លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ស្ថាប័នបោះឆ្នោតចាប់ពីថ្នាក់ជាតិដល់ថ្នាក់ឃុំ សង្កាត់ រៀបចំការបោះឆ្នោត ទទួលបានពាក្យបណ្ដឹងជិត ៤០០បណ្ដឹង ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសភាអាណត្តិទី៥។
លោក ទេព នីថា បន្តថា បណ្ដឹងរបស់គណបក្សនយោបាយប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប មាន ២០បណ្ដឹង។ បណ្ដឹងប្ដឹងទៅថ្នាក់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត មានចំនួនជិត ៣០០បណ្ដឹង (២៨៥) និងបណ្ដឹងនៅថ្នាក់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត មានជិត ១០០បណ្ដឹង (៨៥)។
លោកបន្ថែមថា បណ្ដឹងភាគច្រើនបានដោះស្រាយរួចរាល់ហើយ ហើយបណ្ដឹងទាំងអស់នោះ បានកើតមាននៅ ២៣ រាជធានី-ខេត្ត។
លោក ទេព នីថា ស្នើដល់គ្រប់គណបក្សនយោបាយត្រូវចូលរួមគោរពបទបញ្ជា និងនីតិវិធីបោះឆ្នោតឲ្យបានទាំងអស់គ្នា ដើម្បីជៀសវាងជម្លោះកើតឡើង៖ «ធ្វើម៉េចរួមសហការផ្ដល់ព័ត៌មានទាំងអស់គ្នា ជៀសវាងកើតមានអំពើហិង្សាដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ ជាពិសេសបរិយាកាសល្អ ដើម្បីរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ»។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ និចហ្វិក (NICFEC) បានឲ្យដឹងដែរថា យុទ្ធនាការឃោសនាជាង ៣សប្ដាហ៍មកនេះ មានគណបក្សនយោបាយធំៗ ចំនួន ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពឃោសនារបស់ខ្លួនមានភាពស្វិតស្វាញ។
ប៉ុន្តែលោកថា យុទ្ធនាការនេះគណបក្សកាន់អំណាចមានឥទ្ធិពលច្រើនក្នុងសកម្មភាពបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាងគណបក្សប្រឆាំង៖ «បច្ចុប្បន្នហ្នឹងសមាជិកគណបក្សកាន់អំណាចលោកហាក់ដូចជាមានពេលវេលាច្រើន ហាក់ដូចជាក្លាហានច្រើនក្នុងការធ្វើអ្វីដែលបង្កើតបញ្ហាប្រឈម។ ប៉ុន្តែខ្ញុំក៏មិនបានបដិសេធដែរ ខ្ញុំឃើញក្រុមគណបក្សជំទាស់ជាយុវជនហ្នឹងក៏បានបង្ហាញនូវពេលខ្លះ ខាងគណបក្សកាន់អំណាចហ្នឹងលោកនៅស្ងៀម ប៉ុន្តែខាងគណបក្សជំទាស់ទៅជាធ្វើកាយវិការដឺដងទៅវិញ។ អ៊ីចឹងខ្ញុំគិតថា គណបក្សដែលមានសក្ដានុពលពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវសក្ដានុភាពរបស់ខ្លួនប្រកួតប្រជែងគ្នា»។
យ៉ាងណាក៏ដោយ ទាំងលោកបណ្ឌិត ហង្ស ពុទ្ធា និងលោក ទេព នីថា បានវាយតម្លៃថា សភាពការណ៍បោះឆ្នោតសភាអាណត្តិទី៥ បានប្រព្រឹត្តទៅមានដំណើរការល្អ និងមិនទាន់កើតមានអំពើហិង្សាធ្ងន់ធ្ងរទេ។
យុទ្ធនាការឃោសនាបោះឆ្នោត បានចាប់ផ្ដើមពីថ្ងៃទី២៧ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា។ រីឯការបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ការបោះឆ្នោតសភាអាណត្តិទី៥ មានគណបក្សចំនួន ៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ថា សកម្មភាពឃោសនាដោយឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។ ហើយថា គ្រប់សកម្មភាពឃោសនារបស់គណបក្សនយោបាយ ត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។ ការឃោសនាត្រូវចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោតមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។