គ.ជ.ប.​ទទួល​ជំនួយ​ទឹក​ខ្មៅ​លាង​មិន​ជ្រះ​៤​ម៉ឺន​ដប​ពី​ឥណ្ឌា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ទទួល​ជំនួយ​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ៤​ម៉ឺន​ដប​ពី​ប្រទេស​​ឥណ្ឌា សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​​​រាស្ត្រ​​​នីតិកាល​ទី​៥ នៅ​ខែ​កក្កដា ខាង​មុខ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក អ៊ឹម សួស្តី មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្តល់​ជំនួយ​ទឹក​ខ្មៅ​នេះ​នា​ទីស្ដីការ គ.ជ.ប ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា ថា ជំនួយ​ទឹក​ខ្មៅ​ចំនួន ៤​ម៉ឺន​ដប​ពី​ប្រទេស​ឥណ្ឌា ​មាន​តម្លៃ​សរុប​ជាង ៨,៧​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក (៨៧៧.៨៧៤)។ តម្លៃ​នេះ​បូក​សរុប​ទាំង​ការ​ដឹក​ជញ្ជូន និង​ការ​ធានា​រ៉ាប់រង។

លោក អ៊ឹម សួស្តី ឲ្យ​ដឹង​បន្ត​ថា ទឹក​ខ្មៅ​១​ដប​មាន​ចំណុះ ៧០​សេសេ (CC) ហើយ​បាន​ដឹក​មក​ដល់​ឃ្លាំង គ.ជ.ប កាល​ពី​សប្តាហ៍​មុន។ លោក​បន្ត​ថា ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ គឺ​ជា​សម្ភារៈ​សំខាន់​មួយ​ក្នុង​ចំណោម​សម្ភារៈ​សំខាន់ៗ​ទាំង ៥​មុខ ដែល​មិន​អាច​ខ្វះ​បាន មាន​ដូចជា សន្លឹក​ឆ្នោត ត្រា​សម្ងាត់ បញ្ជី​បោះ​ឆ្នោត ហិប​ឆ្នោត និង​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ។

លោក អ៊ឹម សួស្ដី៖ «ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​គឺ​ជា​និមិត្ត​សញ្ញា​សត្យានុម័ត​មួយ​ដែល​បង្ហាញ​អំពី​សុចរិត​ភាព និង​តម្លាភាព​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត តាម​រយៈ​ការ​ជួយ​ឲ្យ​មន្ត្រី​បោះ​ឆ្នោត​ និង​ភាគី​ពាក់ព័ន្ធ​ដែល​តាម​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​ នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​នីមួយៗ​បាន​ដឹង​ថា អ្នក​បោះ​ឆ្នោត​នោះ​ពិត​ជា​បាន​បោះ​ឆ្នោត​រួច​ហើយ ហើយ​ថែម​ទាំង​ជួយ​បង្ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​លើស​ពី​មួយ​ដង»

ពិធី​ប្រគល់​និង​ទទួល​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​នា​ទីស្ដីការ គ.ជ.ប មាន​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប និង​លោក ឌឺណេស ប៉ាតណែក (Dinesk K. Patnaik) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​​​​ព្រះរាជាណាចក្រ​កម្ពុជា។

កាល​ពី​ឆ្នាំ​២០០៣ ប្រទេស​ឥណ្ឌា ធ្លាប់​បាន​ផ្ដល់​ទឹក​ខ្មៅ​លុបលាង​មិន​ជ្រះ​ដល់​ស្ថាប័ន គ.ជ.ប ចំនួន ២,៦​ម៉ឺន​ដប ដោយ​ក្នុង ១​ដប​មាន​ចំណុះ ៨០​សេសេ និង​មាន​តម្លៃ​សរុប​ជិត ២​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ប្រើប្រាស់​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​​តំណាង​​រាស្ត្រ​អាណត្តិ​ទី​៣។

ទាក់ទិន​បញ្ហា​នេះ សម្រាប់​គណបក្ស​ប្រឆាំង​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​សម្រាប់​បម្រើ​ដល់​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ដែល​ប្រទេស​ឥណ្ឌា ផ្ដល់​ជូន​នេះ​ទេ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាត់​ឈ្មោះ​​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​មាន​ពលរដ្ឋ​ខ្លះ​មិន​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​បោះ​ឆ្នោត៖ «អ្វី​ដែល​សំខាន់​ខ្ញុំ​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រជាពលរដ្ឋ​ប្រហែល​ជាង ១​លាន​នាក់ ដែល​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ហើយ​នឹង​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា កុំ​ឲ្យ​មាន​ការ​រើសអើង។ រឿង​អ្វី​ផ្សេងៗ​ទៀត​ជា​រឿង​បន្ទាប់បន្សំ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន ហើយ​ឮ​សូរ​ព័ត៌មាន​មួយ​ចំនួន​ប្រធាន​ភូមិ និង​ក្រុម​ការងារ​ចុះ​ចែក​ប័ណ្ណ​ព័ត៌មាន​ហ្នឹង​មាន​ការ​រើសអើង​ចំពោះ​អ្នក​បោះ​ឆ្នោត។ គ.ជ.ប ត្រូវ​តែ​ចាត់​វិធានការ​តាម​ដាន​រឿង​ហ្នឹង​ឲ្យ​មែន​ទែន ជំរុញ​ធ្វើ​ម៉េច​ដើម្បី​ចែក​ប័ណ្ណ​ព័ត៌មាន​ហ្នឹង​ឲ្យ​បាន​ដល់​អ្នក​បោះ​ឆ្នោត​ទូទាំង​ប្រទេស»

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ មាន​ការិយា​ល័យ​​បោះ​ឆ្នោត​ចំនួន ១.៩០៩​ការិយាល័យ ហើយ​ថា ក្នុង​១​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​ប្រើ​ប្រាស់​ទឹក​ខ្មៅ​លុបលាង​មិន​ជ្រះ​ចំនួន ២​ដប។ លោក​បន្ត​ថា ក្នុង​ចំណោម​ទឹក​ខ្មៅ​ទាំង ៤​ម៉ឺន​ដប ទឹក​ខ្មៅ​មួយ​ចំនួន​ត្រូវ​ទុក​បម្រុង​នៅ គ.ជ.ប និង​នៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត ឬ គធ/ខប។

ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ចុះ​បញ្ជី​ចូលរួម​ប្រកួត​ប្រជែង។ រី​ឯ​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះ​ឆ្នោត​នេះ មាន​រយៈពេល ៣០​ថ្ងៃ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​​​​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣។ អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ មាន​ជាង ៩,៦​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។