្វើឡើងក្រោយពេល លោក សម រង្ស៊ី បានទទូចឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងពលរដ្ឋទូទៅចែកចាយខិត្តប័ណ្ណ អំពាវនាវឱ្យអ្នកបោះឆ្នោត កុំទៅបោះឆ្នោតនៅថ្ងៃទៅ២៩ ខែកក្កដា ខាងមុខ ដោយលោក សម រង្ស៊ី ហៅការរៀបចំការបោះឆ្នោត ដោយគ្មានវត្តមានគណបក្សប្រឆាំង ជាការបោះឆ្នោតលេងសើច ធ្វើឡើងដើម្បីបង្គ្រប់កិច្ច តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្ដី អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងធ្វើយុទ្ធនាការពន្យល់អ្នកបោះឆ្នោតទូទាំងប្រទេស ដោយផ្តើមដំបូងចេញពីខេត្តតាកែវ។
ទោះបែបនេះក្ដី សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត និងសមាគមគ្រូបង្រៀនឯករាជ្យខេត្តតាកែវ មើលឃើញថា យុទ្ធនាការនេះ នឹងមិនមានប្រសិទ្ធភាពអាចបង្វែរឆន្ទៈរបស់អ្នកបោះឆ្នោត ឱ្យងាកមកចាប់អារម្មណ៍នឹងការបោះឆ្នោត ដែលគ្មានវត្តមានគណបក្សប្រឆាំងបានទេ។ ពួកគេ យល់ថា ប្រសិនបើរបបក្រុងភ្នំពេញ ព្រមបន្ទន់ឥរិយាបថ អនុញ្ញាតឱ្យមានវត្តមានគណបក្សប្រឆាំងក្នុងការប្រកួតប្រជែងការបោះឆ្នោត និងយល់ព្រមឱ្យមានសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានចូលរួមក្នុងដំណើរការបោះឆ្នោតដែរ ទើបជាការប្រសើរក្នុងការទាក់ទាញប្រជាពលរដ្ឋទៅបោះឆ្នោត។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យខេត្តតាកែវ លោក នី ច័ន្ទតារាវុធ សង្កេតឃើញថា ទោះជាគ.ជ.ប បានខិតខំពន្យល់ គ្រូបង្រៀន ឱ្យសិស្សានុសិស្សមួយចំនួន នៅខេត្តតាកែវ ប៉ុន្តែនៅតែគ្មានប្រសិទ្ធភាពនោះទេ ព្រោះពួកគេមួយចំនួន បានសម្រេចចិត្តរួចហើយ ថានឹងមិនទៅចូលរួមបោះឆ្នោតដាច់ខាត។ «»
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា យុទ្ធនាការពន្យល់អ្នកបោះឆ្នោតនៅតាមមូលដ្ឋាននេះ ទោះជា ប្រធានគ.ជ.ប ចេញមុខដោយផ្ទាល់ ទៅពន្យល់ពលរដ្ឋម្ចាស់ឆ្នោតយ៉ាងណា ក៏មិនអាចធ្វើឱ្យពលរដ្ឋផ្លាស់ប្ដូរចិត្តបានដែរ។ «»
អ្នកឃ្លាំមើលការបោះឆ្នោត មើលឃើញថា ដើម្បីអាចទាក់ទាញពលរដ្ឋឱ្យចូលរួមការបោះឆ្នោតបានច្រើន គ.ជ.ប តែម្នាក់ឯង មិនមែនអាចធ្វើទៅរួចទេ លុះត្រាណា មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ដូចជា គណបក្សនយោបាយ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ព័ន្ធជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។