គ.ជ.ប ដំណើរ​ការ​សេវា​ផ្ដល់​ព័ត៌មាន​បោះឆ្នោត​តាម​ទូរស័ព្ទ​ឥត​គិត​ថ្លៃ

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចុះ​ហត្ថលេខា​ទ្វេភាគី​ជាមួយ​មន្ត្រី​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​សេវា​ផ្តល់​ព័ត៌មាន​តាម​ទូរស័ព្ទ​ដៃ​របស់​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត។

0:00 / 0:00

នេះ​ជា​ការ​ចាប់​ផ្ដើម​លើក​ដំបូង ដោយ​ប្រាប់​អំពី​ពេល​វេលា​បោះឆ្នោត ថ្ងៃ ខែ​បោះឆ្នោត និង​លក្ខខណ្ឌ​សម្រាប់​ការ​បោះឆ្នោត​សកល នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។

ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ចំនួន​ជាង ៩​លាន ៦​សែន​នាក់ អាច​ស្តាប់​សារ​ជា​សំឡេង​នៅ​តាម​ទូរស័ព្ទ​ដៃ​ពី​គ្រប់​ប្រព័ន្ធ ដោយ​មិន​គិត​ថ្លៃ គឺ​គ្រាន់​តែ​ចុច​លេខ​ពិសេស ១២៨៥ ដើម្បី​ទទួល​ការ​ណែនាំ និង​ទទួល​ព័ត៌មាន​ខ្លីៗ​ជុំវិញ​នីតិវិធី​បោះឆ្នោត និង​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។

សេវា​ផ្តល់​ព័ត៌មាន​ចូល​តាម​ទូរស័ព្ទ​ដៃ​នេះ គឺ​ចាប់​ផ្ដើម​ពី​ពេល​នេះ​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រោយ​ការ​បោះឆ្នោត​សកល។ ក្រៅ​ពី​នេះ គ.ជ.ប និង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ហៅ​បន្ទាន់​ចំនួន ៥​ខ្សែ (Hotline) នៅ​ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ផ្តល់​ព័ត៌មាន​នានា​ជូន​អ្នក​បោះឆ្នោត​អំពី​ឈ្មោះ និង​បញ្ជី​អ្នក​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​ជាដើម។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក អ៊ឹម សួស្តី បាន​មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​សកល​ខាង​មុខ​នេះ គឺ​ដំណើរ​ការ​ដោយ​សេរី និង​តម្លាភាព ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ៖ «លទ្ធិប្រជាធិបតេយ្យ គឺ​ជា​ដំណើរ​ការ​ដែល​មាន​ការ​ចូល​រួម​ជា​ប្រចាំ។ ការ​បោះឆ្នោត គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ហើយ​ការ​បោះឆ្នោត​នេះ​ទៀត​សោត ក៏​ត្រូវ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ»

ប្រតិកម្ម​ទៅ​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត​ខាង​មុខ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស សម រង្ស៊ី កំពុង​តែ​ពិចារណា​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នេះ ដរាប​ណា​លោក សម រង្ស៊ី មិន​អាច​មក​ចូល​រួម​ក្នុង​ការ​បោះឆ្នោត និង​គ្មាន​ការ​កែ​ទម្រង់ គ.ជ.ប ទេ​នោះ៖ «គ.ជ.ប មិន​កែ​ទម្រង់​តាម​អនុសាសន៍​របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Surbedi)ទេ គឺ​ការ​បោះឆ្នោត​ពុំ​មាន​សេរី និង​យុត្តិធម៌​ទេ ហើយ​ជាពិសេស នៅ​ក្នុង​អនុសាសន៍​នោះ អង្គការ​សហប្រជាជាតិ​ហើយ​រួម​ទាំង​អនុសាសន៍​របស់​មេ​ដឹកនាំ​របស់​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ធំ មាន​សហភាព​អឺរ៉ុប សូម្បី​តែ​ប្រទេស​នៅ​អាស៊ាន ក៏​គេ​ចង់​ឲ្យ​មាន​លោក​ប្រធាន ឯកឧត្តម​ប្រធាន សម រង្ស៊ី មាន​វត្តមាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ដែរ»

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ថ្មីៗ​នេះ​ថា លោក​មិន​បាន​បណ្ដេញ​លោក សម រង្ស៊ី ទៅ​ក្រៅ​ប្រទេស​កម្ពុជា ទេ ហើយ​លោក​ក៏​មិន​បាន​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ដែរ ប៉ុន្តែ​លោក សម រង្ស៊ី មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ជាប់​ទោស​ដូច​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មេ​ដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ភូមា (មីយ៉ាន់ម៉ា)។

ទាក់ទង​នឹង​ការ​បោះឆ្នោត​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប ធ្វើ​អ្វីៗ​ទៅ​តាម​ច្បាប់​បោះឆ្នោត និង​នីតិវិធី​បោះឆ្នោត​ទូទៅ​ខាង​មុខ​នេះ៖ «ហើយ​យើង​ផ្តល់​ឱកាស​ស្មើ​គ្នា​ដល់​គណបក្ស​នយោបាយ​ទាំងអស់។ អីចឹង​ការ​ចូល​រួម ឬ​ការ​មិន​ចូល​រួម​របស់​គណបក្ស​នយោបាយ​ណា​មួយ គឺ​ជា​សិទ្ធិ​របស់​គាត់ ហើយ​ទោះ​បី​មាន​ការ​ចូល​រួម ឬ​មិន​ចូល​រួម​ពី​គណបក្ស​ណា​ក៏​ដោយ ខ្ញុំ​មិន​សំដៅ​លើ​គណបក្ស​ណា​ទេ គឺ​ថា​យើង​មាន​ប៉ុន្មាន អនុវត្ត​ប៉ុណ្ណឹង ព្រោះ​ថា យើង​អនុវត្ត​តាម​ច្បាប់​ដែល​តម្រូវ​ឲ្យ គ.ជ.ប អនុវត្ត​ទៅ​តាម​ពេលវេលា និង​ការ​កំណត់​នៃ​ច្បាប់​បាទ»

សេចក្តី​រាយការណ៍​របស់​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ អង្គការ​ជាតិ​ចំនួន ១៤ បាន​មក​ចុះ​ឈ្មោះ​ត្រៀម​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ គឺ​ស្មើ​នឹង​អ្នក​សង្កេតការណ៍​ចំនួន​ជាង ២​ពាន់​នាក់ និង​អង្គការ​អន្តរជាតិ​ចំនួន​៣ ដែល​មាន​អ្នក​សង្កេតការណ៍​ចំនួន​ជាង ២០​នាក់។

មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប រំពឹង​ថា គណបក្ស​នយោបាយ​សរុប​ចំនួន ១០ នឹង​ចុះ​ឈ្មោះ​ដើម្បី​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ ហើយ​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ចំនួន​ជាង ៩​លាន ៦​សែន​នាក់ នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា នៅ​មណ្ឌល​បោះឆ្នោត​ចំនួន ២៤​ខេត្ត-ក្រុង និង​ការិយាល័យ​បោះឆ្នោត​ចំនួន ១៩​ពាន់ និង​៩​ការិយាល័យ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​នេះ គ.ជ.ប គ្រោង​ចំណាយ​ថវិកា​ចំនួន​ជាង ២០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នា​ពេល​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។