គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែមេសា សម្ដែងការសោកស្ដាយ និងច្រានចោលការចោទប្រកាន់មកលើស្ថាប័នខ្លួនថា ជាស្ថាប័នមិនឯករាជ្យ និងអព្យាក្រឹត្យ។
រីឯគណបក្សនយោបាយ និងអ្នកជំនាញកិច្ចការបោះឆ្នោត លើកឡើងថា ស្ថាប័នគ.ជ.ប គួរតែពិចារណាកែតម្រូវអំពីការចោទប្រកាន់នានា ជាជាងគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍តបវិញ។
គ.ជ.ប នៅតែអះអាងថា ខ្លួនជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ និងសម្ដែងការសោកស្ដាយចំពោះការលើកឡើងថា គ.ជ.ប មិនបានបំពេញការងារត្រឹមត្រូវ។
សេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី២៩ ខែមេសា បង្ហាញថា គ.ជ.ប បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ ទន្ទឹមគ្នានេះ គ.ជ.ប ក៏មិនភ្លេចរម្លឹកអំពីការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជន ឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
សេចក្ដីប្រកាសគ.ជ.ប បញ្ជាក់បន្តថា គ.ជ.ប ត្រូវបានទទួលស្គាល់ជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត ជាពិសេសលទ្ធផលការងាររបស់ខ្លួន នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការកោតសរសើរ និងទទួលស្គាល់ពីគ្រប់ គណបក្សនយោបាយ ប្រជាពលរដ្ឋ សង្គមស៊ីវិល សហគមន៍ជាតិនិងអន្តរជាតិដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ដោយឡែក ការដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្ដាច់ ជំនួយពីគ.ជ.ប គឺជាហេតុផលផ្សេងមិនមែន គ.ជ.ប ធ្វើការមិនត្រឹមត្រូវនោះទេ។
ការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺបន្ទាប់ពីមានគណបក្សអំណាចខ្មែរ បានប្រកាស ធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតជាតិ នីតិកាលទី៦នោះទេ ខណៈគណបក្សគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរារែកនៅឡើយ គឺដោយពួកគេបានចោទគ.ជ.ប ថា មិនឯករាជ្យ ហើយធ្វើការមិនបាន ល្អ និងស្ថានភាពនយោបាយច្របូកច្របល់គ្មានការដោះស្រាយ។
អ្នកនាំពាក្យគណបក្សអំណាចខ្មែរ លោក យិន ឈឿន នៅតែប្រកាសមិនទទួលស្គាល់ និងមិនទទួលយកការបកស្រាយរបស់ស្ថាប័ន គ.ជ.ប ឡើយ។ លោកបញ្ជាក់ថា ស្ថាប័នគ.ជ.ប គឺជាស្ថាប័ន ឯករាជ្យ ប៉ុន្តែបុគ្គលជាថ្នាក់ដឹកនាំគ.ជ.ប ទាំងអស់ មិនមែនជាបុគ្គលឯករាជ្យឡើយ។ «»
ថ្វីដ្បិតតែការបោះឆ្នោតឃុំសង្កាត់ត្រូវទទួលស្គាល់អំពីភាពវិជ្ជមានក្តី ប៉ុន្តែនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់គឺមានការរិះគន់ថា គ.ជ.ប បានបើកដៃឲ្យគណបក្សកាន់អំណាចរំលាយគណបក្សសង្គ្រោះ ជាតិ ប្លន់យកអាសនៈឃុំ-សង្កាត់ទៅចែកឲ្យគណបក្សមិនឈ្នះឆ្នោតទាំងអស់។ រហូតមកដល់ពេល នេះ ស្ថានភាពនយោបាយនៅតែកំពុងទាល់ច្រកដោយសារតែបក្សប្រឆាំង ត្រូវបានរបបលោក ហ៊ុន សែន មិនព្រមដោះស្រាយ និងរារាំងមិនឲ្យចូលរួមការបោះឆ្នោតថែមទៀត។
អ្នកជំនាញឃ្លាំមើលកិច្ចការបោះឆ្នោត លោក យឿង សុធារ៉ា មានប្រសាសន៍ថា មួយរយៈនេះ គឺ មានគណបក្សនយោបាយមួយចំនួន រួមទាំងគណបក្សដៃគូរបស់បក្សកាន់អំណាចក្ដី បានត្អូញត្អែរ អំពីភាពលំបាក ផ្សេងៗគ្នាដែលបង្កឡើងដោយអាជ្ញាធររដ្ឋ។ លោកបន្ថែមថា ស្ថាប័នគ.ជ.បគួរតែ យកចិត្តទុកដាក់ និងដោះស្រាយបញ្ហានានាដើម្បីឲ្យគណបក្សនយោបាយនានាចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយរលូន និងដើម្បីអាចធានាថា ការបោះឆ្នោតនាពេលខាងមុខ មានសេរីភាព យុត្តិធម៌ ត្រឹមត្រូវ។ «»
លោក យឿង សុធារ៉ា បន្ថែមថា នៅពេលមានគណបក្សអំណាចខ្មែរ ប្រកាសធ្វើពហិការមិនចូលរួម ការបោះឆ្នោតដូច្នេះ ក៏អាចនឹងមានគណបក្សជាច្រើនទៀត ប្រកាសធ្វើពហិការការបោះឆ្នោត ឬ ប្រកាសក្នុងន័យស្រដៀងៗគ្នាដែរ។ លោកបន្តថា ដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ ដែល បានផាត់គណបក្សសង្គ្រោះជាតិ មិនឲ្យប្រកួតប្រជែងការបោះឆ្នោតនេះ បានបណ្ដាលឲ្យមានការ រិះគន់ធ្ងន់ធ្ងរទៅហើយ ដូច្នេះប្រសិនបើបង្កបញ្ហាអោយគណបក្សនយោបាយផ្សេងៗទៀត មិនចូល រួមការបោះឆ្នោតដែរនោះ គឺមុខមាត់ស្ថាប័នគ.ជ.ប នៃរបបលោក ហ៊ុន សែន និងប្រទេសកម្ពុជា នឹង រងការរិះគន់ និងរងនូវប្រឈមបញ្ហាជាច្រើនខ្លាំងជាងពីមុនទៅទៀត៕